លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំបុត្រពីគណៈអភិបាល

សំបុត្រពីគណៈអភិបាល

ជូន​ចំពោះ​បង​ប្អូន​ជា​ទី​ស្រ​ឡាញ់!

ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា យើង​ស្រឡាញ់​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ យើង​ជឿ​ជាក់​ថា​គម្ពីរ​មាន​ដំណើរ​រឿង​ប្រវត្តិសាស្ត្រ​ត្រឹម​ត្រូវ និង​មាន​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ព្រម​ទាំង​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​ទាំង​អស់។ (​ចម្រៀង​សរសើរ​ព្រះ ១១៩:១០៥; លូកា ១:៣; យ៉ូហាន​ទី១ ៤:១៩​) យើង​ចង់​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ក្នុង​បណ្ដាំ​របស់​ព្រះ។ ហេតុ​នេះ យើង​សប្បាយ​ចិត្ត​បោះ​ពុម្ព​សៀវភៅ​នេះ​ដែល​មាន​ចំណង​ជើង​ថា ​«​មេ​រៀន​ដែល​អ្នក​អាច​រៀន​ពី​គម្ពីរ​»។ យើង​សូម​រៀប​រាប់​បន្តិច​អំពី​សៀវភៅ​នេះ។

សៀវភៅ​នេះ​បាន​ចង​ក្រង​ជា​ពិសេស​សម្រាប់​កូន​ក្មេង ប៉ុន្តែ​សៀវភៅ​នេះ​ក៏​អាច​ជួយ​មនុស្ស​ពេញ​វ័យ​ឲ្យ​រៀន​ថែម​ទៀត​អំពី​គម្ពីរ​ដែរ។ គម្ពីរ​ជា​សៀវភៅ​សម្រាប់​មនុស្ស​គ្រប់​រូប។ ដូច្នេះ យើង​ជឿ​ជាក់​ថា​អស់​អ្នក​ដែល​សិក្សា ឬ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​មេ​រៀន​ក្នុង​សៀវភៅ​នេះ នឹង​មាន​អារម្មណ៍​សប្បាយ​រីករាយ​ជា​មិន​ខាន។

ដោយ​ផ្អែក​លើ​កំណត់​ហេតុ​គម្ពីរ សៀវភៅ​នេះ​ប្រាប់​អំពី​ប្រវត្តិសាស្ត្រ​របស់​មនុស្ស ចាប់​តាំង​ពី​ការ​បង្កើត​ដំបូង​មក។ យើង​ខិត​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ដំណើរ​រឿង​ក្នុង​គម្ពីរ តាម​របៀប​ដែល​ច្បាស់ ស្រួល​យល់ និង​តាម​លំដាប់​លំដោយ ដែល​អាច​ធ្វើ​ទៅ​បាន។

សៀវភៅ​នេះ​មិន​គ្រាន់​តែ​ពណ៌នា​អំពី​កំណត់​ហេតុ​ក្នុង​គម្ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាំង​មេ​រៀន​ទាំង​រូប​ភាព​បាន​ត្រូវ​សម្រិត​សម្រាំង ដើម្បី​ជួយ​អ្នក​អាន​ឲ្យ​ស្រួល​ស្រមៃ​ឃើញ​ទិដ្ឋភាព​រស់​រវើក និង​អារម្មណ៍​របស់​បុគ្គល​ក្នុង​គម្ពីរ។

សៀវភៅ​នេះ​ជួយ​យើង​ឲ្យ​ដឹង​ថា គម្ពីរ​ជា​សៀវភៅ​ដែល​ប្រាប់​អំពី​មនុស្ស​ផ្សេង​ៗ ទាំង​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ទាំង​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​លោក។ សៀវភៅ​នេះ​ក៏​មាន​មេ​រៀន​ជា​ច្រើន​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ពួក​គេ​ដែរ។ (​រ៉ូម ១៥:៤; កូរិនថូស​ទី១ ១០:៦​) សៀវភៅ​នេះ​មាន​១៤​ផ្នែក។ ផ្នែក​នីមួយ​ៗ​ចាប់​ផ្ដើម​ដោយ​ការ​សង្ខេប​សាច់​រឿង​នៃ​មេ​រៀន​ដែល​យើង​នឹង​រៀន។

បើ​អ្នក​ជា​ឪពុក​ម្ដាយ អ្នក​អាច​អាន​មេ​រៀន​ជា​មួយ​នឹង​កូន រួច​ពិភាក្សា​អំពី​រូប​ភាព។ បន្ទាប់​មក អាន​ខ​គម្ពីរ​នៅ​ក្នុង​មេ​រៀន ហើយ​ជួយ​កូន​ឲ្យ​យល់​ថា​ខ​គម្ពីរ​ទាក់​ទង​គ្នា​យ៉ាង​ណា​នឹង​មេ​រៀន។ អ្នក​ក៏​អាច​ធ្វើ​ដូច​គ្នា​ដែរ​ពេល​ជួយ​មនុស្ស​ពេញ​វ័យ ដើម្បី​ឲ្យ​ពួក​គេ​ស្រមៃ​ឃើញ​ទិដ្ឋភាព​កាន់​តែ​ច្បាស់​ពី​កំណត់​ហេតុ​ក្នុង​គម្ពីរ។

យើង​សង្ឃឹម​ថា​សៀវភៅ​នេះ​នឹង​ជួយ​អស់​អ្នក​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ មិន​ថា​ក្មេង​ឬ​ចាស់​ទេ ឲ្យ​រៀន​ពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ហើយ​យក​មក​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ យ៉ាង​នេះ ពួក​គេ​អាច​ទៅ​ជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ហើយ​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​នឹង​យើង។

ពី​បង​ប្អូន​របស់​អ្នក

Governing Body of Jehovah’s Witnesses

(​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​)