លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី៨

«ខ្ញុំនឹងតែងតាំងបុគ្គលម្នាក់ឲ្យឃ្វាលចៀមខ្ញុំ»

«ខ្ញុំនឹងតែងតាំងបុគ្គលម្នាក់ឲ្យឃ្វាលចៀមខ្ញុំ»

អេសេគាល ៣៤:២៣

គោល​ចំណុច: ទំនាយ​បួន​អំពី​មេស្ស៊ី។ គ្រិស្ត​បាន​សម្រេច​ទំនាយ​ទាំង​នោះ

១​-​៣ ហេតុ​អ្វី​អេសេគាល​ក្រៀម​ក្រំ​ចិត្ត? ហើយ​តើ​គាត់​បាន​ត្រូវ​ជំរុញ​ចិត្ត​ឲ្យ​កត់​ទុក​អំពី​អ្វី?

ឥឡូវ​ជា​ឆ្នាំ​ទី​៦​ដែល​អេសេគាល​បាន​ត្រូវ​និរទេស។ * អេសេគាល​ក្រៀម​ក្រំ​ចិត្ត​ណាស់ ពេល​គាត់​រំពឹង​គិត​អំពី​ស្ថានភាព​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​នៃ​ការ​គ្រប់​គ្រង​នៅ​ស្រុក​យូដា ជា​ស្រុក​កំណើត​ជា​ទី​ស្រឡាញ់​របស់​គាត់ ដែល​នៅ​ឆ្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ។ គាត់​បាន​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​អ្នក​គ្រប់​គ្រង​ផ្សេង​ៗ។

អេសេគាល​បាន​កើត​នៅ​ពាក់​កណ្ដាល​រាជ្យ​យ៉ូសៀស​ដែល​ជា​ស្ដេច​ស្មោះ​ត្រង់។ អេសេគាល​ច្បាស់​ជា​រំភើប​ចិត្ត ពេល​ដែល​គាត់​ដឹង​ថា​យ៉ូសៀស​បាន​ដឹក​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​រូប​ព្រះ ហើយ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​ក្នុង​ស្រុក​យូដា។ (​២​ប្រ. ៣៤:១​-​៨​) ប៉ុន្តែ ការ​ផ្លាស់​ប្ដូរ​ដែល​យ៉ូសៀស​បាន​រៀបចំ​នោះ មិន​បាន​នៅ​គង់​វង្ស​ទេ ដោយ​សារ​ស្ដេច​ភាគ​ច្រើន​ដែល​គ្រប់​គ្រង​ក្រោយ​គាត់ បាន​បន្ត​គោរព​បូជា​រូប​ព្រះ។ គឺ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្ដេច​ដ៏​អាក្រក់​ទាំង​នោះ ប្រជាជាតិ​ទាំង​មូល​មាន​សីលធម៌​អាប់​ឱន ហើយ​បាត់​បង់​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ តើ​នេះ​ធ្វើ​ឲ្យ​លែង​មាន​សង្ឃឹម​ឬ? មិន​មែន​ទេ!

ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​អ្នក​ប្រកាស​ទំនាយ​ដ៏​ស្មោះ​ត្រង់​របស់​លោក កត់​ទុក​ទំនាយ​មួយ​អំពី​មេស្ស៊ី​ដែល​ជា​អ្នក​គ្រប់​គ្រង​នៅ​ថ្ងៃ​អនាគត ហើយ​ជា​គង្វាល​ដែល​នឹង​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​ជា​រៀង​រហូត ព្រម​ទាំង​ថែ​រក្សា​ចៀម​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ថ្នាក់​ថ្នម។ យើង​នឹង​ពិចារណា​អំពី​ទំនាយ​ទាំង​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ព្រោះ​អ្វី​ដែល​ទំនាយ​ទាំង​នោះ​សម្រេច ទាក់​ទង​នឹង​អនាគត​ដ៏​ស្ថិត​ស្ថេរ​របស់​យើង។ បន្ទាប់​មក សូម​យើង​ពិនិត្យ​មើល​ទំនាយ​បួន​អំពី​មេស្ស៊ី​ដែល​មាន​ក្នុង​សៀវភៅ​អេសេគាល។

‹ត្រួយ​មួយ›​ក្លាយ​ជា​«​ដើម​ស៊ីដារ​ដ៏​អស្ចារ្យ​»​

៤. តើ​អេសេគាល​បាន​ប្រាប់​អំពី​ទំនាយ​អ្វី? ហើយ​តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​រៀប​រាប់​ទំនាយ​នោះ?

ប្រហែល​ឆ្នាំ​៦១២ មុន​គ.ស. ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​អេសេគាល ហើយ​លោក​បាន​ប្រាប់​អំពី​ទំនាយ​ដែល​បង្ហាញ​នូវ​ការ​គ្រប់​គ្រង​របស់​មេស្ស៊ី ព្រម​ទាំង​អំពី​សារៈ​សំខាន់​នៃ​ការ​ទុក​ចិត្ត​ទៅ​លើ​រាជាណាចក្រ​របស់​លោក។ ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ដោយ​ឲ្យ​អេសេគាល​ប្រាប់​ដល់​ជន​រួម​ជាតិ​ដែល​ជា​ជន​និរទេស នូវ​ប្រស្នា​មួយ​ដែល​បក​អាក្រាត​ភាព​មិន​ស្មោះ​ត្រង់​របស់​ពួក​អ្នក​ដឹក​នាំ​នៃ​ស្រុក​យូដា ហើយ​បញ្ជាក់​ថា​មនុស្ស​ត្រូវ​ការ​មេស្ស៊ី​ដែល​ជា​អ្នក​គ្រប់​គ្រង​ដ៏​សុចរិត។—អេគ. ១៧:១, ២

៥. តើ​ប្រស្នា​ដែល​អេសេគាល​ប្រាប់​នោះ​រៀប​រាប់​អំពី​អ្វី​ខ្លះ?

សូម​អាន អេសេគាល ១៧:៣​-​១០ប្រស្នា​នោះ​រៀប​រាប់​ដូច​ត​ទៅ​៖ ​«​ឥន្ទ្រី​ធំ​មួយ​»​កាច់​យក​មែក​មួយ​ពី​ចុង​ដើម​ស៊ីដារ រួច​យក​មែក​នោះ​ទៅ​ដាក់​ក្នុង​‹ក្រុង​របស់​ពួក​ឈ្មួញ›។ រួច​មក ឥន្ទ្រី​នោះ​បាន​យក​«​គ្រាប់​ពូជ​ខ្លះ​ពី​ស្រុក​មួយ​»​ ហើយ​ដាំ​នៅ​ក្នុង​ដី​ដែល​មាន​ជី​ជាតិ​«​ក្បែរ​ផ្លូវ​ទឹក​»។ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង ទៅ​ជា​«​ដើម​ទំពាំង​បាយ​ជូរ​ទាប​មួយ​វារ​លើ​ដី​»។ បន្ទាប់​មក មាន​«​ឥន្ទ្រី​ធំ​»​មួយ​ទៀត​លេច​មក។ ដើម​ទំពាំង​បាយ​ជូរ​ក៏​ចាក់​ឫស​«​តម្រង់​ទៅ​រក​»​ឥន្ទ្រី​នោះ ក្នុង​បំណង​ឲ្យ​ឥន្ទ្រី​នោះ​យក​វា​ទៅ​ដាក់​នៅ​កន្លែង​មួយ​ទៀត​ដែល​សម្បូរ​ទឹក។ ព្រះ​យេហូវ៉ា​កាត់​ទោស​ទង្វើ​របស់​ដើម​ទំពាំង​បាយ​ជូរ​នោះ ដោយ​បញ្ជាក់​ថា​ឫស​របស់​វា​នឹង​ត្រូវ​ដក​រំលើង ហើយ​វា​នឹង​ត្រូវ​«​ក្រៀម​ស្វិត​អស់​»។

