លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី៣

«ខ្ញុំឃើញក្នុងគំនិតអំពីលោក»

«ខ្ញុំឃើញក្នុងគំនិតអំពីលោក»

អេសេគាល ១:១

គោល​ចំណុច: ការ​សង្ខេប​អំពី​អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត ស្ដី​អំពី​រទេះ​នៅ​ស្ថាន​សួគ៌

១​-​៣. ​(​ក​) សូម​រៀប​រាប់​អំពី​អ្វី​ដែល​អេសេគាល​បាន​ឃើញ​និង​ឮ។ (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​អ្វី​បាន​ធ្វើ​ឲ្យ​គាត់​ពិសោធ​ដូច​នោះ ហើយ​តើ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គាត់?

អេសេគាល​សម្លឹង​មើល​ទៅ​វាល​ខ្សាច់​ធំ​ល្វឹង​ល្វើយ​ដាច់​កន្ទុយ​ភ្នែក។ គាត់​បើក​ភ្នែក​ធំ​ៗ​មិន​ចង់​ជឿ​អ្វី​ដែល​គាត់​កំពុង​ឃើញ​នោះ​ទេ។ គាត់​ឃើញ​ព្យុះ​សង្ឃរា​កំពុង​បក់​បោក​មក​ពី​ទិស​ខាង​ជើង តែ​នោះ​មិន​មែន​ជា​ព្យុះ​ធម្មតា​ទេ។ ពេល​ដែល​ខ្យល់​ដ៏​ខ្លាំង​នោះ​បក់​ផាត់​សក់​និង​សម្លៀក​បំពាក់​របស់​គាត់ គាត់​ក៏​ឃើញ​ពពក​យ៉ាង​ក្រាស់​ខ្មួល​ខ្មាញ់។ ក្នុង​ពពក​នោះ​មាន​ផ្លេក​បន្ទោរ​ភ្លឺ​ចិញ្ចាច។ ពន្លឺ​នោះ​ធ្វើ​ឲ្យ​គាត់​នឹក​ឃើញ​លោហៈ​ដ៏​មាន​តម្លៃ។ * កាល​ដែល​ពពក​រសាត់​ឆ្ពោះ​ទៅ​អេសេគាល មាន​ឮ​សូរ​សំឡេង​មួយ​កាន់​តែ​ខ្លាំង​ឡើង​ៗ គឺ​សូរ​សន្ធឹក​ដូច​ជា​ក្បួន​ទ័ព​ដ៏​ធំ។—អេគ. ១:៤, ២៤

ពេល​នោះ អេសេគាល​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ ហើយ​អ្វី​ដែល​គាត់​ឃើញ​នេះ​ជា​បទ​ពិសោធន៍​ដំបូង​នៃ​បទ​ពិសោធន៍​ឯ​ទៀត​ដែល​គាត់​មិន​អាច​បំភ្លេច​បាន។ គាត់​មាន​អារម្មណ៍​ថា​«​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​»​មក​សណ្ឋិត​លើ​គាត់។ អ្វី​ដែល​ឫទ្ធានុភាព​របស់​ព្រះ​បណ្ដាល​ឲ្យ​គាត់​ឃើញ​និង​ឮ ច្បាស់​ជា​អស្ចារ្យ​ខ្លាំង​ណាស់ គឺ​អស្ចារ្យ​ជាង​ភាពយន្ត​នៅ​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត។ អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត នឹង​ធ្វើ​ឲ្យ​គាត់​តក់​ស្លុត​យ៉ាង​ខ្លាំង រហូត​ដល់​គាត់​ក្រាប​មុខ​ចុះ​ដល់​ដី។—អេគ. ១:៣, ២៨

ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ចង់​ឲ្យ​អេសេគាល​មាន​អារម្មណ៍​ស្ញប់​ស្ញែង​ប៉ុណ្ណោះ​ទេ។ ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​លើក​ដំបូង មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ចំពោះ​គាត់ និង​ចំពោះ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ។ រីឯ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ផ្សេង​ទៀត​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ដ៏​គួរ​ឲ្យ​រំភើប​នេះ ក៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ដែរ។ ហេតុ​នេះ សូម​ឲ្យ​យើង​ពិចារណា​ឲ្យ​បាន​ដិត​ដល់​នូវ​អ្វី​ដែល​អេសេគាល​បាន​ឃើញ​និង​ឮ។

ស្ថានភាព

៤, ៥. ពេល​អេសេគាល​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត តើ​មាន​ស្ថានភាព​យ៉ាង​ណា?

សូម​អាន អេសេគាល ១:១​-​៣ដំបូង​យើង​ចង់​គិត​អំពី​ស្ថានភាព​នៅ​ពេល​នោះ។ គ្រា​នោះ គឺ​ឆ្នាំ​៦១៣ មុន​គ.ស.។ ដូច​យើង​បាន​រៀន​នៅ​ជំពូក​មុន អេសេគាល​កំពុង​រស់​នៅ​តំបន់​មួយ​ក្បែរ​ទន្លេ​កេបា​ក្នុង​ស្រុក​បាប៊ីឡូន ជា​មួយ​នឹង​ជន​រួម​ជាតិ​ដែល​បាន​ត្រូវ​និរទេស។ តាម​មើល​ទៅ ទន្លេ​នោះ​ជា​ប្រឡាយ​ដែល​បែក​ចេញ​ពី​ទន្លេ​អឺប្រាត ហើយ​ក្រោយ​មក​ហូរ​ចូល​ទន្លេ​អឺប្រាត​វិញ។

អេសេគាល​រស់​នៅ​ជា​មួយ​ជន​និរទេស​ឯ​ទៀត​នៅ​ក្បែរ​ទន្លេ​កេបា (សូម​មើល​វគ្គ​៤)

ក្រុង​យេរូសាឡិម​ដែល​ជា​ស្រុក​កំណើត​របស់​ជន​និរទេស មាន​ចម្ងាយ​៨០០​គីឡូ​ម៉ែត្រ​(​៥០០​ម៉ៃល៍​)​ពី​ស្រុក​បាប៊ីឡូន។ * វិហារ​ដែល​ឪពុក​អេសេគាល​ធ្លាប់​បម្រើ​ជា​សង្ឃ បាន​ត្រូវ​បង្ខូច ហើយ​ពេញ​ទៅ​ដោយ​ការ​គោរព​បូជា​រូប​ព្រះ។ រីឯ​បល្ល័ង្ក​ដែល​ដាវីឌ​និង​សាឡូម៉ូន​ធ្លាប់​អង្គុយ​គ្រប់​គ្រង​យ៉ាង​រុង​រឿង បាន​ត្រូវ​បង្អាប់​បង្អោន។ ចំណែក​ស្ដេច​យេហូយ៉ាគីន​ជា​ស្ដេច​ដែល​គ្មាន​ជំនឿ ក៏​កំពុង​ជាប់​ជា​ឈ្លើយ​នៅ​ក្នុង​ស្រុក​បាប៊ីឡូន​ដែរ។ ឯ​សេដេគា​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​គ្រប់​គ្រង​ជំនួស​យេហូយ៉ាគីន គាត់​ជា​មនុស្ស​អាក្រក់ ហើយ​គ្រាន់​តែ​ជា​កូន​អុក​របស់​គេ​ប៉ុណ្ណោះ។—២​បស. ២៤:៨​-​១២, ១៧, ១៩

៦, ៧. ហេតុ​អ្វី​អេសេគាល​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​រស់​នៅ​ក្នុង​គ្រា​ពិបាក?

