លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥០

ព្រះយេហូវ៉ាការពារយេហូសាផាត

ព្រះយេហូវ៉ាការពារយេហូសាផាត

ស្ដេច​យេហូសាផាត​នៃ​រាជាណាចក្រ​យូដា​បាន​បំផ្លាញ​ទី​បូជា​ព្រះ​បាល និង​ដក​រូប​ព្រះ​ផ្សេង​ៗ​ចេញ​ពី​ទឹក​ដី។ គាត់​ចង់​ឲ្យ​បណ្ដា​ជន​ស្គាល់​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ គាត់​បាន​ចាត់​ពួក​មេ​ដឹក​នាំ​និង​ពួក​លេវី ឲ្យ​ទៅ​បង្រៀន​បណ្ដា​ជន​យូដា​ទាំង​អស់។

ប្រជា​ជាតិ​ជិត​ខាង​មិន​ហ៊ាន​ធ្វើ​សង្គ្រាម​នឹង​ពួក​យូដា​ទេ ដោយ​សារ​ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​រាស្ត្រ​របស់​លោក។ ពួក​គេ​ថែម​ទាំង​យក​អំណោយ​ជូន​ស្ដេច​យេហូសាផាត​ទៀត​ផង។ ប៉ុន្តែ​ក្រោយ​មក ពួក​ម៉ូអាប់ ពួក​អាំម៉ូន និង​ពួក​អ្នក​រស់​នៅ​តំបន់​ភ្នំ​សៀ បាន​លើក​គ្នា​មក​ច្បាំង​នឹង​ពួក​យូដា។ យេហូសាផាត​ដឹង​ថា គាត់​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ គាត់​បាន​កោះ​ហៅ​បុរស ស្ត្រី និង​ក្មេង​ៗ​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។ រួច​មក នៅ​ចំពោះ​មុខ​បណ្ដា​ជន​ទាំង​អស់ គាត់​អធិដ្ឋាន​ថា​៖ ‹ព្រះ​យេហូវ៉ា​អើយ បើ​គ្មាន​លោក​ទេ យើង​មិន​អាច​វាយ​ឈ្នះ​ពួក​គេ​បាន​ឡើយ។ សូម​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ›។

ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ថា​៖ ‹កុំ​ភ័យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ជួយ​អ្នក​រាល់​គ្នា។ ចូរ​អ្នក​រាល់​គ្នា​គ្រាន់​តែ​តម្រៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​របៀប​ដែល​ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា›។ តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​ពួក​គេ​តាម​របៀប​ណា?

នៅ​ព្រឹក​បន្ទាប់ យេហូសាផាត​បាន​ជ្រើស​រើស​អ្នក​ចម្រៀង​ខ្លះ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ដើរ​នាំ​មុខ​កង​ទ័ព។ ពួក​គេ​បាន​ដើរ​នាំ​មុខ​កង​ទ័ព​ចេញ​ពី​ក្រុង​យេរូសាឡិម ទៅ​សមរភូមិ​ក្បែរ​ក្រុង​ថេកូអា។

ខណៈ​ដែល​ពួក​អ្នក​ចម្រៀង​ស្រែក​ច្រៀង​ខ្លាំង​ៗ​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​អំណរ នោះ​លោក​ក៏​ច្បាំង​ជំនួស​រាស្ត្រ​របស់​លោក។ លោក​បាន​ធ្វើ​ឲ្យ​ពួក​អាំម៉ូន និង​ពួក​ម៉ូអាប់​ច្របូក​ច្របល់ រហូត​ដល់​ពួក​គេ​វាយ​សម្លាប់​គ្នា​ឯង ហើយ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​រស់​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ការ​ពារ​បណ្ដា​ជន​យូដា ពួក​កង​ទ័ព និង​ពួក​សង្ឃ។ ពេល​ប្រជា​ជាតិ​ជិត​ខាង​បាន​ឮ​ដំណឹង​នេះ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​ការ​ពារ​រាស្ត្រ​របស់​លោក។ តើ​ព្រះ​យេហូវ៉ា​តែង​ប្រើ​វិធី​អ្វី​ដើម្បី​សង្គ្រោះ​រាស្ត្រ​របស់​លោក? គឺ​លោក​ប្រើ​វិធី​ផ្សេង​ៗ ដោយ​មិន​ត្រូវ​ការ​ជំនួយ​ពី​មនុស្ស​ឡើយ។

​«​អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ច្បាំង​ទេ គ្រាន់​តែ​តម្រៀប​គ្នា ឈរ​ស្ងៀម ហើយ​ចាំ​មើល​ព្រះ​យេហូវ៉ា​សង្គ្រោះ​អ្នក​រាល់​គ្នា​ចុះ​»។—ប្រវត្តិហេតុ​ទី២ ២០:១៧