លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១០៣

«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»

«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»

ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​៖ ‹នឹង​លែង​មាន​ការ​ស្រែក​យំ ការ​ឈឺ​ចាប់ ជំងឺ និង​សេចក្ដី​ស្លាប់​ទៀត។ ខ្ញុំ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ។ អ្វី​ៗ​ដ៏​អាក្រក់​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ›។

ព្រះ​យេហូវ៉ា​បាន​ដាក់​អាដាម​និង​អេវ៉ា​នៅ​ក្នុង​សួន​អេដែន ដើម្បី​ឲ្យ​ពួក​គេ​មាន​ជីវិត​ដ៏​សុខ​សាន្ត​និង​សុភមង្គល។ ពួក​គេ​ត្រូវ​គោរព​ប្រណិប័តន៍​បិតា​ស្ថាន​សួគ៌​របស់​ពួក​គេ ព្រម​ទាំង​បង្កើត​កូន​ឲ្យ​ពេញ​ផែនដី។ គួរ​ឲ្យ​ស្ដាយ អាដាម​និង​អេវ៉ា​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្តែ នោះ​មិន​បាន​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​លោក​ឡើយ។ តាម​រយៈ​សៀវភៅ​នេះ​យើង​បាន​រៀន​ថា អ្វី​ទាំង​អស់​ដែល​ព្រះ​បាន​សន្យា​តែង​តែ​កើត​ឡើង​ជា​និច្ច។ នៅ​អនាគត រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​មក​នូវ​ពរ​ដ៏​អស្ចារ្យ​សម្រាប់​ផែនដី ដូច​លោក​បាន​សន្យា​នឹង​អាប្រាហាំ។

ឆាប់​ៗ​នេះ សាថាន ពួក​វិញ្ញាណ​កំណាច​របស់​វា និង​មនុស្ស​អាក្រក់​ទាំង​អស់​នឹង​លែង​មាន​ទៀត។ មនុស្ស​គ្រប់​រូប​នៅ​ផែនដី​នឹង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ យើង​នឹង​មិន​ឈឺ ឬ​ស្លាប់​ឡើយ។ ផ្ទុយ​ទៅ​វិញ រាល់​ថ្ងៃ​ពេល​ភ្ញាក់​ពី​គេង យើង​នឹង​ពោរ​ពេញ​ដោយ​កម្លាំង ភាព​ស្រស់​ស្រាយ និង​សប្បាយ​រីករាយ។ ផែនដី​នឹង​ក្លាយ​ជា​សួន​ឧទ្យាន។ មនុស្ស​គ្រប់​គ្នា​មាន​អាហារ​ល្អ​ៗ និង​មាន​ផ្ទះ​ដ៏​កក់​ក្ដៅ។ មនុស្ស​ទាំង​អស់​មាន​ចិត្ត​ល្អ ហើយ​លែង​ធ្វើ​អំពើ​ឃោរឃៅ​ទៀត។ សត្វ​ព្រៃ​មិន​ខ្លាច​មនុស្ស ហើយ​មនុស្ស​ក៏​មិន​ខ្លាច​សត្វ​ព្រៃ​ដែរ។

ពេល​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ នោះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត​ណាស់! យើង​នឹង​ជួប​បុគ្គល​ពី​សម័យ​បុរាណ​ដូច​ជា​អេបិល ណូអេ អាប្រាហាំ សារ៉ា ម៉ូសេ រូថ អេសធើរ និង​ដាវីឌ។ យើង​រួម​គ្នា​ជា​មួយ​ពួក​គាត់​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ក្លាយ​ជា​សួន​ឧទ្យាន។ យើង​នឹង​ធ្វើ​កិច្ច​ការ​សប្បាយ​ៗ​ជា​ច្រើន។

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​រស់​នៅ​ក្នុង​សួន​ឧទ្យាន។ ពេល​នោះ អ្នក​នឹង​ស្គាល់​លោក​ច្រើន​ជាង​ដែល​អ្នក​អាច​ស្រមៃ​ឃើញ​ឥឡូវ​នេះ។ សូម​បន្ត​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ឲ្យ​កាន់​តែ​ខ្លាំង​នៅ​ឥឡូវ និង​ជា​រៀង​រហូត!

​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង កិត្តិយស និង​ឫទ្ធានុភាព ពីព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​»។—ការ​បើក​បង្ហាញ ៤:១១