ឥន្ទ្រី​ធំ​ទី​១​តំណាង​ឲ្យ​ស្ដេច​នេប៊ូក្នេសា​នៃ​ស្រុក​បាប៊ីឡូន (សូម​មើល​វគ្គ​៦)

៦. សូម​ពន្យល់​អត្ថន័យ​នៃ​ប្រស្នា​នោះ។

តើ​ប្រស្នា​នោះ​មាន​ន័យ​អ្វី? (​សូម​អាន អេសេគាល ១៧:១១​-​១៥) នៅ​ឆ្នាំ​៦១៧ មុន​គ.ស. ស្ដេច​នេប៊ូក្នេសា​នៃ​ស្រុក​បាប៊ីឡូន​(​«​ឥន្ទ្រី​ធំ​»​ទី​១​) បាន​មក​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម។ នេប៊ូក្នេសា​បាន​ដក​យេហូយ៉ាគីន​ជា​ស្ដេច​ស្រុក​យូដា​(​«​មែក​មួយ​ពី​ចុង​ដើម​»​)​ពី​បល្ល័ង្ក​របស់​គាត់ ហើយ​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន​(​‹ក្រុង​របស់​ពួក​ឈ្មួញ›​)។ នេប៊ូក្នេសា​បាន​ដាក់​សេដេគា​ជា​ពូជ​ពង្ស​ស្ដេច​(​«​គ្រាប់​ពូជ​ពី​ស្រុក​មួយ​»​)​ឲ្យ​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម។ ស្ដេច​យូដា​ថ្មី​នេះ​បាន​ធ្វើ​សម្បថ​ដោយ​នូវ​នាម​ព្រះ ថា​គាត់​នឹង​ធ្វើ​ជា​ស្ដេច​ចំណុះ​ដ៏​ស្មោះ​ត្រង់។ (​២​ប្រ. ៣៦:១៣​) ប៉ុន្តែ សេដេគា​បាន​បំពាន​សម្បថ​របស់​គាត់។ គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​បាប៊ីឡូន ហើយ​បែរ​ទៅ​រក​ផារ៉ូ​ជា​ស្ដេច​អេហ្ស៊ីប​(​«​ឥន្ទ្រី​ធំ​»​ទី​២​) ដើម្បី​បាន​ជំនួយ​ខាង​ទាហាន តែ​នោះ​គ្មាន​ប្រយោជន៍​ឡើយ។ ព្រះ​យេហូវ៉ា​បាន​កាត់​ទោស​សេដេគា​ដែល​ជា​អ្នក​បំពាន​សម្បថ ដោយ​សារ​ទង្វើ​មិន​ស្មោះ​ត្រង់​របស់​គាត់។ (​អេគ. ១៧:១៦​-​២១​) ទី​បំផុត សេដេគា​បាន​ត្រូវ​ទម្លាក់​ពី​តំណែង ហើយ​គាត់​បាន​ស្លាប់​ក្នុង​គុក​នៅ​ស្រុក​បាប៊ីឡូន។—យេ. ៥២:៦​-​១១

៧. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ប្រស្នា​នោះ?

តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ប្រស្នា​នោះ? ទី​១ ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត យើង​ត្រូវ​រក្សា​សម្ដី​របស់​យើង។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​ថា​‹មែន› គឺ​មែន បើ​ថា​‹ទេ› គឺ​ទេ​»។ (​ម៉ាថ. ៥:៣៧​) បើ​កាលៈទេសៈ​តម្រូវ​ឲ្យ​យើង​ស្បថ​ដោយ​នូវ​នាម​ព្រះ ថា​និយាយ​សេចក្ដី​ពិត ដូច​ជា​ធ្វើ​សាក្សី​នៅ​តុលាការ យើង​ចាត់​ទុក​ថា​ពាក្យ​សម្បថ​នោះ​ជា​រឿង​សំខាន់​ណាស់។ ទី​២ យើង​ត្រូវ​គិត​ថា​អ្នក​ណា​ដែល​យើង​គួរ​ទុក​ចិត្ត។ គម្ពីរ​ព្រមាន​យើង​ថា​៖ ​«​កុំ​ទុក​ចិត្ត​ពួក​មាន​ឋានៈ​ខ្ពស់ កុំ​ទុក​ចិត្ត​មនុស្ស ព្រោះ​ពួក​គេ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​»។—ចសព. ១៤៦:៣

៨​-​១០. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​រៀប​រាប់​អំពី​មេស្ស៊ី​ដែល​ជា​អ្នក​គ្រប់​គ្រង​នៅ​ថ្ងៃ​ខាង​មុខ? ហើយ​តើ​តាម​របៀប​ណា​ទំនាយ​នោះ​បាន​កើត​ឡើង? (​សូម​មើល​ប្រអប់​«​ទំនាយ​អំពី​មេស្ស៊ី​ពី​ដើម​ស៊ីដារ​ដ៏​អស្ចារ្យ​»​)

ប៉ុន្តែ មាន​អ្នក​គ្រប់​គ្រង​មួយ​រូប​ដែល​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង។ ក្រោយ​ពី​រៀប​រាប់​ប្រស្នា​អំពី​មែក​ដែល​បាន​ត្រូវ​កាច់​យក​ទៅ​ដាំ ព្រះ​យេហូវ៉ា​បាន​ប្រើ​ឧទាហរណ៍​ដូច​គ្នា​ដើម្បី​ពណ៌នា​អំពី​មេស្ស៊ី​ដែល​ជា​អ្នក​គ្រប់​គ្រង​នៅ​ថ្ងៃ​អនាគត។

