សេចក្ដីសង្ខេបនៃការយល់ដឹងថ្មី
អស់ជាច្រើនឆ្នាំ ទស្សនាវដ្ដីប៉មយាមបានកែប្រែការយល់ដឹងរបស់យើងអំពីផ្នែកមួយចំនួននៃទំនាយអេសេគាល។ សៀវភៅការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ! មានការយល់ដឹងថ្មីមួយចំនួន។ ឥឡូវសូមមើលថាតើអ្នកអាចឆ្លើយសំណួរទាំងនេះឬយ៉ាងណា។
តើមុខទាំងបួនរបស់បុគ្គលវិញ្ញាណតំណាងអ្វី?
ការយល់ដឹងពីមុន: មុខទាំងបួនរបស់បុគ្គលវិញ្ញាណឬចេរូប៊ីនតំណាងឲ្យគុណសម្បត្តិដ៏សំខាន់បួនរបស់ព្រះយេហូវ៉ា។ គឺមុខមួយតំណាងឲ្យគុណសម្បត្តិមួយ។
ការយល់ដឹងថ្មី: ពិតមែនថាមុខទាំងបួនរបស់ចេរូប៊ីនតំណាងឲ្យគុណសម្បត្តិដ៏សំខាន់បួនរបស់ព្រះយេហូវ៉ា តែបើនិយាយជារួម មុខទាំងបួននោះតំណាងឲ្យគុណសម្បត្តិទាំងអស់ដែលព្រះយេហូវ៉ាមាន។ បន្ថែមទៅទៀត មុខទាំងបួននោះបញ្ជាក់ប្រាប់យើងនូវភាពអស្ចារ្យក្រៃលែងនៃឫទ្ធានុភាពនិងសិរីរុងរឿងរបស់ព្រះយេហូវ៉ា។
មូលហេតុដែលមានការយល់ដឹងថ្មី: ក្នុងបណ្ដាំព្រះ ជាញឹកញយលេខបួនបានត្រូវប្រើដើម្បីបញ្ជាក់អំពីភាពពេញលេញ ឬការរួមបញ្ចូលអ្វីៗទាំងអស់។ ដូច្នេះ ពេលមុខទាំងបួននោះរួមបញ្ចូលគ្នា គឺមិនគ្រាន់តែបញ្ជាក់អំពីគុណសម្បត្តិទាំងបួនរបស់ព្រះយេហូវ៉ាទេ តែជាមូលដ្ឋាននៃបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ បន្ថែមទៅទៀត មុខនីមួយៗជាមុខមនុស្ស មុខតោ មុខគោ និងមុខឥន្ទ្រី សុទ្ធតែជាស្នាដៃដែលព្រះបានបង្កើត ដែលតំណាងឲ្យភាពអស្ចារ្យ កម្លាំង និងថាមពល។ យ៉ាងណាក្ដី ការបង្កើតដ៏អស្ចារ្យទាំងបួនដែលតំណាងឲ្យមុខទាំងបួនរបស់ចេរូប៊ីនស្ថិតនៅក្រោមបល្ល័ង្ករបស់ព្រះយេហូវ៉ា។ នេះបញ្ជាក់ថាព្រះយេហូវ៉ាជាមហាក្សត្រដ៏ឧត្តមបំផុតនៅលើសកលលោកទាំងមូល។
តើបុរសដែលមានប្រដាប់ដាក់ទឹកខ្មៅរបស់លេខាធិការតំណាងឲ្យអ្នកណា?
