មេរៀនទី៩៨
គ្រិស្តសាសនារីករាលដាលដល់ប្រទេសជាច្រើន
ពួកសាវ័កធ្វើតាមបង្គាប់លោកយេស៊ូ ដោយទៅផ្សព្វផ្សាយដំណឹងល្អទូទាំងផែនដី។ នៅឆ្នាំ៤៧ គ.ស. បងប្អូននៅក្រុងអាន់ទីយ៉ូកបានចាត់ប៉ូលនិងបាណាបាស ឲ្យធ្វើដំណើរផ្សព្វផ្សាយ។ អ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែងទាំងពីរនាក់នេះ បានធ្វើដំណើរពាសពេញតំបន់អាស៊ីប៉ែកខាងលិច រួមទាំងក្រុងឌើបេ ក្រុងលីស្ត្រា និងក្រុងអ៊ីកូនាម។
ប៉ូលនិងបាណាបាសផ្សព្វផ្សាយដល់មនុស្សគ្រប់រូប ទាំងអ្នកមានទាំងអ្នកក្រ ទាំងក្មេងទាំងចាស់។ មនុស្សជាច្រើនព្រមទទួលយកសេចក្ដីពិតអំពីគ្រិស្ត។ ពេលប៉ូលនិងបាណាបាសផ្សព្វផ្សាយដល់ស៊ើគាសប៉ូឡូស ដែលជាអភិបាលកោះគីប្រុស ស្រាប់តែគ្រូធ្មប់ម្នាក់បានព្យាយាមរារាំងពួកគាត់។ ប៉ូលប្រាប់គ្រូធ្មប់នោះថា៖ ‹ព្រះយេហូវ៉ានឹងដាក់ទោសអ្នក›។ រំពេចនោះ គ្រូធ្មប់ក៏ងងឹតភ្នែក។ ពេលឃើញដូច្នេះ អភិបាលប៉ូឡូសបានក្លាយជាអ្នកជឿ។
ប៉ូលនិងបាណាបាសផ្សព្វផ្សាយគ្រប់កន្លែង ពីផ្ទះមួយទៅផ្ទះមួយ នៅតាមផ្សារ នៅតាមផ្លូវ និងសាលាប្រជុំ។ កាលដែលបណ្ដាជនក្រុងលីស្ត្រាឃើញពួកគាត់ធ្វើឲ្យបុរសខ្វិនជើងម្នាក់ជាសះស្បើយ នោះបណ្ដាជនគិតថាពួកគាត់គឺជាព្រះ ហើយចាប់ផ្ដើមនាំគ្នាមកគោរពប្រណិប័តន៍ពួកគាត់។ ប៉ុន្តែ ពួកគាត់បានបញ្ឈប់បណ្ដាជន ដោយនិយាយថា៖ ‹ចូរគោរពប្រណិប័តន៍តែព្រះប៉ុណ្ណោះ! យើងក៏ជាមនុស្សដូចអ្នករាល់គ្នាដែរ›។ បន្ទាប់មក ជនជាតិយូដាខ្លះបានមកអុជអាលបណ្ដាជនឲ្យប្រឆាំងនឹងប៉ូល។ ពួកគេបានគប់គាត់នឹងថ្ម ហើយអូសគាត់ទៅខាងក្រៅក្រុង ដោយគិតថាគាត់ស្លាប់។ ប៉ុន្តែ ប៉ូលនៅរស់នៅឡើយ! ភ្លាមៗនោះ បងប្អូនបានមកជួយគាត់ ហើយនាំគាត់ចូលទៅក្នុងក្រុងវិញ។ បន្ទាប់មក ប៉ូលត្រឡប់ទៅក្រុងអាន់ទីយ៉ូក។
នៅឆ្នាំ៤៩ គ.ស. ប៉ូលបានធ្វើដំណើរផ្សព្វផ្សាយម្ដងទៀត។ ក្រោយពីត្រឡប់ទៅជួបបងប្អូននៅតំបន់អាស៊ីប៉ែកខាងលិច ប៉ូលបន្តផ្សាយដំណឹងល្អកាន់តែឆ្ងាយ រហូតដល់ទ្វីបអឺរ៉ុប។
គាត់បានទៅក្រុងអាថែន ក្រុងអេភេសូរ ក្រុងភីលីព ក្រុងថែស្សាឡូនិច និងកន្លែងផ្សេងទៀត។ ស៊ីឡាស លូកា និងបុរសវ័យក្មេងម្នាក់ឈ្មោះធីម៉ូថេបានទៅជាមួយប៉ូលក្នុងដំណើរនេះ។ ពួកគាត់រួមគ្នាបង្កើតក្រុមជំនុំជាច្រើន ហើយបានជួយពង្រឹងក្រុមជំនុំ។ ប៉ូលស្នាក់នៅក្រុងកូរិនថូសអស់មួយឆ្នាំកន្លះ ដើម្បីជួយបងប្អូននៅទីនោះឲ្យកាន់តែរឹងមាំ។ គាត់បានផ្សព្វផ្សាយ បង្រៀន និងសរសេរសំបុត្រទៅក្រុមជំនុំជាច្រើន។ ប៉ូលក៏បានធ្វើការជាអ្នកដេរត្រសាលដែរ។ ក្រោយមក គាត់ត្រឡប់ទៅក្រុងអាន់ទីយ៉ូកវិញ។នៅឆ្នាំ៥២ គ.ស. ប៉ូលបានធ្វើដំណើរផ្សព្វផ្សាយជាលើកទី៣ ដោយចាប់ផ្ដើមពីតំបន់អាស៊ីប៉ែកខាងលិច។ គាត់ធ្វើដំណើរទៅខាងជើង រហូតដល់ក្រុងភីលីព រួចចុះទៅក្រុងកូរិនថូស។ ប៉ូលបានចំណាយពេលជាច្រើនឆ្នាំនៅក្រុងអេភេសូរ ដើម្បីបង្រៀន ជួយមនុស្សឈឺឲ្យជាសះស្បើយ និងជួយក្រុមជំនុំ។ ជារៀងរាល់ថ្ងៃ ប៉ូលតែងថ្លែងសុន្ទរកថានៅក្នុងសាលនៃសាលារៀនមួយ។ មនុស្សជាច្រើនបានស្ដាប់ប៉ូល ហើយផ្លាស់ប្ដូររបៀបរស់នៅរបស់ខ្លួន។ ក្រោយពីផ្សព្វផ្សាយដំណឹងល្អនៅស្រុកជាច្រើន ប៉ូលត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
«ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយជាអ្នកកាន់តាមខ្ញុំ»។—ម៉ាថាយ ២៨:១៩