លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី១

«គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍»

«គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍»

ម៉ាថាយ ៤:១០

គោល​ចំណុច: មូលហេតុ​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​ត្រូវ​រៀបចំ​ឡើង​វិញ

១, ២. ក្នុង​ឆ្នាំ​២៩ គ.ស. តើ​អ្វី​នាំឲ្យ​លោក​យេស៊ូ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​យូឌា? ហើយ​តើ​មាន​អ្វី​កើត​ឡើង​ដល់​លោក​នៅ​ទី​នោះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ប្រហែល​នៅ​ចុង​ខែ​តុលា ឆ្នាំ​២៩ គ.ស. លោក​យេស៊ូ​នៅ​តំបន់​ស្ងាត់​ជ្រងំ​យូឌា​ប៉ែក​ខាង​ជើង​សមុទ្រ​ស្លាប់។ លោក​បាន​ត្រូវ​នាំ​ទៅ​កន្លែង​នោះ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ ក្រោយ​ពី​លោក​ទទួល​ការ​ជ្រមុជ​ទឹក​និង​ការ​តែង​តាំង​ពី​ព្រះ។ លោក​យេស៊ូ​បាន​ចំណាយ​ពេល​អស់​៤០​ថ្ងៃ​តែ​ម្នាក់​ឯង​នៅ​តំបន់​ភ្នំ​ហួត​ហែង​នោះ ដើម្បី​តម​អាហារ អធិដ្ឋាន និង​រំពឹង​គិត។ ប្រហែល​ក្នុង​អំឡុង​ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក ដើម្បី​ជួយ​លោក​យេស៊ូ​ឲ្យ​ត្រៀម​ខ្លួន​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ។

ឥឡូវ​លោក​យេស៊ូ​ខ្សោយ​កម្លាំង​ដោយ​សារ​ឃ្លាន ពេល​នោះ​សាថាន​ក៏​មក​ជួប​លោក។ អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់ បើក​បង្ហាញ​អំពី​រឿង​សំខាន់​មួយ​ដែល​ទាក់​ទង​នឹង​អស់​អ្នក​ដែល​ស្រឡាញ់​ការ​គោរព​ប្រណិប័តន៍​ពិត រួម​ទាំង​អ្នក​ដែរ។

​«​ប្រសិន​បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន . . .​»​

៣, ៤. ​(​ក​) ក្នុង​ការ​ល្បួង​ពីរ​ដំបូង តើ​សាថាន​បាន​ប្រើ​ពាក្យ​អ្វី​ខ្លះ? តើ​វា​ប្រហែល​ជា​ព្យាយាម​ធ្វើ​ឲ្យ​លោក​យេស៊ូ​សង្ស័យ​អំពី​អ្វី? (​ខ​) នៅ​សព្វ​ថ្ងៃ​នេះ តើ​សាថាន​ប្រើ​កលល្បិច​ស្រដៀង​គ្នា​យ៉ាង​ណា?

សូម​អាន ម៉ាថាយ ៤:១​-​៧សាថាន​ផ្ដើម​ការ​ល្បួង​ពីរ​ដំបូង​ដោយ​ប្រើ​ពាក្យ​ដែល​មាន​អត្ថន័យ​បង្កប់​ថា​«​ប្រសិន​បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន​»។ តើ​សាថាន​មិន​ជឿ​ថា​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ​ឬ? មិន​មែន​ទេ។ សាថាន​ដែល​ជា​កូន​របស់​ព្រះ​និង​ជា​ទេវតា​ដែល​បះ​បោរ​ប្រឆាំង វា​ដឹង​យ៉ាង​ច្បាស់​ថា​លោក​យេស៊ូ​ជា​បុត្រ​ច្បង​របស់​ព្រះ។ (​កូឡ. ១:១៥​) បន្ថែម​ទៅ​ទៀត ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក សាថាន​ទំនង​ជា​បាន​ឮ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ពី​លើ​មេឃ​ដែល​ថា​៖ ​«​នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់​»។ (​ម៉ាថ. ៣:១៧​) សាថាន​ប្រហែល​ចង់​ឲ្យ​លោក​យេស៊ូ​សង្ស័យ​ថា​បិតា​របស់​លោក​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឬ​យ៉ាង​ណា ហើយ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​លោក​ឬ​ទេ។ ក្នុង​ការ​ល្បួង​ទី​១ ពេល​សាថាន​ប្រាប់​លោក​យេស៊ូ​ឲ្យ​បង្គាប់​ដុំ​ថ្ម​ទៅ​ជា​នំ​ប៉័ង សាថាន​ប្រៀប​ដូច​ជា​និយាយ​ថា​៖ ‹ដោយ​សារ​អ្នក​ជា​បុត្រ​របស់​ព្រះ ហេតុ​អ្វី​បិតា​របស់​អ្នក​មិន​ផ្ដល់​អាហារ​ឲ្យ​អ្នក​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​នេះ?›។ ក្នុង​ការ​ល្បួង​ទី​២ ពេល​សាថាន​ប្រាប់​លោក​យេស៊ូ​ឲ្យ​លោត​ពី​កំពែង​វិហារ សាថាន​ប្រៀប​ដូច​ជា​និយាយ​ថា​៖ ‹ដោយ​សារ​អ្នក​ជា​បុត្រ​របស់​ព្រះ តើ​អ្នក​ពិត​ជា​ទុក​ចិត្ត​បិតា​អ្នក​ថា​នឹង​ការ​ពារ​អ្នក​ឬ​ទេ?›។

