លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី១៣

‹ចូររៀបរាប់អំពីវិហារ›

‹ចូររៀបរាប់អំពីវិហារ›

អេសេគាល ៤៣:១០

គោល​ចំណុច: អត្ថន័យ​នៃ​ការ​បើក​បង្ហាញ​អំពី​វិហារ​ដ៏​ធំ​អស្ចារ្យ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត

១​-​៣. ​(​ក​) ហេតុ​អ្វី​អេសេគាល​ប្រហែល​ជា​ទទួល​ការ​សម្រាល​ទុក្ខ​ពេល​ដែល​គាត់​ឃើញ​ក្នុង​គំនិត​អំពី​វិហារ​ដ៏​ធំ​អស្ចារ្យ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ក្នុង​ជំពូក​នេះ?

មក​ដល់​ពេល​នេះ អេសេគាល​មាន​អាយុ​៥០​ឆ្នាំ​ហើយ។ ឥឡូវ គាត់​អាច​រំពឹង​គិត​អំពី​រយៈ​ពេល​២៥​ឆ្នាំ​ដែល​គាត់​បាន​ជាប់​ជា​ឈ្លើយ។ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ វិហារ​នៅ​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល។ បើ​អេសេគាល​សង្ឃឹម​ថា​នឹង​បម្រើ​ជា​សង្ឃ​នៅ​ទី​នោះ ក្ដី​សង្ឃឹម​របស់​គាត់​ក៏​រលាយ​សាប​សូន្យ​ដែរ។ នៅ​សល់​ប្រហែល​៥៦​ឆ្នាំ​ទៀត ទើប​ការ​ជាប់​ជា​ឈ្លើយ​មក​ដល់​ទី​បញ្ចប់។ ដូច្នេះ អេសេគាល​ដឹង​ថា​គាត់​ប្រហែល​ជា​នឹង​មិន​រស់​រហូត​ដល់​ឃើញ​រាស្ត្រ​របស់​ព្រះ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ទេ ហើយ​គាត់​ក៏​មិន​សង្ឃឹម​ថា​ឃើញ​វិហារ​ព្រះ​សាង​សង់​ឡើង​វិញ​ដែរ។ (​យេ. ២៥:១១​) គាត់​ប្រហែល​ជា​ក្រៀម​ក្រំ​ចិត្ត​ពេល​ដែល​គិត​អំពី​រឿង​ទាំង​នោះ។

ព្រះ​យេហូវ៉ា​ពិត​ជា​សប្បុរស​ណាស់​ដែល​លោក​បាន​ជ្រើស​រើស​ពេល​នេះ ដើម្បី​ផ្ដល់​ឲ្យ​អេសេគាល​នូវ​ការ​បើក​បង្ហាញ​មួយ​ដែល​មាន​ព័ត៌មាន​ល្អិត​ល្អន់។ ការ​បើក​បង្ហាញ​នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​គាត់​ទទួល​ការ​សម្រាល​ទុក្ខ​និង​មាន​សេចក្ដី​សង្ឃឹម​ជា​ខ្លាំង! តាម​រយៈ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត អេសេគាល​បាន​ត្រូវ​នាំ​ទៅ​ស្រុក​កំណើត​របស់​គាត់​វិញ ហើយ​បាន​ត្រូវ​ដាក់​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​មួយ។ នៅ​ទី​នោះ គាត់​បាន​ជួប​«​បុរស​ម្នាក់​មាន​សណ្ឋាន​ដូច​ស្ពាន់​»។ បុរស​នោះ​ជា​ទេវតា​មួយ​រូប ហើយ​គាត់​នាំ​អេសេគាល​ដើរ​ទស្សនា​សំណង់​វិហារ​ដ៏​ធំ​អស្ចារ្យ។ (​សូម​អាន អេសេគាល ៤០:១​-​៤) ទិដ្ឋភាព​នោះ​ជាក់​ស្ដែង​ណាស់! សម្រាប់​អេសេគាល បទ​ពិសោធន៍​នោះ​ច្បាស់​ជា​ជួយ​ពង្រឹង​ជំនឿ​គាត់ ធ្វើ​ឲ្យ​គាត់​ស្រឡាំងកាំង ហើយ​ប្រហែល​ជា​ធ្វើ​ឲ្យ​គាត់​ងឿង​ឆ្ងល់​ផង​ដែរ។ ទោះ​ជា​វិហារ​នោះ​មាន​លក្ខណៈ​ជា​ច្រើន​ស្រដៀង​នឹង​វិហារ​ដែល​គាត់​ធ្លាប់​ស្គាល់​នៅ​ក្រុង​យេរូសាឡិម​ក៏​ដោយ តែ​វិហារ​នោះ​ខុស​គ្នា​ឆ្ងាយ​ពី​វិហារ​នៅ​ក្រុង​យេរូសាឡិម។

ការ​បើក​បង្ហាញ​ដ៏​គួរ​ឲ្យ​រំភើប​នេះ មាន​នៅ​សៀវភៅ​អេសេគាល​ក្នុង​៩​ជំពូក​ចុង​ក្រោយ។ ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​អំពី​ចិត្ត​គំនិត​ដែល​យើង​ត្រូវ​មាន កាល​ដែល​យើង​សិក្សា​និង​ស្វែង​យល់​ការ​បើក​បង្ហាញ​នេះ។ រួច​យើង​នឹង​ពិចារណា​ថា​តើ​អេសេគាល​បាន​ឃើញ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ វិហារ​នោះ​ជា​វិហារ​ដែល​សាវ័ក​ប៉ូល​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​នៅ​ច្រើន​សតវត្សរ៍​ក្រោយ​មក។ បន្ទាប់​មក យើង​នឹង​ពិនិត្យ​មើល​ថា​តើ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នោះ​មាន​ន័យ​យ៉ាង​ណា ចំពោះ​អេសេគាល​និង​ជន​និរទេស​ឯ​ទៀត។

ត្រូវ​មាន​របៀប​គិត​ថ្មី

៤. ស្ដី​អំពី​វិហារ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត ពេល​មុន​តើ​យើង​យល់​យ៉ាង​ណា? ប៉ុន្តែ​ឥឡូវ តើ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី?

