លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី១៦

ចូរ«គូសសញ្ញាសម្គាល់លើថ្ងាសមនុស្ស»

ចូរ«គូសសញ្ញាសម្គាល់លើថ្ងាសមនុស្ស»

អេសេគាល ៩:៤

គោល​ចំណុច: របៀប​ដែល​មនុស្ស​ស្មោះ​ត្រង់​នៅ​សម័យ​អេសេគាល​ទទួល​សញ្ញា​សម្គាល់​ដើម្បី​រួច​រស់​ជីវិត និង​អត្ថន័យ​នៃ​ការ​គូស​សញ្ញា​សម្គាល់​នៅ​សម័យ​យើង

១​-​៣. ​(​ក​) ហេតុ​អ្វី​អេសេគាល​ភ្ញាក់​ផ្អើល? ហើយ​តើ​គាត់​ដឹង​អ្វី​អំពី​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

អេសេគាល​ភ្ញាក់​ផ្អើល​ជា​ខ្លាំង! គាត់​ទើប​តែ​ឃើញ​ក្នុង​គំនិត​នូវ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​ពួក​យូដា​ក្បត់​ជំនឿ​កំពុង​ធ្វើ​នៅ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម។ * ពួក​អ្នក​បះ​បោរ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​វិហារ​របស់​ព្រះ​ស្មោក​គ្រោក។ វិហារ​នោះ​ជា​មណ្ឌល​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​នៅ​ស្រុក​អ៊ីស្រាអែល។ ពួក​គេ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​វិហារ​របស់​ព្រះ​ស្មោក​គ្រោក​ប៉ុណ្ណោះ​ទេ តែ​ធ្វើ​ឲ្យ​ស្រុក​យូដា​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ​រហូត​ដល់​កែ​លែង​ឡើង។ អ្វី​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ បណ្ដាល​ឲ្យ​លោក​ខឹង​យ៉ាង​ខ្លាំង។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ថា​៖ ​«​ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​របស់​ខ្ញុំ​»។—អេគ. ៨:១៧, ១៨

អេសេគាល​ច្បាស់​ជា​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ពេល​ដឹង​ថា​ក្រុង​យេរូសាឡិម​និង​វិហារ​ដែល​ធ្លាប់​ពិសិដ្ឋ នឹង​ត្រូវ​បំផ្លាញ​ចោល ដោយ​សារ​ព្រះ​យេហូវ៉ា​ខឹង​នឹង​រាស្ត្រ​លោក ហើយ​លែង​ពេញ​ចិត្ត​ក្រុង​នោះ​និង​វិហារ​នោះ​ទៀត។ អេសេគាល​ច្បាស់​ជា​ឆ្ងល់​ថា​‹ចុះ​អស់​អ្នក​ស្មោះ​ត្រង់​នៅ​ក្នុង​ក្រុង​យ៉ាង​ណា​ទៅ? តើ​ពួក​គេ​នឹង​រួច​រស់​ជីវិត​ឬ​ទេ? បើ​រួច​រស់ តើ​តាម​របៀប​ណា?›។ អេសេគាល​មិន​ចាំ​បាច់​រង់​ចាំ​ចម្លើយ​យូរ​ទេ។ បន្ទាប់​ពី​គាត់​បាន​ឮ​ការ​វិនិច្ឆ័យ​ចំ​ៗ​ទៅ​លើ​ក្រុង​យេរូសាឡិម ភ្លាម​នោះ​គាត់​ឮ​សំឡេង​យ៉ាង​ខ្លាំង​ហៅ​អ្នក​ប្រហារ​ដែល​ធ្វើ​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ​ឲ្យ​មក។ (​អេគ. ៩:១​) ក្នុង​ការ​បើក​បង្ហាញ គាត់​ក៏​ឃើញ​ថា​ការ​ប្រហារ​នោះ​មិន​មែន​ធ្វើ​ទៅ​លើ​មនុស្ស​ទាំង​អស់​នោះ​ទេ។ នេះ​ច្បាស់​ជា​សម្រាល​ទុក្ខ​គាត់។ ពិត​មែន​ហើយ ពួក​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​នឹង​រួច​រស់​ជីវិត!

កាល​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​ជិត​មក​ដល់ យើង​ក៏​ប្រហែល​ជា​ឆ្ងល់​ថា​អ្នក​ណា​នឹង​រួច​រស់​ជីវិត​នៅ​គ្រា​ដែល​មាន​ការ​បំផ្លាញ​ដ៏​ធំ​នៅ​ថ្ងៃ​ខាង​មុខ។ ដូច្នេះ សូម​ឲ្យ​យើង​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖ (​១​) ក្នុង​ការ​បើក​បង្ហាញ​នេះ តើ​អេសេគាល​បាន​ឃើញ​អ្វី​បន្ទាប់​មក? (​២​) តើ​តាម​របៀប​ណា​ការ​បើក​បង្ហាញ​នេះ​បាន​កើត​ឡើង​នៅ​សម័យ​គាត់? (​៣​) តើ​ការ​បើក​បង្ហាញ​នេះ​មាន​ន័យ​យ៉ាង​ណា​នៅ​សម័យ​យើង?

​«​ចូរ​ហៅ​ពួក​អ្នក​ដែល​នឹង​ដាក់​ទោស​»​

៤. សូម​រៀប​រាប់​អំពី​អ្វី​ដែល​អេសេគាល​បាន​ឃើញ​និង​ឮ​បន្ទាប់​មក​ក្នុង​ការ​បើក​បង្ហាញ​នេះ?

