លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥៨

ក្រុងយេរូសាឡិមបានត្រូវបំផ្លាញ

ក្រុងយេរូសាឡិមបានត្រូវបំផ្លាញ

ម្ដង​ហើយ​ម្ដង​ទៀត បណ្ដា​ជន​យូដា​បាន​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា ហើយ​បែរ​ទៅ​គោរព​បូជា​ព្រះ​មិន​ពិត។ ជា​ច្រើន​ឆ្នាំ​មក​នេះ ព្រះ​យេហូវ៉ា​នៅ​តែ​ព្យាយាម​ជួយ​ពួក​គេ​ឲ្យ​កែ​ប្រែ។ លោក​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ទៅ​ព្រមាន​ពួក​គេ។ ប៉ុន្តែ ពួក​គេ​មិន​ត្រឹម​តែ​មិន​ស្ដាប់​ទេ បែរ​ជា​ចំអក​មើល​ងាយ​ពួក​អ្នក​ប្រកាស​ទំនាយ​ទៅ​វិញ។ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ពួក​គេ​ឈប់​គោរព​បូជា​រូប​ព្រះ?

នៅ​ពេល​នោះ ស្ដេច​នេប៊ូក្នេសា​ស្រុក​បាប៊ីឡូន​បាន​វាយ​យក​ស្រុក​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់។ លើក​ដំបូង​ដែល​គាត់​វាយ​ដណ្ដើម​យក​ក្រុង​យេរូសាឡិម គាត់​បាន​ចាប់​ស្ដេច​យេហូយ៉ាគីន ពួក​មេ​គ្រប់​គ្រង ពួក​មេ​ទ័ព និង​ពួក​សិប្បករ​យក​ទៅ​ស្រុក​បាប៊ីឡូន។ នេប៊ូក្នេសា​ក៏​បាន​ប្រមូល​យក​វត្ថុ​មាន​តម្លៃ​ទាំង​អស់​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា​ទៅ​ជា​មួយ​ដែរ។ រួច​មក គាត់​តែង​តាំង​សេដេគា​ឲ្យ​ធ្វើ​ជា​ស្ដេច​ស្រុក​យូដា។

ដំបូង​ឡើយ សេដេគា​ស្ដាប់​បង្គាប់​នេប៊ូក្នេសា។ ប៉ុន្តែ ប្រទេស​ជិត​ខាង​និង​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត បាន​ញុះញង់​សេដេគា​ឲ្យ​បះ​បោរ​ប្រឆាំង​ពួក​បាប៊ីឡូន។ យេរេមា​ព្រមាន​សេដេគា​ថា​៖ ‹បើ​អ្នក​បះ​បោរ នោះ​ស្រុក​យូដា​នឹង​ញាំញី​ដោយ​សង្គ្រាម ភាព​អត់​ឃ្លាន និង​ជំងឺ›។

បន្ទាប់​ពី​គ្រប់​គ្រង​បាន​៨​ឆ្នាំ សេដេគា​សម្រេច​ចិត្ត​ប្រឆាំង​នឹង​ពួក​បាប៊ីឡូន។ គាត់​បាន​សុំ​ជំនួយ​ពី​កង​ទ័ព​ស្រុក​អេហ្ស៊ីប។ នេះ​ធ្វើ​ឲ្យ​នេប៊ូក្នេសា​បញ្ជូន​ពួក​ទាហាន​ទៅ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម​ដើម្បី​វាយ​ប្រហារ។ យេរេមា​ប្រាប់​សេដេគា​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា បើ​អ្នក​ចុះ​ចាញ់​ពួក​បាប៊ីឡូន ទាំង​អ្នក ទាំង​ក្រុង នឹង​មាន​សុវត្ថិភាព។ ប៉ុន្តែ បើ​អ្នក​មិន​ព្រម​ទេ ពួក​បាប៊ីឡូន​នឹង​ដុត​ក្រុង​យេរូសាឡិម ហើយ​ចាប់​អ្នក​យក​ទៅ​ដាក់​គុក›។ សេដេគា​និយាយ​ថា​៖ ‹ខ្ញុំ​មិន​ព្រម​ចុះ​ចាញ់​ជា​ដាច់​ខាត!›។

មួយ​ឆ្នាំ​កន្លះ​ក្រោយ​មក ពួក​បាប៊ីឡូន​បាន​វាយ​បំបែក​កំពែង​ក្រុង​យេរូសាឡិម។ ពួក​គេ​ដុត​ក្រុង ដុត​វិហារ ហើយ​សម្លាប់​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចាប់​មនុស្ស​រាប់​ពាន់​នាក់​ទៀត​យក​ទៅ​ស្រុក​បាប៊ីឡូន។

សេដេគា​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​យេរូសាឡិម តែ​ត្រូវ​ពួក​បាប៊ីឡូន​ដេញ​តាម ហើយ​ចាប់​គាត់​បាន​នៅ​ជិត​ក្រុង​យេរីខូ រួច​នាំ​គាត់​ទៅ​ឯ​ស្ដេច​នេប៊ូក្នេសា។ នេប៊ូក្នេសា​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​កូន​ប្រុស​របស់​សេដេគា​នៅ​ចំពោះ​មុខ​គាត់។ បន្ទាប់​មក នេប៊ូក្នេសា​បាន​ចាក់​ភ្នែក​សេដេគា ហើយ​ដាក់​គុក​គាត់ រហូត​ដល់​ថ្ងៃ​គាត់​ស្លាប់។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​បណ្ដា​ជន​យូដា​ថា​៖ ‹បន្ទាប់​ពី​៧០​ឆ្នាំ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ›។

ចុះ​យុវជន​ដែល​បាន​ត្រូវ​ចាប់​មក​ស្រុក​បាប៊ីឡូន តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា? តើ​ពួក​គេ​នឹង​បន្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម​បន្ត​មើល​ត​ទៅ​ទៀត។

​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ការ​វិនិច្ឆ័យ​របស់​លោក​គឺ​សុចរិត​យុត្តិធម៌​និង​គួរ​ឲ្យ​ទុក​ចិត្ត​»។—ការ​បើក​បង្ហាញ ១៦:៧