ពេល​មុន សៀវភៅ​របស់​យើង​រៀប​រាប់​ថា​អេសេគាល​បាន​ឃើញ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា ជា​វិហារ​ដែល​សាវ័ក​ប៉ូល​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ។ * ដោយ​ផ្អែក​លើ​ការ​សន្និដ្ឋាន​នេះ តាម​មើល​ទៅ​ជា​ការ​សម​ហេតុ​សម​ផល​ឲ្យ​យើង​ចាត់​ទុក​ថា​ផ្នែក​ជា​ច្រើន​នៃ​វិហារ​ដែល​អេសេគាល​បាន​ឃើញ​គឺ​ជា​និមិត្តរូប ដោយ​ប្រើ​ការ​ពន្យល់​របស់​សាវ័ក​ប៉ូល​អំពី​ត្រសាល​ព្រះ​ជា​មូលដ្ឋាន។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ក្រោយ​ពី​បាន​អធិដ្ឋាន សិក្សា​ស្រាវ​ជ្រាវ និង​រំពឹង​គិត​ថែម​ទៀត យើង​ឃើញ​ថា​យើង​ត្រូវ​ការ​ការ​ពន្យល់​ដែល​សាមញ្ញ​និង​ស្រួល​យល់​ជាង​អំពី​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។

៥, ៦. ​(​ក​) តើ​តាម​របៀប​ណា​សាវ័ក​ប៉ូល​បាន​បង្ហាញ​ចិត្ត​រាប​ទាប​ក្នុង​ការ​រៀប​រាប់​អំពី​ត្រសាល​ព្រះ? (​ខ​) តើ​ប៉ូល​បាន​ប្រាប់​ព័ត៌មាន​ល្អិត​ល្អន់​អ្វី​ខ្លះ​អំពី​ត្រសាល​ព្រះ? ហើយ​តើ​តាម​របៀប​ណា​គោល​ការណ៍​ពី​ការ​ពន្យល់​របស់​ប៉ូល​ជួយ​យើង​ឲ្យ​យល់​ថែម​ទៀត​អំពី​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត?

តាម​មើល​ទៅ ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​យើង​មិន​ចាត់​ទុក​ផ្នែក​ទាំង​អស់​នៃ​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ជា​និមិត្តរូប។ ហេតុ​អ្វី? សូម​ពិចារណា​ឧទាហរណ៍​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ពេល​ប៉ូល​រៀប​រាប់​អំពី​ត្រសាល​និង​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ គាត់​បាន​បញ្ជាក់​ចំណុច​ល្អិត​ល្អន់​ក្នុង​ត្រសាល​ព្រះ ដូច​ជា​ប្រដាប់​ដុត​គ្រឿង​ក្រអូប​ធ្វើ​ពី​មាស គម្រប​ហឹប និង​ក្រឡ​មាស​ដែល​មាន​នំ​ម៉ាណា។ តើ​គាត់​បាន​ចាត់​ទុក​អ្វី​ទាំង​នោះ​ជា​និមិត្តរូប​ឬ​ទេ? តាម​មើល​ទៅ ឫទ្ធានុភាព​បរិសុទ្ធ​មិន​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ធ្វើ​ដូច​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ប៉ូល​បាន​សរសេរ​ថា​៖ ​«​នៅ​ពេល​នេះ​យើង​មិន​ត្រូវ​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​រឿង​ទាំង​នេះ​ទេ​»។ (​ហេ. ៩:៤, ៥​) ប៉ូល​សុខ​ចិត្ត​ធ្វើ​តាម​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​បរិសុទ្ធ ហើយ​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប។—ហេ. ៩:៨

ស្រដៀង​គ្នា​ដែរ តាម​រយៈ​គំរូ​របស់​ប៉ូល យើង​មិន​ចង់​ចាត់​ទុក​ផ្នែក​ផ្សេង​ៗ​នៃ​វិហារ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​ជា​និមិត្តរូប​ឡើយ។ ការ​បើក​បង្ហាញ​អំពី​វិហារ​នោះ​ក៏​មាន​ព័ត៌មាន​ល្អិត​ល្អន់​ដែរ។ ជា​ការ​ល្អ​បំផុត​ឲ្យ​យើង​រង់​ចាំ​ព្រះ​យេហូវ៉ា​បំភ្លឺ​រឿង​នេះ បើ​ត្រូវ​ការ​ចាំ​បាច់​នូវ​ការ​ពន្យល់​ថែម​ទៀត។ (​សូម​អាន មីកា ៧:៧) ប៉ុន្តែ តើ​យើង​គួរ​សន្និដ្ឋាន​ថា​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​លែង​បំភ្លឺ​ការ​បើក​បង្ហាញ​នោះ​ទៀត​ឬ? មិន​មែន​ទាល់​តែ​សោះ!

