លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៨៦

លោកយេស៊ូប្រោសឡាសាឲ្យរស់ឡើងវិញ

លោកយេស៊ូប្រោសឡាសាឲ្យរស់ឡើងវិញ

លោក​យេស៊ូ​មាន​មិត្ត​ជិត​ស្និទ្ធ​បី​នាក់​ដែល​រស់​នៅ​ក្នុង​ភូមិ​បេថានី គឺ​ឡាសា​និង​បង​ស្រី​របស់​គាត់​ពីរ​នាក់ ម្នាក់​ឈ្មោះ​ម៉ា​ថា ហើយ​ម្នាក់​ទៀត​ឈ្មោះ​ម៉ារៀ។ ថ្ងៃ​មួយ ពេល​លោក​យេស៊ូ​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់ ម៉ាថា​និង​ម៉ារៀ​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យេស៊ូ​ជា​បន្ទាន់​ថា​៖ ‹ឡាសា​ឈឺ​ធ្ងន់​ណាស់។ សូម​លោក​ប្រញាប់​មក!›។ ប៉ុន្តែ លោក​មិន​បាន​ទៅ​ភ្លាម​ៗ​ទេ លោក​រង់​ចាំ​ពីរ​ថ្ងៃ​សិន។ ក្នុង​ចន្លោះ​ពេល​នោះ ឡាសា​ក៏​ស្លាប់។ រួច​មក លោក​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា​៖ ‹ចូរ​យើង​ទៅ​ភូមិ​បេថានី។ ឡាសា​កំពុង​ដេក​លក់ ហើយ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់​ឲ្យ​ក្រោក​ឡើង›។ ពួក​សាវ័ក​និយាយ​ថា​៖ ‹បើ​ឡាសា​ដេក​លក់ នោះ​គាត់​នឹង​ឆាប់​ជា›។ ដូច្នេះ លោក​យេស៊ូ​ប្រាប់​ពួក​គាត់​យ៉ាង​ច្បាស់​ថា​៖ ​«​ឡាសា​បាន​ស្លាប់​ហើយ​»។

ពេល​លោក​យេស៊ូ​ទៅ​ដល់​ភូមិ​បេថានី សព​ឡាសា​បាន​ត្រូវ​បញ្ចុះ​អស់​បួន​ថ្ងៃ​ហើយ។ មនុស្ស​ជា​ច្រើន​បាន​មក​សម្រាល​ទុក្ខ​ម៉ាថា​និង​ម៉ារៀ។ កាល​ម៉ាថា​ឮ​ថា​លោក​យេស៊ូ​មក នាង​ចេញ​យ៉ាង​លឿន​ទៅ​ជួប​លោក។ នាង​និយាយ​ថា​៖ ​«​លោក​ម្ចាស់ បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ​»។ លោក​យេស៊ូ​ប្រាប់​នាង​ថា​៖ ‹ប្អូន​ប្រុស​នាង​នឹង​រស់​ឡើង​វិញ។ តើ​នាង​ជឿ​ទេ​ម៉ាថា?›។ នាង​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ជឿ​ថា​គាត់​នឹង​រស់​ឡើង​វិញ›។ លោក​យេស៊ូ​ប្រាប់​នាង​ថា​៖​«​ការ​រស់​ឡើង​វិញ​និង​ការ​មាន​ជីវិត គឺ​ដោយ​សារ​ខ្ញុំ​»។

បន្ទាប់​មក ម៉ាថា​ទៅ​ប្រាប់​ម៉ារៀ​ថា​៖ ‹លោក​យេស៊ូ​មក​ហើយ›។ ម៉ារៀ​រត់​ចេញ​ទៅ​ជួប​លោក​យេស៊ូ​ភ្លាម ហើយ​មនុស្ស​ជា​ច្រើន​ក៏​ចេញ​ទៅ​តាម​នាង​ដែរ។ នាង​ក្រាប​នៅ​ជិត​ជើង​លោក​យេស៊ូ ទាំង​យំ​ឥត​ឈប់។ នាង​និយាយ​ថា​៖ ‹លោក​ម្ចាស់ បើ​លោក​នៅ​ទី​នេះ ប្អូនប្រុសខ្ញុំ​ច្បាស់​ជា​មិន​ស្លាប់​ទេ!›។ ពេល​លោក​យេស៊ូ​ឃើញ​ក្ដី​ឈឺ​ចាប់​របស់​នាង លោក​ក៏​ស្រក់​ទឹក​ភ្នែក។ កាល​ក្រុម​មនុស្ស​ឃើញ​លោក​ស្រក់​ទឹក​ភ្នែក ពួក​គេ​និយាយ​គ្នា​ថា​៖ ‹លោក​យេស៊ូ​ស្រឡាញ់​ឡាសា​ខ្លាំង​ណាស់›។ ប៉ុន្តែ អ្នក​ខ្លះ​ឆ្ងល់​ថា​៖ ‹ហេតុ​អ្វី​លោក​មិន​ជួយ​មិត្ត​ភក្ដិ​របស់​លោក?›។ តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​បន្ទាប់​មក​ទៀត?

