លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី៧

ប្រជាជាតិនានា«នឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»

ប្រជាជាតិនានា«នឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»

អេសេគាល ២៥:១៧

គោល​ចំណុច: មេ​រៀន​អំពី​ទំនាក់​ទំនង​រវាង​អ៊ីស្រាអែល​និង​ប្រជាជាតិ​នានា ដែល​បាន​មើល​ងាយ​នាម​ព្រះ​យេហូវ៉ា

១, ២. ​(​ក​) តើ​តាម​របៀប​ណា​ប្រជាជាតិ​អ៊ីស្រាអែល​ប្រៀប​ដូច​ជា​ចៀម​មួយ​ក្បាល​នៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​ជន​ជាតិ​អ៊ីស្រាអែល​និង​ស្ដេច​របស់​ពួក​គេ​បាន​បណ្ដោយ​ឲ្យ​អ្វី​កើត​ឡើង?

អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ ជន​ជាតិ​អ៊ីស្រាអែល​ប្រៀប​ដូច​ជា​ចៀម​មួយ​ក្បាល​នៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក។ ជន​ជាតិ​អាំម៉ូន ម៉ូអាប់ និង​អេដំ បាន​គំរាម​កំហែង​ជន​ជាតិ​អ៊ីស្រាអែល​ពី​ព្រំ​ប្រទល់​ខាង​កើត។ ជន​ជាតិ​ភីលីស្ទីន​ដែល​ជា​សត្រូវ​តាំង​ពី​យូរ​របស់​ជន​ជាតិ​អ៊ីស្រាអែល បាន​ឈ្លានពាន​ពី​ទិស​ខាង​លិច។ ឯ​ព្រំ​ប្រទល់​ខាង​ជើង​វិញ មាន​ក្រុង​ទីរ៉ុស​ដែល​ជា​ក្រុង​ស្ដុក​ស្ដម្ភ​និង​ជា​មណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​និង​ធំ​មហិមា។ រីឯ​នៅ​ភាគ​ខាង​ត្បូង​មាន​ប្រជាជាតិ​អេហ្ស៊ីប​ពី​បុរាណ គ្រប់​គ្រង​ដោយ​ផារ៉ូ​ដែល​គេ​ចាត់​ទុក​ជា​ស្ដេច​និង​ជា​ព្រះ។

ពេល​ប្រជាជាតិ​អ៊ីស្រាអែល​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា លោក​ការ​ពារ​ពួក​គេ​ពី​ពួក​សត្រូវ។ ប៉ុន្តែ ម្ដង​ហើយ​ម្ដង​ទៀត រាស្ត្រ​របស់​ព្រះ​និង​បណ្ដា​ស្ដេច​របស់​ពួក​គេ បាន​បណ្ដោយ​ខ្លួន​ឲ្យ​ទទួល​ឥទ្ធិពល​អាក្រក់​ពី​ប្រជាជាតិ​ដែល​នៅ​ជុំ​វិញ។ ស្ដេច​អាហាប់​គឺ​ជា​ស្ដេច​កំសាក​ម្នាក់​ក្នុង​ចំណោម​ស្ដេច​កំសាក​ឯ​ទៀត គាត់​គ្រប់​គ្រង​លើ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុល​សម្ព័ន្ធ​១០។ គាត់​គ្រប់​គ្រង​ដំណាល​គ្នា​ជា​មួយ​នឹង​ស្ដេច​យេហូសាផាត​ជា​ស្ដេច​រាជាណាចក្រ​យូដា។ គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ស្ដេច​ស្រុក​ស៊ីដូន ដែល​គ្រប់​គ្រង​ក្រុង​ទីរ៉ុស​ដ៏​ចម្រុង​ចម្រើន។ ស្ត្រី​នោះ​ឈ្មោះ​យេសេបិល នាង​បាន​លើក​ស្ទួយ​យ៉ាង​ខ្លាំង​នូវ​ការ​គោរព​បូជា​ព្រះ​បាល​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​នាំ​ឲ្យ​អាហាប់​ជា​ប្ដី​របស់​នាង​បង្ខូច​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​កម្រិត​ធំ​ក្រៃ​លែង។—១​បស. ១៦:៣០​-​៣៣; ១៨:៤, ១៩

៣, ៤. ​(​ក​) ឥឡូវ​តើ​អេសេគាល​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្នក​ណា? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​បាន​ព្រមាន​រាស្ត្រ​របស់​លោក​អំពី​លទ្ធផល​ពី​ការ​មិន​ស្មោះ​ត្រង់​ចំពោះ​លោក។ ឥឡូវ​លោក​លែង​អត់​ធ្មត់​នឹង​ពួក​គេ​ទៀត​ហើយ។ (​យេ. ២១:៧, ១០; អេគ. ៥:៧​-​៩​) នៅ​ឆ្នាំ​៦០៩ មុន​គ.ស. កង​ទ័ព​បាប៊ីឡូន​បាន​ត្រឡប់​មក​ស្រុក​សន្យា​ជា​លើក​ទី​៣។ ការ​ត្រឡប់​មក​វិញ​លើក​នេះ​ជិត​១០​ឆ្នាំ​ហើយ តាំង​ពី​មាន​ការ​ឈ្លានពាន​លើក​មុន។ លើក​នេះ​ពួក​គេ​នឹង​ផ្ដួល​រំលំ​កំពែង​ក្រុង​យេរូសាឡិម ហើយ​បំផ្លាញ​ពួក​អ្នក​ដែល​បះ​បោរ​ប្រឆាំង​នេប៊ូក្នេសា។ កាល​ដែល​ពួក​គេ​ចាប់​ផ្ដើម​ឡោម​ព័ទ្ធ ទំនាយ​ដែល​ព្រះ​បាន​ដឹក​នាំ​អេសេគាល​ឲ្យ​សរសេរ​បាន​កើត​ឡើង​យ៉ាង​ល្អិត​ល្អន់។ ឥឡូវ អេសេគាល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រជាជាតិ​នានា​ដែល​នៅ​ជុំ​វិញ​ស្រុក​សន្យា​វិញ​ម្ដង។

ប្រជាជាតិ​នានា​ដែល​មើល​ងាយ​នាម​ព្រះ​យេហូវ៉ាពួក​គេ​នឹង​គេច​មិន​ផុត​ពី​លទ្ធផល​នៃ​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ខ្លួន​ឡើយ

ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​អេសេគាល​ឃើញ​ថា​ពួក​សត្រូវ​របស់​យូដា​នឹង​អរ​សប្បាយ ពេល​ពួក​គេ​ឃើញ​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ចោល។ បន្ថែម​ទៅ​ទៀត លោក​បើក​បង្ហាញ​ឲ្យ​អេ​សេ​គា​ឃើញ​ថា​ពួក​សត្រូវ​នឹង​ធ្វើ​បាប​ពួក​យូដា​ដែល​រួច​ជីវិត។ ប៉ុន្តែ ប្រជាជាតិ​នានា​ដែល​មើល​ងាយ​នាម​ព្រះ​យេហូវ៉ា ហើយ​បៀត​បៀន​ឬ​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​រាស្ត្រ​លោក ពួក​គេ​នឹង​គេច​មិន​ផុត​ពី​លទ្ធផល​នៃ​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ខ្លួន​ឡើយ។ តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​ទំនាក់​ទំនង​រវាង​ប្រជាជាតិ​អ៊ីស្រាអែល​ជា​មួយ​នឹង​ប្រជាជាតិ​នានា? តើ​តាម​របៀប​ណា​ទំនាយ​អេសេគាល​ស្ដី​អំពី​ប្រជាជាតិ​នានា​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

សាច់​ញាតិ​ដែល​ធ្វើ​បាប​និង​«​ចំអក​មើល​ងាយ​»​ប្រជាជាតិ​អ៊ីស្រាអែល

៥, ៦. តើ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ទំនាក់​ទំនង​អ្វី​ជា​មួយ​នឹង​ជន​ជាតិ​អាំម៉ូន?

តាម​ពិត អាំម៉ូន ម៉ូអាប់ និង​អេដំ​ជា​សាច់​ញាតិ​របស់​អ៊ីស្រាអែល។ ទោះ​ជា​ពួក​គេ​ជាប់​សាច់​ឈាម​និង​មាន​ខ្សែ​ស្រ​ឡាយ​ជា​មួយ​គ្នា​ក៏​ដោយ ប្រជាជាតិ​ទាំង​នោះ​មាន​ប្រវត្តិ​ធ្វើ​បាប​រាស្ត្រ​ព្រះ ហើយ​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដោយ​«​ចំអក​មើល​ងាយ​»។—អេគ. ២៥:៦

សូម​ពិចារណា​អំពី​ពួក​អាំម៉ូន។ ពួក​គេ​ជា​កូន​ចៅ​របស់​ឡុត​តាម​រយៈ​កូន​ស្រី​ពៅ​របស់​គាត់។ ឡុត​ជា​ក្មួយ​របស់​អាប្រាហាំ។ (​ដក. ១៩:៣៨​) ភាសា​របស់​ពួក​គេ​ស្រដៀង​នឹង​ភាសា​ហេប្រឺ​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​រាស្ត្រ​របស់​ព្រះ​ទំនង​ជា​អាច​យល់​បាន។ ដោយ​សារ​ពួក​គេ​ជា​សាច់​ញាតិ​នឹង​គ្នា ព្រះ​យេហូវ៉ា​បាន​ប្រាប់​ប្រជាជាតិ​អ៊ីស្រាអែល​មិន​ឲ្យ​ច្បាំង​នឹង​ពួក​អាំម៉ូន​ទេ។ (​បច. ២:១៩​) ប៉ុន្តែ នៅ​គ្រា​អ្នក​សម្រេច​ក្ដី ពួក​អាំម៉ូន​បាន​រួម​ដៃ​នឹង​អេក្រុន​ជា​ស្ដេច​ស្រុក​ម៉ូអាប់​គាប​សង្កត់​ជន​ជាតិ​អ៊ីស្រាអែល។ (​អសក. ៣:១២​-​១៥, ២៧​-​៣០​) ក្រោយ​មក ពេល​សុល​ក្លាយ​ទៅ​ជា​ស្ដេច ពួក​អាំម៉ូន​បាន​វាយ​ប្រហារ​ពួក​អ៊ីស្រាអែល។ (​១​សាំ. ១១:១​-​៤​) រួច​នៅ​គ្រា​ស្ដេច​យេហូសាផាត ពួក​អាំម៉ូន​បាន​រួម​ដៃ​ជា​មួយ​នឹង​ពួក​ម៉ូអាប់​មក​ឈ្លានពាន​ស្រុក​សន្យា។—២​ប្រ. ២០:១, ២

៧. តើ​ជន​ជាតិ​ម៉ូអាប់​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​បង​ប្អូន​របស់​ពួក​គេ?

ជន​ជាតិ​ម៉ូអាប់​ក៏​ជា​កូន​ចៅ​របស់​ឡុត​ដែរ តែ​តាម​រយៈ​កូន​ស្រី​ច្បង​របស់​គាត់។ (​ដក. ១៩:៣៦, ៣៧​) ហេតុ​នេះ ព្រះ​យេហូវ៉ា​មិន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ច្បាំង​នឹង​ជន​ជាតិ​ម៉ូអាប់​ទេ។ (​បច. ២:៩​) ប៉ុន្តែ ជន​ជាតិ​ម៉ូអាប់​បែរ​ជា​ប្រព្រឹត្ត​មិន​សប្បុរស​តប​មក​វិញ។ កាល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប ពួក​ម៉ូអាប់​មិន​បាន​ជួយ​ទេ តែ​ព្យាយាម​រារាំង​ពួក​គេ​មិន​ឲ្យ​ចូល​ស្រុក​សន្យា​វិញ។ បាឡាក់​ដែល​ជា​ស្ដេច​ស្រុក​ម៉ូអាប់​បាន​ជួល​បាឡាម​ឲ្យ​ដាក់​បណ្ដាសា​ជន​ជាតិ​អ៊ីស្រាអែល។ បាឡាម​បាន​ប្រាប់​បាឡាក់​នូវ​របៀប​ល្បួង​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​គោរព​បូជា​រូប​ព្រះ។ (​ជប. ២២:១​-​៨; ២៥:១​-​៩; បប. ២:១៤​) អស់​ជា​ច្រើន​សតវត្សរ៍ ជន​ជាតិ​ម៉ូអាប់​បាន​បន្ត​គាប​សង្កត់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​សាច់​ញាតិ​របស់​ខ្លួន រហូត​ដល់​សម័យ​អេសេគាល។—២​បស. ២៤:១, ២

៨. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​អេដំ​ជា​បង​ប្អូន​នឹង​អ៊ីស្រាអែល? ប៉ុន្តែ តើ​ពួក​អេដំ​បាន​ប្រព្រឹត្ត​យ៉ាង​ណា?