ការយល់ដឹងពីមុន: បុរសដែលមានប្រដាប់ដាក់ទឹកខ្មៅតំណាងឲ្យពួកអ្នករើសតាំងដែលនៅសល់។ តាមរយៈកិច្ចការផ្សព្វផ្សាយនិងការបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត ពួកអ្នករើសតាំងកំពុងគូសសញ្ញាសម្គាល់ក្នុងន័យធៀបនៅលើថ្ងាសរបស់អស់អ្នកដែលរួមចំណែកក្នុង«មនុស្សមួយក្រុមធំ»។—បប. ៧:៩
ការយល់ដឹងថ្មី: បុរសដែលមានប្រដាប់ដាក់ទឹកខ្មៅរបស់លេខាធិការតំណាងឲ្យលោកយេស៊ូគ្រិស្ត។ លោកនឹងគូសសញ្ញាសម្គាល់លើថ្ងាសមនុស្សមួយក្រុមធំ ពេលដែលលោកវិនិច្ឆ័យពួកគេថាជាចៀមក្នុងអំឡុងគ្រា«ទុក្ខវេទនាជាខ្លាំង»។—ម៉ាថ. ២៤:២១
មូលហេតុដែលមានការយល់ដឹងថ្មី: ព្រះយេហូវ៉ាបានប្រគល់ភារកិច្ចជាអ្នកវិនិច្ឆ័យដល់បុត្ររបស់លោក។ (យ៉ូន. ៥:២២, ២៣) យោងទៅតាមម៉ាថាយ ២៥:៣១-៣៣ លោកយេស៊ូនឹងធ្វើការវិនិច្ឆ័យចុងក្រោយថាអ្នកណាជា«ចៀម»និងអ្នកណាជា«ពពែ»។
តើអូហូឡានិងអូហូលីបាដែលជាស្រីពេស្យាតំណាងឲ្យនិកាយកាតូលិកនិងនិកាយប្រូតេស្តង់ក្នុងពិភពគ្រិស្តសាសនាឬ?
ការយល់ដឹងពីមុន: អូហូឡា(សាម៉ារីជារាជធានីនៃអ៊ីស្រាអែល)ដែលជាបងស្រី តំណាងឲ្យនិកាយកាតូលិក។ អូហូលីបា(យេរូសាឡិមជារាជធានីនៃយូដា)ដែលជាប្អូនស្រី តំណាងឲ្យនិកាយប្រូតេស្តង់។
ការយល់ដឹងថ្មី: ស្រីពេស្យាពីរនាក់បងប្អូនមិនមែនតំណាងឲ្យផ្នែកណាមួយនៃពិភពគ្រិស្តសាសនាឡើយ។ ផ្ទុយទៅវិញ ស្រីពេស្យាទាំងពីរនោះបង្រៀនយើងអំពីអារម្មណ៍ដែលព្រះយេហូវ៉ាមាន ពេលដែលពួកអ្នកបម្រើស្មោះត្រង់របស់លោកក្បត់លោកទៅគោរពបូជាព្រះដទៃ។ លោកនៅតែមានអារម្មណ៍ដូចនោះចំពោះសាសនាមិនពិតទាំងអស់។
មូលហេតុដែលមានការយល់ដឹងថ្មី: គ្មានបទគម្ពីរដែលបញ្ជាក់ថាអូហូឡានិងអូហូលីបាតំណាងឲ្យពិភពគ្រិស្តសាសនាទេ។ ពេលមុន អ៊ីស្រាអែលនិងយូដាប្រៀបដូចជាប្រពន្ធដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា តែពិភពគ្រិស្តសាសនាមិនដែលមានចំណងមិត្តភាពដូចនោះជាមួយនឹងលោកឡើយ។ បន្ថែមទៅទៀត ក្នុងជំពូកទី១៦និង២៣នៃសៀវភៅអេសេគាលប្រៀបធៀបរាស្ត្រមិនស្មោះត្រង់របស់ព្រះទៅនឹងស្រីពេស្យា ហើយផ្ដល់សេចក្ដីសង្ឃឹមអំពីការរៀបចំឡើងវិញ។ ផ្ទុយទៅវិញ ពិភពគ្រិស្តសាសនាដែលជាផ្នែកនៃបាប៊ីឡូនដ៏ខ្លាំងក្លាគ្មានសេចក្ដីសង្ឃឹមដូចនោះទាល់តែសោះ។
តើពិភពគ្រិស្តសាសនាបានត្រូវតំណាងដោយយេរូសាឡិមដែលក្បត់ជំនឿនៅសម័យបុរាណឬ?
