លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥១

មេទ័ពនិងក្មេងស្រី

មេទ័ពនិងក្មេងស្រី

នៅ​ស្រុក​ស៊ីរី មាន​ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​រស់​នៅ។ នាង​ត្រូវ​កង​ទ័ព​ស៊ីរី​ចាប់​យក​ចេញ​ពី​ក្រុម​គ្រួសារ​នាង ហើយ​ក្លាយ​ជា​អ្នក​បម្រើ​របស់​ប្រពន្ធ​មេ​ទ័ព​ម្នាក់​ឈ្មោះ​ណាម៉ាន។ ក្មេង​ស្រី​នេះ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ទោះ​ជា​មនុស្ស​នៅ​ជុំ​វិញ​នាង​មិន​គោរព​ប្រណិប័តន៍​លោក​ក៏​ដោយ។

ណាម៉ាន​មាន​ជំងឺ​ស្បែក​ដ៏​គួរ​ឲ្យ​ខ្លាច ដែល​ធ្វើ​ឲ្យ​គាត់​ឈឺ​ចុក​ចាប់​ជា​ប្រចាំ។ ក្មេង​ស្រី​នោះ​ពិត​ជា​ចង់​ជួយ​គាត់​ខ្លាំង​ណាស់។ ដូច្នេះ នាង​ប្រាប់​ប្រពន្ធ​ណាម៉ាន​ថា​៖ ‹ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​ដែល​អាច​ជួយ​លោក​ម្ចាស់​បាន។ គាត់​រស់​នៅ​ស្រុក​អ៊ីស្រាអែល ឈ្មោះ​អេលីសេ ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​របស់​ព្រះ​យេហូវ៉ា។ គាត់​ពិត​ជា​អាច​ជួយ​ប្ដី​លោក​ស្រី​បាន›។

ប្រពន្ធ​ណាម៉ាន​បាន​ប្រាប់​ប្ដី​អំពី​អ្វី​ដែល​ក្មេង​ស្រី​នោះ​និយាយ។ ណាម៉ាន​សុខ​ចិត្ត​ធ្វើ​អ្វី​ទាំង​អស់​ឲ្យ​តែ​បាន​ជា​ពី​ជំងឺ។ ហេតុ​នេះ គាត់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​អេលីសេ​នៅ​ស្រុក​អ៊ីស្រាអែល។ ណាម៉ាន​គិត​ថា អេលីសេ​នឹង​ចេញ​មក​ទទួល​គាត់​ក្នុង​នាម​ជា​ភ្ញៀវ​ដ៏​សំខាន់​ម្នាក់។ ផ្ទុយ​ទៅ​វិញ អេលីសេ​បាន​ឲ្យ​អ្នក​បម្រើ​មក​ជួប​ណាម៉ាន ហើយ​ប្រាប់​ថា​៖ ‹ចូរ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ៉ូដាន់​ឲ្យ​បាន​៧​ដង នោះ​ស្បែក​របស់​អ្នក​នឹង​ជា​ស្អាត​ឡើង​វិញ›។

ពេល​ឮ​ដូច្នេះ ណាម៉ាន​ខក​ចិត្ត​ជា​ខ្លាំង ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​គិត​ថា​អ្នក​ប្រកាស​ទំនាយ​នេះ​នឹង​អធិដ្ឋាន​ទៅ​ព្រះ​របស់​គាត់ ហើយ​រា​ដៃ​លើ​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​ជា។ ប៉ុន្តែ គាត់​បែរ​ជា​ឲ្យ​ខ្ញុំ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​នៅ​ស្រុក​នេះ​ទៅ​វិញ។ តើ​ទន្លេ​នៅ​ស្រុក​ស៊ីរី​មិន​ល្អ​ជាង​ទេ​ឬ? ចាំ​បាច់​អ្វី​ដែល​ខ្ញុំ​ត្រូវ​មុជ​ទឹក​ក្នុង​ទន្លេ​នៅ​ស្រុក​អ៊ីស្រាអែល›។ ណាម៉ាន​ក៏​ចាក​ចេញ​ពី​ផ្ទះ​អេលីសេ​ទាំង​កំហឹង។

ប៉ុន្តែ ពួក​អ្នក​បម្រើ​របស់​ណាម៉ាន​បាន​វែក​ញែក​ជា​មួយ​គាត់​ថា​៖ ‹លោក​ម្ចាស់​ព្យាយាម​សាក​គ្រប់​វិធី​ដើម្បី​ឲ្យ​ជា​ពី​ជំងឺ មែន​ទេ? អ្វី​ដែល​អ្នក​ប្រកាស​ទំនាយ​នោះ​ប្រាប់​លោក​គឺ​ស្រួល​ធ្វើ តើ​លោក​មិន​ចង់​សាក​ធ្វើ​តាម​ទេ​ឬ?›។ ណាម៉ាន​ស្ដាប់​តាម​សម្ដី​របស់​អ្នក​បម្រើ។ គាត់​បាន​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ៉ូដាន់​អស់​៧​ដង។ នៅ​លើក​ទី​៧ គាត់​បាន​ជា​ពី​ជំងឺ។ គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ហើយ​ត្រឡប់​ទៅ​អរគុណ​អេលីសេ​វិញ។ ណាម៉ាន​និយាយ​ថា​៖ ‹ឥឡូវ​ខ្ញុំ​ដឹង​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត›។ តើ​អ្នក​គិត​ថា​ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ឃើញ​ណាម៉ាន​ត្រឡប់​មក​វិញ​ទាំង​ជា​សះ​ស្បើយ?

​«​លោក​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​ចេញ​ពី​មាត់​កូន​ក្មេង​និង​ទារក​»។—ម៉ាថាយ ២១:១៦