មេរៀនទី៤៨
កូនប្រុសស្ត្រីមេម៉ាយរស់ឡើងវិញ
ក្នុងអំឡុងគ្រោះរាំងស្ងួត ព្រះយេហូវ៉ាប្រាប់អេលីយ៉ាថា៖ ‹ចូរទៅក្រុងសេរ៉ាផាត។ នៅទីនោះ ស្ត្រីមេម៉ាយម្នាក់នឹងឲ្យអាហារដល់អ្នក›។ ពេលអេលីយ៉ាទៅដល់ខ្លោងទ្វារក្រុង គាត់ឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់កំពុងរើសអុស។ គាត់បានសុំទឹកនាងផឹក។ ពេលនាងទៅយកទឹក អេលីយ៉ាប្រាប់នាងទៀតថា៖ «សូមឲ្យនំប៉័ងមួយដុំដល់ខ្ញុំផង»។ ប៉ុន្តែ នាងឆ្លើយថា៖ ‹ខ្ញុំគ្មាននំប៉័ងឲ្យអ្នកទេ។ ខ្ញុំនៅសល់តែម្សៅនិងប្រេងបន្តិច ល្មមធ្វើអាហារសម្រាប់ខ្ញុំនិងកូនប្រុសរបស់ខ្ញុំប៉ុណ្ណោះ›។ អេលីយ៉ាប្រាប់នាងថា៖ ‹ព្រះយេហូវ៉ាសន្យាថា បើនាងធ្វើនំប៉័ងឲ្យខ្ញុំសិន នោះម្សៅនិងប្រេងរបស់នាងនឹងមិនចេះអស់ឡើយ រហូតដល់មានភ្លៀងឡើងវិញ›។
ដូច្នេះ ស្ត្រីមេម៉ាយបានចូលទៅក្នុងផ្ទះ ហើយធ្វើនំប៉័ងឲ្យអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា។ ដូចអ្វីដែលព្រះយេហូវ៉ាបានសន្យា គឺម្សៅក្នុងខាប់និងប្រេងក្នុងថូរបស់នាង មិនចេះអស់ឡើយ។ ក្នុងអំឡុងភាពរាំងស្ងួតនោះ នាងនិងកូនប្រុសរបស់នាងមានអាហារបរិភោគជានិច្ច។
បន្ទាប់មក រឿងដ៏សោកសៅមួយបានកើតឡើង។ កូនប្រុសរបស់ស្ត្រីមេម៉ាយធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ស្លាប់។ នាងបានអង្វរអេលីយ៉ាឲ្យជួយ។ អេលីយ៉ាបី
កូននោះឡើងទៅបន្ទប់ខាងលើក្នុងផ្ទះរបស់នាង។ គាត់ផ្ដេកកូននោះទៅលើគ្រែ ហើយអធិដ្ឋានថា៖ ‹ព្រះយេហូវ៉ាអើយ សូមជួយកូននេះឲ្យរស់ឡើងវិញផង›។ រួចមក កូនប្រុសរបស់ស្ត្រីមេម៉ាយចាប់ផ្ដើមដកដង្ហើម ហើយមានជីវិតឡើងវិញ! នេះពិតជាអស្ចារ្យខ្លាំងណាស់ ពីព្រោះរហូតមកដល់ពេលនោះ មិនទាន់មានមនុស្សណាម្នាក់រស់ឡើងវិញឡើយ។ ណាមួយទៀត ស្ត្រីមេម៉ាយនេះនិងកូនប្រុសរបស់នាង ក៏មិនមែនជាជនជាតិអ៊ីស្រាអែលដែរ។អេលីយ៉ាប្រាប់ស្ត្រីមេម៉ាយថា៖ «មើល! កូនប្រុសរបស់អ្នករស់ឡើងវិញហើយ»។ នាងសប្បាយរីករាយខ្លាំងណាស់ ហើយនិយាយទៅអេលីយ៉ាថា៖ ‹ឥឡូវ ខ្ញុំដឹងថាអ្នកគឺជាមនុស្សរបស់ព្រះមែន! ពីព្រោះអ្នកនិយាយអ្វីដែលព្រះយេហូវ៉ាបានប្រាប់អ្នកប៉ុណ្ណោះ›។
«ចូរកត់សម្គាល់ថា សត្វក្អែកមិនសាបព្រោះឬច្រូតកាត់ទេ ហើយក៏គ្មានជង្រុកឬឃ្លាំងដែរ តែព្រះផ្ដល់ចំណីឲ្យវា។ ទម្រាំតែអ្នករាល់គ្នា តើមិនមានតម្លៃជាងសត្វស្លាបទេឬ?»។—លូកា ១២:២៤