លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៩៦

លោកយេស៊ូជ្រើសរើសសុល

លោកយេស៊ូជ្រើសរើសសុល

សុល​ជា​ពលរដ្ឋ​រ៉ូម កើត​នៅ​ក្រុង​តើសុស។ គាត់​ជា​ផារិស៊ី​ដែល​ចេះ​ច្បាប់​យូដា​ស្ទាត់ តែ​គាត់​ស្អប់​គ្រិស្ត​សាសនិក​ខ្លាំង​ណាស់។ គាត់​ចាប់​អូស​គ្រិស្ត​សាសនិក​ទាំង​ប្រុស​ទាំង​ស្រី​ចេញ​ពី​ផ្ទះ ហើយ​បោះ​ទៅ​ក្នុង​គុក។ គាត់​ថែម​ទាំង​បាន​ឈរ​មើល ពេល​មនុស្ស​មួយ​ក្រុម​ដែល​មាន​កំហឹង​គប់​ថ្ម​សម្លាប់​គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​ស្ទេផាន។

ប៉ុន្តែ សុល​មិន​ស្កប់​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​គ្រិស្ត​សាសនិក​ក្នុង​ក្រុង​យេរូសាឡិម​ឡើយ។ ដូច្នេះ គាត់​បាន​សុំ​សម្ដេច​សង្ឃ​ឲ្យ​បញ្ជូន​គាត់​ទៅ​ក្រុង​ដាម៉ាស់ ដើម្បី​ចាប់​ខ្លួន​គ្រិស្ត​សាសនិក​នៅ​ទី​នោះ។ លុះ​ធ្វើ​ដំណើរ​ជិត​ដល់​ក្រុង​ដាម៉ាស់ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ភ្លឺ​ចាំង​ជុំ​វិញ​គាត់ ហើយ​គាត់​ក៏​ដួល​ទៅ​ដី។ រួច​សំឡេង​មួយ​បន្លឺ​ថា​៖ ‹សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ?›។ សុល​សួរ​ថា​៖ ‹តើ​លោក​ជា​អ្នក​ណា?›។ សំឡេង​នោះ​ឆ្លើយ​ថា​៖ ‹ខ្ញុំ​គឺ​យេស៊ូ។ ចូរ​អ្នក​ទៅ​ក្នុង​ក្រុង​ដាម៉ាស់ ហើយ​អ្នក​នឹង​ដឹង​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ›។ ភ្លាម​នោះ សុល​ងងឹត​ភ្នែក ហើយ​មាន​គេ​ដឹក​ដៃ​គាត់​ចូល​ទៅ​ក្នុង​ក្រុង។

នៅ​ក្រុង​ដាម៉ាស់ មាន​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​អាណានាស។ លោក​យេស៊ូ​បាន​ប្រាប់​គាត់​ក្នុង​គំនិត​ថា​៖ ‹ចូរ​ទៅ​ផ្ទះ​របស់​យូដាស ដែល​នៅ​តាម​ផ្លូវ​ហៅ​ថា​ត្រង់ ហើយ​រក​បុរស​ម្នាក់​ឈ្មោះ​សុល›។ អាណានាស​តប​ថា​៖ ‹លោក​ម្ចាស់ ខ្ញុំ​ដឹង​គ្រប់​យ៉ាង​អំពី​បុរស​នោះ! គាត់​បោះ​ពួក​អ្នក​កាន់​តាម​លោក​ទៅ​ក្នុង​គុក!›។ ប៉ុន្តែ លោក​យេស៊ូ​ប្រាប់​ថា​៖ ‹ចូរ​ទៅ​រក​សុល! ព្រោះ​ខ្ញុំ​បាន​ជ្រើស​រើស​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​ជន​ជាតិ​ជា​ច្រើន›។

ដូច្នេះ អាណានាស​បាន​ទៅ​រក​សុល ហើយ​ប្រាប់​ថា​៖ ‹សុល បង​ប្រុស​អើយ! លោក​យេស៊ូ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បើក​ភ្នែក​របស់​បង›។ រំពេច​នោះ សុល​មើល​ឃើញ​ឡើង​វិញ។ រួច​គាត់​រៀន​អំពី​លោក​យេស៊ូ ហើយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ បន្ទាប់​ពី​សុល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក គាត់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​នៅ​សាលា​ប្រជុំ​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត។ សូម​ស្រមៃ​គិត ពេល​ពួក​យូដា​ឃើញ​សុល​បង្រៀន​អ្នក​ឯ​ទៀត​អំពី​លោក​យេស៊ូ តើ​ពួក​គេ​ភ្ញាក់​ផ្អើល​ខ្លាំង​យ៉ាង​ណា? ពួក​គេ​និយាយ​គ្នា​ថា​៖ ‹តើ​នេះ​មិន​មែន​ជា​បុរស​ដែល​ធ្លាប់​តាម​ចាប់​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ទេ​ឬ?›។

អស់​បី​ឆ្នាំ សុល​បាន​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​នៅ​ក្នុង​ក្រុង​ដាម៉ាស់។ ជនជាតិ​យូដា​ស្អប់​សុល​ណាស់ ដូច្នេះ​ពួក​គេ​រៀប​គម្រោង​សម្លាប់​គាត់។ ប៉ុន្តែ កាល​ដែល​បង​ប្អូន​រួម​ជំនឿ​ដឹង​អំពី​គម្រោង​នោះ ពួក​គេ​បាន​ជួយ​សុល​ឲ្យ​គេច​ខ្លួន។ ពួក​គេ​ដាក់​គាត់​ក្នុង​កញ្ឆេ រួច​សម្រូត​ចុះ​តាម​ចន្លោះ​មួយ​នៃ​កំពែង​ក្រុង។

ពេល​ទៅ​ដល់​ក្រុង​យេរូសាឡិម សុល​ព្យាយាម​សេព​គប់​បង​ប្អូន​ដែល​នៅ​ទី​នោះ តែ​ពួក​គេ​ខ្លាច​គាត់។ ពេល​នោះ មាន​អ្នក​កាន់​តាម​ចិត្ត​សប្បុរស​ម្នាក់​ឈ្មោះ​បាណាបាស បាន​នាំ​សុល​ទៅ​ជួប​ពួក​សាវ័ក​ដើម្បី​បញ្ជាក់​ថា សុល​ពិត​ជា​បាន​កែ​ប្រែ​មែន។ សុល​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះ​ខ្នែង​ជា​មួយ​នឹង​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម។ ក្រោយ​មក គាត់​មាន​ឈ្មោះ​ថា​ប៉ូល។

​«​គ្រិស្ត​យេស៊ូ​បាន​ចូល​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ខ្ញុំ​ខុស​ធ្ងន់​ជាង​គេ​»។—ធីម៉ូថេ​ទី១ ១:១៥