លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៩១

លោកយេស៊ូរស់ឡើងវិញ

លោកយេស៊ូរស់ឡើងវិញ

ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​យ៉ូសែប​បាន​ទៅ​ជួប​ពីឡាត ដើម្បី​សុំ​យក​សព​លោក​យេស៊ូ​ចុះ​ពី​បង្គោល។ យ៉ូសែប​បាន​រុំ​សព​លោក​ដោយ​ក្រណាត់​សាច់​ល្អ ហើយ​ដាក់​គ្រឿង​ក្រអូប រួច​ដាក់​សព​លោក​នៅ​ក្នុង​ផ្នូរ​ថ្មី។ បន្ទាប់​មក គាត់​បាន​ប្រមៀល​ថ្ម​ដ៏​ធំ​មួយ​មក​បិទ​មាត់​ផ្នូរ។ ពួក​សង្ឃ​នាយក​ប្រាប់​ពីឡាត​ថា​៖ ‹យើង​ខ្លាច​ថា​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​មក​លួច​សព​លោក រួច​ដើរ​ប្រាប់​មនុស្ស​ឯ​ទៀត​ថា លោក​យេស៊ូ​បាន​រស់​ឡើង​វិញ›។ ដូច្នេះ ពីឡាត​បង្គាប់​ពួក​គេ​ថា​៖ ‹ចូរ​បិទ​ត្រា​លើ​ទី​បញ្ចុះ​សព ហើយ​ដាក់​អ្នក​យាម​ឲ្យ​ការ​ពារ​ចុះ›។

បី​ថ្ងៃ​ក្រោយ​មក ស្ត្រី​ខ្លះ​បាន​ទៅ​ផ្នូរ​តាំង​ពី​ព្រលឹម ហើយ​ឃើញ​ថា​ថ្ម​ដែល​បិទ​មាត់​ផ្នូរ​បាន​ត្រូវ​ប្រមៀល​ចេញ។ លុះ​ចូល​ទៅ​ក្នុង​ផ្នូរ មាន​ទេវតា​មួយ​រូប​ប្រាប់​ពួក​នាង​ថា​៖ ‹កុំ​ខ្លាច​ឡើយ។ លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ។ ចូរ​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក ឲ្យ​ទៅ​ជួប​លោក​នៅ​ស្រុក​កាលីឡេ›។

ម៉ារៀ​ម៉ាក់ដាឡេន​ប្រញាប់​ទៅ​រក​ពេត្រុស​និង​យ៉ូហាន ហើយ​ប្រាប់​ពួក​គាត់​ថា​៖ ‹មាន​គេ​យក​សព​លោក​យេស៊ូ​ទៅ​បាត់​ហើយ!›។ ឮ​ដូច្នេះ ពេត្រុស​និង​យ៉ូហាន​រត់​ទៅ​ផ្នូរ​ភ្លាម​ៗ។ ពេល​ទៅ​ដល់ ពួក​គាត់​ឃើញ​ផ្នូរ​នៅ​ទទេ ដូច្នេះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ។

ពេល​ម៉ារៀ​ត្រឡប់​ទៅ​ផ្នូរ​ម្ដង​ទៀត នាង​ឃើញ​ទេវតា​ពីរ​រូប​នៅ​ខាង​ក្នុង​នោះ រួច​នាង​និយាយ​ទៅ​កាន់​ទេវតា​ថា​៖ ‹ខ្ញុំ​មិន​ដឹង​ថា​គេ​យក​លោក​ម្ចាស់​ខ្ញុំ​ទៅ​ឯ​ណា​ទេ›។ ពេល​នោះ​ម៉ារៀ​ឃើញ​បុរស​ម្នាក់ ហើយ​គិត​ថា​ជា​អ្នក​ថែ​សួន ដូច្នេះ​នាង​ប្រាប់​គាត់​ថា​៖ ‹លោក សូម​ប្រាប់​ខ្ញុំ តើ​លោក​បាន​យក​សព​លោក​ម្ចាស់​ខ្ញុំ​ទៅ​ទុក​នៅ​ឯ​ណា?›។ ប៉ុន្តែ ពេល​ឮ​បុរស​នោះ​ហៅ​នាង​ថា​«​ម៉ារៀ!​»​ នោះ​នាង​ដឹង​ថា​ជា​លោក​យេស៊ូ។ នាង​ស្រែក​ឡើង​ថា​«​លោក​គ្រូ!​»​ ហើយ​ចូល​ទៅ​ជិត​ឱប​ជើង​លោក។ លោក​យេស៊ូ​ប្រាប់​នាង​ថា​៖ ‹ចូរ​ទៅ​ប្រាប់​បង​ប្អូន​របស់​ខ្ញុំ​ថា នាង​បាន​ជួប​ខ្ញុំ›។ ម៉ារៀ​រត់​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​ភ្លាម​ថា នាង​បាន​ជួប​លោក​យេស៊ូ។

