លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៩៥

គ្មានអ្វីអាចបញ្ឈប់ពួកគាត់បានទេ

គ្មានអ្វីអាចបញ្ឈប់ពួកគាត់បានទេ

ជា​រៀង​រាល់​ថ្ងៃ មាន​បុរស​ខ្វិន​ម្នាក់​អង្គុយ​សុំ​ទាន​នៅ​ជិត​ទ្វារ​វិហារ។ នៅ​រសៀល​មួយ គាត់​បាន​ឃើញ​ពេត្រុស​និង​យ៉ូហាន​ចូល​ទៅ​ក្នុង​វិហារ។ ដូច្នេះ គាត់​និយាយ​ទៅ​អ្នក​ទាំង​ពីរ​ថា​៖ ‹ខ្ញុំ​សុំ​ប្រាក់​ខ្លះ​បាន​ទេ?›។ ពេត្រុស​ឆ្លើយ​ថា​៖ ‹ខ្ញុំ​មាន​របស់​ល្អ​ជាង​ប្រាក់​ឲ្យ​ទៅ​អ្នក។ ដោយ​នូវ​នាម​លោក​យេស៊ូ ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ!›។ ពេត្រុស​បាន​លើក​គាត់​ឡើង ហើយ​គាត់​ចាប់​ផ្ដើម​ដើរ! បណ្ដា​ជន​ដែល​ឃើញ​អព្ភូតហេតុ​នេះ​ត្រេក​អរ​ជា​ខ្លាំង ហើយ​មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​អ្នក​ជឿ។

ប៉ុន្តែ ពួក​សង្ឃ​និង​ពួក​សាឌូស៊ី​ក្ដៅ​ចិត្ត​ណាស់។ ពួក​គេ​បាន​ចាប់​ពួក​សាវ័ក​នាំ​ទៅ​ជួប​ពួក​មេ​ដឹក​នាំ​សាសនា​នៅ​ឯ​តុលាការ រួច​ពួក​គេ​សួរ​ពួក​សាវ័ក​ថា​៖ ‹តើ​អ្នក​ណា​ឲ្យ​អំណាច​អ្នក​ធ្វើ​ឲ្យ​បុរស​នេះ​ជា​សះ​ស្បើយ?›។ ពេត្រុស​ឆ្លើយ​ថា​៖ ‹ខ្ញុំ​បាន​ទទួល​អំណាច​ពី​លោក​យេស៊ូ​គ្រិស្ត ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់›។ ពួក​មេ​ដឹក​នាំ​សាសនា​ស្រែក​ដាក់​ពួក​គាត់​ថា​៖ ‹ឈប់​និយាយ​អំពី​យេស៊ូ​ទៀត!›។ ប៉ុន្តែ ពួក​គាត់​ប្រាប់​ថា​៖ ‹យើង​ត្រូវ​និយាយ​អំពី​លោក។ យើង​មិន​ព្រម​ឈប់​ទេ›។

ក្រោយ​ពី​ពេត្រុស​និង​យ៉ូហាន​បាន​ត្រូវ​ដោះ​លែង ពួក​គាត់​ក៏​ទៅ​ជួប​អ្នក​កាន់​តាម​ឯ​ទៀត ហើយ​ប្រាប់​រឿង​ដែល​បាន​កើត​ឡើង។ ពួក​គាត់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​ថា​៖ ‹សូម​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន ដើម្បី​យើង​អាច​បន្ត​ធ្វើ​កិច្ច​ការ​របស់​លោក›។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ​ដល់​ពួក​គាត់ ហើយ​ពួក​គាត់​បាន​បន្ត​ផ្សព្វ​ផ្សាយ និង​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​ជា​សះ​ស្បើយ។ បណ្ដា​ជន​កាន់​តែ​ច្រើន​បាន​ទៅ​ជា​អ្នក​ជឿ។ ពួក​សាឌូស៊ី​ច្រណែន​ខ្លាំង​ណាស់ រហូត​ដល់​ចាប់​ពួក​សាវ័ក​បោះ​ទៅ​ក្នុង​គុក។ ប៉ុន្តែ នៅ​យប់​នោះ ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ទៅ​បើក​ទ្វារ​គុក ហើយ​ប្រាប់​ពួក​សាវ័ក​ថា​៖ ‹ចូរ​ត្រឡប់​ទៅ​វិហារ ហើយ​បង្រៀន​នៅ​ទី​នោះ›។

នៅ​ព្រឹក​បន្ទាប់ មាន​គេ​មក​ប្រាប់​ពួក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា​៖ ‹ទ្វារ​គុក​នៅ​ជាប់​សោ​រ តែ​មិន​ឃើញ​ពួក​បុរស​ដែល​អ្នក​បាន​ចាប់​ទេ! ប៉ុន្តែ យើង​ឃើញ​ពួក​គេ​កំពុង​បង្រៀន​បណ្ដា​ជន​នៅ​ក្នុង​វិហារ!›។ រួច​មក ពួក​សាវ័ក​បាន​ត្រូវ​ចាប់​ខ្លួន​ម្ដង​ទៀត ហើយ​នាំ​ទៅ​កាន់​តុលាការ​កំពូល។ សម្ដេច​សង្ឃ​និយាយ​ថា​៖ ‹យើង​បាន​ហាម​ពួក​អ្នក​មិន​ឲ្យ​និយាយ​អំពី​យេស៊ូ!›។ ប៉ុន្តែ ពេត្រុស​ឆ្លើយ​ថា​៖ ​«​យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។

ពួក​មេ​ដឹក​នាំ​សាសនា​ខឹង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ចង់​សម្លាប់​ពួក​សាវ័ក។ ប៉ុន្តែ ផារិស៊ី​ម្នាក់​ឈ្មោះ​កាម៉េលាល ក៏​ក្រោក​ឡើង ហើយ​និយាយ​ថា​៖ ‹ចូរ​ប្រយ័ត្ន! ប្រហែល​ជា​ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នេះ។ តើ​អ្នក​រាល់​គ្នា​ចង់​ប្រឆាំង​នឹង​ព្រះ​ឬ?›។ ពួក​គេ​ស្ដាប់​តាម​យោបល់​របស់​គាត់។ បន្ទាប់​ពី​វាយ​ពួក​សាវ័ក​ហើយ ពួក​គេ​ហាម​ពួក​សាវ័ក​ម្ដង​ទៀត​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ ហើយ​ក៏​ដោះ​លែង​ពួក​គាត់​ទៅ។ ប៉ុន្តែ ពួក​សាវ័ក​នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ក្លាហាន ទាំង​នៅ​ក្នុង​វិហារ​និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។

​«​យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។—សកម្មភាព ៥:២៩