អ្វី​ដែល​ទំនាយ​រៀប​រាប់។ (​សូម​អាន អេសេគាល ១៧:២២​-​២៤) ឥឡូវ​ព្រះ​យេហូវ៉ា​ផ្ទាល់​ជា​អ្នក​ចាត់​វិធានការ មិន​មែន​ជា​ឥន្ទ្រី​ធំ​ទេ។ លោក​នឹង​កាច់​ត្រួយ​«​ពី​ចុង​ដើម​ស៊ីដារ . . . រួច​យក​ទៅ​ដាំ​នៅ​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់​ស្កឹមស្កៃ​»។ ត្រួយ​នោះ​នឹង​ដុះ​ធំ​ឡើង​ទៅ​ជា​«​ដើម​ស៊ីដារ​ដ៏​អស្ចារ្យ​»​ ហើយ​ទៅ​ជា​ជម្រក​«​សត្វ​ស្លាប​គ្រប់​ប្រភេទ​»។ បន្ទាប់​មក ​«​ដើម​ឈើ​ទាំង​ឡាយ​ដែល​នៅ​ឯ​វាល​»​នឹង​ដឹង​ថា គឺ​ព្រះ​យេហូវ៉ា​ផ្ទាល់​ដែល​ធ្វើ​ឲ្យ​ដើម​ដ៏​អស្ចារ្យ​នេះ​លូត​លាស់។

១០ របៀប​ដែល​ទំនាយ​នេះ​បាន​កើត​ឡើង។ ព្រះ​យេហូវ៉ា​បាន​យក​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ ពី​ពូជ​ពង្ស​ស្ដេច​ដាវីឌ​(​‹ដើម​ស៊ីដារ​ដ៏​ខ្ពស់›​) ហើយ​បាន​ដាក់​លោក​នៅ​ភ្នំ​ស៊ីយ៉ូន​ស្ថាន​សួគ៌​(​«​ភ្នំ​ដ៏​ខ្ពស់​ស្កឹមស្កៃ​»​)។ (​ចសព. ២:៦; យេ. ២៣:៥; បប. ១៤:១​) ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​បុត្រ​លោក ដែល​សត្រូវ​ចាត់​ទុក​ថា​«​តូច​ទាប​បំផុត​»​ ហើយ​លើក​តម្កើង​ឲ្យ​អង្គុយ​លើ​«​បល្ល័ង្ក​របស់​ដាវីឌ​ជា​បុព្វ​បុរស​»។ (​ដាន. ៤:១៧; លូក. ១:៣២, ៣៣​) ដូច​ដើម​ស៊ីដារ​ដ៏​អស្ចារ្យ លោក​យេស៊ូ​ដែល​ជា​មេស្ស៊ី​និង​ជា​ស្ដេច នឹង​គ្រប់​គ្រង​ជា​ម្លប់​ដល់​រាស្ត្រ​លោក​ទាំង​អស់​នៅ​ផែនដី​ទាំង​មូល ហើយ​នឹង​ផ្ដល់​ពរ​ឲ្យ​ពួក​គេ​ជា​បរិបូរ។ លោក​ពិត​ជា​អ្នក​គ្រប់​គ្រង​ដែល​យើង​អាច​ទុក​ចិត្ត​បាន​មែន។ នៅ​ក្រោម​ម្លប់​នៃ​រាជាណាចក្រ​របស់​លោក​យេស៊ូ មនុស្ស​ដែល​ស្ដាប់​បង្គាប់​នៅ​ទូទាំង​ផែនដី​នឹង​«​រស់​នៅ​ដោយ​សុខ​សាន្ត​»​ ហើយ​«​នឹង​មិន​ភ័យ​ខ្លាច​អន្តរាយ​ឡើយ​»។—សុភ. ១:៣៣

១១. ស្ដី​អំពី​ទំនាយ​អំពី​‹ត្រួយ​មួយ›​ដែល​ក្លាយ​ទៅ​ជា​«​ដើម​ស៊ីដារ​ដ៏​អស្ចារ្យ​»​ តើ​យើង​អាច​ទាញ​មេ​រៀន​សំខាន់​អ្វី?

១១ អ្វី​ដែល​យើង​អាច​រៀន​ពី​ទំនាយ​នេះ។ ទំនាយ​ដ៏​គួរ​ឲ្យ​រំភើប​អំពី​«​ត្រួយ​»​ដែល​បាន​ក្លាយ​ជា​«​ដើម​ស៊ីដារ​ដ៏​អស្ចារ្យ​»​ ជួយ​យើង​ឆ្លើយ​សំណួរ​ដ៏​សំខាន់​នេះ​ដែល​ថា តើ​យើង​នឹង​ទុក​ចិត្ត​អ្នក​ណា? គឺ​មិន​ឈ្លាស​វៃ​ឡើយ បើ​យើង​ទុក​ចិត្ត​រដ្ឋាភិបាល​មនុស្ស​និង​កម្លាំង​ទ័ព​របស់​ពួក​គេ។ ដើម្បី​មាន​សេចក្ដី​សុខ​សាន្ត​ពិត​ប្រាកដ យើង​ត្រូវ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច​និង​ជា​មេស្ស៊ី។ រដ្ឋាភិបាល​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក គឺ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​មនុស្សជាតិ។—បប. ១១:១៥

​«​អ្នក​ដែល​មាន​សិទ្ធិ​ទទួល​»​

១២. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​មិន​បាន​បញ្ឈប់​កិច្ច​ព្រម​ព្រៀង​របស់​លោក​ជា​មួយ​នឹង​ដាវីឌ?

១២ តាម​រយៈ​ការ​ពន្យល់​របស់​ព្រះ​នូវ​ប្រស្នា​អំពី​ឥន្ទ្រី​ធំ​ពីរ អេសេគាល​បាន​យល់​ថា​សេដេគា​ជា​ស្ដេច​មិន​ស្មោះ​ត្រង់​ក្នុង​វង្ស​ត្រកូល​ដាវីឌ នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង ហើយ​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន។ ម្ល៉ោះ​ហើយ អេសេគាល​ប្រហែល​ជា​ឆ្ងល់​ថា​‹ចុះ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ជា​មួយ​ដាវីឌ​ដែល​សន្យា​ថា​នឹង​មាន​ស្ដេច​មួយ​រូប​ពី​វង្ស​ត្រកូល​ដាវីឌ​គ្រប់​គ្រង​ជា​រៀង​រហូត​នោះ នឹង​ទៅ​ជា​យ៉ាង​ណា​ទៅ?›។ (​២​សាំ. ៧:១២, ១៦​) បើ​អេសេគាល​ឆ្ងល់​អំពី​សំណួរ​នោះ​មែន គាត់​មិន​ចាំ​បាច់​រង់​ចាំ​ចម្លើយ​យូរ​ទេ។ ប្រហែល​នៅ​ឆ្នាំ​៦១១ មុន​គ.ស. ជា​ឆ្នាំ​ទី​៧​នៃ​ការ​ជាប់​ជា​ឈ្លើយ កាល​ដែល​សេដេគា​កំពុង​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្រុក​យូដា ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​»​មក​អេសេគាល។ (​អេគ. ២០:២​) ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់​រៀប​រាប់​អំពី​ទំនាយ​មួយ​ទៀត​ស្ដី​អំពី​មេស្ស៊ី ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​មិន​បញ្ឈប់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទំនាយ​នេះ​បញ្ជាក់​ថា​នៅ​ថ្ងៃ​អនាគត​មេស្ស៊ី​ដែល​ជា​អ្នក​គ្រប់​គ្រង នឹង​មាន​សិទ្ធិ​ស្នង​រាជ្យ​ពី​ដាវីឌ។