ក្នុង​ការ​បើក​បង្ហាញ​នេះ តើ​អេសេគាល​បាន​ឃើញ​និង​ឮ​អ្វី​បន្ទាប់​មក? (​សូម​អាន អេសេគាល ៩:១​-​១១) មាន​បុរស​៧​នាក់​ធ្វើ​ដំណើរ​ចូល​«​មក​តាម​ខ្លោង​ទ្វារ​ខាង​លើ​ដែល​នៅ​ប៉ែក​ខាង​ជើង​»។ កន្លែង​នេះ​ប្រហែល​នៅ​ក្បែរ​រូប​ព្រះ​នៃ​សេចក្ដី​ប្រច័ណ្ឌ​ឬ​ត្រង់​កន្លែង​ដែល​ពួក​ស្ត្រី​យំ​ស្ដាយ​ព្រះ​ថាមូស។ (​អេគ. ៨:៣, ១៤​) បុរស​៧​នាក់​នោះ​បាន​ចូល​ទី​ធ្លា​ខាង​ក្នុង​នៃ​វិហារ ហើយ​ឈរ​នៅ​ក្បែរ​ទី​បូជា​ដែល​ធ្វើ​ពី​ស្ពាន់។ ប៉ុន្តែ ពួក​គេ​មិន​មែន​នៅ​ទី​នោះ​ដើម្បី​ជូន​គ្រឿង​បូជា​ទេ ព្រោះ​ព្រះ​លែង​ទទួល​គ្រឿង​បូជា​នៅ​វិហារ​នោះ​ទៀត​ហើយ។ បុរស​៦​នាក់​ក្នុង​ចំណោម​ពួក​គេ​«​កាន់​អាវុធ​សម្រាប់​ប្រហារ​»​មក​ជា​មួយ​ដែរ។ រីឯ​បុរស​ទី​៧​វិញ ខុស​ប្លែក​ពី​បុរស​៦​នាក់​នោះ។ គាត់​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ ហើយ​មិន​មាន​អាវុធ​នៅ​ដៃ​ទេ តែ​មាន​«​ប្រដាប់​ប្រដា​សរសេរ​របស់​លេខាធិការ​»​ឬ​«​ប្រដាប់​ដាក់​ទឹក​ខ្មៅ​របស់​អ្នក​ចម្លង​ច្បាប់​»​ដូច​កំណត់​សម្គាល់​បាន​ចែង។

៥, ៦. តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ទទួល​សញ្ញា​សម្គាល់? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

តើ​បុរស​ដែល​មាន​ប្រដាប់​ដាក់​ទឹក​ខ្មៅ​ត្រូវ​ធ្វើ​អ្វី? គាត់​បាន​ទទួល​ភារកិច្ច​ដ៏​សំខាន់​ពី​ព្រះ​យេហូវ៉ា​ផ្ទាល់។ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ដើរ​ឲ្យ​សព្វ​ក្នុង​ក្រុង​យេរូសាឡិម ហើយ​គូស​សញ្ញា​សម្គាល់​លើ​ថ្ងាស​មនុស្ស​ណា​ដែល​ដក​ដង្ហើម​ធំ​និង​ស្រែក​ថ្ងូរ ព្រោះ​តែ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ក្រុង​នេះ​»។ ភ្លាម​នោះ អេសេគាល​ប្រហែល​នឹក​គិត​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ស្មោះ​ត្រង់​ដែល​ជា​ឪពុក​ម្ដាយ ដែល​បាន​លាប​ឈាម​នៅ​លើ​ប្រអប់​ទ្វារ​ផ្ទះ ទុក​ជា​សញ្ញា​សម្គាល់​ដើម្បី​សង្គ្រោះ​កូន​ច្បង​របស់​ខ្លួន​ពី​ការ​ប្រហារ។ (​ដច. ១២:៧, ២២, ២៣​) ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ តើ​សញ្ញា​សម្គាល់​នៅ​លើ​ថ្ងាស​ដែល​បុរស​កាន់​ប្រដាប់​ដាក់​ទឹក​ខ្មៅ​គូស មាន​គោល​បំណង​ដូច​គ្នា​ដែរ​ឬ? តើ​អ្នក​ដែល​មាន​សញ្ញា​សម្គាល់​នោះ​នឹង​រួច​ជីវិត​ពេល​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ឬ?

យើង​ដឹង​ចម្លើយ​ច្បាស់​ពេល​យើង​គិត​អំពី​មូលដ្ឋាន​នៃ​ការ​គូស​សញ្ញា​សម្គាល់។ សញ្ញា​សម្គាល់​នោះ​ត្រូវ​គូស​នៅ​លើ​ថ្ងាស​របស់​អស់​អ្នក​ដែល​«​ដក​ដង្ហើម​ធំ​និង​ស្រែក​ថ្ងូរ​»​ ព្រោះ​តែ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​«​កំពុង​កើត​ឡើង​នៅ​ក្នុង​ក្រុង​នេះ​»។ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​អំពី​អស់​អ្នក​ដែល​មាន​សញ្ញា​សម្គាល់​នោះ? ចំណុច​មួយ ពួក​គេ​មិន​គ្រាន់​តែ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​គោរព​បូជា​រូប​ព្រះ​នៅ​ឯ​វិហារ​ទេ តែ​ពួក​គេ​ក៏​កើត​ទុក្ខ​ដោយ​សារ​អំពើ​ឃោរឃៅ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​ការ​ខូច​អាក្រក់​ដែល​មាន​ពេញ​ក្រុង​យេរូសាឡិម​ផង​ដែរ។ (​អេគ. ២២:៩​-​១២​) បន្ថែម​ទៅ​ទៀត ពួក​គេ​ទំនង​ជា​មិន​លាក់​អារម្មណ៍​របស់​ខ្លួន​ទេ។ តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​ពួក​អ្នក​ដែល​មាន​ចិត្ត​ស្មោះ ច្បាស់​ជា​បង្ហាញ​ថា​ពួក​គេ​ស្អប់​ខ្ពើម​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ស្រុក ព្រម​ទាំង​បង្ហាញ​ថា​ពួក​គេ​មាន​ភក្ដី​ភាព​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។ ដោយ​សេចក្ដី​មេត្តា​ករុណា ព្រះ​យេហូវ៉ា​នឹង​ទុក​ជីវិត​ឲ្យ​អ្នក​ទាំង​នោះ។

