លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៦៣

អក្សរលេចនៅលើជញ្ជាំង

អក្សរលេចនៅលើជញ្ជាំង

ក្រោយ​មក បេលសាសារ​បាន​ទៅ​ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ នៅ​យប់​មួយ គាត់​បាន​ធ្វើ​ពិធី​ជប់​លៀង ដោយ​មាន​មន្ត្រី​ជាន់​ខ្ពស់​ចំនួន​១.០០០​នាក់​មក​ចូល​រួម។ គាត់​បញ្ជា​ពួក​អ្នក​បម្រើ​ឲ្យ​យក​ពែង​មាស ដែល​នេប៊ូក្នេសា​បាន​រឹប​អូស​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា។ រួច​មក បេលសាសារ​និង​ភ្ញៀវ​របស់​គាត់​បាន​យក​ពែង​នោះ​មក​ចាក់​ស្រា​ផឹក ហើយ​សរសើរ​តម្កើង​ព្រះ​របស់​ខ្លួន។ រំពេច​នោះ ស្រាប់​តែ​មាន​ដៃ​មួយ​ដូច​ជា​ដៃ​មនុស្ស​លេច​មក​សរសេរ​អក្សរ ដែល​មិន​អាច​យល់​បាន​នៅ​លើ​ជញ្ជាំង​នៃ​សាល​ពិធី​ជប់​លៀង។

បេលសាសារ​ភ័យ​ស្លន់​ស្លោ ហើយ​ក៏​ហៅ​គ្រូ​វេទមន្ត​ឲ្យ​មក រួច​សន្យា​ថា​៖ ‹បើ​អ្នក​ណា​អាច​បក​ស្រាយ​អត្ថន័យ​អក្សរ​នៅ​លើ​ជញ្ជាំង​បាន ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​ទី​៣​ក្នុង​ស្រុក​បាប៊ីឡូន›។ ពួក​គេ​ខំ​ព្យាយាម តែ​គ្មាន​អ្នក​ណា​អាច​បក​ស្រាយ​បាន​ទេ។ ពេល​នោះ​មហា​ក្សត្រី​ចូល​មក ហើយ​ប្រាប់​ថា​៖ ‹មាន​បុរស​ម្នាក់​ឈ្មោះ​ដានីយ៉ែល ធ្លាប់​បក​ស្រាយ​សុបិន​ផ្សេង​ៗ​ជូន​នេប៊ូក្នេសា។ គាត់​អាច​បក​ស្រាយ​អក្សរ​ទាំង​នេះ​ជូន​លោក​បាន›។

ដានីយ៉ែល​បាន​ចូល​មក​ជួប​ស្ដេច​បេលសាសារ។ ស្ដេច​និយាយ​ទៅ​គាត់​ថា​៖ ‹បើ​អ្នក​អាច​អាន​អក្សរ​ទាំង​នេះ ហើយ​បក​ស្រាយ​អត្ថន័យ​បាន ខ្ញុំ​នឹង​ឲ្យ​ខ្សែ​ក​មាស​ដល់​អ្នក ព្រម​ទាំង​ឲ្យ​អ្នក​មាន​អំណាច​ទី​៣​ក្នុង​ស្រុក​បាប៊ីឡូន›។ ដានីយ៉ែល​ឆ្លើយ​ថា​៖ ‹ខ្ញុំ​មិន​ត្រូវ​ការ​អំណោយ​ទាំង​នោះ​ទេ។ ខ្ញុំ​នឹង​ជម្រាប​លោក​អំពី​អត្ថន័យ​នៃ​អក្សរ​ទាំង​នេះ។ ឪ​ពុក​របស់​លោក​គឺ​នេប៊ូក្នេសា​មាន​អំណួត​ណាស់ ហេតុ​នេះ​ព្រះ​យេហូវ៉ា​បាន​បន្ទាប​គាត់។ លោក​បាន​ជ្រាប​រឿង​ទាំង​អស់​នោះ​ហើយ ប៉ុន្តែ​លោក​នៅ​តែ​មិន​គោរព​ព្រះ​យេហូវ៉ា ដោយ​ពិសា​ស្រា​ពី​ពែង​មាស​ដែល​មក​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ព្រះ​បាន​សរសេរ​អក្សរ​ទាំង​នេះ​ថា មេនេ មេនេ ទេកិល និង​ប៉ាស៊ីន ដែល​មាន​ន័យ​ថា ពួក​មេឌី​និង​ពួក​ពើស៊ី​នឹង​វាយ​យក​ស្រុក​បាប៊ីឡូន ហើយ​លោក​នឹង​មិន​បាន​ធ្វើ​ជា​ស្ដេច​ទៀត​ទេ›។

ក្រុង​បាប៊ីឡូន​រឹង​មាំ​ណាស់ ហាក់​ដូច​ជា​គ្មាន​អ្នក​ណា​អាច​វាយ​យក​បាន​ឡើយ។ បន្ទាយ​ក្រុង​ព័ទ្ធ​ជុំ​វិញ​ដោយ​កំពែង​ក្រាស់​និង​ទន្លេ​ជ្រៅ។ ប៉ុន្តែ​នៅ​យប់​នោះ ពួក​មេឌី​និង​ពួក​ពើស៊ី​បាន​លើក​គ្នា​មក​វាយ​លុក​ក្រុង​បាប៊ីឡូន។ ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​បង្វែរ​ទឹក​ទន្លេ​ចេញ ដើម្បី​ឲ្យ​កង​ទ័ព​របស់​គាត់​អាច​ឆ្លង​ឡើង​ទៅ​ទ្វារ​កំពែង​ក្រុង។ ពេល​ពួក​គេ​ទៅ​ដល់ ពួក​គេ​ឃើញ​ទ្វារ​ក្រុង​បើក​ចំហ​ចោល! កង​ទ័ព​ស៊ីរូស​ក៏​សម្រុក​ចូល​ក្រុង​នោះ ហើយ​សម្លាប់​ស្ដេច​បេលសាសារ។ បន្ទាប់​មក ស៊ីរូស​បាន​ឡើង​គ្រប់​គ្រង​ស្រុក​បាប៊ីឡូន។

ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក ស៊ីរូស​ប្រកាស​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ ឲ្យ​សង់​វិហារ​របស់​លោក​ឡើង​វិញ​នៅ​ក្រុង​យេរូសាឡិម។ អ្នក​ណា​ដែល​ជា​រាស្ត្រ​របស់​លោក​ចង់​ទៅ​ជួយ​សង់​វិហារ អាច​ទៅ​បាន›។ ដូច្នេះ ៧០​ឆ្នាំ​ក្រោយ​ពី​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ ជនជាតិ​យូដា​ជា​ច្រើន​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដូច​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា។ ស៊ីរូស​បាន​បញ្ជា​គេ​ឲ្យ​ដឹក​ពែង​មាស ពែង​ប្រាក់ និង​របស់​របរ​ផ្សេង​ទៀត​ដែល​នេប៊ូក្នេសា​បាន​យក​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា ទៅ​ក្រុង​យេរូសាឡិម​វិញ។ តើ​អ្នក​អាច​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ស៊ីរូស​ឲ្យ​ជួយ​រាស្ត្រ​របស់​លោក​ឬ​ទេ?

​«​នាង​បាន​រលំ​ហើយ! បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​រលំ​ហើយ ក្រុង​នោះ​បាន​ក្លាយ​ទៅ​ជា​លំនៅ​របស់​ពួក​វិញ្ញាណ​កំណាច​»។—ការ​បើក​បង្ហាញ ១៨:២