ចំពោះ​ពួក​អ្នក​ដែល​មាន​ជំនឿ​ដូច​អេសេគាល គ្រា​នោះ​ប្រហែល​ជា​គ្រា​ដ៏​ពិបាក​បំផុត។ ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​គាត់​ដែល​បាន​ត្រូវ​និរទេស អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា​៖ ‹តើ​ព្រះ​យេហូវ៉ា​បោះ​បង់​យើង​ចោល​រហូត​ឬ? តើ​បាប៊ីឡូន​និង​បណ្ដា​ព្រះ​មិន​ពិត​រាប់​មិន​អស់ ពិត​ជា​អាច​បំបាត់​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​បាន​ទេ? ហើយ​តើ​មហា​អំណាច​ដ៏​អាក្រក់​នោះ​ពិត​ជា​អាច​បំផ្លាញ​ការ​គ្រប់​គ្រង​របស់​លោក​ចេញ​ពី​ផែនដី​បាន​ឬ?›។

ក្រោយ​ពី​ដឹង​អំពី​ស្ថានភាព​នេះ អ្នក​ច្បាស់​ជា​ចង់​សិក្សា​អំពី​ប្រធានបទ​នេះ​ថែម​ទៀត ដោយ​អាន​ការ​បើក​បង្ហាញ​លើក​ដំបូង​ដ៏​រស់​រវើក​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត មែន​ទេ? (​អេគ. ១:៤​-​២៨​) កាល​ដែល​អ្នក​អាន សូម​ស្រមៃ​ឃើញ​ខ្លួន​អ្នក​នៅ​ជា​មួយ​អេសេគាល កំពុង​មើល​អ្វី​ដែល​គាត់​ឃើញ និង​ឮ​អ្វី​ដែល​គាត់​បាន​ឮ។

ទន្លេ​អឺប្រាត​នៅ​ក្នុង​តំបន់​ជិត​កាកេមីស (សូម​មើល​វគ្គ​៥​-​៧)

រទេះ​ដ៏​អស្ចារ្យ

៨. ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត តើ​អេសេគាល​បាន​ឃើញ​អ្វី ហើយ​តើ​នោះ​តំណាង​អ្វី?

បើ​និយាយ​ឲ្យ​ចំ​ទៅ តើ​អេសេគាល​បាន​ឃើញ​អ្វី? អ្វី​ដែល​គាត់​បាន​ឃើញ មើល​ទៅ​ដូច​ជា​រទេះ​ដ៏​ធំ​អស្ចារ្យ។ រទេះ​នោះ​មាន​កង់​ធំ​ៗ​បួន អម​ដោយ​បុគ្គល​វិញ្ញាណ​បួន​រូប​ដែល​ក្រោយ​មក​ហៅ​ថា​ចេរូប៊ីន។ (​អេគ. ១០:១​) នៅ​លើ​ចេរូប៊ីន​មាន​កម្រាល​ដ៏​ធំ​មួយ​មើល​ទៅ​ដូច​ជា​ផ្ទាំង​ទឹក​កក។ នៅ​លើ​កម្រាល​មាន​បល្ល័ង្ក​ដ៏​រុង​រឿង ហើយ​ព្រះ​យេហូវ៉ា​ផ្ទាល់​អង្គុយ​នៅ​លើ​នោះ។ តើ​រទេះ​នោះ​តំណាង​អ្វី? រទេះ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​អាច​តំណាង​អ្វី​តែ​មួយ​គត់ គឺ​ផ្នែក​ស្ថាន​សួគ៌​នៃ​អង្គការ​សកល​លោក​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ? សូម​ពិចារណា​កត្ដា​បី​យ៉ាង​ដែល​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ដូច​នោះ។

៩. តើ​តាម​របៀប​ណា​ការ​រៀប​រាប់​អំពី​រទេះ​បង្ហាញ​អំពី​ទំនាក់​ទំនង​រវាង​ព្រះ​យេហូវ៉ា​និង​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌?

ទំនាក់​ទំនង​រវាង​ព្រះ​យេហូវ៉ា​និង​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌។ សូម​កត់​សម្គាល់​ថា​នៅ​ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នេះ បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​លើ​ចេរូប៊ីន។ ស្រដៀង​គ្នា​ដែរ នៅ​ផ្នែក​ផ្សេង​ទៀត​ក្នុង​គម្ពីរ​រៀប​រាប់​ថា ព្រះ​យេហូវ៉ា​អង្គុយ​នៅ​លើ​ចេរូប៊ីន​ឬ​ចន្លោះ​ចេរូប៊ីន។ (​សូម​អាន បណ្ដា​ស្ដេច​ទី​២ ១៩:១៥; ដច. ២៥:២២; ចសព. ៨០:១​) ការ​ពិត​លោក​មិន​អង្គុយ​លើ​ចេរូប៊ីន​ក្នុង​ន័យ​ត្រង់ ហាក់​ដូច​ជា​លោក​ត្រូវ​ការ​ឲ្យ​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​សែង​លោក​ទេ ហើយ​លោក​ក៏​មិន​ត្រូវ​ការ​ជិះ​លើ​រទេះ​មែន​ទែន​ដែរ។ ផ្ទុយ​ទៅ​វិញ នោះ​មាន​ន័យ​ថា​ចេរូប៊ីន​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក ហើយ​លោក​អាច​ចាត់​ពួក​គេ​ទៅ​កន្លែង​ណា​ក៏​បាន​ក្នុង​សកល​លោក ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ដូច​ទេវតា​បរិសុទ្ធ​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា ពួក​គេ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​លោក ក្នុង​នាម​ជា​អ្នក​បម្រើ​ឬ​ជា​ភ្នាក់ងារ​របស់​លោក។ (​ចសព. ១០៤:៤​) ដូច្នេះ ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ជិះ​លើ​ពួក​គេ​ក្នុង​ន័យ​ថា លោក​ដឹក​នាំ​ពួក​គេ​ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ ហើយ​ពួក​គេ​រួប​រួម​គ្នា​ហាក់​ដូច​ជា​រទេះ​ដ៏​ធំ​មួយ។

១០. តើ​អ្វី​ខ្លះ​បង្ហាញ​ថា​រទេះ​ស្ថាន​សួគ៌​មិន​គ្រាន់​តែ​មាន​ចេរូប៊ីន​បួន​រូប​ប៉ុណ្ណោះ?

