លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី៦

«អ្នកមកដល់ទីបញ្ចប់ហើយ!»

«អ្នកមកដល់ទីបញ្ចប់ហើយ!»

អេសេគាល ៧:៣

គោល​ចំណុច: របៀប​ដែល​ការ​វិនិច្ឆ័យ​ទាស់​នឹង​ក្រុង​យេរូសាឡិម​ដែល​ព្រះ​យេហូវ៉ា​ប្រកាស​ទុក​ជា​មុន​បាន​កើត​ឡើង

១, ២. ​(​ក​) តើ​អេសេគាល​មាន​ការ​ប្រព្រឹត្ត​ដ៏​ចម្លែក​អ្វី​ខ្លះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​ការ​ប្រព្រឹត្ត​ទាំង​នោះ​បង្ហាញ​ទុក​ជា​មុន​អំពី​អ្វី?

អេសេគាល​ជា​អ្នក​ប្រកាស​ទំនាយ​មាន​ការ​ប្រព្រឹត្ត​ដ៏​ចម្លែក ដំណឹង​អំពី​នោះ​បាន​ឮ​យ៉ាង​លឿន​ទៅ​ដល់​បណ្ដា​ជន​យូដា​ដែល​ជាប់​ជា​ឈ្លើយ​ជា​មួយ​គាត់​នៅ​ស្រុក​បាប៊ីឡូន។ អស់​មួយ​សប្ដាហ៍ គាត់​បាន​អង្គុយ​ធ្មឹង ហើយ​មិន​និយាយ​ស្ដី​អ្វី​ឡើយ។ ប៉ុន្តែ ក្រោយ​មក​គាត់​ស្រាប់​តែ​ក្រោក​ឡើង ហើយ​ចូល​ក្នុង​ផ្ទះ រួច​បិទ​ទ្វារ។ កាល​ដែល​ពួក​អ្នក​ជិត​ខាង​កំពុង​មើល​គាត់​ទាំង​ងឿង​ឆ្ងល់ គាត់​ក៏​បាន​ចេញ​មក​វិញ រួច​យក​ដុំ​ឥដ្ឋ​មួយ​ដាក់​នៅ​មុខ​គាត់ ហើយ​ឆ្លាក់​រូប​ក្រុង​យេរូសាឡិម​នៅ​លើ​នោះ។ បន្ទាប់​មក ដោយ​មិន​និយាយ​អ្វី​សោះ គាត់​បាន​ចាប់​ផ្ដើម​ដាំ​បង្គោល​របង​ព័ទ្ធ​ជុំ​វិញ​ដុំ​ឥដ្ឋ​នោះ។—អេគ. ៣:១០, ១១, ១៥, ២៤​-​២៦; ៤:១, ២

តាម​មើល​ទៅ ពួក​អ្នក​ដែល​ឈរ​មើល​គាត់​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង ហើយ​ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា​‹ការ​ទាំង​នោះ​មាន​ន័យ​អ្វី?›។ ដំបូង បណ្ដា​ជន​យូដា​ដែល​ជាប់​ជា​ឈ្លើយ មិន​បាន​យល់​យ៉ាង​ច្បាស់​អំពី​ការ​ប្រព្រឹត្ត​ដ៏​ចម្លែក​របស់​អេសេគាល​ទេ។ លុះ​ក្រោយ​មក ទើប​ពួក​គេ​បាន​យល់​យ៉ាង​ច្បាស់​ថា​ការ​ប្រព្រឹត្ត​នោះ គឺ​ជា​ការ​បង្ហាញ​ទុក​ជា​មុន​អំពី​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​តក់​ស្លុត​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ ពោល​គឺ​ការ​បង្ហាញ​សេចក្ដី​ក្រោធ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ តើ​នោះ​ជា​ព្រឹត្តិការណ៍​អ្វី? តើ​ព្រឹត្តិការណ៍​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ប្រជាជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ? តើ​ព្រឹត្តិការណ៍​នោះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក​គោរព​ប្រណិប័តន៍​ពិត​នៅ​សព្វ​ថ្ងៃ​នេះ?

«​ចូរ​យក​ដុំ​ឥដ្ឋ​មួយ . . . ស្រូវ​សាលី . . . និង​ដាវ​មុត​ស្រួច​មួយ​»​

៣, ៤. ​(​ក​) តើ​អេសេគាល​បាន​បង្ហាញ​ទិដ្ឋភាព​បី​អ្វី​ខ្លះ​នៃ​ការ​វិនិច្ឆ័យ​របស់​ព្រះ? (​ខ​) ស្ដី​អំពី​ការ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម តើ​អេសេគាល​បាន​សម្ដែង​យ៉ាង​ដូច​ម្ដេច?

ប្រហែល​នៅ​ឆ្នាំ​៦១៣ មុន​គ.ស. ព្រះ​យេហូវ៉ា​បាន​បង្គាប់​អេសេគាល​ឲ្យ​ធ្វើ​ការ​សម្ដែង​អំពី​ទិដ្ឋភាព​បី​នៃ​ការ​វិនិច្ឆ័យ​របស់​ព្រះ​ដែល​នឹង​មក​ដល់ ទាស់​នឹង​ក្រុង​យេរូសាឡិម គឺ​ការ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម ការ​រង​ទុក្ខ​វេទនា​របស់​អ្នក​ក្រុង​នោះ និង​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​និង​បណ្ដា​ជន​នៅ​ក្រុង​នោះ។ * ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​ទិដ្ឋភាព​ទាំង​បី​នោះ​យ៉ាង​ល្អិត​ល្អន់​ជាង។