១៣, ១៤. តើ​ទំនាយ​នៅ​អេសេគាល ២១:២៥​-​២៧ រៀប​រាប់​អំពី​អ្វី​ខ្លះ? ហើយ​តើ​ទំនាយ​នោះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

១៣ អ្វី​ដែល​ទំនាយ​រៀប​រាប់។ (​សូម​អាន អេសេគាល ២១:២៥​-​២៧) តាម​រយៈ​អេសេគាល ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ចំ​ៗ​ទៅ​កាន់​«​មេ​ដឹក​នាំ​អ៊ីស្រាអែល​ដ៏​ទុច្ចរិត​»​ថា ថ្ងៃ​វិនិច្ឆ័យ​ទោស​របស់​អ្នក​បាន​មក​ដល់​ហើយ។ ព្រះ​យេហូវ៉ា​ប្រាប់​មេ​ដឹក​នាំ​នោះ​ថា​«​ឈ្នួត​»​និង​«​មកុដ​»​របស់​គាត់​(​តំណាង​ឲ្យ​អំណាច​ជា​ស្ដេច​) នឹង​ត្រូវ​ដក​ចេញ។ រួច​មក អំណាច​គ្រប់​គ្រង​ដែល​បាន​ត្រូវ​«​បន្ទាប​»​នឹង​ត្រូវ​លើក​តម្កើង​ឡើង ហើយ​អំណាច​គ្រប់​គ្រង​«​ខ្ពង់​ខ្ពស់​»​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ។ អំណាច​គ្រប់​គ្រង​ដែល​បាន​ត្រូវ​លើក​តម្កើង នឹង​បន្ត​គ្រប់​គ្រង​មួយ​រយៈ តែ​ពេល​«​អ្នក​ដែល​មាន​សិទ្ធិ​ទទួល​មក​ដល់​»​ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​អ្នក​នោះ​គ្រប់​គ្រង​រាជាណាចក្រ​របស់​លោក។

១៤ របៀប​ដែល​ទំនាយ​នេះ​បាន​កើត​ឡើង។ នៅ​ឆ្នាំ​៦០៧ មុន​គ.ស. រាជាណាចក្រ​យូដា​ដែល​ជា​អំណាច​គ្រប់​គ្រង​«​ខ្ពង់​ខ្ពស់​»​នៅ​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បន្ទាប​ចុះ គឺ​នៅ​ពេល​ដែល​ជន​ជាតិ​បាប៊ីឡូន​បំផ្លាញ​ក្រុង​យេរូសាឡិម ហើយ​ចាប់​ស្ដេច​សេដេគា​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ បន្ទាប់​មក ដោយ​សារ​លែង​មាន​ស្ដេច​ពី​វង្ស​ត្រកូល​ដាវីឌ​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​ទៀត នោះ​អំណាច​គ្រប់​គ្រង​របស់​ជន​ជាតិ​ដទៃ​ដែល​ជា​«​អ្នក​ទន់​ទាប​»​បាន​ត្រូវ​លើក​តម្កើង ហើយ​ឲ្យ​គ្រប់​គ្រង​លើ​ផែនដី។ ប៉ុន្តែ ការ​គ្រប់​គ្រង​របស់​ពួក​គេ​មាន​ពេល​កំណត់។ គ្រា​របស់​ជន​ជាតិ​ដទៃ​ឬ​«​គ្រា​កំណត់​នៃ​ប្រជាជាតិ​នានា​»​បាន​ចប់​នៅ​ឆ្នាំ​១៩១៤ ពេល​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​អំណាច​គ្រប់​គ្រង​ដល់​លោក​យេស៊ូ​គ្រិស្ត។ (​លូក. ២១:២៤​) ក្នុង​នាម​ជា​ពូជ​ពង្ស​ដាវីឌ លោក​យេស៊ូ​ពិត​ជា​មាន​«​សិទ្ធិ​»​គ្រប់​គ្រង​រាជាណាចក្រ​មេស្ស៊ី។ * (​ដក. ៤៩:១០​) ម្ល៉ោះ​ហើយ តាម​រយៈ​លោក​យេស៊ូ ព្រះ​យេហូវ៉ា​បាន​សម្រេច​សេចក្ដី​សន្យា​របស់​លោក​ឲ្យ​ដាវីឌ​ថា​ពូជ​ពង្ស​គាត់​នឹង​គ្រប់​គ្រង​រាជាណាចក្រ​ដ៏​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។—លូក. ១:៣២, ៣៣

លោក​យេស៊ូ​មាន​សិទ្ធិ​ធ្វើ​ជា​ស្ដេច​ក្នុង​រាជាណាចក្រ​ព្រះ (សូម​មើល​វគ្គ​១៥)

១៥. ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច?

១៥ អ្វី​ដែល​យើង​អាច​រៀន​ពី​ទំនាយ​នេះ។ យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច។ ហេតុ​អ្វី? ពីព្រោះ​លោក​យេស៊ូ​មិន​ដូច​អ្នក​គ្រប់​គ្រង​ក្នុង​ពិភព​លោក​នេះ​ទេ។ ពួក​គេ​បាន​អំណាច​គ្រប់​គ្រង​ប្រហែល​ជា​ដោយ​សារ​ការ​ដណ្ដើម​អំណាច ឬ​ត្រូវ​មនុស្ស​បោះ​ឆ្នោត​ជ្រើស​រើស។ ប៉ុន្តែ លោក​យេស៊ូ​បាន​ត្រូវ​ជ្រើស​រើស​ដោយ​ព្រះ​យេហូវ៉ា ហើយ​«​ទទួល . . . រាជាណាចក្រ​មួយ​»​ដែល​លោក​មាន​សិទ្ធិ​ទទួល។ (​ដាន. ៧:១៣, ១៤​) ដូច្នេះ យើង​ពិត​ជា​អាច​ទុក​ចិត្ត​ស្ដេច​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ដោយ​ផ្ទាល់។

«​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​»​នឹង​ទៅ​ជា​«​គង្វាល​របស់​ពួក​គេ​»​

១៦. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ចៀម​របស់​លោក? ហើយ​នៅ​សម័យ​អេសេគាល តើ​«​ពួក​គង្វាល​នៃ​អ៊ីស្រាអែល​»​ប្រព្រឹត្ត​ទៅ​លើ​ចៀម​របស់​លោក​យ៉ាង​ដូច​ម្ដេច?