ការយល់ដឹងពីមុន: យេរូសាឡិមដែលមិនស្មោះត្រង់គឺតំណាងឲ្យពិភពគ្រិស្តសាសនា។ ហេតុនេះ ការបំផ្លាញក្រុងយេរូសាឡិមប្រាប់ទុកជាមុនអំពីការបំផ្លាញពិភពគ្រិស្តសាសនា។
ការយល់ដឹងថ្មី: ក្នុងក្រុងយេរូសាឡិមមិនស្មោះត្រង់មានស្ថានភាព ដូចជាការគោរពបូជារូបព្រះ និងការខូចអាក្រក់គ្រប់បែបយ៉ាង។ នេះរំលឹកយើងអំពីពិភពគ្រិស្តសាសនា។ ប៉ុន្តែ យើងលែងចាត់ទុកថាពិភពគ្រិស្តសាសនាតំណាងដោយយេរូសាឡិមទៀតហើយ។
មូលហេតុដែលមានការយល់ដឹងថ្មី: ពិភពគ្រិស្តសាសនាតំណាងដោយយេរូសាឡិមគឺគ្មានមូលដ្ឋានច្បាស់លាស់នៅក្នុងគម្ពីរទេ។ ផ្ទុយពីយេរូសាឡិមនៅសម័យបុរាណ ពិភពគ្រិស្តសាសនាមិនដែលមានការគោរពប្រណិប័តន៍ពិតឡើយ។ យេរូសាឡិមបានទទួលការអភ័យទោសពីព្រះយេហូវ៉ា តែពិភពគ្រិស្តសាសនាគ្មានសង្ឃឹមទទួលការអភ័យទោសពីលោកទាល់តែសោះ។
តើការបើកបង្ហាញអំពីជ្រលងដែលមានឆ្អឹងស្ងួតបានកើតឡើងយ៉ាងដូចម្ដេច?
ការយល់ដឹងពីមុន: នៅឆ្នាំ១៩១៨ ពួកអ្នករើសតាំងបានរងការបៀតបៀន ហើយបានត្រូវជាប់ជាឈ្លើយក្រោមបាប៊ីឡូនដ៏ខ្លាំងក្លា នេះបណ្ដាលឲ្យពួកគេមានស្ថានភាពដូចស្លាប់។ ការជាប់ជាឈ្លើយមួយរយៈពេលខ្លីនោះបានចប់នៅឆ្នាំ១៩១៩ ពេលដែលព្រះយេហូវ៉ាធ្វើឲ្យពួកគេមានជីវិតឡើងវិញក្នុងន័យធៀប ហើយបំពេញភារកិច្ចជាអ្នកប្រកាសអំពីរាជាណាចក្រលោក។
ការយល់ដឹងថ្មី: ការជាប់ជាឈ្លើយក្នុងន័យធៀបដែលមានស្ថានភាពដូចស្លាប់មានរយៈពេលយូរ ហើយចាប់ផ្ដើមយូរមុនឆ្នាំ១៩១៨ទៅទៀត។ រយៈពេលនោះបានចាប់ផ្ដើមនៅសតវត្សរ៍ទី២ គ.ស. ហើយចប់នៅឆ្នាំ១៩១៩ គ.ស.។ រយៈពេលនោះស្របនឹងរដូវលូតលាស់ដែលមានរយៈពេលយូរ ក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីស្រូវសាលីនិងស្រងែ។
មូលហេតុដែលមានការយល់ដឹងថ្មី: ប្រជាជាតិអ៊ីស្រាអែលនៅសម័យបុរាណបានជាប់ជាឈ្លើយអស់រយៈពេលយូរ គឺចាប់ពីឆ្នាំ៧៤០ មុនគ.ស. រហូតដល់ឆ្នាំ៥៣៧ មុនគ.ស.។ ទំនាយអេសេគាលរៀបរាប់ថាឆ្អឹងសាកសព«ស្ងួត»ឬ«ស្ងួតហែង» នេះបញ្ជាក់ថាអស់អ្នកដែលបានត្រូវតំណាងដោយឆ្អឹងសាកសពបានស្លាប់ក្នុងន័យធៀបអស់រយៈពេលយ៉ាងយូរ។ បន្ថែមទៅទៀត ទំនាយអេសេគាលរៀបរាប់ថាឆ្អឹងសាកសពមានជីវិតឡើងវិញបន្តិចម្ដងៗ។ ហេតុនេះហើយត្រូវការរយៈពេលយូរ។
តើការភ្ជាប់ឈើពីរឲ្យទៅជាឈើតែមួយមានន័យយ៉ាងណា?