ការ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម។ ព្រះ​យេហូវ៉ា​បង្គាប់​អេសេគាល​ថា​៖ ​«​ចូរ​យក​ដុំ​ឥដ្ឋ​មួយ​មក​ដាក់​នៅ​មុខ​អ្នក . . . ចូរ​ត្រៀម​វាយ​ប្រហារ​ក្រុង​នេះ​»។ (​សូម​អាន អេសេគាល ៤:១​-​៣) ដុំ​ឥដ្ឋ​នោះ​តំណាង​ឲ្យ​ក្រុង​យេរូសាឡិម ហើយ​អេសេគាល​តំណាង​ឲ្យ​កង​ទ័ព​បាប៊ីឡូន​ដែល​ព្រះ​យេហូវ៉ា​ប្រើ។ អេសេគាល​ក៏​បាន​ត្រូវ​បង្គាប់​ឲ្យ​ដោត​ឈើ​ជុំ​វិញ ពូន​ដី ហើយ​ធ្វើ​គ្រឿង​បុក​ទម្លាយ រួច​គាត់​ដាក់​នៅ​ជុំ​វិញ​ដុំ​ឥដ្ឋ​នោះ។ អ្វី​ទាំង​នោះ​តំណាង​ឲ្យ​យុទ្ធសាស្ត្រ​ដែល​សត្រូវ​នឹង​ប្រើ ពេល​ដែល​ឡោម​ព័ទ្ធ​និង​វាយ​ប្រហារ​ក្រុង​យេរូសាឡិម។ ដើម្បី​បញ្ជាក់​ថា​ទ័ព​របស់​សត្រូវ​មាន​កម្លាំង​ខ្លាំង​ដូច​ដែក អេសេគាល​បាន​យក​«​ខ្ទះ​ដែក​»​ឬ​បន្ទះ​ដែក​មក​ដាក់​នៅ​រវាង​គាត់​និង​ទី​ក្រុង រួច​គាត់​«​សម្លឹង​មើល​ទៅ​»​ក្រុង​នោះ។ សកម្មភាព​ទាស់​ប្រឆាំង​ទាំង​នោះ ​«​ជា​សញ្ញា​សម្គាល់​ដល់​ពូជ​ពង្ស​អ៊ីស្រាអែល​»​អំពី​ព្រឹត្តិការណ៍​ដ៏​ស្មាន​មិន​ដល់​ដែល​ហៀប​នឹង​កើត​ឡើង។ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ទ័ព​សត្រូវ​ឲ្យ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម​ជា​ក្រុង​ដ៏​សំខាន់​របស់​រាស្ត្រ​ព្រះ ពោល​គឺ​ទី​តាំង​នៃ​វិហារ​របស់​លោក!

៥. សូម​រៀប​រាប់​អំពី​របៀប​ដែល​អេសេគាល​បង្ហាញ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​អ្នក​ក្រុង​យេរូសាឡិម។

ការ​រង​ទុក្ខ​វេទនា​របស់​អ្នក​ក្រុង​យេរូសាឡិម។ ព្រះ​យេហូវ៉ា​បង្គាប់​អេសេគាល​ថា​៖ ​«​អ្នក​ត្រូវ​យក​អង្ករ​ស្រូវ​សាលី ស្រូវ​បាលី ស្រូវ​មីឡេត និង​ស្រូវ​សាលី​មួយ​ប្រភេទ​ទៀត . . . ធ្វើ​ជា​នំ​ប៉័ង​»​ ហើយ​«​ជា​រៀង​រាល់​ថ្ងៃ អ្នក​ត្រូវ​ថ្លឹង​នំ​ប៉័ង​ទម្ងន់​២០​ហ្សេគិល​សម្រាប់​បរិភោគ​»។ រួច​ព្រះ​យេហូវ៉ា​ពន្យល់​ថា​៖ ​«​ខ្ញុំ​នឹង​ផ្ដាច់​ស្បៀង​អាហារ​ពី​ក្រុង​យេរូសាឡិម​»។ (​អេគ. ៤:៩​-​១៦​) នៅ​ក្នុង​ការ​សម្ដែង​នេះ អេសេគាល​លែង​តំណាង​ឲ្យ​ទ័ព​បាប៊ីឡូន​ទៀត​ហើយ តែ​តំណាង​ឲ្យ​អ្នក​ក្រុង​យេរូសាឡិម​វិញ​ម្ដង។ សកម្មភាព​ទាំង​នោះ​របស់​អេសេគាល​បង្ហាញ​ទុក​ជា​មុន​ថា ការ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម​ដែល​មាន​នៅ​ពេល​ខាង​មុខ នឹង​នាំ​ឲ្យ​មាន​ការ​ខ្វះ​ខាត​ស្បៀង​អាហារ។ នៅ​គ្រា​នោះ នំ​ប៉័ង​នឹង​ត្រូវ​ធ្វើ​ឡើង​ពី​គ្រឿង​ផ្សេង​ៗ​លាយ​ចូល​គ្នា។ នោះ​បញ្ជាក់​ថា​បណ្ដា​ជន​នឹង​បរិភោគ​អ្វី​ក៏​ដោយ ដែល​ពួក​គេ​រក​បាន។ តើ​ការ​អត់​ឃ្លាន​នោះ​នឹង​ធ្ងន់​ធ្ងរ​ដល់​កម្រិត​ណា? យើង​នឹង​ដឹង​ចម្លើយ​តាម​រយៈ​ពាក្យ​សម្ដី​របស់​អេសេគាល ដែល​ប្រៀប​ដូច​ជា​និយាយ​ដោយ​ផ្ទាល់​ទៅ​កាន់​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ​«​ឪពុក​នឹង​ស៊ី​សាច់​កូន​ខ្លួន ហើយ​កូន​ក៏​ស៊ី​សាច់​ឪពុក​ខ្លួន​ដែរ​»។ នៅ​ទី​បំផុត មនុស្ស​ជា​ច្រើន​នឹង​រង​ទុក្ខ​ដោយ​ការ​អត់​ឃ្លាន​ដែល​«​ប្រៀប​ដូច​ជា​ព្រួញ​យ៉ាង​មុត​»​ ហើយ​ពួក​គេ​នឹង​«​ខ្សោយ​ទៅ​ៗ​»។—អេគ. ៤:១៧; ៥:១០, ១៦

៦. ​(​ក​) នៅ​ពេល​ដំណាល​គ្នា តើ​អេសេគាល​ដើរ​តួ​ពីរ​អ្វី? (​ខ​) តើ​បង្គាប់​របស់​ព្រះ​ឲ្យ​«​ថ្លឹង​»​សក់ ​«​រួច​ចែក​»​ជា​ចំណែក​ៗ​បញ្ជាក់​អំពី​អ្វី?

ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​និង​អ្នក​ក្រុង​នោះ។ ក្នុង​ផ្នែក​នេះ​នៃ​ការ​សម្ដែង​ដែល​ជា​ទំនាយ អេសេគាល​បាន​ដើរ​តួ​ពីរ​ក្នុង​ពេល​ដំណាល​គ្នា។ តួ​ទី​១ អេសេគាល​សម្ដែង​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ។ ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ ​«​ចូរ​យក​ដាវ​មុត​មួយ​មក​ប្រើ​ដូច​ជា​កាំបិត​កោរ​របស់​ជាង​កាត់​សក់​»។ (​សូម​អាន អេសេគាល ៥:១, ២) ដៃ​អេសេគាល​ដែល​វ័ធ​ដាវ​តំណាង​ឲ្យ​ដៃ​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​ការ​វិនិច្ឆ័យ​របស់​លោក​តាម​រយៈ​កង​ទ័ព​បាប៊ីឡូន។ តួ​ទី​២ អេសេគាល​សម្ដែង​អំពី​អ្វី​ដែល​ជនជាតិ​យូដា​នឹង​ឆ្លង​កាត់។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​អ្នក​ត្រូវ​កោរ​សក់​និង​ពុក​ចង្កា​របស់​ខ្លួន​»។ ការ​កោរ​សក់​របស់​អេសេគាល​តំណាង​ឲ្យ​របៀប​ដែល​ជនជាតិ​យូដា​នឹង​ត្រូវ​វាយ​ប្រហារ ហើយ​ត្រូវ​បំផ្លាញ​ចោល។ បន្ថែម​ទៅ​ទៀត លោក​បាន​បង្គាប់​ឲ្យ​យក​សក់​ទាំង​នោះ​ទៅ​«​ថ្លឹង រួច​ចែក​ជា​បី​ចំណែក​»។ នេះ​បញ្ជាក់​ថា​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​ក្រុង​យេរូសាឡិម​នឹង​កើត​ឡើង​មិន​មែន​ដោយ​ចៃដន្យ​ទេ តែ​ដោយ​មាន​គោល​បំណង​ជាក់​លាក់ និង​កើត​ឡើង​យ៉ាង​សព្វ​គ្រប់។

៧. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ប្រាប់​អេសេគាល​ឲ្យ​ចែក​សក់​ជា​បី​ចំណែក ហើយ​ឲ្យ​ប្រើ​វិធី​ខុស​គ្នា​ទៅ​លើ​ចំណែក​នីមួយ​ៗ​?

 ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ប្រាប់​អេសេគាល​ឲ្យ​ចែក​សក់​ដែល​គាត់​កោរ​នោះ​ទៅ​ជា​បី​ចំណែក ហើយ​ប្រើ​វិធី​ខុស​គ្នា​ទៅ​លើ​ចំណែក​នីមួយ​ៗ​? (​សូម​អាន អេសេគាល ៥:៧​-​១២) អេសេគាល​បាន​ដុត​សក់​មួយ​ចំណែក​របស់​គាត់​«​នៅ​ក្នុង​ក្រុង​យេរូសាឡិម​»​ ដើម្បី​បង្ហាញ​ដល់​អ្នក​ដែល​មើល​គាត់​ថា អ្នក​ក្រុង​យេរូសាឡិម​ខ្លះ​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​ក្រុង។ សក់​មួយ​ចំណែក​ទៀត អេសេគាល​យក​មក​កាត់​ដោយ​ដាវ​«​នៅ​ជុំ​វិញ​ក្រុង​នោះ​»​ដើម្បី​បញ្ជាក់​ថា​អ្នក​ឯ​ទៀត​នឹង​ត្រូវ​សម្លាប់​នៅ​ក្រៅ​ទី​ក្រុង។ ឯ​សក់​ជា​ចំណែក​ចុង​ក្រោយ គាត់​យក​ទៅ​រោយ​ឲ្យ​រសាត់​តាម​ខ្យល់ ដើម្បី​បង្ហាញ​ថា​អ្នក​ក្រុង​ខ្លះ​ទៀត​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា តែ​«​ដាវ​»​នឹង​«​ដេញ​តាម​ពួក​គេ​»។ ហេតុ​នេះ ពួក​អ្នក​រួច​ជីវិត​ដែល​ខ្ចាត់​ខ្ចាយ​ទៅ​នៅ​កន្លែង​ផ្សេង​ៗ​នឹង​គ្មាន​សេចក្ដី​សុខ​សាន្ត​ទេ។

៨. ​(​ក​) តើ​ការ​សម្ដែង​របស់​អេសេគាល​ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី? (​ខ​) តើ​ពាក្យ​ទំនាយ​អំពី​«​សក់​ខ្លះ​»​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