ជន​ជាតិ​អេដំ​ជា​កូន​ចៅ​របស់​អេសាវ​ដែល​ជា​បង​ប្អូន​ភ្លោះ​របស់​យ៉ាកុប។ អេដំ​និង​អ៊ីស្រាអែល​ជិត​ស្និទ្ធ​គ្នា​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ព្រះ​យេហូវ៉ា​រៀប​រាប់​ថា ជន​ជាតិ​អេដំ​និង​ជន​ជាតិ​អ៊ីស្រាអែល​ជា​បង​ប្អូន​នឹង​គ្នា។ (​បច. ២:១​-​៥; ២៣:៧, ៨​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ជន​ជាតិ​អេដំ​បាន​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​តាំង​ពី​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប រហូត​ដល់​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ (​ជប. ២០:១៤, ១៨; អេគ. ២៥:១២​) នៅ​គ្រា​នោះ ពួក​អេដំ​បាន​លើក​ទឹក​ចិត្ត​ពួក​បាប៊ីឡូន​ឲ្យ​បំផ្លាញ​ក្រុង​យេរូសាឡិម។ ពួក​គេ​មិន​គ្រាន់​តែ​អរ​សប្បាយ​ពេល​ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​រង​ទុក្ខ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​បាន​រាំង​ផ្លូវ​ពួក​អ៊ីស្រាអែល​ដែល​កំពុង​រត់​គេច ហើយ​ប្រគល់​ឲ្យ​ពួក​សត្រូវ។—ចសព. ១៣៧:៧; អូបា. ១១, ១៤

៩, ១០. ​(​ក​) តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​អាំម៉ូន ម៉ូអាប់ និង​អេដំ? (​ខ​) តើ​មាន​គំរូ​អ្នក​ណា​ខ្លះ​ដែល​បង្ហាញ​ថា​មិន​មែន​មនុស្ស​ទាំង​អស់​ពី​ប្រជាជាតិ​នៅ​ជុំ​វិញ​ប្រឆាំង​នឹង​អ៊ីស្រាអែល?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប្រជាជាតិ​ទាំង​នោះ​ដែល​ជា​សាច់​ញាតិ​អ៊ីស្រាអែល ទទួល​ខុស​ត្រូវ​នូវ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ទៅ​លើ​រាស្ត្រ​របស់​លោក។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ប្រគល់ . . . ស្រុក​អាំម៉ូន​ឲ្យ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ប្រជាជាតិ​ដែល​នៅ​ទិស​ខាង​កើត។ យ៉ាង​នោះ គេ​នឹង​មិន​នឹក​ចាំ​ថា​ធ្លាប់​មាន​ជន​ជាតិ​អាំម៉ូន​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​ឡាយ​ទេ​»។ លោក​ក៏​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​ខ្ញុំ​នឹង​កាត់​ទោស​ពួក​ម៉ូអាប់ ហើយ​ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»។ (​អេគ. ២៥:១០, ១១​) ប្រហែល​ប្រាំ​ឆ្នាំ​ក្រោយ​ពី​ក្រុង​យេរូសាឡិម​បាន​ត្រូវ​ផ្ដួល​រំលំ ទំនាយ​ទាំង​នោះ​ចាប់​ផ្ដើម​កើត​ឡើង​ពិត​មែន ពេល​ដែល​ពួក​បាប៊ីឡូន​បាន​វាយ​ឈ្នះ​ពួក​អាំម៉ូន​និង​ពួក​ម៉ូអាប់។ ស្ដី​អំពី​អេដំ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​លោក​នឹង​«​ប្រហារ​ទាំង​មនុស្ស​ទាំង​សត្វ​ក្នុង​ស្រុក​នោះ​»​ ហើយ​ថា​លោក​នឹង​«​ធ្វើ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ​»។ (​អេគ. ២៥:១៣​) នៅ​ទី​បំផុត ជន​ជាតិ​អាំម៉ូន ម៉ូអាប់ និង​អេដំ​លែង​មាន​ទៀត ដូច​បាន​ប្រកាស​ទុក​ជា​មុន​មែន។—យេ. ៩:២៥, ២៦; ៤៨:៤២; ៤៩:១៧, ១៨

១០ ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​ក្នុង​ប្រជាជាតិ​នោះ​ប្រឆាំង​នឹង​រាស្ត្រ​ព្រះ​ទេ។ ជា​ឧទាហរណ៍ សេលេក​ជា​ជន​ជាតិ​អាំម៉ូន និង​អ៊ីតម៉ា​ជា​ជន​ជាតិ​ម៉ូអាប់ ពួក​គេ​នៅ​ក្នុង​ចំណោម​ទាហាន​ខ្លាំង​ពូកែ​របស់​ស្ដេច​ដាវីឌ។ (​១​ប្រ. ១១:២៦, ៣៩, ៤៦; ១២:១​) ចំណែក​នាង​រូថ​ដែល​ជា​ស្ត្រី​ជន​ជាតិ​ម៉ូអាប់ ក៏​ក្លាយ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ដែរ។—រូថ ១:៤, ១៦, ១៧

កុំ​ឈាន​ជើង​ចេញ​ពី​ជំនឿ សូម្បី​តែ​បន្តិច​ឡើយ

១១. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ទំនាក់​ទំនង​រវាង​អ៊ីស្រាអែល​ជា​មួយ​អាំម៉ូន ម៉ូអាប់ និង​អេដំ?

១១ តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​ទំនាក់​ទំនង​រវាង​ជន​ជាតិ​អ៊ីស្រាអែល​និង​ប្រជាជាតិ​ទាំង​នោះ? ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ប្រជាជាតិ​នានា​ដែល​ជា​សាច់​ញាតិ​មាន​ឥទ្ធិពល​លើ​ពួក​គេ នោះ​ពួក​គេ​ចាប់​ផ្ដើម​គោរព​បូជា​រូប​ព្រះ​ផ្សេង​ៗ ដូច​ជា​ព្រះ​បាល​នៃ​ភ្នំ​ពេអរ​របស់​ជន​ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡេក​របស់​ជន​ជាតិ​អាំម៉ូន។ (​ជប. ២៥:១​-​៣; ១​បស. ១១:៧​) អ្វី​ស្រដៀង​នឹង​នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ដែរ។ យើង​ប្រហែល​ជា​ប្រឈម​មុខ​នឹង​ការ​បង្ខិត​បង្ខំ​ពី​សាច់​ញាតិ​ដែល​មិន​ជឿ ដែល​លើក​ទឹក​ចិត្ត​យើង​មិន​ឲ្យ​កាន់​ខ្ជាប់​នឹង​ជំនឿ​ខ្លាំង​ពេក។ ពួក​គេ​ប្រហែល​ជា​មិន​យល់​មូលហេតុ​ដែល​យើង​មិន​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ ពិធី​បុណ្យ​ខួប​កំណើត បុណ្យ​ណូអែល ឬ​ទំនៀម​ទម្លាប់​ឯ​ទៀត​ដែល​ទាក់​ទង​នឹង​សាសនា​មិន​ពិត​ឡើយ។ ទោះ​ជា​ពួក​គេ​គ្មាន​បំណង​អាក្រក់​ក៏​ដោយ ពួក​គេ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​បោះ​បង់​ចោល​ខ្នាត​តម្រា​ខ្លះ​របស់​ព្រះ​ដែរ។ គឺ​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​មិន​ធ្វើ​តាម​ការ​បង្ខិត​បង្ខំ​ទាំង​នោះ! ដូច​ប្រវត្តិសាស្ត្រ​អ៊ីស្រាអែល​បាន​បង្ហាញ សូម្បី​តែ​យើង​ឈាន​ជើង​ចេញ​ពី​ជំនឿ​តែ​បន្តិច ក៏​អាច​នាំ​ទៅ​ដល់​អន្តរាយ​ដ៏​ធំ​ដែរ។

១២, ១៣. តើ​យើង​ប្រហែល​ជា​ជួប​នឹង​ការ​ប្រឆាំង​អ្វី? ប៉ុន្តែ តើ​ប្រហែល​ជា​មាន​អ្វី​កើត​ឡើង​បើ​យើង​បន្ត​ស្មោះ​ត្រង់?