១៦ ព្រះ​យេហូវ៉ា​ជា​គង្វាល​ដ៏​ឧត្តម លោក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខុមាលភាព​របស់​ចៀម​លោក ពោល​គឺ​អ្នក​គោរព​ប្រណិប័តន៍​លោក​នៅ​ផែនដី។ (​ចសព. ១០០:៣​) ពេល​លោក​ប្រគល់​ភារកិច្ច​ឲ្យ​គង្វាល​ជា​មនុស្ស​(​ពួក​អ្នក​ដែល​មាន​តួ​នាទី​សំខាន់​)​ឲ្យ​មើល​ថែ​រក្សា​ចៀម​លោក នោះ​លោក​ក៏​ពិនិត្យ​មើល​នូវ​របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​ទៅ​លើ​ចៀម​របស់​លោក​ផង​ដែរ។ ឥឡូវ​សូម​ស្រមៃ​គិត​ថា តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​«​ពួក​គង្វាល​នៃ​អ៊ីស្រាអែល​»​នៅ​សម័យ​អេសេគាល។ ដោយ​ឥត​អៀន​ខ្មាស គង្វាល​ទាំង​នោះ​បាន​«​ជិះ​ជាន់​សង្កត់​សង្កិន​»​ចៀម​របស់​ព្រះ។ ជា​លទ្ធផល ចៀម​ទាំង​នោះ​បាន​រង​ទុក្ខ​វេទនា ហើយ​ពួក​គេ​ជា​ច្រើន​នាក់​បាន​បោះ​បង់​ចោល​ការ​គោរព​ប្រណិប័តន៍​ពិត។—អេគ. ៣៤:១​-​៦

១៧. តើ​ព្រះ​យេហូវ៉ា​សង្គ្រោះ​ចៀម​របស់​លោក​យ៉ាង​ដូច​ម្ដេច?

១៧ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី? លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​ដឹក​នាំ​ដែល​សង្កត់​សង្កិន​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ខុស​ត្រូវ›។ បន្ថែម​ទៅ​ទៀត លោក​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​នឹង​សង្គ្រោះ​ចៀម​ខ្ញុំ​»។ (​អេគ. ៣៤:១០​) ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក​ជា​និច្ច។ (​យ៉ូស. ២១:៤៥​) នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ចៀម​លោក​ដោយ​ចាត់​ទ័ព​បាប៊ីឡូន​ឲ្យ​ដក​ហូត​អំណាច​គ្រប់​គ្រង​ពី​ពួក​គង្វាល​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ចិតសិប​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​រំដោះ​អ្នក​គោរព​ប្រណិប័តន៍​លោក​ដែល​ប្រៀប​ដូច​ជា​ចៀម ពី​កណ្ដាប់​ដៃ​បាប៊ីឡូន ហើយ​នាំ​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​ដើម្បី​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ ប៉ុន្តែ ចៀម​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​ជួប​ការ​យាយី ព្រោះ​ពួក​គេ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពិភព​លោក ហើយ​«​គ្រា​កំណត់​របស់​ប្រជាជាតិ​នានា​»​នឹង​បន្ត​អស់​ជា​ច្រើន​សតវត្សរ៍​ត​ទៅ​មុខ​ទៀត។—លូក. ២១:២៤

១៨, ១៩. តើ​អេសេគាល​បាន​ប្រាប់​ទំនាយ​អ្វី​នៅ​ឆ្នាំ​៦០៦ មុន​គ.ស.? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១៨ នៅ​ឆ្នាំ​៦០៦ មុន​គ.ស. ប្រហែល​មួយ​ឆ្នាំ​ក្រោយ​ពី​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​អេសេគាល​ឲ្យ​រៀប​រាប់​ទំនាយ​មួយ​ដែល​បង្ហាញ​ថា លោក​ដែល​ជា​គង្វាល​ដ៏​ឧត្តម​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខុមាលភាព​របស់​ចៀម​លោក។ ទំនាយ​នោះ​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​អស់​ប៉ុន្មាន​ទសវត្សរ៍ មុន​ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​រំដោះ​ពី​ការ​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។ ទំនាយ​នេះ​រៀប​រាប់​អំពី​របៀប​ដែល​មេស្ស៊ី​ជា​អ្នក​គ្រប់​គ្រង​នឹង​ឃ្វាល​ចៀម​របស់​ព្រះ​យេហូវ៉ា។

១៩ អ្វី​ដែល​ទំនាយ​រៀប​រាប់។ (​សូម​អាន អេសេគាល ៣៤:២២​-​២៤) ព្រះ​«​នឹង​តែង​តាំង​បុគ្គល​ម្នាក់​ឲ្យ​ឃ្វាល​ចៀម​»​របស់​លោក។ លោក​ហៅ​បុគ្គល​នោះ​ថា​«​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​»។ ពាក្យ​«​បុគ្គល​ម្នាក់​»​និង​ពាក្យ​«​អ្នក​បម្រើ​»​ជា​ឯកវចនៈ នេះ​បញ្ជាក់​ថា​មាន​តែ​បុគ្គល​មួយ​រូប​ប៉ុណ្ណោះ​ដែល​មក​ពី​វង្ស​ត្រកូល​ដាវីឌ​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។ អ្នក​គ្រប់​គ្រង​ដែល​ជា​គង្វាល​នោះ នឹង​ផ្ដល់​ចំណី​អាហារ​ដល់​ចៀម​របស់​ព្រះ ហើយ​នឹង​ទៅ​ជា​«​អ្នក​ដឹក​នាំ​ពួក​គេ​»។ ព្រះ​យេហូវ៉ា​នឹង​«​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​»​ជា​មួយ​នឹង​ចៀម​របស់​លោក។ ​«​ពរ​ទាំង​ប៉ុន្មាន​នឹង​ធ្លាក់​មក​ដូច​ជា​ភ្លៀង​»​ ហើយ​ពួក​គេ​នឹង​មាន​សេចក្ដី​សុខ​សាន្ត ភាព​ចម្រុង​ចម្រើន និង​ការ​សម្បូរ​សប្បាយ។ ពេល​នោះ មិន​គ្រាន់​តែ​មាន​សន្តិភាព​រវាង​មនុស្ស​និង​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​សន្តិភាព​រវាង​មនុស្ស​និង​សត្វ​ផង​ដែរ។—អេគ. ៣៤:២៥​-​២៨

២០, ២១. ​(​ក​) តើ​តាម​របៀប​ណា​ទំនាយ​អំពី​«​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​»​បាន​កើត​ឡើង? (​ខ​) ពាក្យ​របស់​អេសេគាល​អំពី​«​កិច្ច​ព្រម​ព្រៀង​សន្តិភាព​»​មាន​ន័យ​យ៉ាង​ណា​សម្រាប់​ថ្ងៃ​អនាគត?

