លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៦៤

ដានីយ៉ែលនៅក្នុងរូងតោ

ដានីយ៉ែលនៅក្នុងរូងតោ

ស្ដេច​ស្រុក​បាប៊ីឡូន​ម្នាក់​ទៀត​ឈ្មោះ​ដារីយុស ជា​ជន​ជាតិ​មេឌី យល់​ឃើញ​ថា​ដានីយ៉ែល​ជា​មនុស្ស​ពូកែ។ ដូច្នេះ ស្ដេច​ឲ្យ​ដានីយ៉ែល​ធ្វើ​កិច្ច​ការ​សំខាន់​សម្រាប់​ស្រុក​បាប៊ីឡូន។ ប៉ុន្តែ បុរស​ឯ​ទៀត​ច្រណែន​នឹង​ដានីយ៉ែល ហើយ​ចង់​កម្ចាត់​គាត់​ចោល។ ពួក​គេ​ដឹង​ថា ដានីយ៉ែល​មាន​ទម្លាប់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​មួយ​ថ្ងៃ​បី​ដង។ ហេតុ​នេះ ពួក​គេ​ទៅ​ជម្រាប​ដារីយុស​ថា​៖ ‹ឱ​ស្ដេច​ជា​ម្ចាស់ លោក​គួរ​បង្កើត​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​មនុស្ស​គ្រប់​រូប អធិដ្ឋាន​ទៅ​ស្ដេច​តែ​ម្នាក់​ប៉ុណ្ណោះ។ អ្នក​ណា​ដែល​មិន​ធ្វើ​តាម​ច្បាប់​នេះ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ›។ ដារីយុស​យល់​ព្រម ហើយ​ចុះ​ហត្ថលេខា​លើ​ច្បាប់​នោះ។

ពេល​ដានីយ៉ែល​ឮ​អំពី​ច្បាប់​ថ្មី​ភ្លាម គាត់​ក៏​ទៅ​ផ្ទះ​វិញ។ នៅ​មុខ​បង្អួច គាត់​លុត​ជង្គង់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ពួក​បុរស​ដែល​មាន​ចិត្ត​ច្រណែន ក៏​ស្ទុះ​ចូល​ទៅ​ចាប់​គាត់​ដែល​កំពុង​អធិដ្ឋាន។ ពួក​គេ​រត់​ទៅ​ប្ដឹង​ស្ដេច​ដារីយុស​ថា​៖ ‹ដានីយ៉ែល​បាន​ល្មើស​ច្បាប់​របស់​ស្ដេច។ គាត់​នៅ​តែ​អធិដ្ឋាន​ទៅ​ព្រះ​របស់​គាត់​មួយ​ថ្ងៃ​បី​ដង!›។ ប៉ុន្តែ ស្ដេច​ចូល​ចិត្ត​ដានីយ៉ែល ហើយ​មិន​ចង់​ឲ្យ​គាត់​ស្លាប់​ទេ។ ពេញ​មួយ​ថ្ងៃ ស្ដេច​ខំ​រិះ​រក​វិធី​ដើម្បី​ជួយ​ដានីយ៉ែល។ ប៉ុន្តែ ច្បាប់​ដែល​ស្ដេច​ចុះ​ហត្ថលេខា​ហើយ សូម្បី​តែ​ស្ដេច​ផ្ទាល់​ក៏​មិន​អាច​កែ​ប្រែ​បាន​ដែរ។ ទី​បំផុត ស្ដេច​បាន​បញ្ជា​គេ​ឲ្យ​បោះ​ដានីយ៉ែល​ទៅ​ក្នុង​រូង ដែល​ពេញ​ដោយ​សត្វ​តោ​ដ៏​កាច​សាហាវ។

នៅ​យប់​នោះ ស្ដេច​ដារីយុស​ព្រួយ​ចិត្ត​អំពី​ដានីយ៉ែល រហូត​ដល់​គេង​មិន​លក់។ លុះ​ព្រឹក​ឡើង គាត់​រត់​ទៅ​ឯ​រូង​តោ ហើយ​ស្រែក​សួរ​ដានីយ៉ែល​ថា​៖ ‹តើ​ព្រះ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ទេ?›។

ដារីយុស​ឮ​សំឡេង​មួយ​ចេញ​ពី​ក្នុង​រូង​តោ គឺ​សំឡេង​ដានីយ៉ែល​តប​មក​ស្ដេច​ថា​៖ ‹ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បិទ​មាត់​តោ។ ពួក​វា​មិន​បាន​ធ្វើ​បាប​ខ្ញុំ​ទេ›។ ឮ​ដូច្នេះ ដារីយុស​សប្បាយ​ចិត្ត​ណាស់! ស្ដេច​បញ្ជា​គេ​ឲ្យ​យក​ដានីយ៉ែល​ចេញ​ពី​រូង​តោ។ ដានីយ៉ែល​គ្មាន​របួស​អ្វី​សោះ។ រួច​មក ស្ដេច​បង្គាប់​ថា​៖ ‹ចូរ​បោះ​ពួក​បុរស​ដែល​ចោទ​ប្រកាន់​ដានីយ៉ែល​ទៅ​ក្នុង​រូង​តោ​វិញ›។ ពេល​បុរស​ទាំង​នោះ​ធ្លាក់​ក្នុង​រូង​តោ​ភ្លាម សត្វ​តោ​ក៏​ហក់​លេប​ត្របាក់​ពួក​គេ​ភ្លែត។

ដារីយុស​បាន​ចេញ​បង្គាប់​ដល់​បណ្ដា​រាស្ត្រ​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​របស់​ដានីយ៉ែល ពីព្រោះ​លោក​បាន​សង្គ្រោះ​ដានីយ៉ែល​ពី​សត្វ​តោ›។

តើ​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ​ដូច​ដានីយ៉ែល​ឬ​ទេ?

​«​ព្រះ​យេហូវ៉ា​ស្គាល់​វិធី​សង្គ្រោះ​មនុស្ស​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​»។—ពេត្រុស​ទី២ ២:៩