៧, ៨. តើ​តាម​របៀប​ណា​ពួក​បុរស​ដែល​កាន់​អាវុធ​សម្រាប់​ប្រហារ​បំពេញ​ភារកិច្ច​របស់​ខ្លួន? ហើយ​តើ​ទី​បំផុត​មាន​លទ្ធផល​យ៉ាង​ណា?

តើ​តាម​របៀប​ណា​បុរស​ទាំង​៦​នាក់​ដែល​កាន់​អាវុធ​សម្រាប់​ប្រហារ បំពេញ​ភារកិច្ច​របស់​ខ្លួន? អេសេគាល​បាន​ឮ​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​ពួក​គេ​ថា ចូរ​ទៅ​តាម​បុរស​ដែល​មាន​ប្រដាប់​ដាក់​ទឹក​ខ្មៅ ហើយ​ប្រហារ​មនុស្ស​ទាំង​អស់ លើក​លែង​តែ​អស់​អ្នក​ដែល​មាន​សញ្ញា​សម្គាល់​នៅ​លើ​ថ្ងាស។ ព្រះ​យេហូវ៉ា​បង្គាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ចាប់​ផ្ដើម​ប្រហារ​ពី​ទី​បរិសុទ្ធ​របស់​ខ្ញុំ​»។ (​អេគ. ៩:៦​) ពួក​បុរស​ទាំង​នោះ​ត្រូវ​ចាប់​ផ្ដើម​ប្រហារ​ពី​វិហារ​ព្រះ ដែល​ជា​ទី​តាំង​ដ៏​សំខាន់​ក្នុង​ក្រុង​យេរូសាឡិម។ វិហារ​នោះ​លែង​ពិសិដ្ឋ​ចំពោះ​ព្រះ​យេហូវ៉ា​ទៀត​ហើយ។ មនុស្ស​មួយ​ក្រុម​ដំបូង​ដែល​បាន​ត្រូវ​ប្រហារ​គឺ​«​ពួក​បុរស​ចាស់​ទុំ​ដែល​នៅ​ខាង​មុខ​វិហារ​»។ ពួក​គេ​គឺ​ជា​បុរស​ចាស់​ទុំ​៧០​នាក់​នៃ​អ៊ីស្រាអែល​ដែល​នៅ​ក្នុង​វិហារ ហើយ​កំពុង​ដុត​គ្រឿង​ក្រអូប​ដល់​ព្រះ​មិន​ពិត។—អេគ. ៨:១១, ១២; ៩:៦

នៅ​ទី​បំផុត តើ​មាន​លទ្ធផល​យ៉ាង​ណា? ពេល​អេសេគាល​កំពុង​មើល​និង​ស្ដាប់ បុរស​ដែល​មាន​ប្រដាប់​ដាក់​ទឹក​ខ្មៅ មក​រាយ​ការណ៍​ដល់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​តាម​ដូច​ដែល​លោក​បាន​បង្គាប់​ហើយ​»។ (​អេគ. ៩:១១​) យើង​ទំនង​ជា​ឆ្ងល់​ថា​‹តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ក្រុង​យេរូសាឡិម? តើ​មាន​មនុស្ស​ស្មោះ​ត្រង់​ណា​ម្នាក់​បាន​រួច​ជីវិត​ពី​ការ​បំផ្លាញ​នេះ​ទេ?›។

តើ​តាម​របៀប​ណា​ការ​បើក​បង្ហាញ​នេះ​បាន​កើត​ឡើង​នៅ​សម័យ​អេសេគាល?

៩, ១០. តើ​មនុស្ស​ស្មោះ​ត្រង់​ដែល​បាន​រួច​ជីវិត​ពី​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​មាន​អ្នក​ណា​ខ្លះ? ហើយ​តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ពួក​គេ?

សូម​អាន ប្រវត្តិហេតុ​ទី​២ ៣៦:១៧​-​២០ទំនាយ​របស់​អេសេគាល​បាន​កើត​ឡើង​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. នៅ​ពេល​ដែល​ទ័ព​បាប៊ីឡូន​បំផ្លាញ​ក្រុង​យេរូសាឡិម​និង​វិហារ​នៅ​ទី​នោះ។ ពួក​បាប៊ីឡូន​ប្រៀប​ដូច​ជា​‹ពែង​នៅ​ក្នុង​ដៃ​ព្រះ​យេហូវ៉ា›។ លោក​ប្រើ​ពួក​គេ​ដើម្បី​វិនិច្ឆ័យ​ទោស​អ្នក​ក្រុង​យេរូសាឡិម​ដែល​មិន​ស្មោះ​ត្រង់។ (​យេ. ៥១:៧​) តើ​មនុស្ស​ទាំង​អស់​បាន​ត្រូវ​បំផ្លាញ​ឬ? មិន​មែន​ទេ។ ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ ប្រាប់​ទុក​ជា​មុន​ថា​ពួក​បាប៊ីឡូន​នឹង​មិន​បំផ្លាញ​មនុស្ស​ទាំង​អស់​ឡើយ។—ដក. ១៨:២២​-​៣៣; ២​ពេ. ២:៩