២០ របៀប​ដែល​ទំនាយ​នេះ​បាន​កើត​ឡើង។ ដោយ​ហៅ​អ្នក​គ្រប់​គ្រង​នេះ​ថា​«​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​»​ ព្រះ​បាន​ប្រាប់​ទុក​ជា​មុន​ថា​លោក​យេស៊ូ​ជា​ពូជ​ពង្ស​ដាវីឌ​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង។ (​ចសព. ៨៩:៣៥, ៣៦​) ពេល​នៅ​ផែនដី លោក​យេស៊ូ​បង្ហាញ​ថា​លោក​ជា​«​គង្វាល​ដ៏​ល្អ​ប្រសើរ​»​ ហើយ​បាន​«​លះ​បង់​ជីវិត​ដើម្បី​ចៀម​»។ (​យ៉ូន. ១០:១៤, ១៥​) ប៉ុន្តែ ឥឡូវ​លោក​ជា​គង្វាល​នៅ​ស្ថាន​សួគ៌។ (​ហេ. ១៣:២០​) នៅ​ឆ្នាំ​១៩១៤ ព្រះ​បាន​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្ដេច ហើយ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​លោក​ឃ្វាល​និង​ផ្ដល់​អាហារ​ដល់​ចៀម​របស់​ព្រះ​នៅ​ផែនដី។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក នៅ​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ឲ្យ​ផ្ដល់​អាហារ​ដល់​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»​ ពោល​គឺ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ទាំង​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌ ទាំង​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែនដី។ (​ម៉ាថ. ២៤:៤៥​-​៤៧​) ក្រោម​ការ​ដឹក​នាំ​របស់​គ្រិស្ត ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​បន្ត​ផ្ដល់​សេចក្ដី​បង្រៀន​ជា​ច្រើន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​ចៀម​របស់​ព្រះ។ សេចក្ដី​បង្រៀន​ទាំង​នេះ​ជួយ​ពួក​គេ​ធ្វើ​ឲ្យ​មាន​សន្តិភាព​និង​មាន​បរិយាកាស​សុខ​សាន្ត​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​ដូច​សួន​ឧទ្យាន។

២១ តើ​ពាក្យ​របស់​អេសេគាល​អំពី​«​កិច្ច​ព្រម​ព្រៀង​សន្តិភាព​»​និង​ពរ​ដែល​ធ្លាក់​មក​ដូច​ជា​ភ្លៀង​មាន​ន័យ​យ៉ាង​ណា​សម្រាប់​យើង​នៅ​ថ្ងៃ​អនាគត? នៅ​ក្នុង​ពិភព​លោក​ថ្មី​នា​ពេល​ខាង​មុខ អ្នក​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​នៅ​ផែនដី​នឹង​ទទួល​ពរ​យ៉ាង​ពេញ​លេញ​ពី​«​កិច្ច​ព្រម​ព្រៀង​សន្តិភាព​»។ ពេល​ផែនដី​ក្លាយ​ជា​សួន​ឧទ្យាន មនុស្ស​ស្មោះ​ត្រង់​នឹង​លែង​ត្រូវ​គំរាម​កំហែង​ដោយ​សង្គ្រាម ឧក្រិដ្ឋកម្ម ការ​អត់​ឃ្លាន ជំងឺ ឬ​សត្វ​សាហាវ​ទៀត​ហើយ។ (​អេ. ១១:៦​-​៩; ៣៥:៥, ៦; ៦៥:២១​-​២៣​) សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី ច្បាស់​ជា​ធ្វើ​ឲ្យ​អ្នក​រំភើប​ចិត្ត​ណាស់ មែន​ទេ? នៅ​ពេល​នោះ ចៀម​របស់​ព្រះ​នឹង​«​រស់​នៅ​ដោយ​សុខ​សាន្ត គ្មាន​អ្នក​ណា​មក​បំភ័យ​ពួក​គេ​ឡើយ​»។—អេគ. ៣៤:២៨

ក្នុង​នាម​ជា​គង្វាល​នៅ​ស្ថាន​សួគ៌លោក​យេស៊ូ​ពិនិត្យ​មើល​អំពី​របៀប​ដែល​គង្វាល​នៅ​ផែនដី​ប្រព្រឹត្ត​មក​លើ​ចៀម​លោក (សូម​មើល​វគ្គ​២២)

២២. តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ចៀម​របស់​ព្រះ? ហើយ​តើ​តាម​របៀប​ណា​អស់​អ្នក​ដែល​បម្រើ​ជា​គង្វាល​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​លោក?

២២ អ្វី​ដែល​យើង​អាច​រៀន​ពី​ទំនាយ​នេះ។ ដូច​បិតា​ដែរ លោក​យេស៊ូ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខុមាលភាព​របស់​ចៀម។ ស្ដេច​ដែល​ជា​គង្វាល​ធ្វើ​ឲ្យ​ប្រាកដ​ថា​ចៀម​របស់​បិតា​លោក បាន​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​មាន​សេចក្ដី​សុខ​សាន្ត​និង​សុវត្ថិភាព​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​ដែល​មាន​បរិយាកាស​ដូច​ជា​សួន​ឧទ្យាន។ នៅ​ក្រោម​ការ​មើល​ថែ​ពី​អ្នក​ដឹក​នាំ​បែប​នេះ ច្បាស់​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់! បង​ប្រុស​ៗ​ដែល​បម្រើ​ជា​គង្វាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចៀម​របស់​ព្រះ​ដូច​លោក​យេស៊ូ​ដែរ។ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ឃ្វាល​ហ្វូង​ចៀម​«​ដោយ​ស្ម័គ្រ​ចិត្ត​»​និង​«​ដោយ​ស្មោះ​អស់​ពី​ចិត្ត​»​ ហើយ​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ហ្វូង​ចៀម។ (​១​ពេ. ៥:២, ៣​) គ្មាន​អ្នក​ចាស់​ទុំ​ណា​ម្នាក់​គួរ​ធ្វើ​បាប​ចៀម​របស់​ព្រះ​យេហូវ៉ា​នោះ​ទេ! សូម​ចាំ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​ពួក​គង្វាល​ដែល​សង្កត់​សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​អេសេគាល ដែល​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ខុស​ត្រូវ›។ (​អេគ. ៣៤:១០​) ដូច្នេះ ព្រះ​យេហូវ៉ា​ជា​គង្វាល​ដ៏​ឧត្ដម​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​របៀប​ដែល​គង្វាល​ជា​មនុស្ស​ប្រព្រឹត្ត​ទៅ​លើ​ចៀម​របស់​លោក។ ឯ​លោក​យេស៊ូ​ជា​បុត្រ​របស់​លោក ក៏​ពិនិត្យ​មើល​ដែរ។

‹ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ដឹក​នាំ​ពួក​គេ​ជា​ដរាប​ត​ទៅ›

២៣. ស្ដី​អំពី​ការ​បង្រួប​បង្រួម​ប្រជាជាតិ​អ៊ីស្រាអែល តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សេចក្ដី​សន្យា​អ្វី? ហើយ​តើ​លោក​បាន​សម្រេច​សេចក្ដី​សន្យា​នោះ​យ៉ាង​ដូច​ម្ដេច?

