លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៧៥

មេកំណាចល្បងលលោកយេស៊ូ

មេកំណាចល្បងលលោកយេស៊ូ

ក្រោយ​ពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក ឫទ្ធានុភាព​បរិសុទ្ធ​បាន​នាំ​លោក​ទៅ​តំបន់​ស្ងាត់​ជ្រងំ។ លោក​មិន​បាន​បរិភោគ​អ្វី​សោះ​អស់​៤០​ថ្ងៃ ដូច្នេះ​លោក​ឃ្លាន​ខ្លាំង​ណាស់។ ពេល​នោះ​មេ​កំណាច​បាន​មក​ល្បង​ល​លោក​យេស៊ូ ដោយ​និយាយ​ថា​៖ ​«​បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំ​ប៉័ង​ទៅ​»។ ប៉ុន្តែ លោក​យេស៊ូ​ឆ្លើយ​តប ដោយ​ដក​ស្រង់​ពាក្យ​ពី​គម្ពីរ​ថា​៖ ‹បទ​គម្ពីរ​ចែង​ថា មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ប្រសាសន៍​ដែល​ចេញ​ពី​មាត់​របស់​ព្រះ​យេហូវ៉ា›។

រួច​មក មេ​កំណាច​ព្យាយាម​ល្បង​ល​លោក​យេស៊ូ​ថា​៖ ‹បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​លោត​ចុះ​ពី​លើ​កំពូល​វិហារ​នេះ ពីព្រោះ​បទ​គម្ពីរ​ចែង​ថា ព្រះ​នឹង​ចាត់​ទេវតា​ឲ្យ​ទៅ​ទ្រ​អ្នក›។ ប៉ុន្តែ លោក​យេស៊ូ​បាន​ដក​ស្រង់​ពាក្យ​ពី​គម្ពីរ​ម្ដង​ទៀត​ថា​៖ ‹បទ​គម្ពីរ​ចែង​ថា អ្នក​មិន​ត្រូវ​ល្បង​ល​ព្រះ​យេហូវ៉ា​ឡើយ›។

បន្ទាប់​មក​ទៀត សាថាន​បាន​បង្ហាញ​លោក​យេស៊ូ​នូវ​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក និង​ភាព​រុង​រឿង​របស់​រាជាណាចក្រ​ទាំង​នោះ ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក បើ​អ្នក​ក្រាប​ប្រណិប័តន៍​ខ្ញុំ​តែ​មួយ​ដង​ប៉ុណ្ណោះ›។ ប៉ុន្តែ លោក​យេស៊ូ​តប​ថា​៖ ‹នែ​សាថាន! ចូរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! ពីព្រោះ​បទ​គម្ពីរ​ចែង​ថា អ្នក​ត្រូវ​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ›។

ពេល​ឮ​ដូច្នេះ មេ​កំណាច​ក៏​ចេញ​ទៅ ហើយ​ពួក​ទេវតា​បាន​យក​អាហារ​មក​ឲ្យ​លោក​បរិភោគ។ តាំង​ពី​ពេល​នោះ​មក លោក​យេស៊ូ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ លោក​បាន​ត្រូវ​ចាត់​ឲ្យ​មក​ផែនដី​ដើម្បី​ធ្វើ​កិច្ច​ការ​នេះ។ បណ្ដា​ជន​ចូល​ចិត្ត​ស្ដាប់​អ្វី​ដែល​លោក​យេស៊ូ​បង្រៀន ហើយ​ពួក​គេ​បាន​ដើរ​តាម​លោក ទោះ​ជា​លោក​ទៅ​កន្លែង​ណា​ក៏​ដោយ។

​«​ពេល​ដែល​មេ​កំណាច​ភូត​ភរ អ្នក​នោះ​និយាយ​តាម​ចរិត​លក្ខណៈ​របស់​ខ្លួន ពីព្រោះ​មេ​កំណាច​ជា​អ្នក​ភូត​ភរ ព្រម​ទាំង​ជា​ឪពុក​នៃ​ការ​ភូត​ភរ​ទៀត​ផង​»។—យ៉ូហាន ៨:៤៤