តើ​អេសេគាល​បាន​ឃើញ​វិហារ​ដ៏​រុង​រឿង​ឬ?

៧, ៨. ​(​ក​) ឥឡូវ តើ​មាន​ការ​យល់​ដឹង​អ្វី​ដែល​បាន​ត្រូវ​កែ​តម្រូវ? (​ខ​) តើ​តាម​របៀប​ណា​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ខុស​ពី​វិហារ​ដ៏​រុង​រឿង​ដែល​ប៉ូល​បាន​រៀប​រាប់?

ដូច​បាន​រៀប​រាប់​នៅ​ខាង​ដើម អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ សៀវភៅ​របស់​យើង​បាន​រៀប​រាប់​ថា​អេសេគាល​បាន​ឃើញ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា ជា​វិហារ​ដែល​សាវ័ក​ប៉ូល​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ។ ប៉ុន្តែ តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថែម​ទៀត​ជួយ​យើង​ឲ្យ​សន្និដ្ឋាន​ថា​អេសេគាល​មិន​បាន​ឃើញ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ទេ។ ហេតុ​អ្វី?

មូលហេតុ​ទី​១ វិហារ​ដែល​អេសេគាល​បាន​ឃើញ​មិន​ស្រប​នឹង​ការ​ពន្យល់​របស់​ប៉ូល​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ទេ។ សូម​គិត​អំពី​ចំណុច​នេះ សាវ័ក​ប៉ូល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ត្រសាល​ព្រះ​នៅ​សម័យ​ម៉ូសេ គឺ​ជា​ស្រមោល​និង​គំរូ​នៃ​អ្វី​ដែល​អស្ចារ្យ​ជាង។ ត្រសាល​ព្រះ​ក៏​ដូច​វិហារ​ដែល​សាឡូម៉ូន​បាន​សង់ និង​ដូច​វិហារ​ដែល​សេរ៉ូបាបិល​បាន​សង់​ឡើង​វិញ​ដែរ គឺ​មាន​រចនា​ប្លង់​ដូច​គ្នា ហើយ​មាន​«​កន្លែង​បរិសុទ្ធ​បំផុត​»។ ប៉ូល​បាន​ហៅ​ទី​នោះ​ជា​«​កន្លែង​បរិសុទ្ធ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស និង​ដែល​ធ្វើ​តាម​គំរូ​អំពី​អ្វី​ដែល​ពិត​ប្រាកដ​»​ តែ​មិន​មែន​ជា​អ្វី​ពិត​ប្រាកដ​នោះ​ឡើយ។ តើ​អ្វី​ដែល​ពិត​ប្រាកដ​នោះ​ជា​អ្វី? ប៉ូល​បាន​ពន្យល់​ថា​គឺ​«​ស្ថាន​សួគ៌​តែ​ម្ដង​»។ (​ហេ. ៩:៣, ២៤​) តើ​អេសេគាល​បាន​ឃើញ​ស្ថាន​សួគ៌​ឬ? មិន​មែន​ទេ។ ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​មិន​បាន​បញ្ជាក់​ថា​គាត់​បាន​ឃើញ​អ្វី​ៗ​នៅ​ស្ថាន​សួគ៌​ទេ។—សូម​ពិនិត្យ​បន្ថែម ដានីយ៉ែល ៧:៩, ១០, ១៣, ១៤

៩, ១០. ស្ដី​អំពី​ការ​ជូន​គ្រឿង​បូជា តើ​តាម​របៀប​ណា​វិហារ​ដែល​អេសេគាល​បាន​ឃើញ ខុស​ពី​វិហារ​ដ៏​រុង​រឿង​ដែល​ប៉ូល​បាន​រៀប​រាប់?

ចំណុច​ខុស​គ្នា​រវាង​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត និង​វិហារ​ដ៏​រុង​រឿង​ដែល​ប៉ូល​បាន​រៀប​រាប់ គឺ​ទាក់​ទង​នឹង​ការ​ជូន​គ្រឿង​បូជា។ អេសេគាល​បាន​ឮ​ការ​ណែនាំ​ជា​ច្រើន​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​បណ្ដា​ជន មេ​ដឹក​នាំ និង​ពួក​សង្ឃ ស្ដី​អំពី​ការ​ជូន​គ្រឿង​បូជា។ ពួក​គេ​ត្រូវ​ជូន​គ្រឿង​បូជា​ដើម្បី​ជម្រះ​ការ​ខុស​ឆ្គង​របស់​ខ្លួន។ បន្ថែម​ទៅ​ទៀត ពួក​គេ​ត្រូវ​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព ហើយ​ប្រហែល​ជា​ត្រូវ​បរិភោគ​គ្រឿង​បូជា​នោះ​ក្នុង​បន្ទប់​បរិភោគ​អាហារ​នៃ​វិហារ។ (​អេគ. ៤៣:១៨, ១៩; ៤៤:១១, ១៥, ២៧; ៤៥:១៥​-​២០, ២២​-​២៥​) ក្នុង​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ តើ​មាន​ការ​ជូន​គ្រឿង​បូជា​ម្ដង​ហើយ​ម្ដង​ទៀត​ឬ​ទេ?

វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​មិន​មែន​ជា​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​ទេ

១០ ប៉ូល​បាន​ផ្ដល់​ចម្លើយ​ច្បាស់​និង​ស្រួល​យល់។ ប៉ូល​បាន​ពន្យល់​ថា​៖ ​«​គ្រិស្ត​បាន​មក​ក្នុង​ឋានៈ​ជា​សម្ដេច​សង្ឃ ដើម្បី​ផ្ដល់​ពរ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ទទួល​ហើយ។ ពេល​លោក​ទៅ​ជា​សម្ដេច​សង្ឃ លោក​បាន​ចូល​ក្នុង​ត្រសាល​ដែល​ឧត្ដុង្គ​ឧត្ដម​និង​ល្អ​ឥត​ខ្ចោះ​ជាង ជា​ត្រសាល​ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ថា​មិន​មែន​ជា​អ្វី​ដែល​បាន​ត្រូវ​បង្កើត​ឡើង​ក្នុង​ពិភព​លោក​នេះ​ឡើយ។ លោក​ចូល​ក្នុង​កន្លែង​បរិសុទ្ធ​មិន​មែន​ដោយ​យក​ឈាម​ពពែ​និង​គោ​ឈ្មោល​ទេ តែ​បាន​យក​ឈាម​របស់​លោក​ផ្ទាល់​ចូល​ក្នុង​កន្លែង​នោះ​មួយ​ដង​ជា​ការ​ស្រេច ហើយ​តាម​រយៈ​លោក យើង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដែល​គ្មាន​ទី​បញ្ចប់​»។ (​ហេ. ៩:១១, ១២​) ដូច្នេះ ក្នុង​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​មាន​ការ​ជូន​គ្រឿង​បូជា​តែ​មួយ​ដង​ប៉ុណ្ណោះ។ នោះ​គឺ​ជា​គ្រឿង​បូជា​លោះ​ដែល​បាន​ត្រូវ​ជូន​ដោយ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​សម្ដេច​សង្ឃ​ដ៏​ឧត្ដុង្គ​ឧត្ដម។ ដូច្នេះ យើង​ឃើញ​ច្បាស់​ថា​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ដែល​មាន​ការ​ជូន​ពពែ​និង​គោ​ឈ្មោល​ជា​ច្រើន​ជា​គ្រឿង​បូជា មិន​មែន​ជា​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​ទេ។

១១. នៅ​សម័យ​អេសេគាល ហេតុ​អ្វី​នោះ​មិន​មែន​ជា​ពេល​ដែល​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​សេចក្ដី​ពិត​អំពី​វិហារ​ដ៏​រុង​រឿង?

១១ មូលហេតុ​ទី​២​ដែល​អេសេគាល​មិន​បាន​ឃើញ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ គឺ​មិន​មែន​ជា​ពេល​ដែល​លោក​បាន​បង្ហាញ​សេចក្ដី​ពិត​អំពី​នោះ​ទេ។ សូម​ចាំ​ថា ជា​ចម្បង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត គឺ​សម្រាប់​ជនជាតិ​យូដា​ដែល​ជា​ជន​និរទេស​នៅ​បាប៊ីឡូន។ ពួក​គេ​នៅ​ក្រោម​ច្បាប់​ម៉ូសេ។ ក្រោយ​ពី​បាន​ត្រូវ​រំដោះ​ពី​ការ​ជាប់​ជា​ឈ្លើយ ពួក​គេ​ត្រូវ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​ធ្វើ​តាម​ច្បាប់​នោះ​ស្ដី​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត ដោយ​សង់​វិហារ​និង​ទី​បូជា​ឡើង​វិញ។ បន្ទាប់​មក ពួក​គេ​បន្ត​ជូន​គ្រឿង​បូជា​នៅ​ទី​នោះ​អស់​ជិត​៦​សតវត្សរ៍។ សូម​ស្រមៃ​គិត​ទៅ​មើល ចុះ​បើ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ គឺ​ជា​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​ដែល​នៅ​ទី​នោះ​សម្ដេច​សង្ឃ​ប្រគល់​ជីវិត​ខ្លួន​ជា​គ្រឿង​បូជា ហើយ​លែង​មាន​ការ​ជូន​គ្រឿង​បូជា​ឯ​ទៀត តើ​ពួក​យូដា​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? តើ​ពួក​គេ​នឹង​យល់​ការ​បើក​បង្ហាញ​នោះ​ម្ដេច​នឹង​បាន​ទៅ? តើ​នោះ​នឹង​បន្ថយ​ការ​តាំង​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​តាម​ច្បាប់​ម៉ូសេ​ឬ? ដូច​សព្វ​ដង ព្រះ​យេហូវ៉ា​បើក​បង្ហាញ​សេចក្ដី​ពិត​នៅ​ពេល​ត្រឹម​ត្រូវ និង​នៅ​ពេល​ដែល​រាស្ត្រ​របស់​លោក​អាច​យល់​បាន។

១២​-​១៤. តើ​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ទាក់​ទង​យ៉ាង​ណា​នឹង​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​ដែល​ប៉ូល​បាន​រៀប​រាប់? (​សូម​មើល​ប្រអប់​«​វិហារ​ផ្សេង​គ្នា មេ​រៀន​ផ្សេង​គ្នា​»​)