ការ​សម្ដែង​ជា​ទំនាយ​ដែល​អេសេគាល​បង្ហាញ ក៏​ផ្ដល់​សេចក្ដី​សង្ឃឹម​ដែរ។ ស្ដី​អំពី​សក់​ដែល​អេសេគាល​បាន​កោរ ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ថា​៖ ​«​អ្នក​ត្រូវ​យក​សក់​ខ្លះ . . . មក​រុំ​នៅ​ក្នុង​ថ្នក់​អាវ​របស់​អ្នក​»។ (​អេគ. ៥:៣​) បង្គាប់​នេះ​បញ្ជាក់​ថា​ពួក​យូដា​ខ្លះ​ដែល​ខ្ចាត់​ខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​នឹង​រួច​ជីវិត។ ពួក​យូដា​មួយ​ចំនួន​ដែល​ជា​ជន​និរទេស​ពី​ចំណោម​អស់​អ្នក​ដែល​ប្រៀប​ដូច​ជា​«​សក់​ខ្លះ​»​ នឹង​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ ក្រោយ​ពី​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន​អស់​រយៈ​ពេល​៧០​ឆ្នាំ។ (​អេគ. ៦:៨, ៩; ១១:១៧​) តើ​ទំនាយ​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ឬ​ទេ? គឺ​ក្លាយ​ជា​ការ​ពិត​មែន។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​រួច​ផុត​ពី​ការ​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ហាកាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​រៀប​រាប់​ថា​ជនជាតិ​យូដា​ខ្លះ​ដែល​បាន​ខ្ចាត់​ខ្ចាយ​ពិត​ជា​បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម​មែន។ ពួក​គេ​ជា​«​បុរស​វ័យ​ចាស់ ដែល​ធ្លាប់​ឃើញ​វិហារ​ព្រះ​កាល​ពី​មុន​»​ ពោល​គឺ​វិហារ​ដែល​សាឡូម៉ូន​បាន​សាង​សង់។ (​អែស. ៣:១២; ហាក. ២:១​-​៣​) ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នៅ​គង់​វង្ស​ដូច​ដែល​លោក​បាន​សន្យា។ ព័ត៌មាន​បន្ថែម​អំពី​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ នឹង​ត្រូវ​ពិចារណា​នៅ​ក្នុង​ជំពូក​ទី​៩​នៃ​សៀវភៅ​នេះ។—អេគ. ១១:១៧​-​២០

តាម​រយៈ​ទំនាយ​នេះ តើ​យើង​ដឹង​អ្វី​ខ្លះ អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ?

៩, ១០. តើ​ការ​សម្ដែង​របស់​អេស​គា​ល រំលឹក​យើង​អំពី​ព្រឹត្តិការណ៍​សំខាន់​ៗ​អ្វី​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​សម្រាប់​ថ្ងៃ​អនាគត?

ការ​សម្ដែង​របស់​អេសេគាល​នាំ​ឲ្យ​យើង​គិត​អំពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​ៗ ដែល​បណ្ដាំ​របស់​ព្រះ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។ តើ​នឹង​មាន​ព្រឹត្តិការណ៍​អ្វី​ខ្លះ? ដូច​អ្វី​ដែល​បាន​កើត​ឡើង​ទៅ​លើ​ក្រុង​យេរូសាឡិម​សម័យ​បុរាណ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ទ័ព​មនុស្ស​ឲ្យ​ធ្វើ​អ្វី​ដែល​ស្មាន​មិន​ដល់ ពោល​គឺ​ឲ្យ​វាយ​ប្រហារ​ទៅ​លើ​អង្គការ​សាសនា​មិន​ពិត​ទាំង​អស់​នៅ​លើ​ផែនដី។ (​បប. ១៧:១៦​-​១៨​) ដូច​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​ជា​«​សេចក្ដី​វេទនា​ដែល​ខុស​ប្លែក​ពី​ធម្មតា​»​ នោះ​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​ រួម​ទាំង​សង្គ្រាម​អាម៉ាគេដូន​នឹង​ទៅ​ជា​ព្រឹត្តិការណ៍​ដែល​«​មិន​ធ្លាប់​មាន​»​ពី​មុន​មក​ទេ។—អេគ. ៥:៩; ៧:៥; ម៉ាថ. ២៤:២១

១០ បណ្ដាំ​របស់​ព្រះ​បង្ហាញ​ថា​ពួក​អ្នក​គាំទ្រ​សាសនា​មិន​ពិត​នឹង​រួច​ជីវិត ពេល​ដែល​ស្ថាប័ន​សាសនា​ត្រូវ​បំផ្លាញ​ចោល។ ដោយ​សារ​ការ​ភ័យ​ខ្លាច ពួក​អ្នក​រួច​ជីវិត​ទាំង​នេះ​នឹង​ចូល​រួម​ជា​មួយ​មនុស្ស​ដែល​មក​ពី​គ្រប់​ជាន់​ថ្នាក់​ដើម្បី​ស្វែង​រក​កន្លែង​លាក់​ខ្លួន។ (​សាក. ១៣:៤​-​៦; បប. ៦:១៥​-​១៧​) ស្ថានភាព​របស់​ពួក​គេ​ធ្វើ​ឲ្យ​យើង​នឹក​គិត​ដល់​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​ក្រុង​យេរូសាឡិម​នៅ​សម័យ​បុរាណ​ដែល​រួច​ជីវិត​ពី​ការ​បំផ្លាញ ហើយ​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​«​រសាត់​តាម​ខ្យល់​»។ ដូច​យើង​បាន​ពិចារណា​នៅ​ វគ្គ​ទី​៧ ទោះ​ជា​ពួក​គេ​បាន​រួច​ជីវិត​មួយ​រយៈ​ពេល​ក្ដី ព្រះ​យេហូវ៉ា​បាន​ហូត​ដាវ​ដេញ​តាម​ពួក​គេ។ (​អេគ. ៥:២​) ស្រដៀង​គ្នា​ដែរ កន្លែង​លាក់​ខ្លួន​ណា​ក៏​ដោយ​ដែល​ពួក​អ្នក​រួច​ជីវិត​ពី​ការ​បំផ្លាញ​សាសនា​មិន​ពិត​រត់​ទៅ កន្លែង​ទាំង​នោះ​មិន​អាច​ការ​ពារ​ពួក​គេ​ពី​ដាវ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ នៅ​សង្គ្រាម​អាម៉ាគេដូន ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មួយ​នឹង​អស់​អ្នក​ដែល​មាន​លក្ខណៈ​ដូច​ពពែ។—អេគ. ៧:៤; ម៉ាថ. ២៥:៣៣, ៤១, ៤៦; បប. ១៩:១៥, ១៨

ស្ដី​អំពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ យើង​នឹង​ប្រៀប​ដូច​ជា​«​មនុស្ស​គ​»​

១១, ១២. ​(​ក​) តើ​ការ​យល់​ដឹង​នៃ​ទំនាយ​អេសេគាល​អំពី​ការ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​កិច្ច​បម្រើ​នៅ​សព្វ​ថ្ងៃ​នេះ? (​ខ​) ស្ដី​អំពី​កិច្ច​ផ្សព្វ​ផ្សាយ​និង​ដំណឹង​ដែល​យើង​ផ្សាយ តើ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី?