១២ យើង​អាច​ទាញ​មេ​រៀន​មួយ​ទៀត​ពី​បទ​ពិសោធន៍​របស់​ជន​ជាតិ​អ៊ីស្រាអែល​ជា​មួយ​នឹង​ជន​ជាតិ​អាំម៉ូន ម៉ូអាប់ និង​អេដំ។ យើង​ប្រហែល​មាន​ការ​ប្រឆាំង​ជា​ខ្លាំង​ពី​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​ជឿ។ លោក​យេស៊ូ​ព្រមាន​ថា ពេល​ខ្លះ​ដំណឹង​ដែល​យើង​ផ្សាយ​នាំ​ឲ្យ​«​កូន​ប្រុស​ទាស់​នឹង​ឪពុក កូន​ស្រី​ទាស់​នឹង​ម្ដាយ​»។ (​ម៉ាថ. ១០:៣៥, ៣៦​) ព្រះ​យេហូវ៉ា​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​មិន​ឲ្យ​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​សាច់​ញាតិ​របស់​ពួក​គេ ហើយ​យើង​ក៏​មិន​ត្រូវ​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​ជឿ​ដែរ។ ប៉ុន្តែ យើង​ក៏​មិន​គួរ​ភ្ញាក់​ផ្អើល​ដែរ ពេល​មាន​ការ​ប្រឆាំង។—២​ធី. ៣:១២

១៣ ទោះ​បើ​សាច់​ញាតិ​របស់​យើង​មិន​ប្រឆាំង​យើង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​ចំ​ៗ​ក៏​ដោយ យើង​មិន​ត្រូវ​ឲ្យ​ពួក​គេ​មាន​ឥទ្ធិពល​លើ​យើង​ច្រើន​ជាង​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​យើង​ឡើយ។ ហេតុ​អ្វី? ព្រោះ​ព្រះ​យេហូវ៉ា​គួរ​តែ​ជា​បុគ្គល​ដែល​យើង​ស្រឡាញ់​ជាង​គេ​បំផុត។ (​សូម​អាន ម៉ាថាយ ១០:៣៧) បន្ថែម​ទៅ​ទៀត បើ​យើង​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា នោះ​សាច់​ញាតិ​ខ្លះ​របស់​យើង​ប្រហែល​ជា​មាន​ចិត្ត​គំនិត​ដូច​សេលេក អ៊ីតម៉ា និង​រូថ ហើយ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​ជា​មួយ​នឹង​យើង​ដែរ។ (​១​ធី​. ៤:១៦​) បន្ទាប់​មក ពួក​គេ​នឹង​មាន​ឯកសិទ្ធិ​បម្រើ​ព្រះ​ពិត​តែ​មួយ ថែម​ទាំង​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​ការ​ពារ​ពី​លោក។

សត្រូវ​របស់​ព្រះ​យេហូវ៉ា​ទទួល​‹ការ​កាត់​ទោស​ដោយ​កំហឹង›

១៤, ១៥. តើ​ពួក​ភីលីស្ទីន​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ពួក​អ៊ីស្រាអែល?

១៤ ពួក​ភីលីស្ទីន​បាន​រើ​លំនៅ​ពី​កោះ​ក្រេត​ទៅ​រស់​នៅ​លើ​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​អាប្រាហាំ​និង​កូន​ចៅ​របស់​គាត់។ អាប្រាហាំ​និង​អ៊ីសាក​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​មួយ​ប្រជាជាតិ​នោះ។ (​ដក. ២១:២៩​-​៣២; ២៦:១​) ទម្រាំ​ដល់​គ្រា​ដែល​អ៊ីស្រាអែល​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា នោះ​ពួក​ភីលីស្ទីន​បាន​ក្លាយ​ទៅ​ជា​ប្រជាជាតិ​ដ៏​ខ្លាំង​ក្លា​និង​មាន​កង​ទ័ព​ខ្លាំង​ពូកែ។ ពួក​គេ​បាន​គោរព​បូជា​ព្រះ​មិន​ពិត ដូច​ជា​ព្រះ​បាលសេប៊ូល​និង​ព្រះដាកុន។ (​១​សាំ. ៥:១​-​៤; ២​បស. ១:២, ៣​) ជួន​កាល ជន​ជាតិ​អ៊ីស្រាអែល​ក៏​បាន​ចូល​រួម​គោរព​បូជា​រូប​ព្រះ​ទាំង​នោះ​ដែរ។—អសក. ១០:៦

១៥ ដោយ​សារ​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ នោះ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ពួក​ភីលីស្ទីន​ត្រួត​ត្រា​លើ​ពួក​គេ​អស់​ជា​ច្រើន​ឆ្នាំ។ (​អសក. ១០:៧, ៨; អេគ. ២៥:១៥​) ពួក​ភីលីស្ទីន​បាន​ដាក់​កម្រិត​យ៉ាង​តឹង​រ៉ឹង​ទៅ​លើ​ពួក​អ៊ីស្រាអែល ហើយ​បាន​សម្លាប់​ពួក​គេ​អស់​ជា​ច្រើន​នាក់។ * (​១​សាំ. ៤:១០​) ប៉ុន្តែ ពេល​ដែល​ពួក​អ៊ីស្រាអែល​ប្រែ​ចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ លោក​សង្គ្រោះ​ពួក​គេ។ លោក​បាន​តែង​តាំង​បុរស​មួយ​ចំនួន ដូច​ជា​សាំសុន សុល និង​ដាវីឌ ឲ្យ​រំដោះ​រាស្ត្រ​របស់​លោក។ (​អសក. ១៣:៥, ២៤; ១​សាំ. ៩:១៥​-​១៧; ១៨:៦, ៧​) ដូច​អេសេគាល​ប្រកាស​ទុក​ជា​មុន ពួក​ភីលីស្ទីន​បាន​រង​‹ការ​កាត់​ទោស​ដោយ​កំហឹង› ពេល​ពួក​បាប៊ីឡូន​ឈ្លានពាន​ទឹក​ដី​របស់​ពួក​គេ ហើយ​ក្រោយ​មក​ពួក​ក្រិច​បាន​វាត​ទី​យក​ទឹក​ដី​របស់​ពួក​គេ។—អេគ. ២៥:១៥​-​១៧

១៦, ១៧. តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​ទំនាក់​ទំនង​រវាង​ពួក​អ៊ីស្រាអែល​និង​ពួក​ភីលីស្ទីន?