នៅ​ថ្ងៃ​ដដែល​នោះ អ្នក​កាន់​តាម​ពីរ​នាក់​កំពុង​ដើរ​ពី​ក្រុង​យេរូសាឡិម​ទៅ​ភូមិ​អេម៉ាស។ នៅ​ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​ជិត​ពួក​គេ ហើយ​សួរ​ថា​កំពុង​និយាយ​គ្នា​អំពី​រឿង​អ្វី។ ពួក​គេ​ឆ្លើយ​ថា​៖ ‹តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ? បី​ថ្ងៃ​មុន​ពួក​សង្ឃ​នាយក​បាន​ប្រហារ​ជីវិត​លោក​យេស៊ូ។ ឥឡូវ​មាន​ស្ត្រី​ខ្លះ​និយាយ​ថា លោក​បាន​រស់​ឡើង​វិញ!›។ បុរស​នោះ​សួរ​ថា​៖ ‹តើ​អ្នក​មិន​ជឿ​ពួក​អ្នក​ប្រកាស​ទំនាយ​ទេ​ឬ? ពួក​គេ​បាន​ប្រាប់​ថា​គ្រិស្ត​នឹង​ត្រូវ​ស្លាប់ ហើយ​លោក​នឹង​រស់​ឡើង​វិញ›។ បុរស​នោះ​បន្ត​ពន្យល់​បទ​គម្ពីរ​ផ្សេង​ៗ​ប្រាប់​ពួក​គេ។ ពេល​មក​ដល់​ភូមិ​អេម៉ាស ពួក​គេ​អញ្ជើញ​បុរស​នោះ​ឲ្យ​នៅ​ជា​មួយ​ពួក​គេ។ ពេល​អាហារ​ល្ងាច បន្ទាប់​ពី​បុរស​នោះ​បាន​យក​នំប៉័ង ហើយ​អធិដ្ឋាន ទើប​ពួក​គេ​ដឹង​ថា​ជា​លោក​យេស៊ូ។ ប៉ុន្តែ លោក​បាត់​ភ្លាម​មួយ​រំពេច។

អ្នក​កាន់​តាម​ពីរ​នាក់​នោះ ក៏​រូត​រះ​ទៅ​ផ្ទះ​ដែល​ពួក​សាវ័ក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម ហើយ​ប្រាប់​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង។ កាល​ពួក​គាត់​នៅ​ជុំ​គ្នា​ក្នុង​ផ្ទះ លោក​យេស៊ូ​បាន​លេច​មក​ជួប​ពួក​គាត់។ ដំបូង ពួក​សាវ័ក​មិន​ជឿ​ថា​ជា​លោក​យេស៊ូ​ទេ។ ប៉ុន្តែ លោក​ប្រាប់​ថា​៖ ‹សូម​មើល​ដៃ​របស់​ខ្ញុំ ហើយ​ពាល់​ខ្ញុំ​មក​ចុះ។ ពីព្រោះ​បទ​គម្ពីរ​ចែង​ថា គ្រិស្ត​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ›។

​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ​»។—យ៉ូហាន ១៤:៦