លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៧៨

លោកយេស៊ូផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ

លោកយេស៊ូផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ

មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក លោក​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ​»។ ពួក​អ្នក​កាន់​តាម​បាន​ទៅ​ជា​មួយ​លោក​យេស៊ូ ជុំ​វិញ​ស្រុក​កាលីឡេ​និង​តំបន់​យូឌា។ ពេល​លោក​យេស៊ូ​ត្រឡប់​មក​ក្រុង​ណាសារ៉ែត​ជា​ស្រុក​កំណើត​វិញ លោក​បាន​ចូល​ក្នុង​សាលា​ប្រជុំ ហើយ​បើក​រមូរ​អេសាយ​អាន​ឮ​ៗ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ›។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? នេះ​មាន​ន័យ​ថា ទោះ​ជា​បណ្ដា​ជន​ចង់​ឃើញ​លោក​យេស៊ូ​ធ្វើ​ការ​អស្ចារ្យ​ក៏​ដោយ មូលហេតុ​ចម្បង​ដែល​លោក​បាន​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ រួច​មក លោក​ប្រាប់​ពួក​អ្នក​ស្ដាប់​ថា​៖ ‹ថ្ងៃ​នេះ ទំនាយ​នេះ​បាន​ក្លាយ​ជា​ការ​ពិត›។

បន្ទាប់​មក លោក​យេស៊ូ​ចេញ​ទៅ​សមុទ្រ​កាលីឡេ។ នៅ​ទី​នោះ លោក​បាន​ជួប​អ្នក​កាន់​តាម​បួន​នាក់ ដែល​ជា​អ្នក​នេសាទ។ លោក​បាន​អញ្ជើញ​ពួក​គេ​ថា​៖ ‹ចូរ​មក​តាម​ខ្ញុំ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក ទៅ​ជា​អ្នក​នេសាទ​មនុស្ស​វិញ›។ ពួក​គេ​គឺ ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន។ ពួក​គេ​បាន​បោះ​បង់​ការ​នេសាទ​ភ្លាម​ៗ ហើយ​ទៅ​តាម​លោក​យេស៊ូ។ រួច​មក ពួក​គាត់​បាន​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ពេញ​ស្រុក​កាលីឡេ​ទាំង​មូល។ ពួក​គាត់​ផ្សព្វ​ផ្សាយ​ក្នុង​សាលា​ប្រជុំ តាម​ផ្សារ និង​តាម​ផ្លូវ។ មនុស្ស​ជា​ច្រើន​ដើរ​តាម​ពួក​គាត់​គ្រប់​កន្លែង។ ដំណឹង​អំពី​លោក​យេស៊ូ​បាន​ឮ​សុសសាយ រហូត​ទៅ​ដល់​ស្រុក​ស៊ីរី។

ក្រោយ​មក លោក​យេស៊ូ​បាន​ឲ្យ​អ្នក​កាន់​តាម​ខ្លះ​មាន​អំណាច​ជួយ​មនុស្ស​ឈឺ​ឲ្យ​ជា​សះ​ស្បើយ និង​បណ្ដេញ​វិញ្ញាណ​កំណាច។ រីឯ​អ្នក​កាន់​តាម​ខ្លះ​ទៀត ពួក​គេ​បាន​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​លោក​យេស៊ូ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ស្ត្រី​ស្មោះ​ត្រង់​មួយ​ចំនួន​រួម​មាន ម៉ារៀ​ម៉ាក់ដាឡេន យ៉ូហាណា ស៊ូសាណា និង​អ្នក​ឯ​ទៀត​ជួយ​មើល​ថែ​លោក​យេស៊ូ និង​ពួក​អ្នក​កាន់​តាម​លោក។

បន្ទាប់​ពី​លោក​យេស៊ូ​បង្ហាត់​បង្រៀន​ពួក​អ្នក​កាន់​តាម លោក​បាន​ចាត់​ពួក​គេ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ។ ពួក​គេ​ធ្វើ​ដំណើរ​ទូ​ទាំង​ស្រុក​កាលីឡេ ដោយ​ជួយ​មនុស្ស​ជា​ច្រើន​ក្លាយ​ជា​អ្នក​កាន់​តាម​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ ពេល​លោក​យេស៊ូ​ឃើញ​មនុស្ស​ជា​ច្រើន​ចង់​ក្លាយ​ជា​អ្នក​កាន់​តាម​លោក លោក​បាន​ប្រដូច​ពួក​គេ​ទៅ​នឹង​វាល​ស្រែ​ដែល​ទុំ​ល្មម​ច្រូត។ លោក​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ចាត់​កម្មករ​មក​ថែម​ទៀត ដើម្បី​ច្រូត​ប្រមូល​ផល›។ បន្ទាប់​មក លោក​ជ្រើស​រើស​ពួក​អ្នក​កាន់​តាម​៧០​នាក់ ហើយ​ចាត់​ពួក​គេ​ជា​គូ​ៗ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ពេញ​តំបន់​យូឌា។ ពួក​គេ​បង្រៀន​មនុស្ស​គ្រប់​ប្រភេទ​អំពី​រាជាណាចក្រ​ព្រះ។ ពេល​ត្រឡប់​មក​វិញ ពួក​គេ​ប្រាប់​លោក​យេស៊ូ​យ៉ាង​រំភើប​ចិត្ត​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ គ្មាន​អ្វី​ដែល​មេ​កំណាច​អាច​ធ្វើ ដើម្បី​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នោះ​ទេ។

លោក​យេស៊ូ​ចង់​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​បន្ត​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​នេះ ក្រោយ​ពី​លោក​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។ ដូច្នេះ លោក​បាន​បង្គាប់​ពួក​គេ​ថា​៖ ‹ចូរ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​ផែនដី។ ចូរ​បង្រៀន​មនុស្ស​អំពី​បណ្ដាំ​របស់​ព្រះ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ›។

​«​ខ្ញុំ​ក៏​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពីព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។—លូកា ៤:៤៣