១២ ដូច្នេះ តើ​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ទាក់​ទង​យ៉ាង​ណា​នឹង​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​ដែល​ប៉ូល​បាន​រៀប​រាប់? សូម​ចាំ​ថា​ក្នុង​ការ​ពន្យល់​របស់​ប៉ូល គាត់​មិន​បាន​យក​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ជា​មូលដ្ឋាន​ទេ តែ​គាត់​បាន​យក​ត្រសាល​ព្រះ​នៅ​សម័យ​ម៉ូសេ​ជា​មូលដ្ឋាន​វិញ។ តាម​ពិត ប៉ូល​បាន​លើក​ឡើង​នូវ​លក្ខណៈ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​វិហារ​ដែល​សាឡូម៉ូន​បាន​សង់ និង​វិហារ​ដែល​សេរ៉ូបាបិល​បាន​សង់​ឡើង​វិញ។ លក្ខណៈ​ទាំង​នោះ​ក៏​មាន​នៅ​ក្នុង​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ដែរ។ ប៉ុន្តែ ជា​ទូទៅ​អេសេគាល​និង​ប៉ូល​ផ្ដោត​ទៅ​លើ​ចំណុច​ផ្សេង​គ្នា​ក្នុង​សំណេរ​របស់​ពួក​គាត់។ * ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​ន័យ​ម្យ៉ាង​សំណេរ​របស់​ពួក​គាត់​បង្គ្រប់​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​តាម​របៀប​ណា?

១៣ កំណត់​ហេតុ​ទាំង​ពីរ​នោះ​បង្គ្រប់​គ្នា​ក្នុង​ន័យ​នេះ គឺ​តាម​រយៈ​ប៉ូល យើង​រៀន​អំពី​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត តែ​តាម​រយៈ​អេសេគាល យើង​រៀន​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ ដើម្បី​បង្រៀន​យើង​អំពី​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត ប៉ូល​បាន​ពន្យល់​អត្ថន័យ​នៃ​លក្ខណៈ​ពិសេស​ក្នុង​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ ដូច​ជា​សម្ដេច​សង្ឃ ការ​ជូន​គ្រឿង​បូជា ទី​បូជា និង​កន្លែង​បរិសុទ្ធ​បំផុត។ ប៉ុន្តែ ដើម្បី​បញ្ជាក់​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ផ្ដល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ល្អិត​ល្អន់​និង​មេ​រៀន​ជា​ច្រើន ដែល​មាន​ឥទ្ធិពល​លើ​ចិត្ត​និង​គំនិត​របស់​យើង​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។

១៤ តើ​ការ​យល់​ដឹង​ថ្មី​នេះ​ផ្ដល់​ប្រយោជន៍​យ៉ាង​ណា​ដល់​យើង? នេះ​មិន​មាន​ន័យ​ថា​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​មិន​ទាក់​ទង​នឹង​យើង​សព្វ​ថ្ងៃ​នោះ​ទេ។ ដើម្បី​ឃើញ​ថា​ការ​បើក​បង្ហាញ​នោះ​ផ្ដល់​ប្រយោជន៍​ដល់​យើង​យ៉ាង​ណា សូម​ឲ្យ​យើង​ពិចារណា​យ៉ាង​ហ្មត់​ចត់​អំពី​របៀប​ដែល​ការ​បើក​បង្ហាញ​នោះ​ផ្ដល់​ប្រយោជន៍​ដល់​ជនជាតិ​យូដា​ដ៏​ស្មោះ​ត្រង់​នៅ​សម័យ​អេសេគាល និង​នៅ​សម័យ​ក្រោយ​មក។

តើ​ការ​បើក​បង្ហាញ​នោះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ជនជាតិ​យូដា​ដែល​ជា​ជន​និរទេស?

១៥. ​(​ក​) ស្ដី​អំពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត តើ​អ្វី​ជា​គោល​ចំណុច​នៃ​ដំណឹង​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន? (​ខ​) តើ​អេសេគាល​ជំពូក​ទី​៨​និង​អេសេគាល​ជំពូក​ទី​៤០​ដល់​៤៨​ខុស​គ្នា​យ៉ាង​ណា?

១៥ ដើម្បី​រក​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​នោះ សូម​ឲ្យ​យើង​ពិចារណា​សំណួរ​មួយ​ចំនួន​ដែល​នឹង​ជួយ​យើង​ឲ្យ​យល់​យ៉ាង​ពេញ​លេញ។ ទី​១ តើ​អ្វី​ជា​គោល​ចំណុច​នៃ​ដំណឹង​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ក្នុង​ការ​បើក​បង្ហាញ​នេះ? បើ​និយាយ​យ៉ាង​ខ្លី គោល​ចំណុច​គឺ​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ! អេសេគាល​ប្រាកដ​ជា​យល់​ច្បាស់​អំពី​ចំណុច​នេះ។ គាត់​បាន​កត់​ទុក​នូវ​កំណត់​ហេតុ​ដែល​សព្វ​ថ្ងៃ​យើង​ស្គាល់​ថា​ជា​ជំពូក​ទី​៨​នៃ​សៀវភៅ​អេសេគាល។ ក្នុង​កំណត់​ហេតុ​នោះ ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​យ៉ាង​ជាក់​ស្ដែង​នូវ​ស្ថានភាព​ដ៏​អាក្រក់​ក្នុង​វិហារ​នៅ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ ឥឡូវ​អេសេគាល​ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​គាត់​អាច​កត់​កំណត់​ហេតុ​យ៉ាង​ល្អិត​ល្អន់​ដែល​ខុស​គ្នា​ស្រឡះ​ពី​កំណត់​ហេតុ​មុន។ យើង​អាច​រក​ឃើញ​កំណត់​ហេតុ​នេះ​នៅ​សៀវភៅ​អេសេគាល​ជំពូក​ទី​៤០​ដល់​៤៨។ ក្នុង​កំណត់​ហេតុ​នេះ យើង​ឃើញ​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​មិន​បាន​ត្រូវ​បង្ខូច​ទេ តែ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ស្រប​តាម​ច្បាប់​ម៉ូសេ ជា​ការ​គោរព​ប្រណិប័តន៍​ដែល​គួរ​តែ​មាន​តាំង​ពី​យូរ​មក​ហើយ។

១៦. តើ​តាម​របៀប​ណា​វិហារ​ដែល​អេសេគាល​បាន​ឃើញ​បញ្ជាក់​អំពី​អ្វី​ដែល​អេសាយ​បាន​ប្រកាស​ទុក​ជា​មុន​នៅ​១០០​ឆ្នាំ​មុន​នោះ?