១០ មនុស្ស​ស្មោះ​ត្រង់​មួយ​ចំនួន​ដែល​បាន​រួច​ជីវិត រួម​បញ្ចូល​ពួក​រេកាប អ៊ីបេតមេលេក​ជា​ជន​ជាតិ​អេត្យូពី យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ និង​បារូក​ជា​លេខាធិការ​របស់​គាត់។ (​យេ. ៣៥:១​-​១៩; ៣៩:១៥​-​១៨; ៤៥:១​-​៥​) តាម​រយៈ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត យើង​អាច​សន្និដ្ឋាន​ថា​មនុស្ស​ទាំង​នោះ​ច្បាស់​ជា​«​ដក​ដង្ហើម​ធំ​និង​ស្រែក​ថ្ងូរ ព្រោះ​តែ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​»​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ក្រុង​យេរូសាឡិម។ (​អេគ. ៩:៤​) មុន​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម ពួក​អ្នក​ទាំង​នោះ​ច្បាស់​ជា​បង្ហាញ​ថា​ពួក​គេ​ស្អប់​ខ្ពើម​អំពើ​ទុច្ចរិត​យ៉ាង​ខ្លាំង ហើយ​បង្ហាញ​ថា​ពួក​គេ​មាន​ភក្ដី​ភាព​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។ ម្ល៉ោះ​ហើយ ពួក​គេ​អាច​រួច​រស់​ជីវិត។

១១. តើ​បុរស​ដែល​មាន​ប្រដាប់​ប្រដា​សរសេរ​របស់​លេខាធិការ​និង​បុរស​៦​នាក់​ដែល​កាន់​អាវុធ​សម្រាប់​ប្រហារ​តំណាង​ឲ្យ​អ្នក​ណា?

១១ តើ​ពួក​អ្នក​ស្មោះ​ត្រង់​បាន​ទទួល​សញ្ញា​សម្គាល់​សម្រាប់​រួច​រស់​ជីវិត​ក្នុង​ន័យ​ត្រង់​ឬ​ទេ? មិន​មែន​ទេ។ ព្រោះ​គ្មាន​កំណត់​ហេតុ​ណា​ដែល​បញ្ជាក់​ថា​អេសេគាល​ឬ​អ្នក​ប្រកាស​ទំនាយ​ណា​ម្នាក់ បាន​ដើរ​កាត់​ក្រុង​យេរូសាឡិម ហើយ​គូស​សញ្ញា​សម្គាល់​នៅ​លើ​ថ្ងាស​របស់​ពួក​អ្នក​ស្មោះ​ត្រង់​ឡើយ។ ដូច្នេះ តាម​មើល​ទៅ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត បង្ហាញ​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ស្ថាន​សួគ៌ ហើយ​មនុស្ស​មើល​មិន​ឃើញ​ទេ។ បុរស​ដែល​មាន​ប្រដាប់​ប្រដា​សរសេរ​របស់​លេខាធិការ​និង​ពួក​បុរស​៦​នាក់​ដែល​កាន់​អាវុធ​សម្រាប់​ប្រហារ តំណាង​ឲ្យ​បុគ្គល​វិញ្ញាណ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ដែល​តែង​តែ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​ចសព. ១០៣:២០, ២១​) ព្រះ​យេហូវ៉ា​ច្បាស់​ជា​ប្រើ​ទេវតា​របស់​លោក​ដើម្បី​ណែនាំ​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ទោស​ពួក​អ្នក​ក្រុង​យេរូសាឡិម​ដែល​មិន​ស្មោះ​ត្រង់។ ពួក​ទេវតា​គូស​សញ្ញា​សម្គាល់​នៅ​លើ​ថ្ងាស​ពួក​អ្នក​ដែល​នឹង​ត្រូវ​សង្គ្រោះ​ក្នុង​ន័យ​ថា​ពួក​ទេវតា​គ្រាន់​តែ​ប្រហារ​មនុស្ស​ទុច្ចរិត​ប៉ុណ្ណោះ ហើយ​មិន​ប្រហារ​ដោយ​មិន​រើស​មុខ​នោះ​ទេ។

តើ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​មាន​ន័យ​យ៉ាង​ណា​នៅ​សម័យ​យើង?

១២, ១៣. ​(​ក​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បញ្ចេញ​កំហឹង​ទៅ​លើ​ក្រុង​យេរូសាឡិម? ហើយ​ហេតុ​អ្វី​យើង​គួរ​រំពឹង​ថា​លោក​នឹង​ធ្វើ​ដូច​គ្នា​នៅ​សម័យ​យើង? (​ខ​) តើ​យេរូសាឡិម​មិន​ស្មោះ​ត្រង់​តំណាង​ឲ្យ​ពិភព​គ្រិស្ត​សាសនា​ឬ? សូម​ពន្យល់។ (​សូម​មើល​ប្រអប់​«​តើ​ពិភព​គ្រិស្ត​សាសនា​តំណាង​ដោយ​យេរូសាឡិម​ឬ?​»​)

