លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៧៣

យ៉ូហានរៀបចំផ្លូវសម្រាប់លោកយេស៊ូ

យ៉ូហានរៀបចំផ្លូវសម្រាប់លោកយេស៊ូ

នៅ​ពេល​យ៉ូហាន​កូន​ប្រុស​របស់​សាការី​និង​អេលីសាបិត​ធំ​ឡើង គាត់​បាន​ទៅ​ជា​អ្នក​ប្រកាស​ទំនាយ។ ព្រះ​យេហូវ៉ា​បាន​ចាត់​យ៉ូហាន​ឲ្យ​ទៅ​បង្រៀន​បណ្ដា​ជន​ថា​មេស្ស៊ី​នឹង​មក។ ប៉ុន្តែ ជា​ជាង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ឬ​ក្នុង​ក្រុង យ៉ូហាន​បាន​បង្រៀន​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។ មនុស្ស​ពី​ក្រុង​យេរូសាឡិម​និង​ពី​តំបន់​យូឌា​ទាំង​មូល បាន​មក​រៀន​ពី​យ៉ូហាន។ គាត់​បង្រៀន​ពួក​គេ​ថា បើ​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត ពួក​គេ​ត្រូវ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត។ បន្ទាប់​ពី​ឮ​ដូច្នោះ មនុស្ស​ជា​ច្រើន​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន រួច​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ​ក្នុង​ទន្លេ​យ៉ូដាន់។

យ៉ូហាន​មាន​ជីវិត​សាមញ្ញ​ណាស់។ គាត់​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​សត្វ​អូដ្ឋ ហើយ​បរិភោគ​សត្វ​កណ្ដូប និង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ។ មនុស្ស​គ្រប់​គ្នា​ចង់​ដឹង​ថា​យ៉ូហាន​ជា​អ្នក​ណា សូម្បី​តែ​ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​ដ៏​មាន​អំណួត ក៏​បាន​មក​ជួប​គាត់​ដែរ។ យ៉ូហាន​ប្រាប់​ពួក​គេ​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ហើយ​ប្រែ​ចិត្ត។ កុំ​គិត​ថា​អ្នក​រាល់​គ្នា​ពិសេស​ជាង​មនុស្ស​ឯ​ទៀត ដោយ​សារ​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អាប្រាហាំ​ឡើយ។ នេះ​មិន​មាន​ន័យ​ថា អ្នក​ជា​កូន​ព្រះ​ទេ›។

ជនជាតិ​យូដា​ជា​ច្រើន​បាន​មក​ជួប​យ៉ូហាន ហើយ​សួរ​ថា​៖ ‹តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត?›។ យ៉ូហាន​ប្រាប់​ពួក​គេ​ថា​៖ ‹បើ​អ្នក​រាល់​គ្នា​មាន​អាវ​ពីរ ចូរ​ចែក​អាវ​មួយ​ដល់​អ្នក​ដែល​ត្រូវ​ការ›។ តើ​អ្នក​ដឹង​ទេ ហេតុ​អ្វី​យ៉ូហាន​និយាយ​ដូច្នេះ? ពីព្រោះ​គាត់​ចង់​ឲ្យ​ពួក​អ្នក​កាន់​តាម​គាត់​យល់​ថា ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត ពួក​គេ​ត្រូវ​ស្រឡាញ់​អ្នក​ឯ​ទៀត។

យ៉ូហាន​ប្រាប់​ពួក​អ្នក​យក​ពន្ធ​ថា​៖ ‹អ្នក​ត្រូវ​ស្មោះ​ត្រង់ ហើយ​កុំ​បោក​ប្រាស់​គេ›។ គាត់​ប្រាប់​ពួក​ទាហាន​ថា​៖ ‹កុំ​ទទួល​សំណូក ឬ​និយាយ​កុហក​ឡើយ›។

ពេល​ពួក​សង្ឃ​និង​ពួក​លេវី​មក​ជួប​យ៉ូហាន ពួក​គេ​សួរ​គាត់​ថា​៖ ‹មនុស្ស​គ្រប់​គ្នា​ចង់​ដឹង​ថា តើ​អ្នក​ជា​អ្នក​ណា?›។ យ៉ូហាន​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ជា​សំឡេង​នៅ​តំបន់​ស្ងាត់​ជ្រងំ ដែល​កំពុង​នាំ​បណ្ដា​ជន​ទៅ​ឯ​ព្រះ​យេហូវ៉ា ដូច​អ្នក​ប្រកាស​ទំនាយ​អេសាយ​បាន​ប្រាប់›។

បណ្ដា​ជន​ចូល​ចិត្ត​អ្វី​ដែល​យ៉ូហាន​បង្រៀន។ ពួក​គេ​ជា​ច្រើន​គិត​ថា​យ៉ូហាន​ជា​មេស្ស៊ី។ ប៉ុន្តែ គាត់​ប្រាប់​ពួក​គេ​ថា​៖ ‹លោក​ដែល​មក​ក្រោយ​ខ្ញុំ គឺ​ខ្លាំង​ជាង​ខ្ញុំ។ សូម្បី​តែ​ខ្សែ​ស្បែក​ជើង​របស់​លោក ក៏​ខ្ញុំ​មិន​សម​នឹង​ស្រាយ​ជូន​លោក​ដែរ។ ខ្ញុំ​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ទឹក តែ​លោក​នឹង​ជ្រមុជ​អ្នក​រាល់​គ្នា​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ›។

​«​គាត់​បាន​មក​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ជឿ​តាម​រយៈ​គាត់​»។—យ៉ូហាន ១:៧