១៦ ដើម្បី​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឲ្យ​មាន​ស្ថានភាព​ដូច​ដើម​ឡើង​វិញ ការ​គោរព​ប្រណិប័តន៍​នោះ​នឹង​ត្រូវ​លើក​តម្កើង​យ៉ាង​ខ្ពស់។ ជាង​១០០​ឆ្នាំ​មុន​នោះ អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​ថា​៖ ​«​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ភ្នំ​ដែល​មាន​វិហារ​របស់​ព្រះ​យេហូវ៉ា នឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​នៅ​លើ​ភ្នំ​ទាំង​អស់ គឺ​នឹង​ត្រូវ​លើក​ឡើង​ឲ្យ​ខ្ពស់​ជាង​ទី​ទួល​ទាំង​ប៉ុន្មាន​ទៅ​ទៀត​»។ (​អេ. ២:២​) អេសាយ​បាន​ឃើញ​ទុក​ជា​មុន​យ៉ាង​ច្បាស់​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ ហើយ​លើក​តម្កើង​យ៉ាង​ខ្ពស់ ប្រៀប​ដូច​ជា​ដាក់​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​បំផុត។ ក្នុង​ការ​បើក​បង្ហាញ​នេះ តើ​អេសេគាល​នៅ​ឯ​ណា? គាត់​នៅ​លើ​«​ភ្នំ​ដ៏​ខ្ពស់​មួយ​»​ ហើយ​កំពុង​មើល​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា។ (​អេគ. ៤០:២​) ដូច្នេះ ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​បញ្ជាក់​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ។

វិហារ​ដែល​អេសេគាល​បាន​ឃើញ​ស្ថិត​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្រៃ​លែង (សូម​មើល​វគ្គ​១៦)

១៧. សូម​រៀប​រាប់​ការ​សង្ខេប​ពី​សៀវភៅ​អេសេគាល​ជំពូក​ទី​៤០​ដល់​៤៨

១៧ សូម​ពិចារណា​ជា​សង្ខេប​នូវ​អ្វី​ដែល​អេសេគាល​បាន​ឃើញ​និង​ឮ ដូច​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​អេសេគាល​ជំពូក​ទី​៤០​ដល់​៤៨។ គាត់​បាន​ឃើញ​ទេវតា​វាស់​ខ្លោង​ទ្វារ កំពែង ទី​ធ្លា និង​ទី​បរិសុទ្ធ​ក្នុង​វិហារ។ (​អេគ. ៤០​-​៤២​) បន្ទាប់​មក មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ គឺ​ព្រះ​យេហូវ៉ា​បាន​មក​ឯ​វិហារ​ដោយ​សិរី​រុង​រឿង​របស់​លោក! ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ណែនាំ​ដល់​រាស្ត្រ​ដ៏​វៀច​វេរ​របស់​លោក ព្រម​ទាំង​ដល់​ពួក​សង្ឃ​និង​ពួក​អ្នក​ដឹក​នាំ​ផង​ដែរ។ (​អេគ. ៤៣:១​-​១២; ៤៤:១០​-​៣១; ៤៥:៩​-​១២​) អេសេគាល​បាន​ឃើញ​អូរ​មួយ​ហូរ​ចេញ​ពី​ទី​បរិសុទ្ធ។ អូរ​នោះ​បាន​ធំ​ទៅ​ជា​ទន្លេ ហើយ​ធ្វើ​ឲ្យ​មាន​ជីវិត​និង​ពរ​ជា​បរិបូរ កាល​ដែល​វា​ហូរ​ចូល​ក្នុង​សមុទ្រ​ស្លាប់។ (​អេគ. ៤៧:១​-​១២​) បន្ទាប់​មក អេសេគាល​ឃើញ​ទឹក​ដី​បាន​ត្រូវ​បែង​ចែក​ជា​ចំណែក​ៗ ហើយ​មាន​កន្លែង​គោរព​ប្រណិប័តន៍​ជិត​កណ្ដាល​ទឹក​ដី​នោះ។ (​អេគ. ៤៥:១​-​៨; ៤៧:១៣–៤៨:៣៥​) តើ​ចំណុច​សំខាន់​ជា​អ្វី? ព្រះ​យេហូវ៉ា​កំពុង​ពង្រឹង​ទំនុក​ចិត្ត​រាស្ត្រ​របស់​លោក​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ ហើយ​នឹង​ត្រូវ​លើក​តម្កើង​យ៉ាង​ខ្ពស់។ លោក​នឹង​ឲ្យ​ពរ​វិហារ​របស់​លោក​តាម​រយៈ​វត្តមាន​របស់​លោក ហើយ​លោក​នឹង​បណ្ដាល​ឲ្យ​ពរ​ហូរ​ចេញ​ពី​វិហារ​នោះ រួច​នាំ​ឲ្យ​មាន​ការ​ជា​សះ​ស្បើយ ការ​មាន​ជីវិត​ឡើង​វិញ និង​សណ្ដាប់​ធ្នាប់​ក្នុង​ទឹក​ដី​ដែល​បាន​ត្រូវ​រៀបចំ​សា​ជា​ថ្មី។