១២ បន្តិច​ទៀត យើង​នឹង​ឃើញ​ការ​វិនិច្ឆ័យ​ដ៏​ធំ​ពី​ព្រះ​ដែល​មិន​ធ្លាប់​កើត​ឡើង​ពី​មុន ពោល​គឺ​«​ទុក្ខ​វេទនា​ជា​ខ្លាំង ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ ហើយ​នឹង​មិន​មាន​ដូច្នោះ​ទៀត​ឡើយ​»។ (​ម៉ាថ. ២៤:២១​) កាល​ដែល​យើង​រង់​ចាំ​ព្រឹត្តិការណ៍​ផ្ដាច់​ព្រ័ត្រ​នោះ យើង​ចង់​រក​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​ដូច​ត​ទៅ​៖ តើ​ការ​បំផ្លាញ​នៅ​ថ្ងៃ​ខាង​មុខ​មិន​មែន​ធ្វើ​ឡើង​ទៅ​លើ​មនុស្ស​ទាំង​អស់​ឬ? តើ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នឹង​ទទួល​សញ្ញា​សម្គាល់​សម្រាប់​រួច​រស់​ជីវិត​ឬ? តើ​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ អំពី​បុរស​ដែល​មាន​ប្រដាប់​ដាក់​ទឹក​ខ្មៅ​បាន​កើត​ឡើង​នៅ​សម័យ​យើង​ទេ? ចម្លើយ​ចំពោះ​សំណួរ​ទាំង​បី​នោះ​គឺ​មែន។ ហេតុ​អ្វី​យើង​អាច​សន្និដ្ឋាន​ដូច្នោះ? ដើម្បី​រក​ចម្លើយ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ម្ដង​ទៀត​អំពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ។

១៣ តើ​អ្នក​ចាំ​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បញ្ចេញ​កំហឹង​ទៅ​លើ​ក្រុង​យេរូសាឡិម​សម័យ​បុរាណ​ទេ? សូម​មើល​អេសេគាល ៩:៨, ៩ ម្ដង​ទៀត។ (​សូម​អាន​) ពេល​អេសេគាល​បារម្ភ​ថា​ការ​បំផ្លាញ​ដែល​នឹង​មក​ដល់ អាច​នាំ​ឲ្យ​«​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​នៅ​សេស​សល់​»​ត្រូវ​បំផ្លាញ​ចោល នោះ​ព្រះ​យេហូវ៉ា​បាន​លើក​ឡើង​មូលហេតុ​បួន​យ៉ាង​សម្រាប់​ការ​វិនិច្ឆ័យ​នោះ។ ទី​១ ​«​កំហុស​ឆ្គង​»​របស់​ប្រជា​ជាតិ​អ៊ីស្រាអែល គឺ​«​ធ្ងន់​ធ្ងរ​ណាស់​»។ * ទី​២ ស្រុក​យូដា​«​មាន​សុទ្ធ​តែ​ការ​បង្ហូរ​ឈាម​»។ ទី​៣ ក្រុង​យេរូសាឡិម​ដែល​ជា​រាជធានី​នៃ​រាជាណាចក្រ​យូដា មាន​ពេញ​ទៅ​ដោយ​«​អំពើ​ខូច​អាក្រក់​»។ ទី​៤ បណ្ដា​ជន​ដោះ​សា​ចំពោះ​អំពើ​ទុច្ចរិត​របស់​ពួក​គេ​ដោយ​បញ្ឆោត​ខ្លួន​ថា ព្រះ​យេហូវ៉ា​«​មិន​ឃើញ​»​អំពើ​អាក្រក់​របស់​ពួក​គេ​ទេ។ ចំណុច​ទាំង​បួន​នោះ​ក៏​អាច​រៀប​រាប់​អំពី​ពិភព​លោក​នេះ​ដែល​ពេញ​ទៅ​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌ អំពើ​ឃោរឃៅ ការ​ខូច​អាក្រក់ និង​ការ​ខ្វះ​ជំនឿ​លើ​ព្រះ មែន​ទេ? ដោយ​សារ​ព្រះ​យេហូវ៉ា​«​មិន​ប្រែ​ប្រួល​»​ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ខឹង​នៅ​សម័យ​អេសេគាល ក៏​ធ្វើ​ឲ្យ​លោក​ខឹង​នៅ​សម័យ​យើង​ដែរ។ (​យ៉ា. ១:១៧; ម៉ាឡ. ៣:៦​) ហេតុ​នេះ យើង​អាច​រំពឹង​ថា​ពួក​បុរស​៦​នាក់​ដែល​កាន់​អាវុធ​សម្រាប់​ប្រហារ​និង​បុរស​ដែល​មាន​ប្រដាប់​ដាក់​ទឹក​ខ្មៅ នឹង​មាន​ភារកិច្ច​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នៅ​សម័យ​យើង​ដែរ។

មិន​យូរ​ទៀត បុរស​៦​នាក់​ដែល​កាន់​អាវុធ​សម្រាប់​ប្រហារ នឹង​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​របស់​ពួក​គេ (សូម​មើល​វគ្គ​១២, ១៣)

១៤, ១៥. តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ព្រមាន​មនុស្ស​មុន​ការ​បំផ្លាញ​មក​ដល់?