២៣ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក បម្រើ​លោក​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព។ ក្នុង​ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ ព្រះ​បាន​សន្យា​ថា​នឹង​ប្រមូល​រាស្ត្រ​របស់​លោក ឲ្យ​រួប​រួម​គ្នា​ជា​«​ប្រជាជាតិ​តែ​មួយ​»​ ប្រៀប​ដូច​ជា​លោក​ភ្ជាប់​«​ឈើ​»​ពីរ​ឲ្យ​«​ទៅ​ជា​ឈើ​តែ​មួយ​»​ក្នុង​ដៃ​លោក។ ការ​បង្រួប​បង្រួម​នោះ​បាន​ត្រូវ​តំណាង​ដោយ​ពួក​អ្នក​ដែល​មក​ពី​រាជាណាចក្រ​យូដា​ដែល​មាន​កុល​សម្ព័ន្ធ​២ និង​ពួក​អ្នក​ដែល​មក​ពី​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុល​សម្ព័ន្ធ​១០។ (​អេគ. ៣៧:១៥​-​២៣​) ទំនាយ​នោះ​បាន​កើត​ឡើង ពេល​ដែល​ព្រះ​នាំ​ប្រជាជាតិ​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​បង្រួប​បង្រួម​ឲ្យ​ត្រឡប់​មក​ស្រុក​សន្យា​វិញ​នៅ​ឆ្នាំ​៥៣៧ មុន​គ.ស.។ * ប៉ុន្តែ សាមគ្គីភាព​នោះ​គ្រាន់​តែ​ជា​ឧទាហរណ៍​តូច​មួយ​ប៉ុណ្ណោះ បើ​ប្រៀប​នឹង​សាមគ្គីភាព​ដ៏​ធំ​ធេង​និង​ស្ថិត​ស្ថេរ​នៅ​ថ្ងៃ​ខាង​មុខ។ ក្រោយ​ពី​សន្យា​បង្រួប​បង្រួម​ប្រជាជាតិ​អ៊ីស្រាអែល ព្រះ​យេហូវ៉ា​ឲ្យ​អេសេគាល​នូវ​ទំនាយ​មួយ​ទៀត​អំពី​អ្នក​គ្រប់​គ្រង​នៅ​ថ្ងៃ​អនាគត​ដែល​នឹង​បង្រួប​បង្រួម​អ្នក​គោរព​ប្រណិប័តន៍​ពិត​នៅ​ទូទាំង​ផែនដី​ឲ្យ​មាន​សាមគ្គីភាព​ជា​រៀង​រហូត។

២៤. តើ​ព្រះ​យេហូវ៉ា​រៀប​រាប់​យ៉ាង​ណា​អំពី​មេស្ស៊ី​ដែល​ជា​អ្នក​គ្រប់​គ្រង? ហើយ​តើ​ការ​គ្រប់​គ្រង​របស់​គាត់​នឹង​មាន​ស្ថានភាព​យ៉ាង​ណា?

២៤ អ្វី​ដែល​ទំនាយ​រៀប​រាប់។ (​សូម​អាន អេសេគាល ៣៧:២៤​-​២៨) ម្ដង​នេះ​ទៀត ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​អំពី​មេស្ស៊ី​ដែល​ជា​អ្នក​គ្រប់​គ្រង​ថា​ជា​«​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​»​ ជា​«​គង្វាល​»​ និង​ជា​«​មេ​ដឹក​នាំ​»។ ប៉ុន្តែ ឥឡូវ​ព្រះ​យេហូវ៉ា​ក៏​បាន​ហៅ​បុគ្គល​ដែល​បាន​ត្រូវ​សន្យា​នេះ​ថា​ជា​«​ស្ដេច​»​ដែរ។ (​អេគ. ៣៧:២២​) តើ​ការ​គ្រប់​គ្រង​របស់​ស្ដេច​នេះ​នឹង​មាន​ស្ថានភាព​យ៉ាង​ណា? ការ​គ្រប់​គ្រង​របស់​លោក​នឹង​នៅ​ជា​ដរាប។ ពាក្យ​«​ជា​ដរាប​»​និង​«​ស្ថិត​ស្ថេរ​»​ បញ្ជាក់​ថា​ពរ​ដែល​មក​ពី​ការ​គ្រប់​គ្រង​របស់​លោក​នឹង​គ្មាន​ទី​បញ្ចប់។ * ការ​គ្រប់​គ្រង​របស់​លោក​នឹង​នាំ​ឲ្យ​មាន​សាមគ្គីភាព។ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​«​ស្ដេច​មួយ​រូប​»​នេះ រាស្ត្រ​ស្មោះ​ត្រង់​នឹង​ធ្វើ​តាម​«​ក្រឹត្យ​ក្រម​»​ដូច​គ្នា ហើយ​«​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​»​ជា​មួយ​គ្នា។ ការ​គ្រប់​គ្រង​របស់​លោក​នឹង​នាំ​ឲ្យ​រាស្ត្រ​ចូល​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​«​កិច្ច​ព្រម​ព្រៀង​សន្តិភាព​»​ជា​មួយ​នឹង​រាស្ត្រ​ទាំង​នោះ។ ព្រះ​យេហូវ៉ា​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​លោក។ ទី​បរិសុទ្ធ​របស់​លោក​នឹង​«​នៅ​ក្នុង​ចំណោម​ពួក​គេ​ជា​ដរាប​»។

២៥. តើ​តាម​របៀប​ណា​ទំនាយ​អំពី​មេស្ស៊ី​ជា​ស្ដេច​បាន​កើត​ឡើង?

២៥ របៀប​ដែល​ទំនាយ​នេះ​បាន​កើត​ឡើង។ នៅ​ឆ្នាំ​១៩១៩ ពួក​អ្នក​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​មាន​សាមគ្គីភាព​នៅ​ក្រោម​«​គង្វាល​»​របស់​ពួក​គេ ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច​និង​ជា​មេស្ស៊ី។ ក្រោយ​មក ​«​មនុស្ស​មួយ​ក្រុម​ធំ​»​មក​ពី​«​គ្រប់​ប្រជាជាតិ គ្រប់​កុល​សម្ព័ន្ធ គ្រប់​ជន​ជាតិ និង​គ្រប់​ភាសា​»​ មាន​សាមគ្គីភាព​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ​ដែល​ជា​អ្នក​រើស​តាំង។ (​បប. ៧:៩​) ពួក​គេ​បាន​រួប​រួម​គ្នា​ជា​«​ហ្វូង​តែ​មួយ​»​ក្រោម​«​គង្វាល​តែ​ម្នាក់​»។ (​យ៉ូន. ១០:១៦​) ទោះ​ជា​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក្ដី ពួក​គេ​ទាំង​អស់​គ្នា​ធ្វើ​តាម​ក្រឹត្យ​ក្រម​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដិត​ដល់។ ជា​លទ្ធផល ពួក​គេ​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន ជា​បង​ប្អូន​រួម​ជំនឿ​ទូទាំង​ពិភព​លោក​ដែល​មាន​សាមគ្គីភាព។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ពួក​គេ​មាន​សន្តិភាព ហើយ​ទី​បរិសុទ្ធ​របស់​លោក​ដែល​តំណាង​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ពិត​នៅ​ក្នុង​ចំណោម​ពួក​គេ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​មាន​មោទនភាព​ធ្វើ​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក​នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត!

២៦. ស្ដី​អំពី​បរិយាកាស​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​ធ្វើ​ឲ្យ​កាន់​តែ​មាន​សាមគ្គីភាព?