១០ រទេះ​ស្ថាន​សួគ៌​មិន​គ្រាន់​តែ​មាន​ចេរូប៊ីន​បួន​រូប​ទេ។ ចេរូប៊ីន​ដែល​អេសេគាល​បាន​ឃើញ​មាន​បួន​រូប។ ជា​ញឹក​ញយ ក្នុង​គម្ពីរ​លេខ​បួន​សំដៅ​ទៅ​លើ​ភាព​ស៊ីមេទ្រី​ឬ​ភាព​ពេញ​លេញ ពោល​គឺ​ដើម្បី​រៀប​រាប់​អ្វី​មួយ​ដែល​រួម​បញ្ចូល​បុគ្គល​ទាំង​អស់​ក្នុង​សកល​លោក។ ហេតុ​នេះ ចេរូប៊ីន​បួន​រូប​បង្ហាញ​ថា​ពួក​គេ​តំណាង​បុគ្គល​វិញ្ញាណ​ដ៏​ស្មោះ​ភក្ដី​ទាំង​អស់​ដែល​ជា​កូន​របស់​ព្រះ​យេហូវ៉ា។ សូម​កត់​សម្គាល់​ថា​នៅ​លើ​កង់​និង​ចេរូប៊ីន​មាន​ពេញ​ទៅ​ដោយ​ភ្នែក។ នេះ​បង្ហាញ​ថា​ទេវតា​ទាំង​អស់​ត្រូវ​ប្រុង​ស្មារតី​ចាំ​យាម មិន​មែន​គ្រាន់​តែ​ចេរូប៊ីន​បួន​រូប​នោះ​ទេ។ ពេល​អេសេគាល​រៀប​រាប់​អំពី​រទេះ​នោះ​ថា​ធំ​មហិមា នោះ​ធ្វើ​ឲ្យ​ចេរូប៊ីន​ដ៏​អស្ចារ្យ​មើល​ទៅ​តូច។ (​អេគ. ១:១៨, ២២; ១០:១២​) ស្រដៀង​គ្នា​ដែរ អង្គការ​របស់​ព្រះ​យេហូវ៉ា​ផ្នែក​នៅ​ស្ថាន​សួគ៌ គឺ​ធំ​ធេង​ខ្លាំង​ណាស់ មិន​គ្រាន់​តែ​មាន​ចេរូប៊ីន​បួន​រូប​ប៉ុណ្ណោះ​ទេ។

អេសេគាល​កោត​ស្ងើច​ពេល​ឃើញ​ក្នុង​គំនិត​អំពី​រទេះ​ស្ថាន​សួគ៌​របស់​ព្រះ​យេហូវ៉ា (សូម​មើល​វគ្គ​៨​-​១០)

១១. តើ​ដានីយ៉ែល​បាន​ទទួល​ការ​បើក​បង្ហាញ​អ្វី​ដែល​ស្រដៀង​គ្នា ហើយ​នាំ​ឲ្យ​យើង​សន្និដ្ឋាន​យ៉ាង​ណា?

១១ អ្វី​ដែល​ដានីយ៉ែល​ឃើញ​ក្នុង​គំនិត​អំពី​ស្ថាន​សួគ៌​ក៏​ស្រដៀង​នេះ​ដែរ។ ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​រស់​នៅ​អស់​ជា​យូរ​ឆ្នាំ​ជា​ជន​និរទេស​ក្នុង​ក្រុង​បាប៊ីឡូន ហើយ​ព្រះ​ក៏​បាន​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត​អំពី​ស្ថាន​សួគ៌​ដែរ។ គួរ​ឲ្យ​ចាប់​អារម្មណ៍ នៅ​ក្នុង​ការ​បើក​បង្ហាញ​នោះ គាត់​ឃើញ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​មាន​កង់។ អ្វី​ដែល​ដានីយ៉ែល​ឃើញ​ក្នុង​គំនិត​នោះ ផ្ដោត​ទៅ​លើ​ក្រុម​គ្រួសារ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌។ ដានីយ៉ែល​បាន​ឃើញ​បុគ្គល​វិញ្ញាណ​ដែល​ជា​កូន​របស់​ព្រះ​«​១.០០០​រូប​គុណ​នឹង​១.០០០​រូប . . . ១០.០០០​រូប​គុណ​នឹង​១០.០០០​រូប​»​ កំពុង​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ តាម​មើល​ទៅ ពួក​គេ​ម្នាក់​ៗ​អង្គុយ​តាម​កន្លែង​រៀង​ៗ​ខ្លួន​ក្នុង​តុលាការ​នៅ​ស្ថាន​សួគ៌។ (​ដាន. ៧:៩, ១០, ១៣​-​១៨​) ដូច្នេះ ជា​ការ​សម​ហេតុ​សម​ផល​ឲ្យ​យើង​សន្និដ្ឋាន​ថា​អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត ក៏​តំណាង​ការ​ជួប​ជុំ​គ្នា​របស់​បុគ្គល​វិញ្ញាណ​ដ៏​រុង​រឿង​នៅ​ស្ថាន​សួគ៌​ដែរ មែន​ទេ?

១២. ពេល​យើង​សិក្សា​ព្រឹត្តិការណ៍​ដូច​អ្វី​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​អំពី​រទេះ​ស្ថាន​សួគ៌ ហេតុ​អ្វី​នោះ​ការ​ពារ​យើង?

១២ ព្រះ​យេហូវ៉ា​ជ្រាប​ថា​យើង​នឹង​ទទួល​ការ​ការ​ពារ បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​នៅ​ស្ថាន​សួគ៌ ពោល​គឺ​«​អ្វី​ដែល​យើង​មើល​មិន​ឃើញ​»​ដូច​ប៉ូល​បាន​រៀប​រាប់។ ហេតុ​អ្វី? ព្រោះ​ជា​មនុស្ស​សាច់​ឈាម​យើង​មាន​ទំនោរ​ចិត្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​អ្វី​ដែល​យើង​មើល​ឃើញ​»​ រួម​មាន​ការ​ខ្វល់​ខ្វាយ​ខាង​រូប​កាយ ដែល​ជា​អ្វី​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ (​សូម​អាន កូរិនថូស​ទី​២ ៤:១៨) ជា​ញឹក​ញយ សាថាន​ប្រើ​ទំនោរ​ចិត្ត​របស់​យើង ដើម្បី​ជំរុញ​យើង​ឲ្យ​មាន​របៀប​គិត​គូរ​ខុស​ឆ្គង។ ដើម្បី​ជួយ​យើង​ឲ្យ​យក​ឈ្នះ​រឿង​នេះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ផ្ដល់​ឲ្យ​យើង នូវ​ព្រឹត្តិការណ៍​ដូច​អ្វី​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​អេសេគាល។ យ៉ាង​នេះ យើង​ទទួល​សេចក្ដី​រំលឹក​ដ៏​គួរ​ឲ្យ​រំភើប​អំពី​ក្រុម​គ្រួសារ​ស្ថាន​សួគ៌​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។

​«​កង់​វិល!​»​

១៣, ១៤. ​(​ក​) តើ​តាម​របៀប​ណា​អេសេគាល​រៀប​រាប់​អំពី​កង់​ដែល​គាត់​បាន​ឃើញ? (​ខ​) ហេតុ​អ្វី​ជា​ការ​ត្រឹម​ត្រូវ​ដែល​រទេះ​របស់​ព្រះ​យេហូវ៉ា​មាន​កង់?