១៤ តើ​តាម​របៀប​ណា​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត បាន​កើត​ឡើង​នៅ​សម័យ​យើង? បើ​យើង​គិត​អំពី​របៀប​ដែល​ការ​បើក​បង្ហាញ​នោះ​បាន​កើត​ឡើង​នៅ​អតីតកាល នោះ​យើង​អាច​ដឹង​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ឥឡូវ​នេះ​និង​នៅ​ថ្ងៃ​អនាគត។ សូម​យើង​ពិចារណា​ព្រឹត្តិការណ៍​ខ្លះ​ៗ​ដែល​យើង​បាន​ឃើញ​រួច​ហើយ ឬ​នឹង​ឃើញ​នៅ​ថ្ងៃ​ខាង​មុខ ពេល​ដែល​ទំនាយ​អេសេគាល​កើត​ឡើង។

១៥ ព្រះ​យេហូវ៉ា​ព្រមាន​មនុស្ស​មុន​ការ​បំផ្លាញ​មក​ដល់។ ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​ទី​១១​នៃ​សៀវភៅ​នេះ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​អេសេគាល​«​ជា​អ្នក​ចាំ​យាម​សម្រាប់​ពូជ​ពង្ស​អ៊ីស្រាអែល​»។ (​អេគ. ៣:១៧​-​១៩​) តាំង​ពី​ឆ្នាំ​៦១៣ មុន​គ.ស. អេសេគាល​បាន​ព្រមាន​ប្រជា​ជាតិ​អ៊ីស្រាអែល​ចំ​ៗ​អំពី​ការ​បំផ្លាញ​ដែល​នឹង​មក​ដល់។ អ្នក​ប្រកាស​ទំនាយ​ឯ​ទៀត ដូច​ជា​អេសាយ​និង​យេរេមា ក៏​បាន​ព្រមាន​អំពី​អន្តរាយ​ដែល​នឹង​ធ្លាក់​មក​លើ​ក្រុង​យេរូសាឡិម​ដែរ។ (​អេ. ៣៩:៦, ៧; យេ. ២៥:៨, ៩, ១១​) នៅ​សម័យ​យើង តាម​រយៈ​គ្រិស្ត ព្រះ​យេហូវ៉ា​ប្រើ​អ្នក​បម្រើ​ដែល​លោក​បាន​រើស​តាំង​មួយ​ក្រុម​តូច ឲ្យ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​ដែល​ជា​ខ្ញុំ​បម្រើ​ឯ​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ក៏​ត្រូវ​ព្រមាន​អ្នក​ឯ​ទៀត​អំពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដែល​កំពុង​មក​យ៉ាង​លឿន។—ម៉ាថ. ២៤:៤៥

១៦. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​គូស​សញ្ញា​សម្គាល់​នៅ​លើ​ពួក​អ្នក​ដែល​នឹង​រួច​រស់​ជីវិត​ឬ​ទេ? សូម​ពន្យល់។

១៦ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​គូស​សញ្ញា​សម្គាល់​នៅ​លើ​អស់​អ្នក​ដែល​នឹង​រួច​រស់​ជីវិត​ទេ។ សូម​ចាំ​ថា​អេសេគាល​មិន​បាន​ត្រូវ​បង្គាប់​ឲ្យ​ដើរ​កាត់​ក្រុង​យេរូសាឡិម ហើយ​គូស​សញ្ញា​សម្គាល់​លើ​អ្នក​ឯ​ទៀត​ដើម្បី​ឲ្យ​ពួក​គេ​បាន​រួច​រស់​ជីវិត​នោះ​ឡើយ។ ដូច​គ្នា​ដែរ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​មិន​បាន​ត្រូវ​ចាត់​ឲ្យ​គូស​សញ្ញា​សម្គាល់​លើ​អស់​អ្នក​ដែល​សម​នឹង​រួច​រស់​ជីវិត​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​នាម​ជា​ខ្ញុំ​បម្រើ​ឯ​ទៀត​នៃ​ក្រុម​គ្រួសារ​របស់​គ្រិស្ត យើង​ទទួល​ភារកិច្ច​ផ្សព្វ​ផ្សាយ។ យើង​បង្ហាញ​ថា​យើង​បំពេញ​ភារកិច្ច​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​យ៉ាង​ខ្នះ​ខ្នែង និង​ដោយ​ខំ​ព្រមាន​មនុស្ស​ថា​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ​កាន់​តែ​ជិត​មក​ដល់​ទី​បញ្ចប់​ហើយ។ (​ម៉ាថ. ២៤:១៤; ២៨:១៨​-​២០​) ហេតុ​នេះ យើង​រួម​ចំណែក​ក្នុង​ការ​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ពិត។—១​ធី. ៤:១៦

១៧. តើ​មនុស្ស​ម្នាក់​ៗ​ត្រូវ​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ​ដើម្បី​ទទួល​សញ្ញា​សម្គាល់​នៅ​ថ្ងៃ​អនាគត?

