លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៦២

រាជាណាចក្រមួយដែលប្រៀបដូចជាដើមឈើធំ

រាជាណាចក្រមួយដែលប្រៀបដូចជាដើមឈើធំ

នៅ​រាត្រី​មួយ នេប៊ូក្នេសា​បាន​សុបិន​ឃើញ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​តក់​ស្លុត​ជា​ខ្លាំង។ ស្ដេច​បាន​ហៅ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​មក​បក​ស្រាយ​អត្ថន័យ តែ​ពួក​គេ​មិន​អាច​បក​ស្រាយ​បាន​ទេ។ នៅ​ទី​បំផុត ស្ដេច​បាន​សួរ​ដានីយ៉ែល។

នេប៊ូក្នេសា​ប្រាប់​ដានីយ៉ែល​ថា​៖ ‹ខ្ញុំ​សុបិន​ឃើញ​ដើម​ឈើ​ធំ​មួយ វា​លូត​ខ្ពស់​កប់​ពពក។ មនុស្ស​ទាំង​អស់​នៅ​ផែនដី​អាច​ឃើញ​ដើម​នោះ។ វា​មាន​ស្លឹក​ត្រសុំត្រសាយ​ស្អាត​ណាស់ ហើយ​មាន​ផល​ផ្លែ​ជា​ច្រើន។ ដើម​នោះ​ផ្ដល់​ម្លប់​ដល់​សត្វ​នៅ​ឯ​វាល ហើយ​សត្វ​ស្លាប​នាំ​គ្នា​មក​ធ្វើ​សម្បុក​លើ​មែក​របស់​វា។ រួច​មាន​ទេវតា​មួយ​ចុះ​ពី​លើ​មេឃ ហើយ​បន្លឺ​សំឡេង​ថា​៖ ​«​ចូរ​កាប់​ដើម​នោះ ហើយ​លួស​មែក។ ប៉ុន្តែ គល់​និង​ឫស​នៅ​ក្នុង​ដី​ត្រូវ​ទុក​ចោល ទាំង​ដាក់​វ័ណ្ឌ​ដែក​និង​ស្ពាន់​នៅ​ជុំ​វិញ​គល់​នោះ។ ចំណែក​ឯ​ចិត្ត​ដើម​ឈើ​នោះ​នឹង​ត្រូវ​ផ្លាស់​ប្រែ គឺ​ពី​ចិត្ត​មនុស្ស​ទៅ​ជា​ចិត្ត​របស់​សត្វ​វិញ រហូត​ដល់​គម្រប់​៧​គ្រា។ រួច​មក មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​ព្រះ​គឺ​ជា​អ្នក​គ្រប់​គ្រង ហើយ​ថា​លោក​អាច​ប្រគល់​រាជាណាចក្រ​ឲ្យ​អ្នក​ណា​ក៏​បាន​តាម​តែ​ចិត្ត​លោក​»​›។

ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ដានីយ៉ែល​យល់​អត្ថន័យ​សុបិន​នោះ។ ពេល​បាន​យល់​អត្ថន័យ ដានីយ៉ែល​ក៏​ភ័យ​ខ្លាច។ គាត់​ជម្រាប​ស្ដេច​ថា​៖ ‹ឱ​ស្ដេច​ជា​ម្ចាស់! សូម​ឲ្យ​សុបិន​នោះ​កើត​ឡើង​ចំពោះ​សត្រូវ​របស់​លោក តែ​សុបិន​នោះ​គឺ​អំពី​លោក។ ដើម​ឈើ​ដ៏​ធំ​ដែល​បាន​ត្រូវ​កាប់​ចោល​នោះ គឺ​ជា​លោក។ លោក​នឹង​បាត់​បង់​រាជាណាចក្រ ហើយ​លោក​នឹង​បរិភោគ​ស្មៅ​នៅ​ឯ​វាល​ដូច​ជា​សត្វ​ព្រៃ។ ប៉ុន្តែ ដោយ​សារ​ទេវតា​ប្រាប់​ថា ត្រូវ​ទុក​ឫស​និង​គល់ នោះ​លោក​នឹង​ធ្វើ​ជា​ស្ដេច​ម្ដង​ទៀត›។

មួយ​ឆ្នាំ​ក្រោយ​មក ពេល​នេប៊ូក្នេសា​កំពុង​ដើរ​លើ​ដំបូល​វិមាន គាត់​សម្លឹង​មើល​ក្រុង​បាប៊ីឡូន​ដោយ​មាន​មោទនភាព។ គាត់​ពោល​ថា​៖ ‹សូម​មើល​ក្រុង​ដ៏​រុង​រឿង​ដែល​ខ្ញុំ​បាន​សង់​ឡើង! ម្ដេច​បាន​ជា​ខ្ញុំ​អស្ចារ្យ​ម្ល៉េះ›។ កាល​ដែល​គាត់​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន​សំឡេង​ពី​លើ​មេឃ​មក​ថា​៖ ‹នេប៊ូក្នេសា! រាជាណាចក្រ​នេះ​បាន​ត្រូវ​ដក​ចេញ​ពី​អ្នក​ហើយ›។

រំពេច​នោះ នេប៊ូក្នេសា​ក៏​វង្វេង​ស្មារតី ហើយ​គាត់​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដូច​ជា​សត្វ​ព្រៃ។ ដូច្នេះ គាត់​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​វិមាន​ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​នឹង​សត្វ​ព្រៃ។ ចំណែក​ឯ​សក់​ក្បាល​គាត់​គឺ​វែង​ដូច​ជា​រោម​ឥន្ទ្រី ហើយ​ក្រចក​គាត់​គឺ​វែង​ដូច​ជា​ក្រញាំ​សត្វ​ស្លាប។

លុះ​៧​ឆ្នាំ​កន្លង​ផុត​ទៅ នេប៊ូក្នេសា​បាន​ជា​ឡើង​វិញ ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់​ធ្វើ​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​ម្ដង​ទៀត។ រួច​មក នេប៊ូក្នេសា​និយាយ​ថា​៖ ‹ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ស្ដេច​នៃ​ស្ថាន​សួគ៌។ ឥឡូវ​ខ្ញុំ​ដឹង​ថា ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​គ្រប់​គ្រង។ លោក​បាន​បន្ទាប​ពួក​អ្នក​ដែល​មាន​អំណួត ហើយ​លោក​អាច​ប្រគល់​រាជាណាចក្រ​ដល់​អ្នក​ណា​ក៏​បាន​តាម​តែ​ចិត្ត​លោក›។

​«​អំណួត​នាំ​ឲ្យ​វិនាស ហើយ​ភាព​ក្រអឺត​ក្រទម​នាំ​ឲ្យ​ដួល​ចុះ​»។—សុភាសិត ១៦:១៨