១៣ ដំបូង​អេសេគាល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចេរូប៊ីន​ទាំង​បួន។ ក្នុង​ជំពូក​ទី​៤​នៃ​សៀវភៅ​នេះ យើង​នឹង​រៀន​អំពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ទេវតា​ទាំង​នោះ ព្រម​ទាំង​តាម​រយៈ​លក្ខណៈ​ក្រៅ​ដ៏​អស្ចារ្យ​របស់​ពួក​គេ។ អេសេគាល​បាន​ឃើញ​កង់​ទាំង​បួន​នៅ​ក្បែរ​ចេរូប៊ីន​ទាំង​នោះ។ តាម​មើល​ទៅ កង់​ទាំង​នោះ​នៅ​ជ្រុង​ទាំង​បួន​មាន​ទម្រង់​ជា​ការ៉េ​ដ៏​ធំ​មួយ។ (​សូម​អាន អេសេគាល ១:១៦​-​១៨) កង់​ទាំង​នោះ​មើល​ទៅ​ធ្វើ​ពី​ត្បូង​គ្រីសូឡែត។ ត្បូង​ដ៏​មាន​តម្លៃ​នេះ​ប្រហែល​ភ្លឺ​ថ្លា និង​មាន​ពណ៌​លឿង​ឬ​ពណ៌​លឿង​បែក​បៃតង។ ត្បូង​ដ៏​ស្រស់​ស្អាត​នេះ​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច។

១៤ អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​នេះ ផ្ដោត​សំខាន់​ទៅ​លើ​កង់​រទេះ​ដែល​នៅ​ក្រោម​បល្ល័ង្ក។ បល្ល័ង្ក​មាន​កង់! ចម្លែក​ណាស់ មែន​ទេ? តាម​ធម្មតា យើង​ប្រហែល​ជា​គិត​ថា​បល្ល័ង្ក​របស់​ស្ដេច​នៅ​តែ​មួយ​កន្លែង​ប៉ុណ្ណោះ ព្រោះ​អំណាច​គ្រប់​គ្រង​របស់​មនុស្ស​មាន​កម្រិត។ ប៉ុន្តែ ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​មិន​ដូច​ការ​គ្រប់​គ្រង​របស់​មនុស្ស​ឡើយ។ បន្តិច​ទៀត អេសេគាល​នឹង​ដឹង​ថា​អំណាច​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គ្មាន​កម្រិត​ទេ។ (​នេហ. ៩:៦​) បើ​និយាយ​ឲ្យ​ចំ​ទៅ លោក​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​ផែនដី​និង​សកល​លោក​ទាំង​មូល។

១៥. ស្ដី​អំពី​ទំហំ​និង​ទ្រង់​ទ្រាយ​របស់​កង់ តើ​អេសេគាល​បាន​កត់​សម្គាល់​អ្វី​ខ្លះ?

១៥ អេសេគាល​បាន​កោត​ស្ងើច​នឹង​ទំហំ​នៃ​កង់​ទាំង​នោះ។ គាត់​សរសេរ​ថា​៖ ​«​ខ្នង​កង់​ទាំង​នោះ​ខ្ពស់​ដល់​ម្ល៉េះ​ដែល​មើល​ទៅ​អស្ចារ្យ​ណាស់​»។ យើង​អាច​ស្រមៃ​គិត​ថា​អេសេគាល​កំពុង​សម្លឹង​មើល​ទៅ​ខ្នង​កង់​ដ៏​ភ្លឺ​ចិញ្ចាច ហើយ​ធំ​ក្រៃ​លែង​ខ្ពស់​ដល់​មេឃ។ គាត់​បាន​បញ្ជាក់​បន្ថែម​នូវ​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា​៖ ​«​ខ្នង​កង់​ទាំង​នោះ​មាន​ពេញ​ទៅ​ដោយ​ភ្នែក​»។ ប៉ុន្តែ ប្រហែល​អ្វី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត គឺ​ទ្រង់​ទ្រាយ​នៃ​កង់​ទាំង​នោះ​មិន​ធម្មតា​ទេ។ គាត់​ពន្យល់​ថា​៖ ​«​មើល​ទៅ​ក្នុង​កង់​នីមួយ​ៗ​មាន​កង់​មួយ​ទៀត​»។ តើ​នោះ​មាន​ន័យ​យ៉ាង​ណា?

១៦, ១៧. ​(​ក​) តើ​រទេះ​ដែល​មាន​កង់​នៅ​ក្នុង​កង់​បញ្ជាក់​យ៉ាង​ណា? (​ខ​) តើ​កង់​បង្ហាញ​យ៉ាង​ណា​អំពី​ចលនា​នៃ​រទេះ​របស់​ព្រះ​យេហូវ៉ា?

១៦ តាម​មើល​ទៅ កង់​នីមួយ​ៗ​ដែល​អេសេគាល​បាន​ឃើញ​មាន​កង់​ពីរ​ចូល​គ្នា គឺ​កង់​មួយ​កែង​នឹង​កង់​មួយ​ទៀត ហើយ​ឈរ​ត្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​អេសេគាល​រៀប​រាប់​អំពី​កង់​នោះ​ថា​៖ ​«​ពេល​វា​ធ្វើ​ដំណើរ វា​អាច​ទៅ​ទិស​ណា​មួយ​ក្នុង​ទិស​ដៅ​ទាំង​បួន ដោយ​មិន​ចាំ​បាច់​បត់​ទេ​»។ តើ​កង់​ទាំង​នេះ​បង្ហើប​ឲ្យ​ដឹង​យ៉ាង​ណា​អំពី​រទេះ​ស្ថាន​សួគ៌​ដែល​អេសេគាល​បាន​ឃើញ?