១៧ ដើម្បី​រួច​រស់​ជីវិត​ពី​ការ​បំផ្លាញ​ដែល​នឹង​មក​ដល់ មនុស្ស​ម្នាក់​ៗ​ត្រូវ​បង្ហាញ​ថា​ពួក​គេ​មាន​ជំនឿ​នៅ​ឥឡូវ​នេះ។ ដូច​យើង​រៀន​នៅ​ខាង​ដើម អស់​អ្នក​ដែល​រួច​រស់​ជីវិត​ពី​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. បាន​បង្ហាញ​ជា​មុន​ថា​ពួក​គេ​ស្អប់​ខ្ពើម​អំពើ​ទុច្ចរិត​ជា​ខ្លាំង ហើយ​ពួក​គេ​មាន​ភក្ដី​ភាព​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។ សព្វ​ថ្ងៃ​នេះ ក៏​ដូច​គ្នា​ដែរ។ មុន​ការ​បំផ្លាញ​មក​ដល់ មនុស្ស​ម្នាក់​ៗ​ត្រូវ​«​ដក​ដង្ហើម​ធំ​និង​ស្រែក​ថ្ងូរ​»​ ពោល​គឺ​កើត​ទុក្ខ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​អំពើ​ទុច្ចរិត​ក្នុង​ពិភព​លោក​នេះ។ ពួក​គេ​មិន​ត្រូវ​លាក់​អារម្មណ៍​របស់​ខ្លួន​ទេ តែ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត ពួក​គេ​បង្ហាញ​ថា​ខ្លួន​មាន​ភក្ដី​ភាព​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។ តើ​ពួក​គេ​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ពួក​គេ​ត្រូវ​ពេញ​ចិត្ត​ធ្វើ​ដូច​ត​ទៅ គឺ​ព្រម​ទទួល​ដំណឹង​ល្អ​ដែល​រាស្ត្រ​ព្រះ​ផ្សព្វ​ផ្សាយ បន្ត​បំពាក់​បុគ្គលិក​លក្ខណៈ​ដូច​គ្រិស្ត ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក ព្រម​ទាំង​គាំ​ទ្រ​បង​ប្អូន​របស់​គ្រិស្ត​យ៉ាង​ស្មោះ​ត្រង់។ (​អេគ. ៩:៤; ម៉ាថ. ២៥:៣៤​-​៤០; អេភ. ៤:២២​-​២៤; ១​ពេ. ៣:២១​) មាន​តែ​អស់​អ្នក​ដែល​មាន​គន្លង​ជីវិត​បែប​នេះ និង​អស់​អ្នក​ដែល​ចូល​ក្នុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត​ប៉ុណ្ណោះ ទើប​អាច​ទទួល​សញ្ញា​សម្គាល់​ដើម្បី​រួច​រស់​ជីវិត។

១៨. ​(​ក​) តើ​នៅ​ពេល​ណា​លោក​យេស៊ូ​គ្រិស្ត​នឹង​គូស​សញ្ញា​សម្គាល់​លើ​ពួក​អ្នក​ស្មោះ​ត្រង់? ហើយ​តើ​តាម​របៀប​ណា? (​ខ​) តើ​ពួក​អ្នក​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​ត្រូវ​ទទួល​សញ្ញា​សម្គាល់​ដែរ​ឬ​ទេ? សូម​ពន្យល់។

១៨ ការ​គូស​សញ្ញា​សម្គាល់​លើ​អស់​អ្នក​ស្មោះ​ត្រង់​នឹង​ត្រូវ​ធ្វើ​ឡើង​ពី​ស្ថាន​សួគ៌។ នៅ​សម័យ​អេសេគាល ពួក​ទេវតា​មាន​តួ​នាទី​គូស​សញ្ញា​សម្គាល់​លើ​អស់​អ្នក​ស្មោះ​ត្រង់​ដែល​នឹង​រួច​រស់​ជីវិត។ ស្ដី​អំពី​ការ​សម្រេច​ទំនាយ​អេសេគាល​នៅ​សម័យ​យើង បុរស​ដែល​មាន​ប្រដាប់​ប្រដា​សរសេរ​របស់​លេខាធិការ​តំណាង​ឲ្យ​លោក​យេស៊ូ​គ្រិស្ត ពេល​លោក​«​មក​ប្រកប​ដោយ​សិរី​រុង​រឿង​»​ក្នុង​នាម​ជា​ចៅ​ក្រម​នៃ​ប្រជា​ជាតិ​ទាំង​ឡាយ។ (​ម៉ាថ. ២៥:៣១​-​៣៣​) លោក​យេស៊ូ​នឹង​មក​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង គឺ​ក្រោយ​ការ​បំផ្លាញ​សាសនា​មិន​ពិត។ * នៅ​គ្រា​ដ៏​សំខាន់​នោះ បន្តិច​មុន​សង្គ្រាម​អាម៉ាគេដូន​ចាប់​ផ្ដើម លោក​យេស៊ូ​នឹង​វិនិច្ឆ័យ​មនុស្ស​ថា​ជា​ចៀម​ឬ​ពពែ។ ​«​មនុស្ស​មួយ​ក្រុម​ធំ​»​នឹង​ត្រូវ​វិនិច្ឆ័យ​ឬ​ទទួល​សញ្ញា​សម្គាល់​ថា​ជា​ចៀម នេះ​បញ្ជាក់​ថា​ពួក​គេ​នឹង​«​ទទួល . . . ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​បប. ៧:៩​-​១៤; ម៉ាថ. ២៥:៣៤​-​៤០, ៤៦​) ចុះ​យ៉ាង​ណា​ពួក​អ្នក​រើស​តាំង​ដែល​ស្មោះ​ត្រង់? ពួក​គេ​មិន​ចាំ​បាច់​ទទួល​សញ្ញា​សម្គាល់​ដើម្បី​រួច​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​ទទួល​ការ​បោះ​ត្រា​ចុង​ក្រោយ​មុន​ពួក​គេ​ស្លាប់ ឬ​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ផ្ទុះ​ឡើង។ បន្ទាប់​មក នៅ​ពេល​មួយ​មុន​សង្គ្រាម​អាម៉ាគេដូន​ចាប់​ផ្ដើម ពួក​គេ​នឹង​ត្រូវ​យក​ទៅ​ស្ថាន​សួគ៌។—បប. ៧:១​-​៣

១៩. តើ​អ្នក​ណា​នឹង​រួម​ចំណែក​ជា​មួយ​នឹង​លោក​យេស៊ូ​ក្នុង​ការ​កាត់​ទោស​របៀប​របប​ពិភព​លោក​នេះ? (​សូម​មើល​ប្រអប់​«​ការ​ដក​ដង្ហើម​ធំ ការ​ស្រែក​ថ្ងូរ ការ​គូស​សញ្ញា​សម្គាល់ និង​ការ​ប្រហារ តើ​កើត​ឡើង​នៅ​ពេល​ណា​និង​តាម​របៀប​ណា?​»​)