សព្វ​ថ្ងៃ​នេះ សាថាន​ប្រើ​កលល្បិច​ស្រដៀង​គ្នា។ (​២​កូ. ២:១១​) សាថាន​ដែល​ជា​មេ​ល្បួង រង់​ចាំ​រហូត​ដល់​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​ទៅ​ជា​ខ្សោយ​ឬ​ធ្លាក់​ទឹក​ចិត្ត ទើប​វា​វាយ​ប្រហារ ហើយ​ជា​ញឹក​ញយ​តាម​របៀប​ដែល​យើង​មិន​ងាយ​សម្គាល់។ (​២​កូ. ១១:១៤​) វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង​ឬ​ពេញ​ចិត្ត​នឹង​យើង​សោះ។ មេ​ល្បួង​ក៏​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា យើង​មិន​អាច​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​បាន​ទេ ហើយ​លោក​នឹង​មិន​ធ្វើ​តាម​សេចក្ដី​សន្យា​ក្នុង​បណ្ដាំ​របស់​លោក​ឡើយ។ ប៉ុន្តែ នោះ​គឺ​ជា​ការ​កុហក​ទាំង​ស្រុង។ (​យ៉ូន. ៨:៤៤​) តើ​តាម​របៀប​ណា​យើង​អាច​បដិសេធ​កលល្បិច​ទាំង​នោះ?

៥. តើ​លោក​យេស៊ូ​តប​ឆ្លើយ​យ៉ាង​ណា​ទៅ​នឹង​ការ​ល្បួង​ពីរ​ដំបូង?

សូម​ពិចារណា​អំពី​របៀប​ដែល​លោក​យេស៊ូ​តប​ឆ្លើយ​នឹង​ការ​ល្បួង​ពីរ​ដំបូង។ លោក​មិន​ដែល​សង្ស័យ​ទាល់​តែ​សោះ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​បិតា​មាន​ចំពោះ​លោក ហើយ​លោក​ទុក​ចិត្ត​បិតា​លោក​ទាំង​ស្រុង។ លោក​បដិសេធ​ការ​ល្បួង​របស់​សាថាន​ដោយ​មិន​ស្ទាក់​ស្ទើរ ទាំង​ដក​ស្រង់​ប្រសាសន៍​របស់​បិតា​លោក ហើយ​គឺ​ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​លោក​យេស៊ូ​បាន​ដក​ស្រង់​បទ​គម្ពីរ​ដែល​មាន​នាម​ព្រះ​យេហូវ៉ា។ (​បច. ៦:១៦; ៨:៣​) គ្មាន​វិធី​ណា​ប្រសើរ​ជាង​ឲ្យ​បុត្រ​របស់​ព្រះ​បង្ហាញ​ការ​ទុក​ចិត្ត​លើ​បិតា ជា​ជាង​ប្រើ​នាម​របស់​បិតា​ទេ មែន​ទេ? ព្រោះ​នាម​ដ៏​វិសេស​នេះ​ផ្ដល់​ការ​ធានា​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក​ជា​មិន​ខាន។ *

៦, ៧. តើ​តាម​របៀប​ណា​យើង​អាច​យក​ឈ្នះ​ការ​វាយ​ប្រហារ​ដែល​មិន​ងាយ​កត់​សម្គាល់​របស់​សាថាន?

ជា​ញឹក​ញយ សាថាន​វាយ​ប្រហារ​យើង​តាម​របៀប​ដែល​យើង​មិន​ងាយ​សម្គាល់ តែ​យើង​អាច​យក​ឈ្នះ​បាន​ដោយ​ពឹង​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា និង​ដោយ​រំពឹង​គិត​អំពី​អត្ថន័យ​នៃ​នាម​របស់​លោក។ គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក រួម​ទាំង​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត។ បើ​យើង​ជឿ​ជាក់​អំពី​រឿង​នេះ យើង​អាច​បដិសេធ​ការ​កុហក​របស់​សាថាន​ដែល​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង​ឬ​មិន​ពេញ​ចិត្ត​នឹង​យើង។ (​ចសព. ៣៤:១៨; ១​ពេ. ៥:៨​) បន្ថែម​ទៅ​ទៀត បើ​យើង​ចាំ​ជា​និច្ច​ថា ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​អត្ថន័យ​នៃ​នាម​របស់​លោក នោះ​យើង​នឹង​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​លោក​ជា​ព្រះ​ដែល​តែង​តែ​សម្រេច​តាម​សេចក្ដី​សន្យា។—សុភ. ៣:៥, ៦