វិហារ​ដែល​អេសេគាល​បាន​ឃើញ បង្ហាញ​យ៉ាង​អស្ចារ្យ​អំពី​របៀប​ព្រះ​យេហូវ៉ា​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ (សូម​មើល​វគ្គ​១៧)

១៨. តើ​ការ​បើក​បង្ហាញ​អំពី​វិហារ​ជា​ន័យ​ត្រង់​ឬ? សូម​ពន្យល់។

១៨ ទី​២ តើ​ការ​បើក​បង្ហាញ​អំពី​វិហារ​ជា​ន័យ​ត្រង់​ឬ? មិន​មែន​ទេ។ ទាំង​អេសេគាល​ទាំង​ជន​និរទេស​ដែល​គាត់​បាន​ប្រាប់​ការ​បើក​បង្ហាញ​នេះ ប្រហែល​ជា​យល់​ភ្លាម​ៗ​ថា​ការ​បើក​បង្ហាញ​នេះ​មិន​មែន​ជា​ន័យ​ត្រង់​ទេ។ ហេតុ​អ្វី? នៅ​ចាំ​ទេ​អេសេគាល​បាន​ឃើញ​វិហារ​នៅ​លើ​«​ភ្នំ​ដ៏​ខ្ពស់​មួយ​»។ ពិត​មែន​ថា​ចំណុច​នេះ​ស្រប​នឹង​ទំនាយ​អេសាយ តែ​ស្ដី​អំពី​ទី​តាំង​វិហារ គឺ​មិន​ដូច​ទី​តាំង​វិហារ​ដើម​ទេ។ ព្រោះ​វិហារ​សាឡូម៉ូន​បាន​ត្រូវ​សង់​នៅ​លើ​ភ្នំ​ម៉ូរីយ៉ា​ក្នុង​ក្រុង​យេរូសាឡិម ហើយ​ក្រោយ​មក​ក៏​បាន​ត្រូវ​សាង​សង់​ឡើង​វិញ​នៅ​ទី​នោះ​ដែរ។ ប៉ុន្តែ តើ​ភ្នំ​ម៉ូរីយ៉ា​ជា​«​ភ្នំ​ដ៏​ខ្ពស់​មួយ​»​ឬ? មិន​មែន​ទេ។ តាម​ពិត ភ្នំ​ម៉ូរីយ៉ា​បាន​ហ៊ុម​ព័ទ្ធ​ដោយ​ភ្នំ​ឯ​ទៀត​ដែល​មាន​កម្ពស់​ស្មើ​គ្នា​ឬ​ខ្ពស់​ជាង។ បន្ថែម​ទៅ​ទៀត សំណង់​វិហារ​ដែល​អេសេគាល​បាន​ឃើញ​មាន​ទំហំ​ធំ​ណាស់។ បរិវេណ​វិហារ​នោះ​ធំ​ធេង ហើយ​មាន​កំពែង​ព័ទ្ធ​ជុំ​វិញ។ ដូច្នេះ វិហារ​នោះ​មិន​អាច​សង់​នៅ​លើ​ភ្នំ​ម៉ូរីយ៉ា​បាន​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បរិវេណ​វិហារ​នោះ​ធំ​ជាង​បរិវេណ​ក្រុង​យេរូសាឡិម​នៅ​សម័យ​សាឡូម៉ូន​ទៅ​ទៀត។ ម្យ៉ាង​ទៀត ជន​និរទេស​ច្បាស់​ជា​មិន​រំពឹង​ថា​មាន​អូរ​ហូរ​ចេញ​ពី​ទី​បរិសុទ្ធ​នៃ​វិហារ ហើយ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​ស្លាប់ រួច​ធ្វើ​ឲ្យ​អ្វី​ៗ​ដែល​នៅ​ក្នុង​នោះ​មាន​ជីវិត​ឡើង​វិញ​ឡើយ។ ណា​មួយ​ទៀត ដោយ​សារ​ស្រុក​សន្យា​ជា​តំបន់​ភ្នំ នោះ​មិន​អាច​បែង​ចែក​ទឹក​ដី​ឲ្យ​គ្រប់​កុល​សម្ព័ន្ធ​ស្មើ​ៗ​គ្នា ដូច​ដែល​បាន​រៀប​រាប់​ក្នុង​ការ​បើក​បង្ហាញ​នោះ​ទេ។ ដូច្នេះ ការ​បើក​បង្ហាញ​នេះ​មិន​អាច​ត្រូវ​បក​ស្រាយ​ក្នុង​ន័យ​ត្រង់​ឡើយ។

១៩​-​២១. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បណ្ដា​ជន? ហើយ​ហេតុ​អ្វី​ការ​បើក​បង្ហាញ​នោះ​ប្រហែល​ជា​ជំរុញ​ចិត្ត​ពួក​គេ?