១៩ លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌​និង​បណ្ដា​កង​ទ័ព​របស់​លោក នឹង​កាត់​ទោស​របៀប​របប​ពិភព​លោក​នេះ។ ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ បុរស​៦​នាក់​ដែល​កាន់​អាវុធ​សម្រាប់​ប្រហារ​មិន​បាន​ចាប់​ផ្ដើម​បំផ្លាញ​ទេ ទាល់​តែ​បុរស​ដែល​ស្លៀក​សម្លៀក​បំពាក់​ពី​ក្រណាត់​សាច់​ល្អ បញ្ចប់​ការ​គូស​សញ្ញា​សម្គាល់​សិន។ (​អេគ. ៩:៤​-​៧​) ដូច​គ្នា​ដែរ ការ​បំផ្លាញ​នៅ​ថ្ងៃ​ខាង​មុខ​នឹង​ចាប់​ផ្ដើម​ក្រោយ​ពី​លោក​យេស៊ូ​វិនិច្ឆ័យ​ប្រជា​ជាតិ​ទាំង​អស់ និង​បង្ហើយ​ការ​គូស​សញ្ញា​សម្គាល់​លើ​ចៀម​ដែល​នឹង​រួច​រស់​ជីវិត។ បន្ទាប់​មក ក្នុង​អំឡុង​សង្គ្រាម​អាម៉ាគេដូន លោក​យេស៊ូ​នឹង​នាំ​មុខ​កង​ទ័ព​នៅ​ស្ថាន​សួគ៌​ដែល​រួម​បញ្ចូល​បណ្ដា​ទេវតា​បរិសុទ្ធ​និង​ពួក​១៤៤.០០០​នាក់ ដែល​ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​លោក មក​ច្បាំង​នឹង​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ ហើយ​បំផ្លាញ​ចោល​ទាំង​ស្រុង។ រួច​លោក​សង្គ្រោះ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​ឲ្យ​ចូល​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត។—បប. ១៦:១៤​-​១៦; ១៩:១១​-​២១

២០. ស្ដី​អំពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​បុរស​ដែល​មាន​ប្រដាប់​ដាក់​ទឹក​ខ្មៅ តើ​យើង​បាន​ទាញ​មេ​រៀន​អ្វី​ខ្លះ​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត?

២០ យើង​ពិត​ជា​មាន​អំណរ​គុណ​ខ្លាំង​ណាស់​ចំពោះ​មេ​រៀន​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ពី​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​អំពី​បុរស​ដែល​មាន​ប្រដាប់​ដាក់​ទឹក​ខ្មៅ។ យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បំផ្លាញ​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​ទុច្ចរិត​ទេ។ (​ចសព. ៩៧:១០​) យើង​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ឥឡូវ​នេះ ដើម្បី​ទទួល​សញ្ញា​សម្គាល់​សម្រាប់​រួច​រស់​ជីវិត​នៅ​ថ្ងៃ​ខាង​មុខ។ ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា យើង​តាំង​ចិត្ត​រួម​ចំណែក​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​ប្រកាស​ការ​ព្រមាន​ដល់​ពួក​អ្នក​ដែល​ដក​ដង្ហើម​ធំ​និង​ស្រែក​ថ្ងូរ​ចំពោះ​អំពើ​ទុច្ចរិត​ក្នុង​ពិភព​លោក​សាថាន។ ហេតុ​នេះ យើង​មាន​ឯកសិទ្ធិ​ជួយ​អស់​អ្នក​ដែល​មាន​«​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ ឲ្យ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​ជា​មួយ​នឹង​យើង។ ជា​លទ្ធផល ពួក​គេ​អាច​ទទួល​សញ្ញា​សម្គាល់​សម្រាប់​រួច​រស់​ជីវិត​នៅ​ថ្ងៃ​ខាង​មុខ ហើយ​ចូល​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ។—សកម្ម. ១៣:៤៨

^ វគ្គ 1 ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត អំពី​អ្វី​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​ក្នុង​វិហារ​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​ជំពូក​ទី​៥​នៃ​សៀវភៅ​នេះ។

^ វគ្គ 13 យោង​ទៅ​តាម​ឯកសារ​មួយ ពាក្យ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​កំហុស​ឆ្គង​»​អាច​សំដៅ​ទៅ​លើ​«​ការ​រឹង​ចចេស​»។ ឯកសារ​យោង​មួយ​ទៀត​រៀប​រាប់​ថា​៖ ​«​ពាក្យ​នេះ​ច្រើន​តែ​ប្រើ​ខាង​សាសនា ហើយ​បញ្ជាក់​អំពី​កំហុស​ឆ្គង​ខាង​សីលធម៌​ឬ​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ចំពោះ​ព្រះ​»។

^ វគ្គ 18 តាម​មើល​ទៅ​ការ​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា មិន​មែន​មាន​ន័យ​ថា​សមាជិក​ទាំង​អស់​នៃ​សាសនា​មិន​ពិត​នឹង​ត្រូវ​បំផ្លាញ​ទេ។ នៅ​ពេល​នោះ សូម្បី​តែ​បព្វជិត​ខ្លះ​ប្រហែល​បោះ​បង់​ចោល​សាសនា​របស់​ខ្លួន ហើយ​អះអាង​ថា​ពួក​គេ​មិន​ធ្លាប់​ជា​សមាជិក​សាសនា​នោះ​ទេ។—សាក. ១៣:៣​-​៦