ប៉ុន្តែ តើ​អ្វី​ជា​គោល​ដៅ​ចម្បង​របស់​សាថាន? តើ​តាម​ពិត​វា​ចង់​បាន​អ្វី​ពី​យើង? យើង​នឹង​ឃើញ​ចម្លើយ​ច្បាស់ ពេល​សាថាន​ល្បួង​លោក​យេស៊ូ​ជា​លើក​ទី​៣។

​«​ក្រាប​ប្រណិប័តន៍​ខ្ញុំ​ម្ដង​»​

៨. តាម​រយៈ​ការ​ល្បួង​ទី​៣ តើ​តាម​របៀប​ណា​សាថាន​បង្ហាញ​អំពី​គោល​ដៅ​ចម្បង​របស់​វា?

សូម​អាន ម៉ាថាយ ៤:៨​-​១១ក្នុង​ការ​ល្បួង​ទី​៣ សាថាន​លែង​លាក់​លៀម​ទៀត​ហើយ គឺ​វា​បង្ហាញ​បំណង​ចិត្ត​ពិត​របស់​វា​តែ​ម្ដង។ សាថាន​បាន​បង្ហាញ​លោក​យេស៊ូ​ឲ្យ​ឃើញ​(​ទំនង​ជា​តាម​រយៈ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​)​«​នូវ​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក និង​ភាព​រុង​រឿង​របស់​រាជាណាចក្រ​ទាំង​នោះ​»​ តែ​វា​មិន​បាន​បង្ហាញ​លោក​នូវ​ការ​ខូច​អាក្រក់​នៃ​រាជាណាចក្រ​ទាំង​នោះ​ទេ។ បន្ទាប់​មក វា​ប្រាប់​លោក​យេស៊ូ​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក ប្រសិន​បើ​អ្នក​ក្រាប​ប្រណិប័តន៍​ខ្ញុំ​ម្ដង​»។ * ដូច្នេះ គោល​ដៅ​ពិត​របស់​វា គឺ​ចង់​បាន​ការ​គោរព​ប្រណិប័តន៍! សាថាន​ចង់​ឲ្យ​លោក​យេស៊ូ​បោះ​បង់​ចោល​បិតា​លោក ហើយ​ទទួល​ស្គាល់​វា​ជា​ព្រះ​វិញ។ សាថាន​បាន​ផ្ដល់​អ្វី​ឲ្យ​លោក​យេស៊ូ​ដែល​មើល​ទៅ​ដូច​ជា​ផ្លូវ​ចេញ​យ៉ាង​ស្រួល។ វា​និយាយ​បង្កប់​អត្ថន័យ​ថា លោក​យេស៊ូ​អាច​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​មាន​អំណាច​លើ​ប្រជាជាតិ​ទាំង​អស់ ហើយ​មិន​ចាំ​បាច់​រង​ការ​ឈឺ​ចាប់​ឡើយ គឺ​មិន​ចាំ​បាច់​ពាក់​មកុដ​បន្លា ត្រូវ​គេ​វាយ​នឹង​ខ្សែ​តី និង​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ទារុណកម្ម​ទេ។ ការ​ល្បួង​នោះ​គឺ​ពិត​ប្រាកដ​មែន ព្រោះ​លោក​យេស៊ូ​មិន​បាន​បដិសេធ​ថា​សាថាន​មិន​មាន​អំណាច​លើ​រដ្ឋាភិបាល​របស់​ពិភព​លោក​នេះ​ទេ។ (​យ៉ូន. ១២:៣១; ១​យ៉ូន. ៥:១៩​) សាថាន​ច្បាស់​ជា​ព្រម​ឲ្យ​អ្វី​ណា​ក៏​ដោយ ដើម្បី​បង្វែរ​លោក​យេស៊ូ​ចេញ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត គឺ​ការ​គោរព​ប្រណិប័តន៍​បិតា​លោក។

៩. ​(​ក​) តើ​សាថាន​ពិត​ជា​ចង់​បាន​អ្វី​ពី​អ្នក​គោរព​ប្រណិប័តន៍​ពិត? តើ​តាម​របៀប​ណា​វា​ព្យាយាម​ល្បួង​យើង? (​ខ​) តើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​រួម​បញ្ចូល​អ្វី​ខ្លះ? (​សូម​មើល​ប្រអប់​«​តើ​ការ​គោរព​ប្រណិប័តន៍​ជា​អ្វី?​»​)

