លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១០០

ប៉ូលនិងធីម៉ូថេ

ប៉ូលនិងធីម៉ូថេ

ធីម៉ូថេ​ជា​ប្អូន​ប្រុស​ម្នាក់​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​លីស្ដ្រា។ ឪពុក​គាត់​ជា​ជន​ជាតិ​ក្រិច ឯ​ម្ដាយ​គាត់​ជា​ជន​ជាតិ​យូដា។ តាំង​ពី​ធីម៉ូថេ​នៅ​តូច ម្ដាយ​គាត់​ឈ្មោះ​អឺនីស និង​យាយ​ឈ្មោះ​ឡូអ៊ីស បាន​បង្រៀន​គាត់​អំពី​ព្រះ​យេហូវ៉ា។

ក្នុង​ដំណើរ​ផ្សព្វ​ផ្សាយ​ជា​លើក​ទី​២ ប៉ូល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​លីស្ត្រា ហើយ​កត់​សម្គាល់​ឃើញ​ថា ធីម៉ូថេ​ពិត​ជា​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​បង​ប្អូន។ ដូច្នេះ ប៉ូល​បាន​អញ្ជើញ​ធីម៉ូថេ​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់។ បន្ទាប់​មក​ទៀត ប៉ូល​បាន​បង្ហាត់​បង្រៀន​ធីម៉ូថេ​ឲ្យ​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ និង​ការ​បង្រៀន។

ឫទ្ធានុភាព​បរិសុទ្ធ​បាន​ដឹក​នាំ​ប៉ូល​និង​ធីម៉ូថេ នៅ​គ្រប់​កន្លែង​ដែល​ពួក​គាត់​ទៅ។ នា​យប់​មួយ ប៉ូល​បាន​ឃើញ​ក្នុង​គំនិត គឺ​ឃើញ​បុរស​ម្នាក់​ប្រាប់​គាត់​ឲ្យ​ទៅ​ជួយ​ស្រុក​ម៉ាសេដូន។ ម្ល៉ោះ​ហើយ ប៉ូល ធីម៉ូថេ ស៊ីឡាស និង​លូកា​បាន​ទៅ​ស្រុក​នោះ ដើម្បី​ផ្សព្វ​ផ្សាយ​និង​បង្កើត​ក្រុម​ជំនុំ​ថ្មី។

នៅ​ក្រុង​ថែស្សាឡូនិច​ក្នុង​ស្រុក​ម៉ាសេដូន បុរស​និង​ស្ត្រី​ជា​ច្រើន​បាន​ក្លាយ​ជា​គ្រិស្ត​សាសនិក។ ប៉ុន្តែ មាន​ជន​ជាតិ​យូដា​មួយ​ចំនួន​ច្រណែន​ប៉ូល និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់។ ពួក​គេ​បាន​ប្រមូល​មនុស្ស​មួយ​ក្រុម ហើយ​ចាប់​អូស​បង​ប្អូន​ខ្លះ​ទៅ​ជួប​ពួក​អ្នក​គ្រប់​គ្រង​ក្រុង ដោយ​ស្រែក​ឡើង​ថា​៖ ‹ពួក​បុរស​ទាំង​នេះ​ជា​សត្រូវ​របស់​រដ្ឋាភិបាល​រ៉ូម!›។ ដូច្នេះ ដើម្បី​រួច​ផុត​ពី​គ្រោះ​ថ្នាក់ ប៉ូល​និង​ធីម៉ូថេ​បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រុង​បេរៀ​ទាំង​យប់។

ពួក​អ្នក​ក្រុង​បេរៀ​ចូល​ចិត្ត​រៀន​អំពី​ដំណឹង​ល្អ ហើយ​ទាំង​ជន​ជាតិ​ក្រិច​ទាំង​ជន​ជាតិ​យូដា​បាន​ទៅ​ជា​អ្នក​ជឿ។ ប៉ុន្តែ ជន​ជាតិ​យូដា​ខ្លះ​បាន​មក​ពី​ក្រុង​ថែស្សាឡូនិច ហើយ​ពួក​គេ​បាន​ញុះញង់​បង្ក​ភាព​វឹកវរ។ ហេតុ​នេះ ប៉ូល​ក៏​ចេញ​ទៅ​ក្រុង​អាថែន។ ចំណែក​ធីម៉ូថេ​និង​ស៊ីឡាស​បន្ត​នៅ​ក្រុង​បេរៀ ដើម្បី​ពង្រឹង​ជំនឿ​បង​ប្អូន។ បន្ទាប់​មក ប៉ូល​បាន​ចាត់​ធីម៉ូថេ​ឲ្យ​ត្រឡប់​ទៅ​ក្រុង​ថែស្សាឡូនិច​វិញ ដើម្បី​ជួយ​បង​ប្អូន​ដែល​រង​ការ​បៀតបៀន​យ៉ាង​ធ្ងន់​ធ្ងរ។ ក្រោយ​មក ប៉ូល​បាន​ចាត់​ធីម៉ូថេ​ឲ្យ​ទៅ​ទស្សនកិច្ច​ក្រុម​ជំនុំ​ជា​ច្រើន​ទៀត ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។

ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ថា​៖ ‹អស់​អ្នក​ដែល​ចង់​បម្រើ​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​គេ​បៀតបៀន›។ នេះ​គឺ​ជា​ការ​ពិត​មែន ធីម៉ូថេ​បាន​ត្រូវ​គេ​បៀតបៀន ហើយ​ចាប់​ដាក់​គុក​ដោយ​សារ​ជំនឿ។ ប៉ុន្តែ គាត់​សប្បាយ​ចិត្ត ព្រោះ​គាត់​យល់​ថា​នេះ​ជា​ឱកាស​ដើម្បី​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។

ប៉ូល​បាន​ប្រាប់​បង​ប្អូន​នៅ​ក្រុង​ភីលីព​ថា​៖ ‹ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា។ គាត់​នឹង​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ព្រះ​យេហូវ៉ា ហើយ​គាត់​នឹង​បង្ហាត់​អ្នក​រាល់​គ្នា​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ›។ ប៉ូល​ដឹង​ថា គាត់​អាច​ទុក​ចិត្ត​ធីម៉ូថេ​បាន។ ពួក​គាត់​ជា​មិត្ត​ល្អ​នឹង​គ្នា ហើយ​បំពេញ​កិច្ច​បម្រើ​ជា​មួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ។

​«​ខ្ញុំ​គ្មាន​អ្នក​ណា​ទៀត​ដែល​មាន​ចិត្ត​គំនិត​ដូច​គាត់ ដែល​ពិត​ជា​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​រាល់​គ្នា​ទេ។ ព្រោះ​អ្នក​ឯ​ទៀត​កំពុង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មែន​រក​ប្រយោជន៍​សម្រាប់​លោក​យេស៊ូ​គ្រិស្ត​ឡើយ​»។—ភីលីព ២:២០, ២១