២៦ អ្វី​ដែល​យើង​អាច​រៀន​ពី​ទំនាយ​នេះ។ យើង​មាន​ឯកសិទ្ធិ​រួប​រួម​ជា​មួយ​បង​ប្អូន​ទូទាំង​ពិភព​លោក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ឯកសិទ្ធិ​នេះ​ក៏​តម្រូវ​ឲ្យ​យើង​ជួយ​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ដែរ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ត្រូវ​ខំ​ព្យាយាម​រក្សា​ឲ្យ​មាន​ជំនឿ​និង​ការ​ប្រព្រឹត្ត​ស្រប​គ្នា។ (​១​កូ. ១:១០​) ដើម្បី​ធ្វើ​ដូច្នេះ យើង​ខំ​ក្រេប​ជញ្ជក់​សេចក្ដី​បង្រៀន​ដូច​គ្នា យើង​កាន់​ខ្ជាប់​នឹង​ការ​ប្រព្រឹត្ត​ដែល​ស្រប​តាម​ខ្នាត​តម្រា​ដូច​គ្នា​ក្នុង​គម្ពីរ ហើយ​យើង​រួម​ចំណែក​ក្នុង​កិច្ច​ការ​សំខាន់​ដូច​គ្នា គឺ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ប៉ុន្តែ កត្តា​សំខាន់​ដែល​នាំ​ឲ្យ​យើង​មាន​សាមគ្គីភាព​គឺ​សេចក្ដី​ស្រឡាញ់។ ដូច្នេះ យើង​ខំ​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ផ្សេង​ៗ ដូច​ជា​ចេះ​យល់​អារម្មណ៍ ចេះ​អាណិត​អាសូរ និង​ចេះ​អភ័យ​ទោស។ ដោយ​ធ្វើ​ដូច្នេះ យើង​កំពុង​ជួយ​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព។ គម្ពីរ​ចែង​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​»​ជា​«​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ល្អ​ឥត​ខ្ចោះ​»។—កូឡ. ៣:១២​-​១៤; ១​កូ. ១៣:៤​-​៧

ព្រះ​យេហូវ៉ា​ឲ្យ​ពរ​អ្នក​គោរព​ប្រណិប័តន៍​លោក​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​នៅ​ទូទាំង​ពិភព​លោក (សូម​មើល​វគ្គ​២៦)

២៧. ​(​ក​) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ទំនាយ​អំពី​មេស្ស៊ី​ក្នុង​សៀវភៅ​អេសេគាល? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ខ្លះ​ក្នុង​ជំពូក​បន្ត​បន្ទាប់?

២៧ យើង​ពិត​ជា​មាន​អំណរ​គុណ​ខ្លាំង​ណាស់​ចំពោះ​ទំនាយ​អំពី​មេស្ស៊ី​ដែល​មាន​ក្នុង​សៀវភៅ​អេសេគាល។ ពេល​ដែល​យើង​អាន​និង​រំពឹង​គិត​អំពី​ទំនាយ​ទាំង​នោះ យើង​រៀន​ថា​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច​ជា​ទី​ស្រឡាញ់​របស់​យើង​សម​នឹង​ទទួល​ការ​ទុក​ចិត្ត​ពី​យើង។ លោក​មាន​សិទ្ធិ​គ្រប់​គ្រង ហើយ​លោក​ឃ្វាល​យើង​យ៉ាង​ថ្នាក់​ថ្នម ព្រម​ទាំង​រក្សា​ការ​ពារ​យើង​តាម​រយៈ​ចំណង​សាមគ្គីភាព​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ យើង​ពិត​ជា​មាន​ឯកសិទ្ធិ​ពិសេស​ណាស់​ដែល​បាន​ធ្វើ​ជា​រាស្ត្រ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្ដេច​ដែល​ជា​មេស្ស៊ី។ សូម​យើង​ចាំ​ថា​ទំនាយ​អំពី​មេស្ស៊ី​ជា​ផ្នែក​នៃ​គោល​រឿង​ស្ដី​អំពី​ការ​រៀបចំ​ឡើង​វិញ ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​សៀវភៅ​អេសេគាល។ តាម​រយៈ​លោក​យេស៊ូ ព្រះ​យេហូវ៉ា​ប្រមូល​រាស្ត្រ​របស់​លោក ហើយ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឲ្យ​មាន​ឡើង​វិញ​ក្នុង​ចំណោម​ពួក​គេ។ (​អេគ. ២០:៤១​) នៅ​ក្នុង​ជំពូក​បន្ត​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​គោល​រឿង​ដ៏​គួរ​ឲ្យ​រំភើប​ស្ដី​អំពី​ការ​រៀបចំ​ឡើង​វិញ និង​អំពី​របៀប​ដែល​គោល​រឿង​នោះ​បាន​ត្រូវ​បក​ស្រាយ​ក្នុង​សៀវភៅ​អេសេគាល។

^ វគ្គ 1 ឆ្នាំ​ទី​១​នៃ​ការ​ជាប់​ជា​ឈ្លើយ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៦១៧ មុន​គ.ស. ជា​ពេល​ដែល​ជនជាតិ​យូដា​បាន​ត្រូវ​ចាប់​យក​ទៅ​ស្រុក​បាប៊ីឡូន​ជា​លើក​ដំបូង។ ដូច្នេះ ឆ្នាំ​ទី​៦​នៃ​ការ​ជាប់​ជា​ឈ្លើយ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៦១២ មុន​គ.ស.។

^ វគ្គ 14 លោក​យេស៊ូ​មក​ពី​វង្ស​ត្រកូល​ដាវីឌ។ នេះ​បាន​ត្រូវ​ចែង​យ៉ាង​ច្បាស់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន។—ម៉ាថ. ១:១​-​១៦; លូក. ៣:២៣​-​៣១

^ វគ្គ 23 ទំនាយ​អេសេគាល​អំពី​បន្ទះ​ឈើ​ពីរ និង​អំពី​របៀប​ដែល​ទំនាយ​នោះ​បាន​កើត​ឡើង​នឹង​ត្រូវ​បក​ស្រាយ​ក្នុង​ជំពូក​ទី​១២​នៃ​សៀវភៅ​នេះ។

^ វគ្គ 24 ស្ដី​អំពី​ពាក្យ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ជា​ដរាប​»​និង​«​ស្ថិត​ស្ថេរ​»​ ឯកសារ​យោង​មួយ​រៀប​រាប់​ថា​៖ ​«​ពាក្យ​នេះ​មិន​គ្រាន់​តែ​បញ្ជាក់​អំពី​រយៈ​ពេល​ប៉ុណ្ណោះ​ទេ តែ​ក៏​បញ្ជាក់​អំពី​ភាព​អចិន្ត្រៃយ៍ ភាព​យូរ​អង្វែង​ឥត​ឈប់​ហើយ​មិន​អាច​ផ្លាស់​ប្រែ​បាន និង​ជា​និរន្តរ៍​»។