១៧ កង់​ដែល​មាន​កម្ពស់​ដ៏​ខ្ពស់​ទាំង​នោះ អាច​ទៅ​ឆ្ងាយ​ដោយ​គ្រាន់​តែ​វិល​មួយ​ជុំ​ប៉ុណ្ណោះ។ តាម​ពិត ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នោះ​បង្ហាញ​ថា​រទេះ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ចលនា​លឿន​ដូច​ផ្លេក​បន្ទោរ។ (​អេគ. ១:១៤​) បន្ថែម​ទៅ​ទៀត កង់​ដ៏​អស្ចារ្យ​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ទិស​ទាំង​បួន បញ្ជាក់​ថា​កង់​នេះ​មាន​ចលនា​វិសេស​ណាស់ ជា​អ្វី​ដែល​វិស្វករ​មិន​អាច​ធ្វើ​បាន​ទេ។ រទេះ​នេះ​អាច​ប្ដូរ​ទិស​ដៅ​យ៉ាង​លឿន​ដោយ​មិន​ចាំ​បាច់​បន្ថយ​ល្បឿន​ឬ​បត់​ឡើយ។ ប៉ុន្តែ រទេះ​មិន​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទិស​ដៅ​នោះ​ទេ។ ភ្នែក​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្នង​កង់​បញ្ជាក់​យ៉ាង​ច្បាស់​ថា រទេះ​របស់​ព្រះ​ដឹង​អំពី​អ្វី​ទាំង​អស់​នៅ​ជុំ​វិញ​គ្រប់​ទិស។

កង់​រទេះ​មាន​ទំហំ​ធំ​ក្រៃ​លែង​ហើយ​ធ្វើ​ដំណើរ​យ៉ាង​លឿន (សូម​មើល​វគ្គ​១៧)

១៨. តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​ទំហំ​ដ៏​អស្ចារ្យ​របស់​កង់ និង​ភ្នែក​ជា​ច្រើន​នៅ​លើ​កង់​នោះ?

១៨ តើ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​អ្វី​ដល់​អេសេគាល​និង​អ្នក​បម្រើ​ស្មោះ​ត្រង់​ទាំង​អស់​អំពី​ផ្នែក​ស្ថាន​សួគ៌​នៃ​អង្គការ​របស់​លោក? សូម​ពិចារណា​អំពី​អ្វី​ដែល​យើង​បាន​រៀន​រួច​ហើយ។ តាម​រយៈ​កង់​ដែល​ធ្វើ​ពី​ត្បូង​ដ៏​ចែង​ចាំង​និង​ទំហំ​កង់ បង្ហាញ​ថា​រទេះ​គឺ​រុង​រឿង​និង​គួរ​ឲ្យ​ស្ញប់​ស្ញែង។ តាម​រយៈ​ភ្នែក​ជា​ច្រើន​នៅ​លើ​កង់ បញ្ជាក់​ថា​រទេះ​របស់​ព្រះ​ឃើញ​អ្វី​ៗ​ទាំង​អស់​នៅ​ជុំ​វិញ។ ភ្នែក​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់​មើល​ឃើញ​អ្វី​ៗ​ទាំង​អស់។ (​សុភ. ១៥:៣; យេ. ២៣:២៤​) បន្ថែម​ទៅ​ទៀត លោក​មាន​ទេវតា​រាប់​លាន​អ្នក​ជា​អ្នក​បម្រើ​ដែល​លោក​អាច​ចាត់​ឲ្យ​ទៅ​កន្លែង​ណា​ក៏​បាន​ក្នុង​សកល​លោក។ ទេវតា​ទាំង​នោះ​សង្កេត​មើល​ហេតុ​ការណ៍​យ៉ាង​ហ្មត់​ចត់ រួច​មក​រាយ​ការណ៍​ប្រាប់​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ។—សូម​អាន ហេប្រឺ ១:១៣, ១៤

ទ្រង់​ទ្រាយ​កង់​បង្ហាញ​ថា​រទេះ​អាច​ធ្វើ​ចលនា​យ៉ាង​ល្អ​ឥត​ខ្ចោះ (សូម​មើល​វគ្គ​១៧, ១៩)

១៩. ស្ដី​អំពី​ល្បឿន​និង​ចលនា​នៃ​រទេះ​របស់​ព្រះ​យេហូវ៉ា តើ​យើង​អាច​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា​និង​អំពី​អង្គការ​ផ្នែក​ស្ថាន​សួគ៌​របស់​លោក?

១៩ បន្ថែម​ទៅ​ទៀត យើង​ឃើញ​ថា​រទេះ​របស់​ព្រះ​លឿន​ខ្លាំង​ណាស់ ហើយ​អាច​ធ្វើ​ចលនា​បម្លាស់​ទី​យ៉ាង​រហ័ស។ សូម​គិត​អំពី​ភាព​ខុស​គ្នា​រវាង​អង្គការ​ផ្នែក​ស្ថាន​សួគ៌​របស់​ព្រះ​យេហូវ៉ា និង​រដ្ឋាភិបាល ស្ថាប័ន​និង​អង្គការ​ផ្សេង​ៗ​របស់​មនុស្ស។ រដ្ឋាភិបាល​របស់​មនុស្ស​ចេះ​តែ​ដំណើរ​ការ​ដោយ​មិន​គិត​វែង​ឆ្ងាយ ហើយ​មិន​ចេះ​ប្រែ​ប្រួល​តាម​កាលៈទេសៈ។ ហេតុ​នេះ ពួក​គេ​នឹង​ជួប​អន្តរាយ ហើយ​បរាជ័យ​ទាំង​ស្រុង។ ប៉ុន្តែ រទេះ​របស់​ព្រះ​យេហូវ៉ា​ឆ្លុះ​បញ្ចាំង​យ៉ាង​ល្អ​ឥត​ខ្ចោះ អំពី​លោក​ដែល​ជា​អ្នក​បញ្ជា​រទេះ​នោះ​ថា​លោក​សម​ហេតុ​ផល ហើយ​ចេះ​បត់​បែន​តាម​ស្ថានភាព។ ដូច​នាម​របស់​លោក​បញ្ជាក់ លោក​អាច​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​ត្រូវ​ការ ដើម្បី​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​ដច. ៣:១៣, ១៤​) ជា​ឧទាហរណ៍ លោក​អាច​ក្លាយ​ទៅ​ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា ហើយ​ច្បាំង​ការពារ​រាស្ត្រ​របស់​លោក តែ​ភ្លាម​ៗ​លោក​ក៏​អាច​ក្លាយ​ទៅ​ជា​អ្នក​អភ័យ​ទោស​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អស់​អ្នក​ធ្វើ​ខុស ដែល​ប្រែ​ចិត្ត​និង​មាន​ចិត្ត​ខ្ទេច​ខ្ទាំ។ លោក​ថ្នាក់​ថ្នម​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​ធូរ​ស្បើយ​ចិត្ត​ឡើង​វិញ។—ចសព. ៣០:៥; អេ. ៦៦:១៣

២០. ហេតុ​អ្វី​យើង​គួរ​កោត​ស្ងើច​រទេះ​របស់​ព្រះ​យេហូវ៉ា?