១៦ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ទំនាក់​ទំនង​រវាង​ពួក​អ៊ីស្រាអែល​ជា​មួយ​នឹង​ពួក​ភីលីស្ទីន? នៅ​សម័យ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​រង​ការ​បៀត​បៀន​ពី​សំណាក់​ប្រជាជាតិ​ដ៏​ខ្លាំង​ក្លា​មួយ​ចំនួន​ដែល​គ្រប់​គ្រង​មនុស្សជាតិ។ ខុស​ពី​ពួក​អ៊ីស្រាអែល យើង​តែង​តែ​រក្សា​ភក្ដី​ភាព​យ៉ាង​មុត​មាំ​ចំពោះ​ព្រះ​យេហូវ៉ា។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​សត្រូវ​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត ពេល​ខ្លះ​មើល​ទៅ​ដូច​ជា​មាន​ជ័យ​ជម្នះ​លើ​យើង។ ជា​ឧទាហរណ៍ នៅ​ដើម​សតវត្សរ៍​ទី​២០ រដ្ឋាភិបាល​អាម៉េរិក​ព្យាយាម​បញ្ឈប់​កិច្ច​ការ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា ដោយ​កាត់​ទោស​បង​ប្រុស​ៗ​ដែល​នាំ​មុខ​អង្គការ​របស់​លោក ឲ្យ​ជាប់​គុក​អស់​ច្រើន​ទសវត្សរ៍។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ ពួក​ណាត្ស៊ី​ក្នុង​ប្រទេស​អាល្លឺម៉ង់​ព្យាយាម​បំផ្លាញ​រាស្ត្រ​របស់​ព្រះ ដោយ​ចាប់​ពួក​គេ​អស់​រាប់​ពាន់​នាក់​ដាក់​គុក ហើយ​សម្លាប់​អស់​រាប់​រយ​នាក់។ បន្ទាប់​ពី​សង្គ្រាម​នោះ សហភាព​សូវៀត​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រឆាំង​នឹង​សាក្សី​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ដោយ​បញ្ជូន​ពួក​គេ​ទៅ​ជំរំ​ផ្សេង​ៗ​ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក ឬ​និរទេស​ពួក​គេ​ទៅ​តំបន់​ដាច់​ស្រយាល។

១៧ រដ្ឋាភិបាល​មនុស្ស​ប្រហែល​ជា​នៅ​បន្ត​ដាក់​បម្រាម​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ចាប់​រាស្ត្រ​ព្រះ​ដាក់​គុក ហើយ​រហូត​ដល់​ប្រហារ​ជីវិត​បង​ប្អូន​របស់​យើង​មួយ​ចំនួន​ដែរ។ តើ​អ្វី​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ឬ​បាត់​បង់​ជំនឿ​ឬ? អត់​ទេ! ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​រាស្ត្រ​ដ៏​ស្មោះ​ភក្ដី​របស់​លោក។ (​សូម​អាន ម៉ាថាយ ១០:២៨​-​៣១) យើង​បាន​ឃើញ​ថា​រដ្ឋាភិបាល​ដ៏​ខ្លាំង​ក្លា​ដែល​គាប​សង្កត់​រាស្ត្រ​របស់​ព្រះ លែង​មាន​ទៀត។ ចំណែក​រាស្ត្រ​របស់​ព្រះ​វិញ ពួក​គេ​ចេះ​តែ​កើន​ឡើង​ជា​និច្ច។ មិន​យូរ​ទៀត រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស​នឹង​ទទួល​លទ្ធផល​ដូច​ពួក​ភីលីស្ទីន​ដែរ ពោល​គឺ​ពួក​គេ​នឹង​រលាយ​សាប​សូន្យ! នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា។

‹ធន​ធាន​ជា​ច្រើន›​មិន​ផ្ដល់​ការ​ការ​ពារ​យូរ​អង្វែង​ទេ

១៨. តើ​ក្រុង​ទីរ៉ុស​ជា​ក្រុង​បែប​ណា?

១៨ ក្រុង​ទីរ៉ុស *​ជា​មណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​នៅ​សម័យ​បុរាណ។ សំពៅ​ជា​ច្រើន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ទីរ៉ុស ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ានេ​ទៅ​ប៉ែក​ខាង​លិច​ដើម្បី​ធ្វើ​ជំនួញ។ នៅ​ប៉ែក​ខាង​កើត​ក្រុង​ទីរ៉ុស​មាន​ផ្លូវ​គោក​សម្រាប់​ធ្វើ​ជំនួញ​ភ្ជាប់​ទៅ​ចក្រភព​ផ្សេង​ៗ​ដែល​នៅ​ឆ្ងាយ។ អស់​ជា​ច្រើន​សតវត្សរ៍ ក្រុង​នោះ​កាន់​តែ​មាន​ទ្រព្យ​និង​ធន​ធាន​ជា​ច្រើន​ដែល​បាន​មក​ពី​កន្លែង​ឆ្ងាយ​ៗ​ទាំង​នោះ។ ពួក​ឈ្មួញ​និង​ពាណិជ្ជករ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​ចាត់​ទុក​ខ្លួន​ជា​អ្នក​គ្រប់​គ្រង។—អេ. ២៣:៨

១៩, ២០. តើ​អ្នក​ក្រុង​ទីរ៉ុស​និង​អ្នក​ក្រុង​គីបៀន​ខុស​គ្នា​យ៉ាង​ណា?

១៩ ក្រោម​ការ​គ្រប់​គ្រង​របស់​ស្ដេច​ដាវីឌ​និង​សាឡូម៉ូន អ៊ីស្រាអែល​មាន​សម្ព័ន្ធភាព​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​អ្នក​ក្រុង​ទីរ៉ុស។ អ្នក​ក្រុង​ទីរ៉ុស​ជួយ​ផ្គត់​ផ្គង់​សម្ភារ​និង​ជាង​ជំនាញ​ដើម្បី​ជួយ​សាង​សង់​វិមាន​ដាវីឌ ហើយ​ក្រោយ​មក​ពួក​គេ​ជួយ​សង់​វិហារ​ព្រះ​ក្រោម​ការ​ចាត់​ចែង​របស់​សាឡូម៉ូន។ (​២​ប្រ. ២:១, ៣, ៧​-​១៦​) អ្នក​ក្រុង​ទីរ៉ុស​បាន​ឃើញ​គ្រា​ដែល​ប្រជាជាតិ​អ៊ីស្រាអែល​រុង​រឿង​បំផុត។ (​១​បស. ៣:១០​-​១២; ១០:៤​-​៩​) សូម​គិត​អំពី​ឱកាស​ដែល​អ្នក​ក្រុង​ទីរ៉ុស​រាប់​ពាន់​នាក់​មាន​ដើម្បី​រៀន​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត និង​មាន​ឱកាស​ស្គាល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​បម្រើ​ព្រះ​ពិត។

