លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៩៤

ពួកអ្នកកាន់តាមទទួលឫទ្ធានុភាពបរិសុទ្ធ

ពួកអ្នកកាន់តាមទទួលឫទ្ធានុភាពបរិសុទ្ធ

ដប់​ថ្ងៃ​បន្ទាប់​ពី​លោក​យេស៊ូ​ត្រឡប់​ទៅ​ស្ថាន​សួគ៌ ពួក​អ្នក​កាន់​តាម​លោក​បាន​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ។ ពេល​នោះ​ជា​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ហើយ​មនុស្ស​ពី​ស្រុក​ផ្សេង​ៗ​មក​ចូល​រួម​ច្រើន​កុះ​ករ​ក្នុង​ក្រុង​យេរូសាឡិម។ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ប្រហែល​១២០​នាក់ កំពុង​ជួប​ជុំ​គ្នា​នៅ​បន្ទប់​ខាង​លើ​ក្នុង​ផ្ទះ​មួយ។ រំពេច​នោះ មាន​អព្ភូតហេតុ​កើត​ឡើង គឺ​សំឡេង​សន្ធឹក​ខ្យល់​យ៉ាង​ខ្លាំង​លាន់​ឮ​ពេញ​ក្នុង​ផ្ទះ។ រួច​អ្វី​មួយ​ដែល​មើល​ទៅ​ដូច​ជា​អណ្ដាត​ភ្លើង​លេច​មក​សណ្ឋិត​លើ​ពួក​គាត់​ម្នាក់​មួយ​ៗ ហើយ​ពួក​គាត់​ទាំង​អស់​គ្នា​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេង​ៗ។

មនុស្ស​ម្នា​ពី​ស្រុក​ឯ​ទៀត​ដែល​មក​ចូល​រួម​បុណ្យ​នៅ​ក្រុង​យេរូសាឡិម បាន​ឮ​សំឡេង​ចេញ​ពី​ផ្ទះ​នោះ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​រត់​ទៅ​មើល​ថា​មាន​អ្វី​កើត​ឡើង។ ពេល​ពួក​គេ​ឮ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​កំពុង​និយាយ​ភាសា​ផ្សេង​ៗ នោះ​ពួក​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ហើយ​សួរ​គ្នា​ថា​៖ ‹ប៉ុន្តែ អ្នក​ទាំង​នេះ​មក​ពី​ស្រុក​កាលីឡេ។ ហេតុ​អ្វី​ពួក​គេ​អាច​និយាយ​ភាសា​របស់​យើង​បាន?›។

រួច​មក ពេត្រុស​និង​សាវ័ក​ឯ​ទៀត​ក៏​ឈរ​នៅ​មុខ​ក្រុម​មនុស្ស។ ពេត្រុស​បាន​ប្រាប់​ពួកគេអំពី​ការ​ដែល​លោក​យេស៊ូ​ត្រូវ​គេ​សម្លាប់ ហើយ​ថា​ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ។ ពេត្រុស​និយាយ​ថា​៖ ‹ឥឡូវ នៅ​ស្ថាន​សួគ៌​លោក​យេស៊ូ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ព្រះ ហើយ​លោក​បាន​ចាក់​ឫទ្ធានុភាព​បរិសុទ្ធ​ដូច​ដែល​លោក​បាន​សន្យា។ នេះ​ជា​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​ឃើញ​អព្ភូតហេតុ​ទាំង​នេះ›។

ក្រោយ​ពី​បាន​ស្ដាប់​ពេត្រុស ក្រុម​មនុស្ស​ក៏​រំជួល​ចិត្ត ហើយ​សួរ​គាត់​ថា​៖ ‹តើ​យើង​គួរ​ធ្វើ​អ្វី?›។ ពេត្រុស​ប្រាប់​ពួក​គេ​ថា​៖ ‹ចូរ​ប្រែ​ចិត្ត ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​លោក​យេស៊ូ។ អ្នក​រាល់​គ្នា​ក៏​នឹង​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​ដែរ›។ នៅ​ថ្ងៃ​នោះ មនុស្ស​ប្រហែល​៣.០០០​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ចាប់​ពី​ពេល​នោះ​មក ចំនួន​អ្នក​កាន់​តាម​ក្នុង​ក្រុង​យេរូសាឡិម​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ដោយ​មាន​ជំនួយ​ពី​ឫទ្ធានុភាព​បរិសុទ្ធ ពួក​សាវ័ក​បាន​បង្កើត​ក្រុម​ជំនុំ​ច្រើន​ថែម​ទៀត យ៉ាង​នេះ​ពួក​គាត់​អាច​បង្រៀន​អ្នក​កាន់​តាម​ឯ​ទៀត​នូវ​អ្វី​ទាំង​អស់ ដែល​លោក​យេស៊ូ​បាន​បង្គាប់។

​«​បើ​មាត់​របស់​អ្នក​ប្រកាស​ជា​សាធារណៈ​ថា​លោក​យេស៊ូ​ជា​ម្ចាស់ ហើយ​អ្នក​មាន​ជំនឿ​ក្នុង​ចិត្ត​ថា​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​ត្រូវ​សង្គ្រោះ​»។—រ៉ូម ១០:៩