២០ មក​ដល់​ត្រឹម​នេះ អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​ប្រហែល​ជំរុញ​ចិត្ត​យើង​ឲ្យ​សួរ​ខ្លួន​ថា​‹តើ​ខ្ញុំ​ពិត​ជា​កោត​ស្ងើច​រទេះ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?›។ យើង​ត្រូវ​ចាំ​ថា​រទេះ​របស់​ព្រះ​កំពុង​ធ្វើ​ដំណើរ​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​មិន​ចង់​ស្រមៃ​ថា ព្រះ​យេហូវ៉ា បុត្រ​របស់​លោក និង​បណ្ដា​ទេវតា មិន​អាច​មើល​ឃើញ​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ យើង​មិន​គួរ​បារម្ភ​ថា​ព្រះ​របស់​យើង​នឹង​យឺត​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង​ទេ ហើយ​យើង​ក៏​មិន​ចាំ​បាច់​ព្រួយ​ថា​អង្គការ​របស់​លោក​នឹង​មិន​ចេះ​បត់​បែន​ទៅ​តាម​ស្ថានភាព​ថ្មី​ក្នុង​ពិភព​លោក​ដែល​ចេះ​តែ​ប្រែ​ប្រួល​នោះ​ឡើយ។ ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា​អង្គការ​របស់​ព្រះ​យេហូវ៉ា​កំពុង​មាន​សកម្មភាព ហើយ​ជឿន​ទៅ​មុខ។ ការ​ពិត អេសេគាល​បាន​ឮ​សំឡេង​ពី​ស្ថាន​សួគ៌​ស្រែក​ថា​៖ ​«​កង់​វិល!​»។ តាម​មើល​ទៅ​ជា​បញ្ជា​ឲ្យ​កង់​រទេះ​ចាប់​ផ្ដើម​ធ្វើ​ចលនា​ទៅ​មុខ។ (​អេគ. ១០:១៣​) ពេល​យើង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បញ្ជា​អង្គការ​របស់​លោក គឺ​អស្ចារ្យ​ណាស់ មែន​ទេ? ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ស្ញប់​ស្ញែង​បំផុត​គឺ​ព្រះ​យេហូវ៉ា​ផ្ទាល់។

បុគ្គល​ដែល​ជា​អ្នក​បញ្ជា

២១, ២២. តើ​យើង​អាច​ពន្យល់​យ៉ាង​ណា​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ផ្នែក​ផ្សេង​ៗ​នៃ​រទេះ​ជាប់​គ្នា?

២១ ឥឡូវ​អេសេគាល​ផ្ដោត​អារម្មណ៍​ទៅ​ផ្នែក​ខាង​លើ​កង់​វិញ​ម្ដង ហើយ​គាត់​ឃើញ​«​កម្រាល​មួយ​ភ្លឺ​រលោង​ដូច​ជា​ផ្ទាំង​ទឹក​កក​»។ (​អេគ. ១:២២​) កម្រាល​នោះ​លាត​សន្ធឹង​នៅ​លើ​ក្បាល​ចេរូប៊ីន ហើយ​ថ្លា​ភ្លឺ​ត្រចះ។ ប៉ុន្តែ​មក​ដល់​ត្រឹម​នេះ អ្នក​អាន​ដែល​យល់​អំពី​ដំណើរ​ការ​នៃ​ម៉ាស៊ីន​ប្រហែល​មាន​សំណួរ​ច្រើន​អំពី​រទេះ​នេះ។ ជា​ឧទាហរណ៍ ពួក​គេ​ប្រហែល​ឆ្ងល់​ថា​‹តើ​អ្វី​ទប់​កម្រាល​ឲ្យ​នៅ​នឹង​លើ​កង់​ទាំង​នោះ? តើ​តាម​របៀប​ណា​កង់​អាច​វិល​បាន​ដោយ​គ្មាន​ភ្លៅ​រទេះ​ជាប់​ជា​មួយ?›។ សូម​ចាំ​ថា​រទេះ​របស់​ព្រះ​មិន​មែន​ត្រូវ​កាន់​កាប់​ដោយ​ច្បាប់​ធម្មជាតិ​នោះ​ទេ ព្រោះ​រ​ទះ​នោះ​ជា​និមិត្តរូប​តំណាង​ឲ្យ​អ្វី​ដែល​មាន​ពិត​ប្រាកដ​នៅ​ស្ថាន​សួគ៌។ សូម​កត់​សម្គាល់​ផង​ដែរ​នូវ​ពាក្យ​សំខាន់​ទាំង​នេះ ដែល​ថា​៖ ​«​ឫទ្ធានុភាព​របស់​ព្រះ​ដឹក​នាំ​ពួក​គេ​និង​កង់​ទាំង​នោះ​»។ (​អេគ. ១:២០, ២១​) តើ​ឫទ្ធានុភាព​ដែល​ដឹក​នាំ​ចេរូប៊ីន​និង​កង់​ទាំង​នោះ​ជា​អ្វី?

២២ ច្បាស់​ណាស់ ឫទ្ធានុភាព​នោះ​គឺ​ជា​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ថាមពល​ខ្លាំង​ក្លា​បំផុត​ក្នុង​សកល​លោក។ ឫទ្ធានុភាព​នោះ​ធ្វើ​ឲ្យ​ផ្នែក​ផ្សេង​ៗ​នៃ​រទេះ​ជាប់​គ្នា ហើយ​ផ្ដល់​ថាមពល​ដល់​រទេះ​នោះ ព្រម​ទាំង​កាន់​កាប់​ចលនា​រទេះ​ដែល​ស៊ី​ចង្វាក់​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ដោយ​យល់​អំពី​ចំណុច​នេះ សូម​យើង​តាម​ដាន​ជា​មួយ​អេសេគាល កាល​ដែល​គាត់​សម្លឹង​មើល​បុគ្គល​ដែល​បញ្ជា​រទេះ​នោះ។

អេសេគាល​ខំ​រក​ពាក្យ​ដើម្បី​រៀប​រាប់​អ្វី​ដែល​គាត់​បាន​ឃើញ​ជា​អ្វី​ដែល​ពិបាក​ពណ៌នា

២៣. តើ​អេសេគាល​បាន​ប្រើ​ពាក្យ​អ្វី​ខ្លះ​ដើម្បី​ព្យាយាម​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា ហើយ​ហេតុ​អ្វី?