១១ តើ​ការ​យល់​ដឹង​របស់​យើង​ស្ដី​អំពី​ទំនាយ​នេះ មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​និង​ភាព​បន្ទាន់​នៃ​កិច្ច​បម្រើ​នោះ? ការ​យល់​ដឹង​នេះ​ជួយ​ឲ្យ​យើង​ដឹង​ថា យើង​ត្រូវ​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? ពីព្រោះ​ពេល​វេលា​ដែល​នៅ​សល់​ដើម្បី​ជួយ​«​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​[​គ្រិស្ត​]​»​ គឺ​នៅ​សល់​តិច​ណាស់។ (​ម៉ាថ. ២៨:១៩, ២០; អេគ. ៣៣:១៤​-​១៦​) ពេល​កង​ទ័ព​របស់​មនុស្ស​ដែល​ប្រៀប​ដូច​ជា​«​ដំបង​»​ វាយ​ប្រហារ​ទៅ​លើ​សាសនា​មិន​ពិត នោះ​យើង​នឹង​លែង​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សង្គ្រោះ​ទៀត​ហើយ។ (​អេគ. ៧:១០​) ស្ដី​អំពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ យើង​នឹង​ប្រៀប​ដូច​ជា​«​មនុស្ស​គ​»​ដូច​ដែល​អេសេគាល​ទៅ​ជា​មនុស្ស​គ​ឬ​ឈប់​ផ្សព្វ​ផ្សាយ​អស់​មួយ​រយៈ​ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​គាត់។ (​អេគ. ៣:២៦, ២៧; ៣៣:២១, ២២​) ក្រោយ​ពី​ការ​បំផ្លាញ​សាសនា​មិន​ពិត ក្នុង​ន័យ​ម្យ៉ាង​មនុស្ស​នឹង​«​ខំ​សួរ​រក​ការ​បើក​បង្ហាញ​ពី​ព្រះ​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​»​ តែ​ពួក​គេ​នឹង​មិន​ទទួល​ការ​ណែនាំ​ដែល​នឹង​សង្គ្រោះ​ជីវិត​របស់​ពួក​គេ​ឡើយ។ (​អេគ. ៧:២៦​) ព្រោះ​គ្រា​ទទួល​ការ​ណែនាំ​នោះ​និង​ឱកាស​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត នឹង​កន្លង​ផុត​ទៅ។

១២ ប៉ុន្តែ កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​នឹង​មិន​ចប់​ទេ។ ហេតុ​អ្វី? ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​ការ​វិនិច្ឆ័យ​ដែល​ប្រៀប​ដូច​ជា​ដុំ​ព្រិល​ធំ​ៗ។ ដំណឹង​នោះ​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​កៀក​ណាស់​ហើយ។—បប. ១៦:២១

«​មើល! វា​កំពុង​មក​ហើយ!​»​

១៣. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ឲ្យ​ដេក​ផ្អៀង​ខាង​ឆ្វេង ហើយ​រួច​មក​ឲ្យ​ដេក​ផ្អៀង​ខាង​ស្ដាំ?

១៣ អេសេគាល​មិន​គ្រាន់​តែ​ប្រាប់​ទុក​ជា​មុន​អំពី​របៀប​ដែល​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​នោះ​ទេ តែ​គាត់​ក៏​ធ្វើ​ការ​សម្ដែង​អំពី​ពេល​វេលា​ដែល​នោះ​នឹង​កើត​ឡើង​ដែរ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​អេសេគាល​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង​អស់​រយៈ​ពេល​៣៩០​ថ្ងៃ ហើយ​ឲ្យ​ដេក​ផ្អៀង​ទៅ​ខាង​ស្ដាំ​អស់​រយៈ​ពេល​៤០​ថ្ងៃ។ មួយ​ថ្ងៃ​តំណាង​ឲ្យ​មួយ​ឆ្នាំ។ (​សូម​អាន អេសេគាល ៤:៤​-​៦; ជប ១៤:៣៤​) ការ​សម្ដែង​នេះ​ដែល​អេសេគាល​ត្រូវ​បង្ហាញ ច្បាស់​ជា​គ្រាន់​តែ​ប៉ុន្មាន​ម៉ោង​ក្នុង​ថ្ងៃ​នីមួយ​ៗ​ប៉ុណ្ណោះ តែ​នោះ​បញ្ជាក់​ពី​ឆ្នាំ​ពិត​ប្រាកដ​នៃ​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម។ ចំនួន​៣៩០​ឆ្នាំ​នៃ​អំពើ​ខុស​ឆ្គង​របស់​ពួក​អ៊ីស្រាអែល​ទំនង​ជា​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៩៩៧ មុន​គ.ស. ជា​ឆ្នាំ​ដែល​រាជាណាចក្រ​មាន​កុល​សម្ព័ន្ធ​១២​បាន​ត្រូវ​បែង​ចែក​ទៅ​ជា​ពីរ​ផ្នែក។ (​១​បស. ១២:១២​-​២០​) ចំនួន​៤០​ឆ្នាំ​នៃ​អំពើ​ខុស​ឆ្គង​របស់​ពួក​យូដា ទំនង​ជា​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៦៤៧ មុន​គ.ស. ជា​ឆ្នាំ​ដែល​យេរេមា​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ព្រមាន​រាជាណាចក្រ​យូដា នូវ​សារ​ចំ​ៗ​អំពី​ការ​បំផ្លាញ​ដែល​នឹង​មក​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ។ (​យេ. ១:១, ២, ១៧​-​១៩; ១៩:៣, ៤​) ហេតុ​នេះ រយៈ​ពេល​នៃ​គ្រា​ទាំង​ពីរ​នឹង​ត្រូវ​ចប់​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. គឺ​ជា​ឆ្នាំ​ដែល​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ ដូច​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​មែន។ *

