លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥៣

ភាពក្លាហានរបស់យេហូយ៉ាដា

ភាពក្លាហានរបស់យេហូយ៉ាដា

យេសិបិល​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​អាថាលៀ។ នាង​ប្រព្រឹត្ត​អំពើ​អាក្រក់​ដូច​ម្ដាយ​នាង។ អាថាលៀ​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ដេច​ស្រុក​យូដា។ ពេល​ប្ដី​ស្លាប់ កូន​ប្រុស​របស់​នាង​ក៏​ធ្វើ​ជា​ស្ដេច។ ប៉ុន្តែ ក្រោយ​ពី​កូន​ប្រុស​នាង​ស្លាប់ អាថាលៀ​ក៏​តាំង​ខ្លួន​ជា​អ្នក​គ្រប់​គ្រង​ស្រុក​យូដា។ បន្ទាប់​មក នាង​ព្យាយាម​តាម​សម្លាប់​ពូជ​ពង្ស​ស្ដេច​ទាំង​អស់ គឺ​អ្នក​ណា​ក៏​ដោយ​ដែល​មាន​សិទ្ធិ​ធ្វើ​ជា​ស្ដេច​ជំនួស​នាង សូម្បី​តែ​ចៅ​ៗ​បង្កើត​របស់​នាង។ មនុស្ស​គ្រប់​គ្នា​ភ័យ​ខ្លាច​នាង​ខ្លាំង​ណាស់។

សម្ដេច​សង្ឃ​យេហូយ៉ាដា និង​ប្រពន្ធ​របស់​គាត់​យេហូសេបា​ដឹង​ថា ទង្វើ​របស់​អាថាលៀ​គឺ​អាក្រក់​ក្រៃ​លែង។ ដូច្នេះ ពួក​គាត់​បាន​ប្រថុយ​ជីវិត​ដើម្បី​លាក់​ទារក​ម្នាក់​ឈ្មោះ​យេហូអាស ដែល​ត្រូវ​ជា​ចៅ​របស់​អាថាលៀ។ ពួក​គាត់​ចិញ្ចឹម​យេហូអាស​នៅ​ក្នុង​វិហារ។

ពេល​យេហូអាស​មាន​អាយុ​៧​ឆ្នាំ យេហូយ៉ាដា​បាន​ប្រមូល​ពួក​មេ​បណ្ដា​ជន​ទាំង​អស់ ព្រម​ទាំង​ពួក​លេវី​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​ប្រាប់​ថា​៖ ‹ចូរ​យាម​គ្រប់​ទ្វារ​ទាំង​អស់​ក្នុង​វិហារ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ចូល​ឲ្យ​សោះ›។ បន្ទាប់​មក យេហូយ៉ាដា​បាន​តែង​តាំង​យេហូអាស​ឲ្យ​ធ្វើ​ជា​ស្ដេច​ស្រុក​យូដា ដោយ​បំពាក់​មកុដ​លើ​ក្បាល​គាត់។ បណ្ដា​ជន​យូដា​នាំ​គ្នា​ស្រែក​ឡើង​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង!​»។

មហា​ក្សត្រី​អាថាលៀ​ឮ​សំឡេង​បណ្ដា​ជន​ស្រែក​ហ៊ោ នាង​ក៏​ប្រញាប់​ចេញ​ទៅ​វិហារ។ ពេល​ឃើញ​ស្ដេច​ថ្មី នាង​ស្រែក​ឡើង​ថា​៖ ​«​នេះ​ជា​ការ​ក្បត់! នេះ​ជា​ការ​ក្បត់​ហើយ!​»។ ប៉ុន្តែ ពួក​មេ​បណ្ដា​ជន​បាន​ចាប់​ស្ត្រី​ដ៏​កំណាច​នេះ យក​ទៅ​សម្លាប់​នៅ​ខាង​ក្រៅ។ ចុះ​យ៉ាង​ណា​ឥទ្ធិពល​អាក្រក់​ដែល​នាង​បាន​ធ្វើ​មក​លើ​បណ្ដា​ជន?

យេហូយ៉ាដា​បាន​ជួយ​បណ្ដា​ជន​ឲ្យ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដោយ​សន្យា​ថា​ពួក​គេ​នឹង​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ។ យេហូយ៉ាដា​បាន​ប្រាប់​ពួក​គេ​ឲ្យ​កាប់​រលំ​វិហារ​របស់​ព្រះ​បាល ហើយ​បំផ្លាញ​រូប​សំណាក​ផ្សេង​ៗ។ រួច​មក គាត់​បាន​តែង​តាំង​ពួក​លេវី​និង​ពួក​សង្ឃ​ឲ្យ​បម្រើ​ក្នុង​វិហារ ដើម្បី​បណ្ដា​ជន​អាច​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ទី​នោះ​ម្ដង​ទៀត។ បន្ទាប់​មក គាត់​បាន​រៀប​ចំ​ឲ្យ​មាន​អ្នក​យាម​នៅ​ខ្លោង​ទ្វារ​វិហារ ដើម្បី​កុំ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ​ចូល។ រួច​យេហូយ៉ាដា​និង​ពួក​មេ​បណ្ដា​ជន​បាន​នាំ​យេហូអាស​មក​វិមាន ហើយ​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក។ បណ្ដា​ជន​យូដា​គ្រប់​រូប​ត្រេក​អរ​ខ្លាំង​ណាស់។ នៅ​ទី​បំផុត ពួក​គេ​បាន​រួច​ផុត​ពី​ឥទ្ធិពល​ដ៏​អាក្រក់​របស់​ស្ត្រី​កំណាច​អាថាលៀ និង​ពី​ការ​គោរព​បូជា​ព្រះ​បាល។ ឥឡូវ ពួក​គេ​អាច​បម្រើ​ព្រះ​យេហូវ៉ា​បាន។ តើ​អ្នក​គិត​ថា​ភាព​ក្លាហាន​របស់​យេហូយ៉ាដា​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឬ​ទេ?

​«​កុំ​ខ្លាច​អស់​អ្នក​ដែល​អាច​សម្លាប់​រូប​កាយ តែ​មិន​អាច​សម្លាប់​ជីវិត​ដែល​អ្នក​នឹង​ទទួល​នៅ​អនាគត​នោះ​ឡើយ។ តែ​ត្រូវ​ខ្លាច​លោក​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​វិនាស​ទៅ​ក្នុង​កេហេណា​វិញ​»។—ម៉ាថាយ ១០:២៨