២០ ប៉ុន្តែ ទោះ​ជា​ពួក​គេ​មាន​ឱកាស​ដូច​នោះ​ក៏​ដោយ អ្នក​ក្រុង​ទីរ៉ុស​នៅ​តែ​មាន​ទស្សនៈ​សម្ភារ​និយម​ដដែល។ ពួក​គេ​មិន​បាន​ធ្វើ​តាម​គំរូ​របស់​អ្នក​ក្រុង​គីបៀន​ដែល​ជា​ក្រុង​ខ្លាំង​ក្លា​ទេ។ អ្នក​ក្រុង​គីបៀន​គ្រាន់​តែ​ឮ​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ពួក​គេ​ក៏​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​បម្រើ​លោក។ (​យ៉ូស. ៩:២, ៣, ២២–១០:២​) តាម​ពិត អ្នក​ក្រុង​ទីរ៉ុស​បែរ​ជា​ប្រឆាំង​នឹង​រាស្ត្រ​ព្រះ​ទៅ​វិញ ថែម​ទាំង​លក់​ពួក​គេ​ខ្លះ​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ទៀត​ផង។—ចសព. ៨៣:២, ៧; យ៉ូល. ៣:៤, ៦; អេម. ១:៩

កុំ​ចាត់​ទុក​ទ្រព្យ​សម្បត្តិ​ជា​កំពែង​ការ​ពារ​ឡើយ

២១, ២២. តើ​មាន​អ្វី​កើត​ឡើង​ដល់​ក្រុង​ទីរ៉ុស? ហើយ​ហេតុ​អ្វី?

២១ តាម​រយៈ​អេសេគាល ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស​ដែល​ជា​អ្នក​ប្រឆាំង​ថា​៖ ​«​មើល! ឱ​ក្រុង​ទីរ៉ុស​អើយ! ខ្ញុំ​នឹង​នាំ​ប្រជា​ជាតិ​នានា​មក​ទាស់​នឹង​អ្នក ដូច​ជា​រលក​សមុទ្រ​បក់​បោក។ ពួក​គេ​នឹង​កម្ទេច​កំពែង​ក្រុង​ទីរ៉ុស​និង​ប៉ម​ទាំង​ប៉ុន្មាន ហើយ​ខ្ញុំ​នឹង​យក​ដី​ចេញ រួច​ធ្វើ​ឲ្យ​ក្រុង​នោះ​នៅ​សល់​តែ​ដុំ​ថ្ម​រលោង​ប៉ុណ្ណោះ​»។ (​អេគ. ២៦:១​-​៥​) អ្នក​ក្រុង​ទីរ៉ុស​ទុក​ចិត្ត​ថា​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​អាច​ជួយ​ការ​ពារ​ពួក​គេ​បាន ដូច​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព​នៅ​ក្រោយ​កំពែង​ក្រុង​ដែល​មាន​កម្ពស់​៤៦​ម៉ែត្រ។ ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​សម្ដី​របស់​សាឡូម៉ូន​ដែល​ថា​៖ ​«​ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​ជា​ក្រុង​ដ៏​មាំ​មួន​របស់​គាត់។ គាត់​គិត​ថា​ទ្រព្យ​ទាំង​នោះ​ដូច​ជា​កំពែង​ការ​ពារ​គាត់​»។—សុភ. ១៨:១១

២២ ទំនាយ​អេសេគាល​បាន​កើត​ឡើង​តាម​រយៈ​ពួក​បាប៊ីឡូន ហើយ​ក្រោយ​មក​តាម​រយៈ​ពួក​ក្រិច។ ពេល​នោះ អ្នក​ក្រុង​ទីរ៉ុស​ឃើញ​ថា​ទ្រព្យ​សម្បត្តិ​និង​កំពែង​ក្រុង​ដ៏​ខ្ពស់​របស់​ពួក​គេ មិន​អាច​ការ​ពារ​ពួក​គេ​បាន​ទេ។ ក្រោយ​បំផ្លាញ​ក្រុង​យេរូសាឡិម ពួក​បាប៊ីឡូន​បាន​មក​ឡោម​ព័ទ្ធ​ច្បាំង​នឹង​ក្រុង​ទីរ៉ុស​អស់​រយៈ​ពេល​១៣​ឆ្នាំ រួច​វាយ​ឈ្នះ​ក្រុង​ទីរ៉ុស​ផ្នែក​ដី​គោក។ (​អេគ. ២៩:១៧, ១៨​) ក្រោយ​មក នៅ​ឆ្នាំ​៣៣២ មុន​គ.ស. អាឡិចសេនដឺ​ដ៏​ខ្លាំង​ក្លា បាន​ធ្វើ​ឲ្យ​ផ្នែក​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នៃ​ទំនាយ​អេសេគាល​បាន​សម្រេច។ * ពួក​ទាហាន​របស់​គាត់​បាន​ប្រមូល​សំណង់​បាក់​បែក​នៃ​ក្រុង​ទីរ៉ុស​នៅ​ដី​គោក ហើយ​បោះ​ថ្ម គ្រឿង​ឈើ ចាក់​ដី​ទៅ​ក្នុង​ទឹក រួច​សង់​ផ្លូវ​ឆ្ពោះ​ទៅ​ក្រុង​ទីរ៉ុស​នៅ​លើ​ដី​កោះ។ (​អេគ. ២៦:៤, ១២​) អាឡិចសេនដឺ​បាន​ទម្លាយ​កំពែង​ចាប់​យក​ទី​ក្រុង សម្លាប់​ទាហាន​និង​បណ្ដា​ជន​អស់​រាប់​ពាន់​នាក់ ហើយ​លក់​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ពេល​ដែល​អ្នក​ក្រុង​ទីរ៉ុស​ពិសោធ​ឃើញ​ថា​‹ធន​ធាន​ជា​ច្រើន›​របស់​ពួក​គេ​មិន​អាច​ការ​ពារ​ពួក​គេ​ជា​រៀង​រហូត នោះ​ពួក​គេ​បាន​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​ឫទ្ធានុភាព​ព្រះ​យេហូវ៉ា។—អេគ. ២៧:៣៣, ៣៤

ទោះ​ជា​ក្រុង​ទីរ៉ុស​មើល​ទៅ​ដូច​ជា​មាន​សុវត្ថិភាព​ក្ដី ក្រុង​នោះ​បាន​ត្រូវ​បំផ្លាញ​ដូច​អេសេគាល​ប្រកាស​ទុក​ជា​មុន (សូម​មើល​វគ្គ​២២)

២៣. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​អ្នក​ក្រុង​ទីរ៉ុស?