២៣ សូម​អាន អេសេគាល ១:២៦​-​២៨ពេល​អេសេគាល​រៀប​រាប់​ការ​បើក​បង្ហាញ​នេះ ជា​ញឹក​ញយ​គាត់​ប្រើ​ពាក្យ​«​មើល​ទៅ​ដូច​ជា​»​ ​«​ឃើញ​អ្វី​មួយ​ដូច​ជា​»​ និង​«​មាន​ទ្រង់​ទ្រាយ​ដូច​ជា​»។ ប៉ុន្តែ​ក្នុង​ខ​ទាំង​ប៉ុន្មាន​នេះ គាត់​ប្រើ​ពាក្យ​ទាំង​នេះ​ច្រើន​ជាង។ តាម​មើល​ទៅ គាត់​ព្យាយាម​ខំ​រក​ពាក្យ ដើម្បី​រៀប​រាប់​អ្វី​ដែល​គាត់​បាន​ឃើញ ព្រោះ​អ្វី​ទាំង​នោះ​ពិបាក​រៀប​រាប់​ខ្លាំង​ណាស់។ គាត់​ឃើញ​«​អ្វី​មួយ​ដូច​ជា​ត្បូង​កណ្ដៀង ហើយ​មាន​ទ្រង់​ទ្រាយ​ដូច​ជា​បល្ល័ង្ក​មួយ​»។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​បល្ល័ង្ក​មួយ​ដែល​បាន​ត្រូវ​ដាប់​ពី​ត្បូង​កណ្ដៀង​ដ៏​ធំ​មាន​ពណ៌​ខៀវ​ស្រងាត់​ឬ​ទេ? នៅ​លើ​បល្ល័ង្ក​នោះ​ឃើញ​មាន​បុគ្គល​ម្នាក់​កំពុង​អង្គុយ។ បុគ្គល​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​នោះ​«​មើល​ទៅ​ដូច​ជា​មនុស្សជាតិ​»។

២៤, ២៥. ​(​ក​) តើ​ឥន្ទធនូ​ដែល​នៅ​ជុំ​វិញ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​រំលឹក​យើង​អំពី​អ្វី? (​ខ​) តើ​តាម​របៀប​ណា​ការ​បើក​បង្ហាញ​ដូច​នេះ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​អស់​អ្នក​ដែល​មាន​ជំនឿ?

២៤ អេសេគាល​មិន​ឃើញ​សណ្ឋាន​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ច្បាស់​ទេ ព្រោះ​លោក​បញ្ចេញ​ពន្លឺ​ចិញ្ចាច​ចិញ្ចែង​ពី​ចង្កេះ​ឡើង​លើ​និង​ពី​ចង្កេះ​ចុះ​ក្រោម។ យើង​អាច​ស្រមៃ​ឃើញ​អេសេគាល​បើក​ភ្នែក​ព្រឹម​ៗ ហើយ​យក​ដៃ​មក​បាំង​ភ្នែក​គាត់ កាល​ដែល​គាត់​មើល​ទៅ​សណ្ឋាន​ដ៏​រុង​រឿង​នោះ។ បន្ទាប់​មក គាត់​ឃើញ​អ្វី​ដ៏​អស្ចារ្យ ហើយ​គាត់​រៀប​រាប់​ថា​៖ ​«​នៅ​ជុំ​វិញ​បុគ្គល​នោះ​មាន​រស្មី​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ដូច​ជា​ឥន្ទធនូ​ក្នុង​ពពក​ពេល​ភ្លៀង​»។ ពេល​ដែល​អ្នក​ឃើញ​ឥន្ទធនូ តើ​អ្នក​រំភើប​ចិត្ត​ទេ? ឥន្ទធនូ​រំលឹក​យើង​អំពី​សិរី​រុង​រឿង​របស់​ព្រះ​ជា​អ្នក​បង្កើត​យើង។ ឥន្ទធនូ​ដែល​មាន​ពណ៌​ចម្រុះ​ស្រស់​ស្អាត ក៏​ប្រហែល​រំលឹក​យើង​អំពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ក្រោយ​ពី​ទឹក​ជំនន់។ (​ដក. ៩:១១​-​១៦​) ទោះ​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត​ក៏​ដោយ លោក​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត។ (​ហេ. ១៣:២០​) លោក​មាន​សេចក្ដី​សុខ​សាន្ត​ពេញ​ក្នុង​ចិត្ត ហើយ​លោក​ក៏​ឲ្យ​អ្នក​ដែល​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​មាន​សេចក្ដី​សុខ​សាន្ត​ដែរ។

ឥន្ទធនូ​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​ជុំ​វិញ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​រំលឹក​យើង​ថា យើង​បម្រើ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត (សូម​មើល​វគ្គ​២៤)

២៥ តើ​ការ​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អេសេគាល? គាត់​បាន​កត់​ទុក​អំពី​នោះ​ថា​៖ ​«​ពេល​ឃើញ​ភ្លាម ខ្ញុំ​ក៏​ក្រាប​មុខ​ចុះ​»។ ដោយ​សារ​គាត់​ស្ញប់​ស្ញែង ហើយ​កោត​ខ្លាច​ព្រះ គាត់​ក៏​ក្រាប​ដល់​ដី។ អ្នក​ប្រកាស​ទំនាយ​ឯ​ទៀត​ក៏​មាន​ប្រតិកម្ម​ស្រដៀង​គ្នា​ដែរ ពេល​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ពួក​គាត់​ឃើញ​ក្នុង​គំនិត។ បទ​ពិសោធន៍​នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ពួក​គាត់​ភ័យ​តក់​ស្លុត និង​មាន​ចិត្ត​រាប​ទាប​ជា​ខ្លាំង។ (​អេ. ៦:១​-​៥; ដាន. ១០:៨, ៩; បប. ១:១២​-​១៧​) ប៉ុន្តែ​ក្រោយ​មក ពួក​បុរស​ទាំង​នោះ​បាន​ទទួល​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​ឲ្យ​ពួក​គាត់​ឃើញ។ អេសេគាល​ច្បាស់​ជា​មាន​អារម្មណ៍​ដូច​នេះ​ដែរ។ ចុះ​យើង​វិញ ពេល​យើង​អាន​កំណត់​ហេតុ​ដូច​នោះ តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា?

២៦. តើ​តាម​របៀប​ណា​អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​ពង្រឹង​កម្លាំង​ចិត្ត​គាត់?

