មេរៀនទី៨២
លោកយេស៊ូបង្រៀនអ្នកកាន់តាមអំពីការអធិដ្ឋាន
ពួកផារិស៊ីធ្វើអ្វីៗទាំងអស់ ព្រោះចង់ឲ្យអ្នកឯទៀតកោតស្ងើចពួកគេ។ ពួកគេធ្វើអំពើល្អនិងអធិដ្ឋាននៅទីសាធារណៈ ដើម្បីឲ្យបណ្ដាជនស្រួលឃើញអ្វីដែលពួកគេធ្វើ។ ពួកផារិស៊ីទន្ទេញចាំ ហើយសូត្រការអធិដ្ឋានយូរៗ ម្ដងហើយម្ដងទៀតនៅក្នុងសាលាប្រជុំ និងនៅកាច់ជ្រុងផ្លូវ ដើម្បីឲ្យមនុស្សឯទៀតឮពួកគេ។ ហេតុនេះ បណ្ដាជនភ្ញាក់ផ្អើលពេលឮលោកយេស៊ូបង្រៀនថា៖ ‹កុំអធិដ្ឋានដូចពួកផារិស៊ី។ ពួកគេគិតថាការពោលពាក្យជាច្រើនធ្វើឲ្យព្រះពេញចិត្ត តែនោះមិនមែនទេ។ ការអធិដ្ឋានគឺជាការសន្ទនារវាងអ្នកនិងព្រះយេហូវ៉ា។ កុំនិយាយពាក្យដដែលៗ។ ព្រះយេហូវ៉ាចង់ឲ្យអ្នកប្រាប់លោកអំពីអារម្មណ៍ពិតរបស់អ្នក។
‹ចូរអ្នករាល់គ្នាអធិដ្ឋានតាមរបៀបនេះវិញ៖ «ឱបិតារបស់យើងដែលនៅស្ថានសួគ៌អើយ សូមឲ្យនាមលោកបានបរិសុទ្ធ។ សូមឲ្យរាជាណាចក្រលោកបានមកដល់។ សូមឲ្យបំណងប្រាថ្នាលោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»›។ លោកយេស៊ូក៏ប្រាប់ដែរថា ពួក
គេគួរអធិដ្ឋានសុំអាហារសម្រាប់ថ្ងៃនេះ សុំការអភ័យទោសពីព្រះចំពោះកំហុសរបស់ខ្លួន និងអធិដ្ឋានរឿងផ្ទាល់ខ្លួនផ្សេងទៀត។លោកយេស៊ូមានប្រសាសន៍ថា៖ ‹កុំឈប់អធិដ្ឋានឡើយ។ ចូរបន្តសុំអ្វីល្អៗពីព្រះយេហូវ៉ាដែលជាបិតារបស់អ្នក។ ឪពុកម្ដាយគ្រប់រូបចង់ឲ្យរបស់ល្អៗដល់កូន។ បើកូនសុំនំប៉័ង តើនឹងឲ្យដុំថ្មទៅកូនឬ? បើកូនសុំត្រី តើនឹងឲ្យពស់ទៅកូនទេ?›។
បន្ទាប់មក លោកយេស៊ូបានពន្យល់ថា៖ ‹បើអ្នកចេះឲ្យរបស់ល្អដល់កូន នោះព្រះយេហូវ៉ាដែលជាបិតា ប្រាកដជានឹងឲ្យឫទ្ធានុភាពបរិសុទ្ធច្រើនជាងនោះទៅទៀតដល់អ្នក។ ប៉ុន្តែ អ្នកត្រូវបន្តសុំឥតឈប់›។ តើអ្នកកំពុងធ្វើតាមឱវាទរបស់លោកយេស៊ូឬទេ? តើអ្នកអធិដ្ឋានអំពីរឿងអ្វីខ្លះ?
«ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ»។—ម៉ាថាយ ៧:៧