លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៦៩

កាព្រីយ៉ែលមកជួបម៉ារៀ

កាព្រីយ៉ែលមកជួបម៉ារៀ

អេលីសាបិត​មាន​សាច់​ញាតិ​ម្នាក់​ឈ្មោះ​ម៉ារៀ។ នាង​រស់​នៅ​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ។ ម៉ារៀ​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​នឹង​យ៉ូសែប ជា​ជាង​ឈើ។ ពេល​អេលីសាបិត​មាន​ផ្ទៃ​ពោះ​៦​ខែ ទេវតា​កាព្រីយ៉ែល​បាន​លេច​មក​ជួប​ម៉ារៀ។ ទេវតា​និយាយ​ទៅ​នាង​ថា​៖ ‹សួស្ដី​ម៉ារៀ! ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នាង​ខ្លាំង​ណាស់›។ ប៉ុន្តែ ម៉ារៀ​មិន​យល់​សម្ដី​របស់​ទេវតា​ទេ។ រួច​ទេវតា​និយាយ​ទៀត​ថា​៖ ‹នាង​នឹង​មាន​ផ្ទៃ​ពោះ រួច​សម្រាល​បាន​កូន​ប្រុស​មួយ។ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា យេស៊ូ។ កូន​នោះ​នឹង​គ្រប់​គ្រង​ជា​ស្ដេច ហើយ​រាជាណាចក្រ​របស់​កូន​នោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត›។

ម៉ារៀ​តប​ថា​៖ ‹ប៉ុន្តែ ខ្ញុំ​នៅ​ក្រមុំ​បរិសុទ្ធ តើ​ខ្ញុំ​អាច​មាន​កូន​ដូច​ម្ដេច​បាន?›។ កាព្រីយ៉ែល​ឆ្លើយ​ថា​៖ ‹គ្មាន​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​អាច​ធ្វើ​បាន​ឡើយ។ ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​នឹង​សណ្ឋិត​លើ​នាង រួច​នាង​នឹង​មាន​កូន​ប្រុស​ម្នាក់។ អេលីសាបិត​ដែល​ជា​សាច់​ញាតិ​នាង ក៏​មាន​ផ្ទៃ​ពោះ​ដែរ›។ រួច​ម៉ារៀ​និយាយ​ថា​៖ ‹ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា។ សូម​ឲ្យ​ការ​នេះ​កើត​ឡើង​ដល់​ខ្ញុំ ដូច​លោក​បាន​និយាយ​ចុះ›។

រួច​មក ម៉ារៀ​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ឯ​ភ្នំ ដើម្បី​ទៅ​លេង​អេលីសាបិត។ ពេល​ឮ​សំឡេង​សួរ​សុខ​ទុក្ខ​របស់​ម៉ារៀ អេលីសាបិត​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​របស់​នាង​កញ្ជ្រោល​ឡើង។ ភ្លាម​នោះ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ អេលីសាបិត​ពោល​ថា​៖ ‹ម៉ារៀ! ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​នាង។ ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​ម្ដាយ​របស់​លោក​ម្ចាស់​ខ្ញុំ មក​លេង​ខ្ញុំ›។ ម៉ារៀ​និយាយ​ថា​៖ ‹ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដោយ​អស់​ពី​ចិត្ត›។ បន្ទាប់​ពី​ស្នាក់​នៅ​ជា​មួយ​នឹង​អេលីសាបិត​អស់​បី​ខែ ម៉ារៀ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​ណាសារ៉ែត​វិញ។

ពេល​យ៉ូសែប​ដឹង​ថា​ម៉ារៀ​មាន​ផ្ទៃ​ពោះ គាត់​ចង់​ផ្ដាច់​ពាក្យ​ពី​នាង។ ប៉ុន្តែ ទេវតា​មួយ​បាន​លេច​មក​ប្រាប់​គាត់​ក្នុង​សុបិន​ថា​៖ ‹កុំ​ខ្លាច​នឹង​រៀប​ការ​ជា​មួយ​នាង​ឡើយ។ នាង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ›។ ដូច្នេះ យ៉ូសែប​រៀប​ការ​ជា​មួយ​នឹង​ម៉ារៀ ហើយ​នាំ​នាង​ទៅ​ផ្ទះ​របស់​គាត់។

​«​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ៗ​តាម​ដែល​លោក​ពេញ​ចិត្ត ទាំង​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី​»។—ចម្រៀង​សរសើរ​ព្រះ ១៣៥:៦