តើ​តាម​របៀប​ណា​អេសេគាល​បាន​បញ្ជាក់​អំពី​ឆ្នាំ​ពិត​ប្រាកដ​នៃ​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម? (សូម​មើល​វគ្គ​១៣)

១៤. ​(​ក​) តើ​តាម​របៀប​ណា​អេសេគាល​បាន​បង្ហាញ​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​ពេល​វេលា​ដែល​លោក​បាន​កំណត់? (​ខ​) តើ​នឹង​មាន​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង​មុន​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម?

១៤ នៅ​គ្រា​ដែល​អេសេគាល​ទទួល​ទំនាយ​អំពី​៣៩០​ថ្ងៃ​និង​៤០​ថ្ងៃ គាត់​ប្រហែល​ជា​មិន​បាន​ដឹង​អំពី​ឆ្នាំ​ពិត​ប្រាកដ​នៃ​ទី​បញ្ចប់​របស់​ក្រុង​យេរូសាឡិម​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​អំឡុង​ឆ្នាំ​ដែល​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​ជិត​មក​ដល់ គាត់​បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​ដល់​ជនជាតិ​យូដា​ថា ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​គឺ​ជិត​មក​ដល់​ហើយ។ គាត់​បាន​ប្រកាស​ថា​៖ ​«​អ្នក​មក​ដល់​ទី​បញ្ចប់​ហើយ!​»។ (​សូម​អាន អេសេគាល ៧:៣, ៥​-​១០) អេសេគាល​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​ពេល​វេលា​ដែល​លោក​បាន​កំណត់។ (​អេ. ៤៦:១០​) អេសេគាល​ក៏​បាន​ប្រកាស​ទុក​ជា​មុន​ផង​ដែរ អំពី​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​នឹង​កើត​ឡើង​មុន​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម គឺ​«​នឹង​មាន​អន្តរាយ​មួយ​ហើយ​មួយ​ទៀត​»។ ព្រឹត្តិការណ៍​ទាំង​នោះ​នឹង​នាំ​ទៅ​ដល់​ការ​ដួល​រលំ​ផ្នែក​ខាង​នយោបាយ សង្គម និង​សាសនា។—អេគ. ៧:១១​-​១៣, ២៥​-​២៧

ក្រោម​ការ​ឡោម​ព័ទ្ធ ក្រុង​យេរូសាឡិម​បាន​ត្រូវ​ប្រៀប​ប្រដូច​ទៅ​នឹង​«​ឆ្នាំង​»​ដែល​នៅ​លើ​«​ភ្លើង​»​ (សូម​មើល​វគ្គ​១៥)

១៥. តើ​ផ្នែក​ណា​ខ្លះ​នៃ​ទំនាយ​អេសេគាល​បាន​ចាប់​ផ្ដើម​កើត​ឡើង​តាំង​ពី​ឆ្នាំ​៦០៩ មុន​គ.ស.?

១៥ ប៉ុន្មាន​ឆ្នាំ​ក្រោយ​អេសេគាល​បាន​ប្រកាស​អំពី​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម ទំនាយ​នោះ​បាន​ចាប់​ផ្ដើម​កើត​ឡើង។ នៅ​ឆ្នាំ​៦០៩ មុន​គ.ស. អេសេគាល​បាន​ដឹង​ថា​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុង​យេរូសាឡិម​បាន​ចាប់​ផ្ដើម។ នៅ​គ្រា​នោះ មាន​ឮ​សំឡេង​ត្រែ​ហៅ​អ្នក​ក្រុង​ឲ្យ​មក​ច្បាំង​ការ​ពារ​ក្រុង តែ​ដូច​អេសេគាល​បាន​ប្រកាស​ទុក​ជា​មុន​«​គ្មាន​អ្នក​ណា​ចូល​ប្រយុទ្ធ​ទេ​»។ (​អេគ. ៧:១៤​) ដូច្នេះ អ្នក​ក្រុង​យេរូសាឡិម​មិន​បាន​ពួត​ដៃ​គ្នា​មក​ច្បាំង​នឹង​កង​ទ័ព​បាប៊ីឡូន​ដើម្បី​ការ​ពារ​ក្រុង​ឡើយ។ ពួក​យូដា​ខ្លះ​ប្រហែល​ជា​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​ពួក​គេ ព្រោះ​លោក​ធ្លាប់​ធ្វើ​ដូច្នោះ​នៅ​ពេល​ដែល​ពួក​អាស៊ីរី​បាន​គំរាម​ចាប់​យក​ក្រុង​យេរូសាឡិម។ ពេល​នោះ ទេវតា​មួយ​រូប​របស់​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ទាហាន​ជា​ច្រើន​របស់​ពួក​គេ។ (​២​បស. ១៩:៣២​) ប៉ុន្តែ លើក​នេះ​ទេវតា​របស់​ព្រះ មិន​បាន​មក​ជួយ​ពួក​គេ​ទេ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​ឡោម​ព័ទ្ធ ក្រុង​យេរូសាឡិម​បាន​ត្រូវ​ប្រៀប​ប្រដូច​ទៅ​នឹង​«​ឆ្នាំង​»​ដែល​នៅ​លើ​«​ភ្លើង​»​ ហើយ​អ្នក​ក្រុង​ប្រៀប​ដូច​ជា​«​ដុំ​សាច់​»​នៅ​ក្នុង​ឆ្នាំង។ (​អេគ. ២៤:១​-​១០​) ក្រោយ​ពី​ការ​ឡោម​ព័ទ្ធ​ដ៏​វេទនា​អស់​រយៈ​ពេល​១៨​ខែ ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល។

​«​ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​»​

១៦. សព្វ​ថ្ងៃ​នេះ តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ថា​លោក​តែង​តែ​ធ្វើ​តាម​ពេល​វេលា​ដែល​លោក​បាន​កំណត់?

