លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៩២

លោកយេស៊ូលេចមកជួបអ្នកនេសាទ

លោកយេស៊ូលេចមកជួបអ្នកនេសាទ

មួយ​រយៈ​ក្រោយ​ពី​លោក​យេស៊ូ​លេច​មក​ជួប​ពួក​សាវ័ក ពេត្រុស​បាន​សម្រេច​ចិត្ត​ទៅ​នេសាទ​ត្រី​នៅ​ស្រុក​កាលីឡេ​វិញ។ ថូម៉ាស់ យ៉ាកុប យ៉ូហាន និង​អ្នក​កាន់​តាម​ខ្លះ​ទៀត​ក៏​បាន​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ ពួក​គាត់​នេសាទ​ត្រី​ពេញ​មួយ​យប់ តែ​ចាប់​មិន​បាន​ត្រី​សោះ។

លុះ​ព្រលឹម​ឡើង ពួក​គាត់​ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​នៅ​ឯ​មាត់​ច្រាំង។ បុរស​នោះ​ស្រែក​សួរ​ពួក​គាត់​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​ចាប់​បាន​ត្រី​ទេ?›។ ពួក​គាត់​ឆ្លើយ​ថា​៖ ‹ចាប់​អត់​បាន​ទេ!›។ បុរស​នោះ​ប្រាប់​ថា​៖ ​«​ចូរ​ទម្លាក់​អួន​នៅ​ខាង​ស្ដាំ​ទូក​»។ ពួក​គាត់​ក៏​ធ្វើ​តាម ហើយ​ចាប់​បាន​ត្រី​ច្រើន​សន្ធឹក រហូត​ដល់​មិន​អាច​ទាញ​អួន​ឡើង​បាន។ ពេល​នោះ​យ៉ូហាន​ដឹង​ភ្លាម​ថា​ជា​លោក​យេស៊ូ ហើយ​គាត់​ក៏​និយាយ​ថា​៖ ​«​គឺ​ជា​លោក​ម្ចាស់!​»។ ឮ​ដូច្នេះ ពេត្រុស​លោត​ចូល​ទឹក​ភ្លាម ហើយ​ហែល​ទៅ​ច្រាំង។ ពួក​អ្នក​កាន់​តាម​ឯ​ទៀត​ក៏​បាន​ចែវ​ទូក​ទៅ​តាម​គាត់​ដែរ។

ពេល​មក​ដល់​ច្រាំង ពួក​គាត់​ឃើញ​មាន​រងើក​ធ្យូង ព្រម​ទាំង​មាន​នំប៉័ង​និង​ត្រី​នៅ​លើ​រងើក​នោះ។ លោក​យេស៊ូ​ប្រាប់​ពួក​គាត់​ឲ្យ​យក​ត្រី​ខ្លះ ដែល​ទើប​តែ​ចាប់​បាន​មក​អាំង​ជា​មួយ។ រួច​មក លោក​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​មក​បរិភោគ​អាហារ​ព្រឹក›។

ពេល​បរិភោគ​រួច លោក​យេស៊ូ​សួរ​ពេត្រុស​ថា​៖ ‹តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​ការ​នេសាទ​ត្រី​ទេ?›។ ពេត្រុស​ឆ្លើយ​ថា​៖ ‹បាទ លោក​ម្ចាស់​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក›។ លោក​យេស៊ូ​ប្រាប់​ថា​៖ ‹ដូច្នេះ ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​របស់​ខ្ញុំ›។ លោក​យេស៊ូ​សួរ​គាត់​ម្ដង​ទៀត​ថា​៖ ‹ពេត្រុស តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ?›។ ពេត្រុស​ឆ្លើយ​ថា​៖ ‹លោក​ម្ចាស់​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក›។ លោក​យេស៊ូ​ប្រាប់​ថា​៖ ​«​ចូរ​ឃ្វាល​ចៀម​តូច​ៗ​របស់​ខ្ញុំ​»។ លោក​យេស៊ូ​បាន​សួរ​សំណួរ​ដដែល​នេះ​ជា​លើក​ទី​៣។ ពេត្រុស​ឆ្លើយ​ទាំង​ក្រៀម​ក្រំ​ថា​៖ ‹លោក​ម្ចាស់​ជ្រាប​គ្រប់​យ៉ាង។ លោក​ដឹង​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក›។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​ចំណី​ដល់​ចៀម​តូច​ៗ​របស់​ខ្ញុំ​»។ បន្ទាប់​មក លោក​ប្រាប់​ពេត្រុស​ថា​៖ ​«​ចូរ​បន្ត​កាន់​តាម​ខ្ញុំ​»។

​«​លោក​[​យេស៊ូ​]​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ‹ចូរ​មក​តាម​ខ្ញុំ​ចុះ! ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​អ្នក​នេសាទ​មនុស្ស​វិញ›។ ពួក​គាត់​បាន​ទុក​សំណាញ់​ចោល​ភ្លាម ហើយ​ទៅ​តាម​លោក​»។—ម៉ាថាយ ៤:១៩, ២០