លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥២

កងទ័ពភ្លើងរបស់ព្រះយេហូវ៉ា

កងទ័ពភ្លើងរបស់ព្រះយេហូវ៉ា

ស្ដេច​បេនហាដាត​ស្រុក​ស៊ីរី ព្យាយាម​វាយ​ប្រហារ​ស្រុក​អ៊ីស្រាអែល​ម្ដង​ហើយ​ម្ដង​ទៀត។ ប៉ុន្តែ​រាល់​ដង អ្នក​ប្រកាស​ទំនាយ​អេលីសេ​បាន​ព្រមាន​ស្ដេច​ស្រុក​អ៊ីស្រាអែល​ជា​មុន នេះ​បាន​ជួយ​ស្ដេច​ឲ្យ​រួច​ខ្លួន។ ដូច្នេះ បេនហាដាត​សម្រេច​ចិត្ត​ចាប់​ខ្លួន​អេលីសេ។ ពេល​គាត់​ដឹង​ថា​អេលីសេ​នៅ​ក្រុង​ដូថាន់ គាត់​ក៏​បញ្ជូន​កង​ទ័ព​ស៊ីរី​ឲ្យ​ទៅ​ចាប់​អេលីសេ​នៅ​ក្រុង​នោះ។

កង​ទ័ព​ស៊ីរី​បាន​ទៅ​ដល់​ក្រុង​ដូថាន់​នៅ​ពេល​យប់។ លុះ​ព្រឹក​ឡើង អ្នក​បម្រើ​របស់​អេលីសេ​បាន​ចេញ​ទៅ​ក្រៅ ហើយ​ឃើញ​កង​ទ័ព​ដ៏​ធំ​កំពុង​ឡោម​ព័ទ្ធ​ក្រុង។ គាត់​ភ័យ​ស្លន់​ស្លោ ហើយ​ស្រែក​ឡើង​ថា​៖ ‹អេលីសេ តើ​យើង​ត្រូវ​ធ្វើ​អ្វី?›។ អេលីសេ​ប្រាប់​គាត់​ថា​៖ ‹នៅ​ខាង​យើង​មាន​គ្នា​ច្រើន​ជាង​ខាង​គេ›។ ខណៈ​នោះ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​អ្នក​បម្រើ​របស់​អេលីសេ​ឃើញ​ទ័ព​សេះ​ភ្លើង និង​ទ័ព​រទេះ​ចម្បាំង​ភ្លើង​នៅ​ជុំ​វិញ​តំបន់​ភ្នំ​ក្នុង​ក្រុង​នោះ។

ពេល​កង​ទ័ព​ស៊ីរី​ព្យាយាម​ចូល​ទៅ​ចាប់​អេលីសេ នោះ​គាត់​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​កង​ទ័ព​ស៊ីរី​ច្របូក​ច្របល់ មិន​ដឹង​ថា​ខ្លួន​នៅ​កន្លែង​ណា។ អេលីសេ​ប្រាប់​ពួក​គេ​ថា​៖ ‹អ្នក​រាល់​គ្នា​មក​ខុស​ក្រុង​ហើយ។ សូម​មក​តាម​ខ្ញុំ។ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ជួប​បុរស​ដែល​អ្នក​រាល់​គ្នា​កំពុង​រក›។ ពួក​គេ​ដើរ​តាម​អេលីសេ រហូត​ដល់​ក្រុង​សាម៉ារី ជា​កន្លែង​ដែល​ស្ដេច​ស្រុក​អ៊ីស្រាអែល​រស់​នៅ។

ពេល​កង​ទ័ព​ស៊ីរី​ដឹង​ថា​ពួក​គេ​នៅ​ទី​ណា គឺ​ហួស​ពេល​ហើយ។ ស្ដេច​ស្រុក​អ៊ីស្រាអែល​សួរ​អេលីសេ​ថា​៖ ‹តើ​សម្លាប់​ពួក​គេ​ចោល​ល្អ​ទេ?›។ ពេល​នោះ តើ​អេលីសេ​បាន​ឆ្លៀត​យក​ឱកាស​ដើម្បី​សង​សឹក​ពួក​អ្នក​ដែល​តាម​ធ្វើ​បាប​គាត់​ឬ​ទេ? អត់​ទេ។ អេលីសេ​ឆ្លើយ​ថា​៖ ‹កុំ​សម្លាប់​ពួក​គេ។ សូម​ឲ្យ​អាហារ​ពួក​គេ​បរិភោគ ហើយ​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​វិញ›។ ដូច្នេះ ស្ដេច​បាន​ធ្វើ​ពិធី​ជប់​លៀង​យ៉ាង​ធំ​ឲ្យ​ពួក​គេ រួច​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​វិញ។

​«​យើង​មាន​ទំនុក​ចិត្ត​ថា អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង​»។—យ៉ូហាន​ទី១ ៥:១៤