២៣ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​អ្នក​ក្រុង​ទីរ៉ុស? យើង​មិន​ចង់​ធ្លាក់​ក្នុង​«​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្តិ​»​ដោយ​ចាត់​ទុក​វត្ថុ​ទ្រព្យ​ជា​កំពែង​ការ​ពារ​ទេ។ (​ម៉ាថ. ១៣:២២​) យើង​មិន​អាច​«​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​»​បាន​ឡើយ។ (​សូម​អាន ម៉ាថាយ ៦:២៤) មាន​តែ​អស់​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​ទេ ដែល​មាន​សេចក្ដី​សុខ​សាន្ត​ពិត​ប្រាកដ។ (​ម៉ាថ. ៦:៣១​-​៣៣; យ៉ូន. ១០:២៧​-​២៩​) ទំនាយ​អំពី​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​នឹង​កើត​ឡើង​យ៉ាង​ល្អិត​ល្អន់ ដូច​ទំនាយ​ដែល​បាន​កើត​ឡើង​ចំពោះ​ក្រុង​ទីរ៉ុស​ដែរ។ នៅ​គ្រា​ដែល​ព្រះ​យេហូវ៉ា​បំផ្លាញ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដ៏​លោភ​លន់​និង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន នោះ​អស់​អ្នក​ដែល​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ​នឹង​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​ឫទ្ធានុភាព​ព្រះ​យេហូវ៉ា។

ប្រព័ន្ធ​នយោបាយ​ប្រៀប​ដូច​ជា​«​ដើម​ត្រែង​»​មួយ​ដើម

២៤​-​២៦. ​(​ក​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ហៅ​អេហ្ស៊ីប​ថា​ដើម​ត្រែង? (​ខ​) តើ​តាម​របៀប​ណា​ស្ដេច​សេដេគា​មិន​អើពើ​នឹង​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

២៤ មុន​សម័យ​យ៉ូសែប​រហូត​ដល់​គ្រា​ដែល​បាប៊ីឡូន​លើក​ទ័ព​ទៅ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម ស្រុក​អេហ្ស៊ីប​មាន​អំណាច​ខាង​នយោបាយ​យ៉ាង​ខ្លាំង​ទៅ​លើ​តំបន់​នៃ​ស្រុក​សន្យា។ ដោយ​សារ​អេហ្ស៊ីប​មាន​ប្រវត្តិសាស្ត្រ​យូរ​មក​ហើយ មើល​ទៅ​ស្ថិត​ស្ថេរ​ដូច​ដើម​ឈើ​ចាស់​យូរ​ឆ្នាំ។ ប៉ុន្តែ ពេល​ប្រៀប​ផ្ទឹម​នឹង​ព្រះ​យេហូវ៉ា អេហ្ស៊ីប​ទន់​ខ្សោយ​ប្រៀប​ដូច​ជា​«​ដើម​ត្រែង​»​មួយ​ដើម​ប៉ុណ្ណោះ។—អេគ. ២៩:៦

២៥ ស្ដេច​សេដេគា​ដែល​ក្បត់​ជំនឿ​មិន​ទទួល​ស្គាល់​ថា​អេហ្ស៊ីប​ទន់​ខ្សោយ​នោះ​ទេ។ តាម​រយៈ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ព្រះ​យេហូវ៉ា​បាន​ដាស់​តឿន​សេដេគា​ឲ្យ​ចុះ​ចូល​នឹង​ស្ដេច​បាប៊ីឡូន។ (​យេ. ២៧:១២​) ស្ដេច​សេដេគា​ថែម​ទាំង​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ថា​មិន​បះ​បោរ​ប្រឆាំង​នឹង​នេប៊ូក្នេសា​ទេ តែ​គាត់​មិន​អើពើ​នឹង​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ថែម​ទាំង​បំពាន​ពាក្យ​សម្បថ​នឹង​នេប៊ូក្នេសា ហើយ​សុំ​ជំនួយ​ពី​អេហ្ស៊ីប​ដើម្បី​ច្បាំង​នឹង​ពួក​បាប៊ីឡូន​ទៀត​ផង។ (​២​ប្រ. ៣៦:១៣; អេគ. ១៧:១២​-​២០​) ប៉ុន្តែ ពួក​អ៊ីស្រាអែល​ដែល​ពឹង​ផ្អែក​លើ​នយោបាយ​ដ៏​ខ្លាំង​ក្លា​របស់​អេហ្ស៊ីប នាំ​ឲ្យ​មាន​ទុក្ខ​ដល់​ខ្លួន​យ៉ាង​ខ្លាំង។ (​អេគ. ២៩:៧​) ឯ​អេហ្ស៊ីប​វិញ មើល​ទៅ​ខ្លាំង​ក្លា​ដូច​ជា​«​សត្វ​ធំ​សម្បើម​»។ (​អេគ. ២៩:៣, ៤​) ទោះ​យ៉ាង​នោះ​ក្ដី ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា លោក​នឹង​ប្រព្រឹត្ត​ទៅ​លើ​ស្រុក​អេហ្ស៊ីប​ដូច​ជា​អ្នក​ចាប់​ក្រពើ​នៅ​ទន្លេ​នីល ពោល​គឺ​លោក​នឹង​ដាក់​តម្ពក់​នៅ​ក្នុង​មាត់​នាង ហើយ​ទាញ​ឡើង​មក​បំផ្លាញ។ លោក​នឹង​ធ្វើ​ដូច្នោះ ពេល​លោក​ចាត់​បាប៊ីឡូន​ឲ្យ​ទៅ​បង្ក្រាប​ស្រុក​អេហ្ស៊ីប។—អេគ. ២៩:៩​-​១២, ១៩

២៦ តើ​មាន​អ្វី​កើត​ចំពោះ​សេដេគា​ដែល​មិន​ស្មោះ​ត្រង់? ដោយ​សារ​គាត់​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា អេសេគាល​បាន​ប្រកាស​ទុក​ជា​មុន​ថា ‹មេ​ដឹក​នាំ​ដ៏​ទុច្ចរិត›​នេះ​នឹង​បាត់​បង់​មកុដ​របស់​គាត់ ហើយ​ការ​គ្រប់​គ្រង​របស់​គាត់​នឹង​ដល់​ទី​បញ្ចប់។ ប៉ុន្តែ អេសេគាល​ក៏​បាន​ប្រកាស​អំពី​សេចក្ដី​សង្ឃឹម​ដែរ។ (​អេគ. ២១:២៥​-​២៧​) ព្រះ​យេហូវ៉ា​បាន​ឲ្យ​អេសេគាល​ប្រកាស​ទុក​ជា​មុន​ថា ស្ដេច​មួយ​រូប​ដែល​មក​ពី​វង្ស​ត្រកូល​ដាវីឌ​និង​ជា​អ្នក​មាន​«​សិទ្ធិ​ទទួល​»​នឹង​ឡើង​គ្រង​រាជ្យ។ ក្នុង​ជំពូក​បន្ទាប់ យើង​នឹង​ឃើញ​ថា​ស្ដេច​មួយ​រូប​នេះ​ជា​អ្នក​ណា។

២៧. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ទំនាក់​ទំនង​រវាង​អ៊ីស្រាអែល​និង​អេហ្ស៊ីប?