នៅ​សព្វ​ថ្ងៃ​នេះ​ដែរ សាថាន​ពិត​ជា​ចង់​ឲ្យ​យើង​គោរព​ប្រណិប័តន៍​វា​ខ្លាំង​ណាស់ ទោះ​ជា​ដោយ​ផ្ទាល់​ឬ​មិន​ផ្ទាល់​ក្ដី។ ដោយ​សារ​សាថាន​ជា​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»​ វា​ទទួល​ប្រយោជន៍​ពី​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​ទាំង​អស់​តាម​រយៈ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ (​២​កូ. ៤:៤​) ប៉ុន្តែ វា​មិន​ស្កប់​ចិត្ត​នឹង​អ្នក​គោរព​ប្រណិប័តន៍​មិន​ពិត​រាប់​ពាន់​លាន​នាក់​នោះ​ទេ វា​ចង់​ល្បួង​អ្នក​គោរព​ប្រណិប័តន៍​ពិត​ឲ្យ​ធ្វើ​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ព្រះ។ វា​ព្យាយាម​ទាក់​ទាញ​យើង​ឲ្យ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​និង​អំណាច​ក្នុង​ពិភព​លោក​របស់​វា ជា​ជាង​ព្យាយាម​មាន​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក​ដែល​ប្រហែល​រួម​បញ្ចូល​ការ​រង​ទុក្ខ​«​ដោយ​សារ​សេចក្ដី​សុចរិត​»។ (​១​ពេ. ៣:១៤​) បើ​យើង​ចុះ​ចាញ់​ការ​ល្បួង​នេះ ហើយ​បោះ​បង់​ចោល​ការ​គោរព​ប្រណិប័តន៍​ពិត រួច​រួម​ចំណែក​ក្នុង​ពិភព​លោក​របស់​សាថាន នោះ​យើង​ដូច​ជា​ក្រាប​គោរព​ប្រណិប័តន៍​វា​ម្ដង ហើយ​យក​វា​ធ្វើ​ជា​ព្រះ​របស់​យើង។ តើ​តាម​របៀប​ណា​យើង​អាច​យក​ឈ្នះ​ការ​ល្បួង​នេះ?

១០. តើ​លោក​យេស៊ូ​តប​ឆ្លើយ​យ៉ាង​ណា​ទៅ​នឹង​ការ​ល្បួង​ទី​៣ ហើយ​ហេតុ​អ្វី?

១០ សូម​កត់​សម្គាល់​របៀប​ដែល​លោក​យេស៊ូ​តប​ឆ្លើយ​នឹង​ការ​ល្បួង​ទី​៣។ ដោយ​បង្ហាញ​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា លោក​យេស៊ូ​បណ្ដេញ​មេ​ល្បួង​ភ្លាម​ៗ​ថា​៖ ​«​នែ! សាថាន! ចូរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!​»។ ដូច​ការ​ល្បួង​ពីរ​ដំបូង​ដែរ លោក​បាន​ដក​ស្រង់​បទ​គម្ពីរ​ពី​សៀវភៅ​ការ​បំភ្លឺ​ច្បាប់​ដែល​មាន​នាម​ព្រះ ដែល​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​៖ ‹គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍ ហើយ​គឺ​សម្រាប់​តែ​លោក​ប៉ុណ្ណោះ ដែល​អ្នក​ត្រូវ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ›​»។ (​ម៉ាថ. ៤:១០; បច. ៦:១៣​) ដូច្នេះ លោក​យេស៊ូ​បាន​បដិសេធ​ការ​ល្បួង​ដែល​ផ្ដល់​ជីវិត​សុខ​ស្រួល​គ្មាន​ការ​ឈឺ​ចាប់ និង​ដែល​ផ្ដល់​ឋានៈ​មុខ​មាត់​មួយ​រយៈ​ពេល​ខ្លី​ក្នុង​ពិភព​លោក​នេះ។ លោក​ទទួល​ស្គាល់​ថា​មាន​តែ​បិតា​លោក​ប៉ុណ្ណោះ ដែល​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍ ហើយ​លោក​ដឹង​ថា​សូម្បី​តែ​លោក​«​ក្រាប​ប្រណិប័តន៍​»​សាថាន​តែ​ម្ដង នោះ​បង្ហាញ​ថា​លោក​ចុះ​ចូល​នឹង​វា​ហើយ។ លោក​យេស៊ូ​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​យក​មេ​ល្បួង​ដ៏​ទុច្ចរិត​ធ្វើ​ជា​ព្រះ​របស់​លោក។ ក្រោយ​ពី​មេ​កំណាច​បាន​ត្រូវ​បដិសេធ វា​ក៏​«​ចេញ​ពី​លោក​ទៅ​»។ *

​«​នែ! សាថាន! ចូរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!​»​ (សូម​មើល​វគ្គ​១០)

១១. តើ​តាម​របៀប​ណា​យើង​អាច​យក​ឈ្នះ​សាថាន​និង​ការ​ល្បួង​របស់​វា?

