លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤៩

ដាក់ទោសមហាក្សត្រីកំណាច

ដាក់ទោសមហាក្សត្រីកំណាច

នៅ​ក្រុង​យេសរៀល ស្ដេច​អាហាប់​មើល​ពី​បង្អួច​ក្នុង​វិមាន ឃើញ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​បុរស​ម្នាក់​ឈ្មោះ​ណាបោត។ អាហាប់​ចង់​បាន​ចម្ការ​ទំពាំង​បាយ​ជូរ​នោះ ដូច្នេះ​គាត់​ព្យាយាម​សុំ​ទិញ​ពី​ណាបោត។ ប៉ុន្តែ ណាបោត​មិន​ព្រម​លក់​ទេ ដោយ​សារ​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហាម​លក់​ដី​កេរ​មត៌ក។ តើ​អាហាប់​គោរព​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​ណាបោត​ឬ​ទេ? អត់​ទេ! អាហាប់​ខឹង​ខ្លាំង​ណាស់។ គាត់​ខក​ចិត្ត​ដល់​ម្ល៉េះ​បាន​ជា​គាត់​មិន​ព្រម​ចេញ​ពី​បន្ទប់​គេង និង​មិន​ព្រម​បរិភោគ​អាហារ។

មហា​ក្សត្រី​ដ៏​កំណាច​ឈ្មោះ​យេសិបិល ដែល​ជា​ប្រពន្ធ​អាហាប់ បាន​និយាយ​ទៅ​គាត់​ថា​៖ ‹លោក​ម្ចាស់​ជា​ស្ដេច​របស់​ស្រុក​អ៊ីស្រាអែល។ លោក​ចង់​បាន​អ្វី លោក​ត្រូវ​តែ​បាន។ ខ្ញុំ​នឹង​យក​ចម្ការ​នោះ​មក​ជូន​លោក›។ រួច​មក នាង​សរសេរ​សំបុត្រ​ទៅ​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​នោះ ដោយ​ប្រាប់​ពួក​គេ​ឲ្យ​ចោទ​ប្រកាន់​ណាបោត​ថា​ជា​អ្នក​ប្រមាថ​ព្រះ និង​ឲ្យ​ពួក​គេ​គប់​ថ្ម​សម្លាប់​គាត់។ ពួក​បុរស​ចាស់​ទុំ​បាន​ធ្វើ​តាម​បញ្ជា​របស់​យេសិបិល។ បន្ទាប់​មក យេសិបិល​បាន​ប្រាប់​អាហាប់​ថា​៖ ‹ណាបោត​បាន​ស្លាប់​ហើយ។ ឥឡូវ ចម្ការ​ទំពាំង​បាយ​ជូរ​ជា​របស់​លោក​ម្ចាស់›។

ណាបោត​មិន​មែន​ជា​មនុស្ស​គ្មាន​កំហុស​តែ​ម្នាក់​ដែល​យេសិបិល​សម្លាប់​នោះ​ទេ។ នាង​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ នាង​គោរព​បូជា​រូប​ព្រះ និង​ធ្វើ​អំពើ​អាក្រក់​ផ្សេង​ៗ​ជា​ច្រើន។ ព្រះ​យេហូវ៉ា​មើល​ឃើញ​អំពើ​អាក្រក់​ទាំង​អស់​របស់​យេសិបិល។ តើ​លោក​នឹង​ដាក់​ទោស​នាង​តាម​របៀប​ណា?

ក្រោយ​ពី​អាហាប់​ស្លាប់ កូន​ប្រុស​របស់​គាត់​ឈ្មោះ​យេហូរ៉ាម​ឡើង​ធ្វើ​ជា​ស្ដេច។ ព្រះ​យេហូវ៉ា​បាន​ចាត់​បុរស​ម្នាក់​ឈ្មោះ​យេហ៊ូ ឲ្យ​ទៅ​ដាក់​ទោស​យេសិបិល​និង​ក្រុម​គ្រួសារ​របស់​នាង។

យេហ៊ូ​ជិះ​រទេះ​របស់​ខ្លួន​ទៅ​ក្រុង​យេសរៀល ជា​កន្លែង​ដែល​យេសិបិល​រស់​នៅ។ រីឯ​យេហូរ៉ាម​វិញ គាត់​ក៏​ជិះ​រទេះ​ចេញ​មក​ជួប​យេហ៊ូ​ដែរ ហើយ​សួរ​យេហ៊ូ​ថា​៖ ​«​តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?​»។ យេហ៊ូ​ឆ្លើយ​ថា​៖ ‹តើ​ខ្ញុំ​មក​ក្នុង​បំណង​ល្អ​ដូច​ម្ដេច​បាន បើ​យេសិបិល​ម្ដាយ​របស់​អ្នក​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ឥត​ឈប់?›។ ឮ​ដូច្នេះ យេហូរ៉ាម​ព្យាយាម​ឲ្យ​គេ​បរ​រទេះ​ត្រឡប់​ទៅ​វិញ តែ​យេហ៊ូ​បាន​យឹត​ធ្នូ​បាញ់​សម្លាប់​គាត់។

រួច​មក យេហ៊ូ​បន្ត​ដំណើរ​ទៅ​ឯ​វិមាន​របស់​យេសិបិល។ ពេល​នាង​ឮ​ថា​យេហ៊ូ​កំពុង​មក នាង​ក៏​ផាត់​មុខ ធ្វើ​សក់ ហើយ​រង់​ចាំ​គាត់​នៅ​ឯ​មាត់​បង្អួច​បន្ទប់​ខាង​លើ។ ពេល​យេហ៊ូ​មក​ដល់ នាង​ស្រែក​សួរ​គាត់​យ៉ាង​គំរោះ​គំរើយ។ យេហ៊ូ​ប្រាប់​ទៅ​អ្នក​បម្រើ​ដែល​ឈរ​នៅ​ក្បែរ​យេសិបិល​ថា​៖ ​«​ចូរ​បោះ​នាង​ចុះ​មក!​»។ ភ្លាម​ៗ​នោះ ពួក​គេ​បោះ​យេសិបិល​តាម​បង្អួច ហើយ​នាង​ក៏​ធ្លាក់​ដល់​ដី​ស្លាប់​ទៅ។

បន្ទាប់​មក​ទៀត យេហ៊ូ​បាន​សម្លាប់​កូន​ប្រុស​៧០​នាក់​របស់​អាហាប់ ហើយ​បំផ្លាញ​ចោល​ការ​គោរព​បូជា​ព្រះ​បាល។ នេះ​បង្រៀន​យើង​ថា ព្រះ​យេហូវ៉ា​ជ្រាប​អ្វី​ៗ​ទាំង​អស់ ហើយ​ថា​នៅ​ពេល​ត្រឹម​ត្រូវ​លោក​នឹង​ដាក់​ទោស​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

​«​អ្នក​ដែល​បាន​ទ្រព្យ​ដោយ​ការ​លោភ​លន់ នៅ​ទី​បំផុត គាត់​នឹង​មិន​បាន​ពរ​ពី​ព្រះ​ទេ​»។—សុភាសិត ២០:២១