២៧ តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​ទំនាក់​ទំនង​រវាង​ពួក​អ៊ីស្រាអែល​ជា​មួយ​នឹង​ពួក​អេហ្ស៊ីប? នៅ​សព្វ​ថ្ងៃ​នេះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​ត្រូវ​ទុក​ចិត្ត​លើ​អំណាច​ខាង​នយោបាយ ដោយ​គិត​ថា​អំណាច​ទាំង​នោះ​នឹង​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ជា​រៀង​រហូត​នោះ​ទេ។ សូម្បី​តែ​នៅ​ក្នុង​គំនិត​របស់​យើង ក៏​យើង​«​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​»​ដែរ។ (​យ៉ូន. ១៥:១៩; យ៉ា. ៤:៤​) ប្រព័ន្ធ​នយោបាយ​ប្រហែល​មើល​ទៅ​មាំ តែ​ដូច​អេហ្ស៊ីប​ពី​បុរាណ វា​ផុយ​ដូច​ជា​ដើម​ត្រែង​មួយ​ដើម។ ដូច្នេះ គឺ​មិន​គិត​វែង​ឆ្ងាយ​ឡើយ បើ​យើង​សង្ឃឹម​ទៅ​លើ​មនុស្ស ជា​ជាង​សង្ឃឹម​ទៅ​លើ​មហា​ក្សត្រ​នៃ​សកល​លោក​ទាំង​មូល​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៤៦:៣​-​៦

ទោះ​ជា​គ្មាន​អ្នក​ឯ​ទៀត​មើល​ឃើញ​ក្ដី ក៏​យើង​មិន​ត្រូវ​កាន់​ជើង​ខាង​នយោបាយ​ណា​មួយ​ឡើយ (សូម​មើល​វគ្គ​២៧)

ប្រជាជាតិ​នានា​«​នឹង​ដឹង​»​ច្បាស់

២៨​-​៣០. តើ​របៀប​ដែល​ប្រជាជាតិ​នានា​«​នឹង​ដឹង​»​អំពី​ព្រះ​យេហូវ៉ា​ខុស​គ្នា​យ៉ាង​ណា​ពី​របៀប​ដែល​យើង​ដឹង​អំពី​ព្រះ​យេហូវ៉ា?

២៨ អស់​ជា​ច្រើន​ដង​ក្នុង​សៀវភៅ​អេសេគាល ព្រះ​យេហូវ៉ា​បញ្ជាក់​ថា​ប្រជាជាតិ​នានា​«​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»។ (​អេគ. ២៥:១៧​) ពាក្យ​ទាំង​នេះ​បាន​កើត​ឡើង​ពិត​មែន​នៅ​សម័យ​បុរាណ ពេល​ដែល​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ទោស​ទៅ​លើ​សត្រូវ​របស់​រាស្ត្រ​លោក។ ប៉ុន្តែ នៅ​សម័យ​យើង​ពាក្យ​ទាំង​នោះ​នឹង​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង។ តើ​តាម​របៀប​ណា?

២៩ ដូច​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​បុរាណ ប្រជាជាតិ​ដែល​នៅ​ជុំ​វិញ​យើង គិត​ថា​យើង​មិន​អាច​ការ​ពារ​ខ្លួន​ដូច​ជា​ចៀម​មួយ​ក្បាល។ (​អេគ. ៣៨:១០​-​១៣​) នៅ​ជំពូក​១៧​និង​១៨ យើង​នឹង​ពិចារណា​ថា​បន្តិច​ទៀត​ប្រជាជាតិ​នានា​នឹង​វាយ​ប្រហារ​យ៉ាង​ពេញ​ទំហឹង​មក​លើ​រាស្ត្រ​របស់​ព្រះ។ ប៉ុន្តែ ពេល​ពួក​គេ​ធ្វើ​ដូច្នេះ ពួក​គេ​នឹង​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ខ្លាំង​ដល់​កម្រិត​ណា។ ពេល​ព្រះ​យេហូវ៉ា​បំផ្លាញ​ពួក​គេ​នៅ​សង្គ្រាម​អាម៉ាគេដូន ពួក​គេ​នឹង​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា ពោល​គឺ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក។—បប. ១៦:១៦; ១៩:១៧​-​២១

៣០ ប៉ុន្តែ​ចំណែក​យើង​វិញ ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​យើង ហើយ​ផ្ដល់​ពរ​ឲ្យ​យើង។ ហេតុ​អ្វី? ពីព្រោះ​យើង​បាន​ចាប់​ឱកាស​នៅ​ឥឡូវ​នេះ ដើម្បី​បង្ហាញ​ថា​យើង​ស្គាល់​ព្រះ​យេហូវ៉ា​ដោយ​ទុក​ចិត្ត​លើ​លោក ស្ដាប់​បង្គាប់​លោក ហើយ​គោរព​ប្រណិប័តន៍​លោក​តែ​មួយ​ប៉ុណ្ណោះ។—សូម​អាន អេសេគាល ២៨:២៦

^ វគ្គ 15 ជា​ឧទាហរណ៍ ពួក​ភីលីស្ទីន​ហាម​មិន​ឲ្យ​មាន​ជាង​ដែក​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល។ ពួក​អ៊ីស្រាអែល​ត្រូវ​យក​ឧបករណ៍​សម្រាប់​ធ្វើ​ស្រែ​ទៅ​ឲ្យ​គេ​សំលៀង​នៅ​ស្រុក​ភីលីស្ទីន ហើយ​មាន​តម្លៃ​ថ្លៃ​ស្មើ​នឹង​ប្រាក់​ឈ្នួល​ជា​ច្រើន​ថ្ងៃ។—១​សាំ. ១៣:១៩​-​២២

^ វគ្គ 18 នៅ​ដើម​ដំបូង តាម​មើល​ទៅ​ក្រុង​ទីរ៉ុស​សង់​នៅ​លើ​កោះ​មួយ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ ហើយ​មាន​ចម្ងាយ​ប្រហែល​៥០​គីឡូ​ម៉ែត្រ​(​៣០​ម៉ៃល៍​)​ខាង​ជើង​ភ្នំ​កើមែល។ ក្រោយ​មក គេ​បាន​ពង្រីក​ក្រុង​នោះ​នៅ​លើ​ដី​គោក។ ឈ្មោះ​ដើម​នៃ​ក្រុង​នោះ ហៅ​ថា​សឺ​ដែល​មាន​ន័យ​ថា​«​ថ្ម​»។

^ វគ្គ 22 អេសាយ យេរេមា យ៉ូអែល អេម៉ុស និង​សាការី ក៏​បាន​ប្រកាស​ទំនាយ​ទាស់​នឹង​ក្រុង​នោះ​ដែរ។ ទំនាយ​ទាំង​នោះ​បាន​កើត​ឡើង​យ៉ាង​ល្អិត​ល្អន់។—អេ. ២៣:១​-​៨; យេ. ២៥:១៥, ២២, ២៧; យ៉ូល. ៣:៤; អេម. ១:១០; សាក. ៩:៣, ៤