១១ យើង​អាច​យក​ឈ្នះ​សាថាន​និង​ការ​ល្បួង​ពី​ពិភព​លោក​ដ៏​ទុច្ចរិត​របស់​វា​បាន ព្រោះ​យើង​មាន​ជម្រើស​ដូច​លោក​យេស៊ូ​ដែរ។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ត​សេរី​ដែល​ជា​អំណោយ​ដ៏​មាន​តម្លៃ។ ម្ល៉ោះ​ហើយ គ្មាន​អ្នក​ណា​អាច​បង្ខំ​យើង​ឲ្យ​បោះ​បង់​ចោល​ការ​គោរព​ប្រណិប័តន៍​ពិត​ទាល់​តែ​សោះ សូម្បី​តែ​មេ​ល្បួង​ដ៏​ទុច្ចរិត​និង​ខ្លាំង​ក្លា ក៏​មិន​អាច​បង្ខំ​យើង​ដែរ។ ពេល​យើង​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ ហើយ​«​ត​ស៊ូ​នឹង​[​សាថាន​]​ដោយ​មាន​ជំនឿ​មាំ​មួន​»​ យើង​ប្រៀប​ដូច​ជា​និយាយ​ថា​៖ ​«​នែ! សាថាន! ចូរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!​»។ (​១​ពេ. ៥:៩​) សូម​ចាំ​ថា​សាថាន​បាន​ចាក​ចេញ ក្រោយ​ពី​លោក​យេស៊ូ​បាន​បដិសេធ​វា​យ៉ាង​ម៉ឺង​ម៉ាត់។ ស្រដៀង​គ្នា​ដែរ គម្ពីរ​ធានា​ថា​៖ ​«​ចូរ​តស៊ូ​នឹង​មេ​កំណាច នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​»។—យ៉ា. ៤:៧

យើង​អាច​ជ្រើស​រើស​បដិសេធ​ការ​ល្បួង​ពី​ពិភព​លោក​របស់​សាថាន (សូម​មើល​វគ្គ​១១, ១៩)

សត្រូវ​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត

១២. នៅ​សួន​អេដែន តើ​សាថាន​បង្ហាញ​ថា​វា​ជា​សត្រូវ​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​យ៉ាង​ដូច​ម្ដេច?

១២ នៅ​ការ​ល្បួង​ចុង​ក្រោយ សាថាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​វា​ជា​សត្រូវ​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​តាំង​ពី​ដំបូង។ អស់​រាប់​ពាន់​ឆ្នាំ​មុន​នៅ​សួន​អេដែន ជា​លើក​ដំបូង​សាថាន​បង្ហាញ​ថា​វា​ស្អប់​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ សាថាន​បាន​ល្បួង​អេវ៉ា ហើយ​ក្រោយ​មក​អេវ៉ា​បាន​បញ្ចុះ​បញ្ចូល​អាដាម​ឲ្យ​បំពាន​ច្បាប់​ព្រះ​យេហូវ៉ា។ យ៉ាង​នេះ សាថាន​បាន​ដឹក​នាំ​និង​គ្រប់​គ្រង​ពួក​គេ។ (​សូម​អាន ដើម​កំណើត ៣:១​-​៥; ២​កូ. ១១:៣; បប. ១២:៩​) តាម​ការ​ពិត វា​បាន​ក្លាយ​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​វា ទោះ​ជា​ពួក​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ពិត​របស់​វា​ដែល​ជា​អ្នក​បំភាន់​ពួក​គេ​ក៏​ដោយ។ បន្ថែម​ទៅ​ទៀត ដោយ​នាំ​ឲ្យ​មាន​ការ​បះ​បោរ​ប្រឆាំង​នៅ​សួន​អេដែន សាថាន​មិន​គ្រាន់​តែ​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ តែ​ក៏​វាយ​ប្រហារ​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ពិត​ដែរ។ តើ​តាម​របៀប​ណា?

១៣. តើ​ការ​គោរព​ប្រណិប័តន៍​ពិត​ទាក់​ទង​យ៉ាង​ណា​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ?

១៣ សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត។ មាន​តែ​មហា​ក្សត្រ​សកល​លោក​ដែល​ជា​អ្នក​«​បង្កើត​អ្វី​ៗ​ទាំង​អស់​»​ទេ ដែល​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍។ (​បប. ៤:១១​) ពេល​ព្រះ​យេហូវ៉ា​បង្កើត​អាដាម​និង​អេវ៉ា​ដែល​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​សួន​អេដែន លោក​មាន​គោល​បំណង​ឲ្យ​ផែនដី​ទាំង​មូល​ពេញ​ទៅ​ដោយ​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែល​ពេញ​ចិត្ត​គោរព​ប្រណិប័តន៍​លោក ពោល​គឺ​ការ​គោរព​ប្រណិប័តន៍​ពិត​ដែល​ផុស​ចេញ​ពី​ចិត្ត​ស្មោះ។ (​ដក. ១:២៨​) សាថាន​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ដោយ​សារ​វា​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​ជា​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត ពោល​គឺ​ការ​គោរព​ប្រណិប័តន៍។—យ៉ា. ១:១៤, ១៥