១៦ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ផ្នែក​នេះ​នៃ​ទំនាយ​អេសេគាល? តើ​នេះ​ទាក់​ទង​នឹង​ដំណឹង​ដែល​យើង​ផ្សាយ​និង​ប្រតិកម្ម​របស់​មនុស្ស​ដែល​យើង​ផ្សាយ​ដល់​ឬ? ព្រះ​យេហូវ៉ា​បាន​កំណត់​ពេល​រួច​ទៅ​ហើយ​ថា ពេល​ណា​សាសនា​មិន​ពិត​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ម្ដង​នេះ​ទៀត​លោក​នឹង​ធ្វើ​តាម​ពេល​វេលា​ដែល​លោក​បាន​កំណត់។ (​២​ពេ. ៣:៩, ១០; បប. ៧:១​-​៣​) យើង​មិន​ដឹង​ពេល​វេលា​នោះ​ច្បាស់​ទេ តែ​ដូច​អេសេគាល​ដែរ យើង​បន្ត​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​ព្រមាន​មនុស្ស​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​អ្នក​មក​ដល់​ទី​បញ្ចប់​ហើយ!​»។ ហេតុ​អ្វី​យើង​ត្រូវ​ផ្សាយ​ដំណឹង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត? យើង​មាន​មូលហេតុ​ដូច​អេសេគាល​ដែរ។ * មនុស្ស​ភាគ​ច្រើន​ដែល​បាន​ឮ​គាត់​ប្រកាស​ដំណឹង​ពី​ព្រះ​អំពី​ការ​ដួល​រលំ​ក្រុង​យេរូសាឡិម មិន​ជឿ​គាត់​នោះ​ទេ។ (​អេគ. ១២:២៧, ២៨​) ប៉ុន្តែ​ក្រោយ​មក ជនជាតិ​យូដា​ខ្លះ​ដែល​ជា​ជន​និរទេស​នៅ​បាប៊ីឡូន បាន​ប្រែ​ចិត្ត ហើយ​ពួក​គេ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ។ (​អេ. ៤៩:៨​) ស្រដៀង​គ្នា​ដែរ មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ មិន​ជឿ​ថា​ពិភព​លោក​នឹង​មក​ដល់​ទី​បញ្ចប់​ឡើយ។ (​២​ពេ. ៣:៣, ៤​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដោយ​សារ​នៅ​មាន​ឱកាស​ឲ្យ​មនុស្ស​ទទួល​ដំណឹង​ពី​ព្រះ នោះ​យើង​ចង់​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​រក​ឃើញ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត។—ម៉ាថ. ៧:១៣, ១៤; ២កូ. ៦:២

ទោះ​ជា​មនុស្ស​ជា​ច្រើន​មិន​ចង់​ស្ដាប់​ក៏​ដោយ យើង​បន្ត​ស្វែង​រក​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ (សូម​មើល​វគ្គ​១៦)

ហេតុ​អ្វី​អ្នក​ក្រុង​យេរូសាឡិម​សម័យ​បុរាណ​«​បោះ​ចោល​ប្រាក់​នៅ​តាម​ផ្លូវ​»​? (សូម​មើល​វគ្គ​១៧)

១៧. ក្នុង​អំឡុង​គ្រា​វេទនា​ជា​ខ្លាំង​នៅ​ថ្ងៃ​ខាង​មុខ តើ​យើង​នឹង​ឃើញ​ស្ថានភាព​និង​ព្រឹត្តិការណ៍​អ្វី​ខ្លះ?

១៧ បន្ថែម​ទៅ​ទៀត ទំនាយ​អេសេគាល​រំលឹក​យើង​ថា ពេល​ការ​វាយ​ប្រហារ​ទៅ​លើ​អង្គការ​សាសនា​ចាប់​ផ្ដើម សមាជិក​វិហារ​ផ្សេង​ៗ​នឹង​មិន​«​ចូល​ប្រយុទ្ធ​»​ដើម្បី​ការ​ពារ​សាសនា​របស់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ពេល​ដែល​ពួក​គេ​អង្វរ​សុំ​ជំនួយ​ដោយ​ស្រែក​ថា​៖ ​«​លោក​ម្ចាស់! លោក​ម្ចាស់!​»​ ហើយ​ឃើញ​ថា​មិន​បាន​ទទួល​ជំនួយ នោះ​«​ពួក​គេ​នឹង​ទន់​ដៃ​ទន់​ជើង​»​ ហើយ​«​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង​»។ (​អេគ. ៧:៣, ១៤, ១៧, ១៨; ម៉ាថ. ៧:២១​-​២៣​) តើ​ពួក​គេ​នឹង​ធ្វើ​អ្វី​ទៀត? (​សូម​អាន អេសេគាល ៧:១៩​-​២១) ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​នឹង​បោះ​ចោល​ប្រាក់​នៅ​តាម​ផ្លូវ​»។ ប្រសាសន៍​របស់​ព្រះ​បាន​កើត​ឡើង​ចំពោះ​អ្នក​ក្រុង​យេរូសាឡិម​សម័យ​បុរាណ ហើយ​ក៏​បញ្ជាក់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដែរ។ នៅ​ពេល​នោះ មនុស្ស​នឹង​ដឹង​ថា​ប្រាក់​មិន​អាច​ជួយ​សង្គ្រោះ​ពួក​គេ​ពី​អន្តរាយ​ដែល​នឹង​មក​ដល់​ឡើយ។

១៨. តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​ទំនាយ​អេសេគាល​ស្ដី​អំពី​ការ​ចាត់​ទុក​អ្វី​សំខាន់​ជាង?

