លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥៧

ព្រះយេហូវ៉ាចាត់យេរេមាឲ្យទៅប្រកាសផ្សាយ

ព្រះយេហូវ៉ាចាត់យេរេមាឲ្យទៅប្រកាសផ្សាយ

ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​យេរេមា ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​ដល់​បណ្ដា​ជន​យូដា។ លោក​បង្គាប់​គាត់​ឲ្យ​ទៅ​ដាស់​តឿន​បណ្ដា​ជន​ឈប់​ធ្វើ​អំពើ​អាក្រក់​ទៀត។ យេរេមា​ឆ្លើយ​ថា​៖ ‹ប៉ុន្តែ​ព្រះ​យេហូវ៉ា ខ្ញុំ​នៅ​ក្មេង​ណាស់។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​យ៉ាង​ណា​ជា​មួយ​នឹង​បណ្ដា​ជន​ទេ›។ ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ ‹កុំ​ភ័យ​ខ្លាច​ឡើយ។ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​អ្វី​ដែល​អ្នក​ត្រូវ​និយាយ។ ខ្ញុំ​នឹង​ជួយ​អ្នក›។

ព្រះ​យេហូវ៉ា​បាន​បង្គាប់​យេរេមា​ឲ្យ​ហៅ​ពួក​បុរស​ចាស់​ទុំ​មក​ជួប​ជុំ​គ្នា រួច​ឲ្យ​គាត់​វាយ​បំបែក​ក្អម​នៅ​ចំពោះ​មុខ​ពួក​គេ ហើយ​ប្រាប់​ថា​៖ ‹ក្រុង​យេរូសាឡិម​នឹង​ត្រូវ​វាយ​បំបែក​ដូច​ក្អម​នេះ​ដែរ›។ ពេល​យេរេមា​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់ ពួក​បុរស​ចាស់​ទុំ​ក្ដៅ​ចិត្ត​ណាស់។ សង្ឃ​ម្នាក់​ឈ្មោះ​ផាសហឺ​បាន​វាយ​យេរេមា ហើយ​ដាក់​ខ្នោះ​គាត់។ ពេញ​មួយ​យប់ យេរេមា​មិន​អាច​រើ​ខ្លួន​បាន​ទេ។ លុះ​ព្រឹក​ឡើង ផាសហឺ​ដោះ​លែង​យេរេមា​វិញ។ យេរេមា​និយាយ​ថា​៖ ‹ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ទៀត​ទេ។ ខ្ញុំ​ឈប់​ទៅ​ផ្សព្វ​ផ្សាយ​ហើយ›។ ប៉ុន្តែ តើ​គាត់​ពិត​ជា​ឈប់​ផ្សព្វ​ផ្សាយ​មែន​ឬ? អត់​ទេ។ ក្រោយ​ពី​គិត​ពិចារណា គាត់​បាន​និយាយ​ថា​៖ ‹ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ភ្លើង​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ខ្ញុំ​មិន​អាច​ឈប់​ផ្សព្វ​ផ្សាយ​បាន​ទេ›។ ដូច្នេះ យេរេមា​បន្ត​ដាស់​តឿន​បណ្ដា​ជន​ត​ទៅ​ទៀត។

ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ស្រុក​យូដា​មាន​ស្ដេច​ថ្មី​ឡើង​គ្រប់​គ្រង។ ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​ក្លែង​ក្លាយ មិន​ចូល​ចិត្ត​អ្វី​ដែល​យេរេមា​ប្រកាស​ផ្សាយ​ទាល់​តែ​សោះ។ ពួក​គេ​ប្រាប់​ពួក​អ្នក​គ្រប់​គ្រង​ថា​៖ ​«​បុរស​នេះ​សម​នឹង​ស្លាប់​»។ យេរេមា​និយាយ​ថា​៖ ‹បើ​ពួក​អ្នក​សម្លាប់​ខ្ញុំ ពួក​អ្នក​នឹង​សម្លាប់​ជន​ដែល​គ្មាន​កំហុស។ ពីព្រោះ​ខ្ញុំ​ប្រាប់​ប្រសាសន៍​មក​ពី​ព្រះ​យេហូវ៉ា មិន​មែន​មក​ពី​ខ្ញុំ​ទេ›។ ពេល​ពួក​អ្នក​គ្រប់​គ្រង​ឮ​ដូច្នេះ ពួក​គេ​និយាយ​ថា​៖ ​«​បុរស​នេះ​មិន​សម​នឹង​ស្លាប់​ទេ​»។

បន្ទាប់​មក យេរេមា​បន្ត​ផ្សព្វ​ផ្សាយ​ទៀត។ ពេល​នេះ ពួក​អ្នក​គ្រប់​គ្រង​ខឹង​ខ្លាំង​ណាស់។ ពួក​គេ​បាន​ទៅ​សុំ​ស្ដេច​ឲ្យ​ប្រហារ​ជីវិត​យេរេមា។ ស្ដេច​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​តាម​ចិត្ត។ ដូច្នេះ ពួក​គេ​បាន​ចាប់​យេរេមា រួច​ទម្លាក់​គាត់​ទៅ​ក្នុង​អណ្ដូង​ភក់​ដ៏​ជ្រៅ ដោយ​គិត​ថា​គាត់​នឹង​ស្លាប់​នៅ​ក្នុង​អណ្ដូង​នោះ។ យេរេមា​លិច​បន្តិច​ម្ដង​ៗ​ទៅ​ក្នុង​ភក់។

រួច​មក មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ីបេតមេលេក ដែល​ជា​មន្ត្រី​ក្នុង​វិមាន​ស្ដេច បាន​ជម្រាប​ស្ដេច​ថា​៖ ‹ពួក​អ្នក​គ្រប់​គ្រង​បាន​បោះ​យេរេមា​ទៅ​ក្នុង​អណ្ដូង! បើ​យើង​ទុក​គាត់​ឲ្យ​នៅ​បែប​នេះ គាត់​មុខ​ជា​ស្លាប់​មិន​ខាន›។ ហេតុ​នេះ ស្ដេច​បញ្ជា​អ៊ីបេតមេលេក​ឲ្យ​នាំ​បុរស​៣០​នាក់ ទៅ​យោង​យេរេមា​ចេញ​ពី​អណ្ដូង​ដ៏​ជ្រៅ។ ដូច​គំរូ​យេរេមា យើង​គួរ​បន្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ មែន​ទេ?

​«​មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា​ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ​»។—ម៉ាថាយ ១០:២២