១៤. តើ​សាថាន​បាន​ជោគ​ជ័យ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ពិត​ឬ​ទេ? សូម​ពន្យល់។

១៤ តើ​សាថាន​បាន​ជោគ​ជ័យ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ពិត​ឬ​ទេ? វា​បាន​បង្វែរ​អាដាម​និង​អេវ៉ា​ចេញ​ពី​ព្រះ។ តាំង​ពី​ពេល​នោះ​មក វា​បាន​វាយ​ប្រហារ​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​ព្យាយាម​បង្វែរ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​ចេញ​ពី​ព្រះ​យេហូវ៉ា។ សាថាន​មិន​បាន​បន្ថយ​ដៃ​ក្នុង​ការ​ល្បួង​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​សម័យ​គម្ពីរ​ទេ។ នៅ​សតវត្សរ៍​ទី​១ គ.ស. វា​បណ្ដាល​ឲ្យ​មាន​ការ​ក្បត់​ជំនឿ ហើយ​តាម​រយៈ​ការ​ក្បត់​ជំនឿ​នោះ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​លែង​បរិសុទ្ធ ហើយ​មើល​ទៅ​ការ​គោរព​ប្រណិប័តន៍​ពិត​លែង​មាន​ទៀត។ (​ម៉ាថ. ១៣:២៤​-​៣០, ៣៦​-​៤៣; សកម្ម. ២០:២៩, ៣០​) នៅ​ដើម​សតវត្សរ៍​ទី​២ គ.ស. អ្នក​គោរព​ប្រណិប័តន៍​ព្រះ​បាន​ជាប់​ជា​ឈ្លើយ​ក្នុង​ន័យ​ធៀប អស់​រយៈ​ពេល​ជា​យូរ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ពោល​គឺ​ចក្រភព​សាសនា​មិន​ពិត។ ប៉ុន្តែ សាថាន​មិន​បាន​ជោគ​ជ័យ​ក្នុង​ការ​បំផ្លាញ​គោល​បំណង​របស់​ព្រះ​ស្ដី​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត​ទេ។ គ្មាន​អ្វី​អាច​បញ្ឈប់​ព្រះ​ពី​ការ​សម្រេច​គោល​បំណង​របស់​លោក​ឡើយ។ (​អេ. ៤៦:១០; ៥៥:៨​-​១១​) ព្រោះ​នេះ​ទាក់​ទង​នឹង​នាម​របស់​លោក ហើយ​លោក​តែង​តែ​ធ្វើ​តាម​អត្ថន័យ​នៃ​នាម​របស់​លោក។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​តែង​តែ​សម្រេច​គោល​បំណង​របស់​លោក​ជា​និច្ច!

អ្នក​ការ​ពារ​ការ​គោរព​ប្រណិប័តន៍​ពិត

១៥. នៅ​សួន​អេដែន តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចាត់​វិធានការ​ទៅ​លើ​ពួក​អ្នក​បះ​បោរ និង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​គោល​បំណង​របស់​លោក​នឹង​សម្រេច?

១៥ នៅ​សួន​អេដែន ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ភ្លាម​ៗ​ទៅ​លើ​ពួក​អ្នក​បះ​បោរ ហើយ​លោក​ធ្វើ​ឲ្យ​ប្រាកដ​ថា​គោល​បំណង​របស់​លោក​នឹង​សម្រេច​ជា​មិន​ខាន។ (​សូម​អាន ដើម​កំណើត ៣:១៤​-​១៩) ពេល​អាដាម​និង​អេវ៉ា​ស្ថិត​នៅ​ក្នុង​សួន​អេដែន​នៅ​ឡើយ ព្រះ​យេហូវ៉ា​បាន​វិនិច្ឆ័យ​ទោស​ពួក​អ្នក​បះ​បោរ​ទាំង​បី​តាម​លំដាប់​លំដោយ ព្រោះ​សាថាន​បាន​ធ្វើ​ខុស​មុន​គេ បន្ទាប់​មក​អេវ៉ា ហើយ​ក្រោយ​បង្អស់​អាដាម។ ស្ដី​អំពី​សាថាន​ដែល​មនុស្ស​មើល​មិន​ឃើញ​និង​ជា​អ្នក​ផ្ដើម​ការ​បះ​បោរ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ទុក​ជា​មុន​អំពី​«​ពូជ​»​សន្យា​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ផល​វិបាក​មក​ពី​ការ​បះ​បោរ​ទៅ​ជា​ល្អ​ឡើង​វិញ។ ​«​ពូជ​»​នោះ​នឹង​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ស្ដី​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត។

១៦. ក្រោយ​ពី​ការ​បះ​បោរ​នៅ​សួន​អេដែន តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បន្ត​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​ជឿន​ទៅ​មុខ?