លោក​យេស៊ូ​បាន​ចេញ​ទៅ​ឯ​ផ្នូរ។ នៅ​ទី​នោះ មាន​ថ្ម​ធំ​មួយ​បិទ​មាត់​រូង​ទី​បញ្ចុះ​សព។ លោក​បង្គាប់​ថា​៖ ‹ចូរ​យក​ថ្ម​នេះ​ចេញ›។ ម៉ាថា​និយាយ​ទៅ​លោក​ថា​៖ ‹តែ​លោក​ម្ចាស់ បួន​ថ្ងៃ​បាន​កន្លង​ទៅ​ហើយ។ សព​ច្បាស់​ជា​ធំ​ក្លិន!›។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពួក​គេ​បាន​ប្រមៀល​ថ្ម​ចេញ ហើយ​លោក​យេស៊ូ​អធិដ្ឋាន​ថា​៖ ‹បិតា​អើយ ខ្ញុំ​សូម​អរគុណ​លោក​ដែល​លោក​បាន​ស្ដាប់​ខ្ញុំ។ ខ្ញុំ​ដឹង​ថា​លោក​តែង​តែ​ស្ដាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​និយាយ​ឮ​ៗ​ដើម្បី​ឲ្យ​បណ្ដា​ជន​ទាំង​នេះ​ដឹង​ថា លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក›។ រួច​លោក​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​ឡាសា! ចូរ​ចេញ​មក!​»។ អ្វី​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង គឺ​ឡាសា​ដើរ​ចេញ​ពី​ផ្នូរ​មក​ទាំង​មាន​ក្រណាត់​រុំ​ខ្លួន។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ស្រាយ​គាត់ ដើម្បី​ឲ្យ​គាត់​ដើរ​បាន​»។

មនុស្ស​ជា​ច្រើន​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះ ក៏​មាន​ជំនឿ​លើ​លោក​យេស៊ូ។ ប៉ុន្តែ អ្នក​ខ្លះ​បាន​ទៅ​ប្រាប់​ពួក​ផារិស៊ី។ ចាប់​ពី​ពេល​នោះ​មក ពួក​ផារិស៊ី​ចង់​សម្លាប់​ឡាសា​និង​លោក​យេស៊ូ។ យូដាស​អ៊ីស្ការីយ៉ុត​ដែល​ជា​សាវ័ក​ម្នាក់​ក្នុង​ចំណោម​សាវ័ក​១២​នាក់ បាន​ទៅ​ជួប​ពួក​ផារិស៊ី​ដោយ​សម្ងាត់ ហើយ​សួរ​ថា​៖ ‹តើ​ពួក​អ្នក​នឹង​ឲ្យ​ប្រាក់​ខ្ញុំ​ប៉ុន្មាន បើ​ខ្ញុំ​ជួយ​ពួក​អ្នក​ឲ្យ​ចាប់​លោក​យេស៊ូ?›។ ពួក​គេ​យល់​ព្រម​ឲ្យ​គាត់​៣០​កាក់​ធ្វើ​ពី​ប្រាក់។ ដូច្នេះ យូដាស​ចាប់​ផ្ដើម​ស្វែង​រក​ឱកាស​ល្អ ដើម្បី​បញ្ជូន​លោក​យេស៊ូ​ទៅ​ឲ្យ​ពួក​ផារិស៊ី។

​«​ព្រះ​ដ៏​ពិត​គឺ​ជា​ព្រះ​ដែល​ការ​ពារ​យើង ហើយ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត លោក​ជួយ​ស្រោច​ស្រង់​យើង​ឲ្យ​រួច​ពី​ស្លាប់​»។—ចម្រៀង​សរសើរ​ព្រះ ៦៨:២០