១៨ តើ​អ្នក​បាន​ទាញ​មេ​រៀន​អ្វី​ពី​ផ្នែក​នេះ​នៃ​ទំនាយ​អេសេគាល? មេ​រៀន​គឺ​យើង​ត្រូវ​ដឹង​ថា​អ្វី​សំខាន់​បំផុត។ សូម​ពិចារណា​ចំណុច​នេះ ក្រោយ​ពី​អ្នក​ក្រុង​យេរូសាឡិម​យល់​ថា​ទី​ក្រុង​និង​ជីវិត​របស់​ពួក​គេ​មក​ដល់​ទី​បញ្ចប់ ព្រម​ទាំង​ដឹង​ថា​ទ្រព្យ​សម្បត្តិ​មិន​អាច​សង្គ្រោះ​ពួក​គេ ទើប​ពួក​គេ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​នូវ​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា​សំខាន់។ ពួក​គេ​បាន​បោះ​ទ្រព្យ​សម្បត្តិ​ចោល ហើយ​ចាប់​ផ្ដើម​សួរ​រក​ការ​បើក​បង្ហាញ​ពី​ព្រះ​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ តែ​ហួស​ពេល​ហើយ។ (​អេគ. ៧:២៦​) ចំណែក​យើង​វិញ យើង​ដឹង​ច្បាស់​ថា​ទី​បញ្ចប់​នៃ​ពិភព​លោក​ដ៏​អាក្រក់​នេះ គឺ​កាន់​តែ​កៀក​ណាស់​ហើយ។ ហេតុ​នេះ ដោយ​សារ​យើង​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ នោះ​យើង​បាន​កំណត់​យ៉ាង​ត្រឹម​ត្រូវ​ថា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត។ ជា​លទ្ធផល យើង​រវល់​ប្រមូល​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន​សួគ៌​ដែល​មាន​តម្លៃ​ស្ថិត​ស្ថេរ ហើយ​នឹង​មិន​ដែល​ត្រូវ​បោះ​ចោល​«​នៅ​តាម​ផ្លូវ​»​ទេ។—សូម​អាន ម៉ាថាយ ៦:១៩​-​២១, ២៤

១៩. តើ​ការ​ប្រកាស​ទុក​ជា​មុន​របស់​អេសេគាល​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

១៩ សរុប​ទៅ តើ​តាម​របៀប​ណា​ទំនាយ​របស់​អេសេគាល​ស្ដី​អំពី​ការ​ដួល​រលំ​ក្រុង​យេរូសាឡិម​ទាក់​ទង​នឹង​យើង​នៅ​សព្វ​ថ្ងៃ​នេះ? ទំនាយ​អេសេគាល​រំលឹក​យើង​ថា​ពេល​វេលា​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​បម្រើ​ព្រះ គឺ​មិន​នៅ​សល់​ច្រើន​ប៉ុន្មាន​ទេ។ ដូច្នេះ យើង​ត្រូវ​បំពេញ​កិច្ច​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ជា​បន្ទាន់! យើង​មាន​អំណរ​ខ្លាំង​ណាស់ ពេល​អស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង។ ប៉ុន្តែ សូម្បី​តែ​អស់​អ្នក​ដែល​មិន​ព្រម​ធ្វើ​ដូច​នោះ​ក៏​ដោយ យើង​បន្ត​ព្រមាន​ពួក​គេ​ដូច​អេសេគាល​ព្រមាន​មនុស្ស​នៅ​សម័យ​គាត់​ថា​៖ ​«​អ្នក​មក​ដល់​ទី​បញ្ចប់​ហើយ!​»។ (​អេគ. ៣:១៩, ២១; ៧:៣​) នៅ​ដំណាល​គ្នា​នោះ យើង​បន្ត​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​តែង​តែ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ពិត ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត។—ចសព. ៥២:៧, ៨; សុភ. ១១:២៨; ម៉ាថ. ៦:៣៣

^ វគ្គ 3 ជា​ការ​សម​ហេតុ​សម​ផល​ឲ្យ​យើង​សន្និដ្ឋាន​ថា អេសេគាល​ធ្វើ​ការ​សម្ដែង​ទាំង​នេះ​ជា​សញ្ញា​សម្គាល់​នៅ​មុខ​បណ្ដា​ជន។ ហេតុ​អ្វី? ព្រោះ​ស្ដី​អំពី​ការ​សម្ដែង​ខ្លះ​ដូច​ជា​ការ​ដុត​នំ និង​ការ​ស្ពាយ​បង្វេច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​អេសេគាល​យ៉ាង​ជាក់​លាក់​ឲ្យ​ធ្វើ​«​នៅ​ចំពោះ​មុខ​ពួក​គេ​»។អេគ. ៤:១២; ១២:៧

^ វគ្គ 13 ដោយ​អនុញ្ញាត​ឲ្យ​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ចោល ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​វិនិច្ឆ័យ​រាជាណាចក្រ​យូដា​ដែល​មាន​កុល​សម្ព័ន្ធ​២​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​វិនិច្ឆ័យ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុល​សម្ព័ន្ធ​១០​ដែរ។ (​យេ. ១១:១៧; អេគ. ៩:៩, ១០​) សូម​មើល​សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ ក្បាល​ទី​១ ទំព័រ​៤៦២ “Chronology—From 997 B.C.E. to Desolation of Jerusalem”។

^ វគ្គ 16 សូម​កត់​សម្គាល់​ថា​គ្រាន់​តែ​នៅ​ក្នុង​អេសេគាល ៧:៥​-​៧ ព្រះ​យេហូវ៉ា​ប្រើ​ពាក្យ​«​មក​ដល់​»​និង​«​កំពុង​មក​»​អស់​៦​ដង។