លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៧២

ពេលលោកយេស៊ូនៅក្មេង

ពេលលោកយេស៊ូនៅក្មេង

យ៉ូសែប​និង​ម៉ារៀ​រស់​នៅ​ក្រុង​ណាសារ៉ែត​ជា​មួយ​លោក​យេស៊ូ និង​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន​នាក់​ទៀត។ យ៉ូសែប​ធ្វើ​ការ​ជា​ជាង​ឈើ​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ ហើយ​បង្រៀន​ក្រុម​គ្រួសារ​អំពី​ព្រះ​យេហូវ៉ា​និង​ច្បាប់​របស់​លោក។ គាត់​នាំ​ក្រុម​គ្រួសារ​ទៅ​សាលា​ប្រជុំ​ជា​ទៀង​ទាត់​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ និង​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​រំលង​ជា​រៀង​រាល់​ឆ្នាំ។

ពេល​លោក​យេស៊ូ​អាយុ​១២​ឆ្នាំ ក្រុម​គ្រួសារ​របស់​លោក​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​ក្រុង​យេរូសាឡិម​ដូច​ធម្មតា។ នៅ​ពេល​នោះ ក្រុង​មាន​មនុស្ស​ច្រើន​កុះ​ករ​ដោយ​សារ​ពួក​គេ​មក​ធ្វើ​បុណ្យ​រំលង។ លុះ​ចប់​បុណ្យ​រំលង យ៉ូសែប​និង​ម៉ារៀ​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ ដោយ​គិត​ថា​លោក​យេស៊ូ​នៅ​ក្នុង​ក្រុម​ដែល​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ពួក​គាត់។ ប៉ុន្តែ ទោះ​ជា​ពួក​គាត់​ខំ​រក​លោក​យេស៊ូ​ក្នុង​ចំណោម​សាច់​ញាតិ ពួក​គាត់​នៅ​តែ​រក​លោក​មិន​ឃើញ។

ដូច្នេះ ពួក​គាត់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​តាម​រក​កូន​អស់​បី​ថ្ងៃ។ ទី​បំផុត ពួក​គាត់​ទៅ​រក​នៅ​ឯ​វិហារ ក៏​ឃើញ​លោក​យេស៊ូ​កំពុង​អង្គុយ​ស្ដាប់​ពួក​គ្រូ និង​សួរ​សំណួរ​ល្អ​ៗ​ដល់​ពួក​គ្រូ​ទៀត​ផង។ ពួក​គ្រូ​កោត​ស្ងើច​លោក​យេស៊ូ​ជា​ខ្លាំង បាន​ជា​ពួក​គេ​សួរ​លោក​នូវ​សំណួរ​ផ្សេង​ៗ។ ពួក​គេ​ភ្ញាក់​ផ្អើល​នឹង​ចម្លើយ​របស់​លោក។ ដូច្នេះ ពួក​គេ​យល់​ឃើញ​ថា លោក​មាន​ការ​យល់​ដឹង​ច្រើន​អំពី​ច្បាប់​របស់​ព្រះ​យេហូវ៉ា។

យ៉ូសែប​និង​ម៉ារៀ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។ ម៉ារៀ​និយាយ​ថា​៖ ‹កូន​ម្ដាយ យើង​ខំ​ស្វែង​រក​កូន​គ្រប់​ទី​កន្លែង តើ​កូន​បាត់​ទៅ​ណា?›។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ‹តើ​ម្ដាយ​មិន​នឹក​ឃើញ​ថា កូន​នៅ​ក្នុង​វិហារ​របស់​បិតា​កូន​ទេ​ឬ?›។

បន្ទាប់​មក លោក​យេស៊ូ​ត្រឡប់​ទៅ​ក្រុង​ណាសារ៉ែត​ជា​មួយ​នឹង​ឪ​ពុក​ម្ដាយ​របស់​លោក។ យ៉ូសែប​បាន​បង្រៀន​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ជាង​ឈើ។ តើ​អ្នក​គិត​ថា​លោក​យេស៊ូ​ជា​កូន​បែប​ណា? កាល​ដែល​លោក​យេស៊ូ​ធំ​ឡើង លោក​កាន់​តែ​មាន​ប្រាជ្ញា និង​កាន់​តែ​ជា​ទី​ពេញ​ចិត្ត​របស់​ព្រះ​និង​មនុស្ស។

​«​ឱ​ព្រះ​របស់​ខ្ញុំ​អើយ ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ហើយ​ច្បាប់​របស់​លោក​នៅ​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច​»។—ចម្រៀង​សរសើរ​ព្រះ ៤០:៨