២៦ បើ​អេសេគាល​ខ្វល់​ចិត្ត​ឬ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​របស់​រាស្ត្រ​ព្រះ​នៅ​ស្រុក​បាប៊ីឡូន នោះ​អ្វី​ដែល​គាត់​ឃើញ​ក្នុង​គំនិត​ច្បាស់​ជា​ពង្រឹង​កម្លាំង​ចិត្ត​គាត់​ណាស់។ មិន​ថា​រាស្ត្រ​ស្មោះ​ត្រង់​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម ស្រុក​បាប៊ីឡូន ឬ​កន្លែង​ណា​ក៏​ដោយ នោះ​មិន​សំខាន់​ទេ។ ព្រោះ​រទេះ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ពួក​គេ​ទាំង​អស់។ គឺ​ពិត​ជា​គ្មាន​អំណាច​ណា​មក​ពី​សាថាន​អាច​ប្រឆាំង​នឹង​ព្រះ​ដែល​ជា​អ្នក​បញ្ជា​អង្គការ​ស្ថាន​សួគ៌​ដ៏​រុង​រឿង​បែប​នោះ​ទេ មែន​ទេ? (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៨:៦) អេសេគាល​ក៏​ឃើញ​ដែរ​ថា​រទេះ​ស្ថាន​សួគ៌​នៅ​មិន​ឆ្ងាយ​ពី​មនុស្សជាតិ​ឡើយ ព្រោះ​កង់​រទេះ​ប៉ះ​ដី​តែ​ម្ដង! (​អេគ. ១:១៩​) ដូច្នេះ ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​រាស្ត្រ​ស្មោះ​ត្រង់​របស់​លោក​ដែល​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន។ ព្រះ​យេហូវ៉ា​តែង​តែ​មើល​ថែ​ពួក​គេ​ដោយ​សេចក្ដី​ស្រឡាញ់!

តើ​រទេះ​ព្រះ​ទាក់​ទង​នឹង​អ្នក​យ៉ាង​ណា?

២៧. តើ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​យើង​សព្វ​ថ្ងៃ?

២៧ តើ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​មាន​អត្ថន័យ​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ​ទេ? ពិត​ជា​មាន​មែន! សូម​ចាំ​ថា​សាថាន​កំពុង​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​មក​លើ​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា។ វា​ចូល​ចិត្ត​ធ្វើ​ឲ្យ​យើង​ជឿ​ថា​យើង​នៅ​តែ​ម្នាក់​ឯង​គ្មាន​ទី​ពឹង ហើយ​មិន​អាច​ទទួល​ជំនួយ​ពី​បិតា​ស្ថាន​សួគ៌​របស់​យើង និង​ពី​អង្គការ​របស់​លោក​បាន​ឡើយ។ សូម​កុំ​ឲ្យ​ពាក្យ​ភូត​ភរ​នេះ​ដក់​ជាប់​ក្នុង​ចិត្ត​និង​គំនិត​របស់​អ្នក​ឲ្យ​សោះ។ (​ចសព. ១៣៩:៧​-​១២​) ដូច​អេសេគាល​ដែរ មាន​ហេតុ​ជា​ច្រើន​ឲ្យ​យើង​កោត​ស្ញប់​ស្ញែង យើង​ប្រហែល​មិន​ក្រាប​មុខ​ដល់​ដី​ដូច​គាត់​នោះ​ទេ។ ប៉ុន្តែ យើង​ច្បាស់​ជា​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់ ដោយ​សារ​ថាមពល ល្បឿន ចលនា ការ​ចេះ​បត់​បែន និង​សិរី​រុង​រឿង​នៃ​អង្គការ​សកល​លោក​ផ្នែក​ស្ថាន​សួគ៌​របស់​ព្រះ​យេហូវ៉ា។

២៨, ២៩. តើ​អ្វី​បង្ហាញ​ថា​រទេះ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​លឿន​ក្នុង​អំឡុង​មួយ​សតវត្សរ៍​កន្លង​ទៅ​នេះ?

២៨ សូម​ចាំ​ថា​អង្គការ​របស់​ព្រះ​យេហូវ៉ា​ក៏​មាន​ផ្នែក​នៅ​ផែនដី​ដែរ។ ផ្នែក​នៅ​ផែនដី​បាន​ត្រូវ​ចាត់​ចែង​ដោយ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សូម​គិត​អំពី​អ្វី​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច។ នៅ​ទូទាំង​ពិភព​លោក ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​គេ​មិន​អាច​ធ្វើ​ដោយ​សមត្ថភាព​ខ្លួន​ឯង។ (​យ៉ូន. ១៤:១២​) ពេល​យើង​អាន​សៀវភៅ​រាជាណាចក្រ​របស់​ព្រះ យើង​នឹង​ឃើញ​ទំហំ​នៃ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ធំ​អស្ចារ្យ​ប៉ុន​ណា​ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​នេះ។ បន្ថែម​ទៅ​ទៀត យើង​ប្រហែល​នឹក​ឃើញ​ការ​ជឿន​ទៅ​មុខ​យ៉ាង​លឿន​របស់​អង្គការ​ព្រះ​យេហូវ៉ា ក្នុង​ការ​អប់រំ​គ្រិស្ត​សាសនិក​ពិត ការ​មាន​ជ័យ​ជម្នះ​ខាង​ច្បាប់ និង​ការ​ប្រើ​បច្ចេកវិទ្យា​ថ្មី​ៗ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។

២៩ ស្ដី​អំពី​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​ដ៏​ខូច​អាក្រក់​នេះ ពេល​យើង​ពិចារណា​សមិទ្ធផល​ទាំង​អស់ យើង​ឃើញ​ច្បាស់​ថា​រទេះ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​លឿន។ យើង​ពិត​ជា​មាន​កិត្តិយស​ខ្ពង់​ខ្ពស់​ណាស់ ដែល​អាច​រួម​ចំណែក​ក្នុង​អង្គការ​នេះ ហើយ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។—ចសព. ៨៤:១០

អង្គការ​ព្រះ​យេហូវ៉ា​ផ្នែក​នៅ​ផែនដី​កំពុង​ជឿន​ទៅ​មុខ (សូម​មើល​វគ្គ​២៨, ២៩)

៣០. តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​ជំពូក​បន្ទាប់?

៣០ យើង​មាន​អ្វី​ច្រើន​ទៀត​ដែល​អាច​រៀន ពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។ ក្នុង​ជំពូក​បន្ទាប់ យើង​នឹង​ពិចារណា​ថែម​ទៀត​អំពី​ចេរូប៊ីន​ដែល​ជា​បុគ្គល​វិញ្ញាណ​ដ៏​អស្ចារ្យ​ទាំង​បួន​រូប។ តាម​រយៈ​ពួក​គេ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​រុង​រឿង​និង​ឧត្ដម​បំផុត​របស់​យើង?

^ វគ្គ 1 លោហៈ​នេះ​ជា​មាស​លាយ​ប្រាក់។

^ វគ្គ 5 នេះ​ជា​ចម្ងាយ​ផ្លូវ​ត្រង់ តែ​ផ្លូវ​ដែល​ជន​និរទេស​ប្រហែល​ជា​ធ្វើ​ដំណើរ​គឺ​មាន​ចម្ងាយ​ឆ្ងាយ​ជាង​ជិត​ពីរ​ដង។