១៦ ក្រោយ​ពី​ការ​បះ​បោរ​នៅ​សួន​អេដែន ព្រះ​យេហូវ៉ា​បាន​បន្ត​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​ជឿន​ទៅ​មុខ។ លោក​បាន​រៀបចំ​ឲ្យ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ យើង​នឹង​រៀន​នៅ​ជំពូក​បន្ទាប់។ (​ហេ. ១១:៤–១២:១​) បន្ថែម​ទៅ​ទៀត លោក​បាន​ដឹក​នាំ​អ្នក​សរសេរ​គម្ពីរ​មួយ​ចំនួន ដូច​ជា​អេសាយ យេរេមា និង​អេសេគាល ឲ្យ​កត់​ទុក​ទំនាយ​ដែល​គួរ​ឲ្យ​រំភើប​អំពី​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ ការ​រៀបចំ​នោះ​គឺ​ជា​គោល​រឿង​ដ៏​សំខាន់​មួយ​ក្នុង​គម្ពីរ។ ទំនាយ​ទាំង​នោះ​នឹង​ក្លាយ​ជា​ការ​ពិត​តាម​រយៈ​«​ពូជ​»​សន្យា ដែល​មាន​លោក​យេស៊ូ​គ្រិស្ត​ជា​បុគ្គល​ចម្បង។ (​កាឡ. ៣:១៦​) លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​លោក​ជា​អ្នក​ការ​ពារ​ការ​គោរព​ប្រណិប័តន៍​ពិត តាម​រយៈ​ការ​តប​ឆ្លើយ​របស់​លោក​ចំពោះ​ការ​ល្បួង​ទី​៣។ លោក​យេស៊ូ​គឺ​ជា​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ដើម្បី​សម្រេច​ទំនាយ​អំពី​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ (​បប. ១៩:១០​) លោក​នឹង​រំដោះ​រាស្ត្រ​របស់​ព្រះ​ពី​ការ​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ហើយ​លោក​នឹង​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឲ្យ​ដូច​ដើម​ឡើង​វិញ។

តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

១៧. ហេតុ​អ្វី​ទំនាយ​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​សំខាន់​ចំពោះ​យើង?

១៧ ការ​ពិចារណា​ទំនាយ​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ នឹង​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត ហើយ​មាន​ជំនឿ​កាន់​តែ​រឹង​មាំ។ ទំនាយ​ទាំង​នោះ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​យើង ដោយ​សារ​យើង​ទន្ទឹង​រង់​ចាំ​គ្រា​ដែល​ការ​បង្កើត​ទាំង​អស់​នៅ​ស្ថាន​សួគ៌​និង​ផែនដី​មាន​សាមគ្គីភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ បន្ថែម​ទៅ​ទៀត ទំនាយ​ទាំង​នោះ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង ពីព្រោះ​ទំនាយ​ទាំង​នោះ​មាន​ការ​ធានា​យ៉ាង​កក់​ក្ដៅ​ពី​ព្រះ​ក្នុង​បណ្ដាំ​របស់​លោក។ យើង​ទាំង​អស់​គ្នា​ពិត​ជា​ចង់​ឃើញ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ក្លាយ​ជា​ការ​ពិត​ណាស់ មែន​ទេ? សេចក្ដី​សន្យា​ទាំង​នោះ​រួម​មាន​ការ​ប្រោស​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ឲ្យ​រស់​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ទៅ​ជា​សួន​ឧទ្យាន ព្រម​ទាំង​ផ្ដល់​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ដល់​យើង​ជា​រៀង​រហូត។—អេ. ៣៣:២៤; ៣៥:៥, ៦; បប. ២០:១២, ១៣; ២១:៣, ៤

១៨. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​សៀវភៅ​នេះ?

១៨ នៅ​ក្នុង​សៀវភៅ​នេះ យើង​នឹង​ពិចារណា​ទំនាយ​ដ៏​គួរ​ឲ្យ​រំភើប​ពី​សៀវភៅ​អេសេគាល។ ទំនាយ​ទាំង​នោះ​ភាគ​ច្រើន​ផ្ដោត​ទៅ​លើ​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ យើង​នឹង​ពិនិត្យ​មើល​របៀប​ដែល​ទំនាយ​ក្នុង​សៀវភៅ​អេសេគាល​ទាក់​ទង​នឹង​ទំនាយ​ឯ​ទៀត និង​របៀប​ដែល​ទំនាយ​ទាំង​នោះ​កើត​ឡើង​តាម​រយៈ​គ្រិស្ត។ បន្ថែម​ទៅ​ទៀត យើង​នឹង​ពិចារណា​នូវ​របៀប​ដែល​ទំនាយ​ទាំង​នោះ​ទាក់​ទង​នឹង​យើង​(​សូម​មើល​ប្រអប់​«​សេចក្ដី​សង្ខេប​នៃ​សៀវភៅ​អេសេគាល​»​)។

១៩. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី?