១៩ ទី​៣ តើ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បណ្ដា​ជន? ពេល​រំពឹង​គិត​អំពី​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត បណ្ដា​ជន​គួរ​តែ​រអៀស​ខ្លួន។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ឲ្យ​«​រៀប​រាប់​ប្រាប់​ពូជ​ពង្ស​អ៊ីស្រាអែល​អំពី​វិហារ​»។ អេសេគាល​ត្រូវ​រៀប​រាប់​អំពី​វិហារ​នោះ​យ៉ាង​ក្បោះ​ក្បាយ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ស្ដាប់ ក្នុង​ន័យ​ម្យ៉ាង​ដើម្បី​ឲ្យ​ពួក​គេ​«​សិក្សា​ប្លង់​វិហារ​»​នោះ។ ហេតុ​អ្វី​បណ្ដា​ជន​ត្រូវ​រំពឹង​គិត​អំពី​វិហារ? ដូច​យើង​បាន​រៀន​ហើយ ប្លង់​នោះ​មិន​មែន​សម្រាប់​សាង​សង់​វិហារ​ឡើង​វិញ​ទេ។ ផ្ទុយ​ទៅ​វិញ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍ គឺ​«​ដើម្បី​ឲ្យ​ពួក​គេ​រអៀស​ខ្លួន​ចំពោះ​កំហុស​ឆ្គង​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​»។—សូម​អាន អេសេគាល ៤៣:១០​-​១២

២០ ហេតុ​អ្វី​ការ​បើក​បង្ហាញ​នោះ​មាន​ឥទ្ធិពល​ទៅ​លើ​សមត្ថភាព​វិនិច្ឆ័យ​របស់​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ ហើយ​ជំរុញ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​រអៀស​ខ្លួន? សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​ព្រះ​បាន​ប្រាប់​អេសេគាល​ថា​៖ ​«​កូន​មនុស្ស​អើយ! ចូរ​មើល​ឲ្យ​ហ្មត់​ចត់ និង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​ប្រាប់​អ្នក ស្ដី​អំពី​បញ្ញត្តិ​និង​ច្បាប់​នៃ​វិហារ​របស់​ព្រះ​យេហូវ៉ា​»។ (​អេគ. ៤៤:៥​) ម្ដង​ហើយ​ម្ដង​ទៀត អេសេគាល​បាន​ឮ​អំពី​បញ្ញត្តិ​និង​ច្បាប់។ (​អេគ. ៤៣:១១, ១២; ៤៤:២៤; ៤៦:១៤​) ជា​ញឹក​ញយ អេសេគាល​បាន​ត្រូវ​រំលឹក​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ថែម​ទាំង​ខ្នាត​តម្រា​អំពី​ប្រវែង​ហត្ថ​និង​ខ្នាត​រង្វាល់​ត្រឹម​ត្រូវ​ផង​ដែរ។ (​អេគ. ៤០:៥; ៤៥:១០​-​១២; សូម​ពិនិត្យ​បន្ថែម សុភាសិត ១៦:១១​) អស្ចារ្យ​ណាស់! ក្នុង​ការ​បើក​បង្ហាញ​នេះ អេសេគាល​បាន​កត់​ទុក​ពាក្យ​ជា​ភាសា​ដើម​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​រង្វាល់​»​និង​«​ការ​វាស់​វាល់​»​អស់​ជាង​៥០​ដង។

២១ ស្ដី​អំពី​រង្វាស់​ប្រវែង រង្វាល់​ទម្ងន់ ច្បាប់​និង​បញ្ញត្តិ តើ​ព្រះ​យេហូវ៉ា​កំពុង​ប្រាប់​អ្វី​ដល់​រាស្ត្រ​លោក? តាម​មើល​ទៅ លោក​កំពុង​រំលឹក​ពួក​គេ​អំពី​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​តាម​របៀប​ដ៏​អស្ចារ្យ គឺ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​មាន​សិទ្ធិ​កំណត់​ខ្នាត​តម្រា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ ពួក​អ្នក​ដែល​ឃ្លាត​ឆ្ងាយ​ពី​ខ្នាត​តម្រា​របស់​ព្រះ​ត្រូវ​តែ​មាន​អារម្មណ៍​រអៀស​ខ្លួន។ ប៉ុន្តែ តើ​តាម​របៀប​ណា​ការ​បើក​បង្ហាញ​នោះ​បង្រៀន​ពួក​យូដា​នូវ​មេ​រៀន​សំខាន់​ៗ​? នៅ​ជំពូក​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​ឧទាហរណ៍​ជាក់​លាក់​មួយ​ចំនួន។ នេះ​នឹង​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​ថា​ការ​បើក​បង្ហាញ​ដ៏​អស្ចារ្យ​នេះ​មាន​ន័យ​យ៉ាង​ណា​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ។

ហេតុ​អ្វី​ការ​បើក​បង្ហាញ​អំពី​វិហារ​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​កើត​ទុក្ខ? (សូម​មើល​វគ្គ​១៩​-​២១)

^ វគ្គ 4 វិហារ​ដ៏​រុង​រឿង​គឺ​ជា​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត ដែល​មាន​មូលដ្ឋាន​លើ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត។ យើង​យល់​ថា​ការ​រៀបចំ​នេះ​មាន​ឡើង​នៅ​ឆ្នាំ​២៩ គ.ស.។

^ វគ្គ 12 ជា​ឧទាហរណ៍ ប៉ូល​ផ្ដោត​ទៅ​លើ​សម្ដេច​សង្ឃ​និង​តួ​នាទី​របស់​គាត់ នៅ​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង​ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ (​ហេ. ២:១៧; ៣:១; ៤:១៤​-​១៦; ៥:១​-​១០; ៧:១​-​១៧, ២៦​-​២៨; ៨:១​-​៦; ៩:៦​-​២៨​) ប៉ុន្តែ ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត គាត់​មិន​បាន​រៀប​រាប់​អំពី​សម្ដេច​សង្ឃ ឬ​អំពី​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង​ទេ។