១៩ នៅ​តំបន់​ស្ងាត់​ជ្រងំ​យូឌា​ក្នុង​ឆ្នាំ​២៩ គ.ស. សាថាន​បាន​បរាជ័យ​ក្នុង​ការ​ល្បួង​លោក​យេស៊ូ​ឲ្យ​បែរ​ចេញ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត។ ចុះ​យ៉ាង​ណា​ចំពោះ​យើង​វិញ? សាថាន​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ទាញ​នាំ​យើង​ចេញ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត។ (​បប. ១២:១២, ១៧​) សូម​ឲ្យ​សៀវភៅ​នេះ​ជួយ​យើង​ឲ្យ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​ត​យុទ្ធ​នឹង​មេ​ល្បួង​ដ៏​ទុច្ចរិត។ សូម​ឲ្យ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង​បង្ហាញ​ថា​យើង​យល់​ស្រប​នឹង​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍​»។ ជា​លទ្ធផល យើង​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត ហើយ​ឃើញ​គោល​បំណង​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច។ នៅ​គ្រា​នោះ ទេវតា​ទាំង​អស់​នៅ​ស្ថាន​សួគ៌​និង​មនុស្ស​នៅ​ផែនដី​នឹង​រួប​រួម​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ជា​អ្វី​ដែល​លោក​សម​នឹង​ទទួល!

^ វគ្គ 5 អ្នក​ខ្លះ​យល់​ថា​នាម​របស់​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»​ឬ​«​លោក​ធ្វើ​ឲ្យ​កើត​មក​»។ អត្ថន័យ​នេះ​សម​នឹង​តួ​នាទី​របស់​ព្រះ​យេហូវ៉ា​ក្នុង​នាម​ជា​អ្នក​បង្កើត និង​ជា​អ្នក​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។

^ វគ្គ 8 ស្ដី​អំពី​ពាក្យ​របស់​សាថាន ឯកសារ​គម្ពីរ​មួយ​បាន​ចែង​ថា​៖ ​«​ដូច​ការ​ល្បួង​លើក​ដំបូង​បំផុត​ដែល​អាដាម​និង​អេវ៉ា​បាន​ចាញ់ . . . ចំណុច​សំខាន់​គឺ​ការ​ជ្រើស​រើស​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​សាថាន​ឬ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដែល​រួម​បញ្ចូល​ការ​គោរព​ប្រណិប័តន៍​ផ្ដាច់​មុខ​ដល់​សាថាន​ឬ​ដល់​ព្រះ។ សាថាន​លើក​តម្កើង​ខ្លួន​ជា​ព្រះ ប្រឆាំង​នឹង​ព្រះ​ពិត​តែ​មួយ​»។

^ វគ្គ 10 ក្នុង​សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​ដោយ​លូកា គាត់​រៀប​រាប់​លំដាប់​លំដោយ​នៃ​ការ​ល្បួង ខុស​ពី​សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​ដោយ​ម៉ាថាយ។ ប៉ុន្តែ តាម​មើល​ទៅ​កំណត់​ហេតុ​ក្នុង​សៀវភៅ​ម៉ាថាយ ត្រឹម​ត្រូវ​តាម​លំដាប់​ពេល។ សូម​ពិចារណា​មូលហេតុ​បី​យ៉ាង។ (​១​) ម៉ាថាយ​បាន​ចាប់​ផ្ដើម​រៀប​រាប់​អំពី​ការ​ល្បួង​ទី​២ ដោយ​ប្រើ​ពាក្យ​«​ក្រោយ​មក​»​ នេះ​បញ្ជាក់​ថា​មាន​ការ​ល្បួង​មួយ​ទៀត​មុន​នោះ។ (​២​) ការ​ល្បួង​ពីរ​ដំបូង​ដែល​ចាប់​ផ្ដើម​ដោយ​ឃ្លា​«​ប្រសិន​បើ​អ្នក​ជា​កូន​របស់​ព្រះ​»​គឺ​ជា​ការ​ល្បួង​បញ្ឆិត​បញ្ឆៀង ហេតុ​នេះ​ហើយ​ជា​ការ​សម​ហេតុ​សម​ផល​ដែល​មាន​ការ​ល្បួង​ចំ​ៗ​បន្ទាប់​មក គឺ​ល្បួង​លោក​យេស៊ូ​ឲ្យ​បំពាន​បញ្ញត្តិ​ទី​១​របស់​ព្រះ។ (​ដច. ២០:២, ៣​) (​៣​) គឺ​ត្រឹម​ត្រូវ​ជាង​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​នែ! សាថាន! ចូរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!​»​ បន្ទាប់​ពី​បាន​ត្រូវ​ល្បួង​លើក​ចុង​ក្រោយ។—ម៉ាថ. ៤:៥, ១០, ១១