ការយល់ដឹងពីមុន: ក្នុងអំឡុងសង្គ្រាមលោកលើកទី១ ពួកអ្នករើសតាំងស្មោះត្រង់ដែលនៅសល់បានបាត់បង់សាមគ្គីភាពមួយរយៈពេលខ្លី តែក្រោយមកពួកគេមានសាមគ្គីភាពឡើងវិញនៅឆ្នាំ១៩១៩។
ការយល់ដឹងថ្មី: ទំនាយអេសេគាលបញ្ជាក់ថា ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកគោរពប្រណិប័តន៍លោករួមគ្នាតែមួយ។ ក្រោយឆ្នាំ១៩១៩ ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីមានចំនួនកាន់តែច្រើនឡើង ហើយបានចូលរួមជាមួយអ្នករើសតាំងដែលនៅសល់។ ក្រុមទាំងពីរកំពុងគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នាជាក្រុមតែមួយដោយមានសាមគ្គីភាព។
មូលហេតុដែលមានការយល់ដឹងថ្មី: ទំនាយអេសេគាលមិនបានរៀបរាប់ថាឈើមួយបានត្រូវពុះជាពីរ ហើយក្រោយមកបានត្រូវភ្ជាប់ជាឈើតែមួយនោះទេ។ ហេតុនេះ ទំនាយអេសេគាលមិនបានរៀបរាប់អំពីក្រុមមួយដែលបានត្រូវបែកខ្ញែក ហើយក្រោយមកបានត្រូវបង្រួបបង្រួមជាក្រុមតែមួយវិញឡើយ។ ផ្ទុយទៅវិញ ទំនាយនេះរៀបរាប់អំពីរបៀបដែលក្រុមពីរផ្សេងគ្នានឹងក្លាយទៅជាក្រុមតែមួយ។
តើកូកនៃស្រុកម៉ាកូកជាអ្នកណា?
ការយល់ដឹងពីមុន: កូកនៃស្រុកម៉ាកូកគឺជាឈ្មោះរបស់សាថានក្រោយពីវាបានត្រូវទម្លាក់ពីស្ថានសួគ៌។
ការយល់ដឹងថ្មី: កូកនៃស្រុកម៉ាកូកសំដៅទៅលើប្រជាជាតិនានាដែលចងសម្ព័ន្ធនឹងគ្នា ហើយវាយប្រហារអ្នកគោរពប្រណិប័តន៍ពិតក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។
មូលហេតុដែលមានការយល់ដឹងថ្មី: ទំនាយក្នុងគម្ពីររៀបរាប់ថាសាកសពកូកនឹងទៅជាចំណីដល់សត្វស្លាបនៅលើមេឃ ហើយកូកទទួលទីបញ្ចុះសពនៅផែនដី។ នេះបញ្ជាក់ថាកូកមិនមែនជាបុគ្គលវិញ្ញាណទេ។ បន្ថែមទៅទៀត ការវាយប្រហារពីកូកស្របគ្នានឹងអ្វីដែលបានត្រូវចែងទុកក្នុងសៀវភៅដានីយ៉ែលនិងសៀវភៅការបើកបង្ហាញ អំពីការវាយប្រហារពីប្រជាជាតិនានាទៅលើរាស្ត្ររបស់ព្រះ។—ដាន. ១១:៤០, ៤៤, ៤៥; បប. ១៧:១៤; ១៩:១៩
តើអេសេគាលបានឃើញវិហារដ៏រុងរឿងរបស់ព្រះដែលសាវ័កប៉ូលបានពន្យល់ក្រោយមកឬទេ?
ការយល់ដឹងពីមុន: វិហារដែលអេសេគាលបានឃើញក្នុងគំនិត គឺដូចគ្នានឹងវិហារដ៏រុងរឿងរបស់ព្រះដែលសាវ័កប៉ូលបានពន្យល់។
ការយល់ដឹងថ្មី: អេសេគាលមិនបានឃើញវិហារដ៏រុងរឿងរបស់ព្រះដែលមានឡើងនៅឆ្នាំ២៩ គ.ស.ទេ។ ប៉ុន្តែ គាត់បានឃើញអំពីរបៀបដែលការគោរពប្រណិប័តន៍ពិតដែលចែងទុកក្នុងច្បាប់ម៉ូសេ នឹងត្រូវស្ថាបនាឡើងវិញក្រោយពីរាស្ត្ររបស់ព្រះបានត្រូវនិរទេស។ ប៉ូលបានត្រូវដឹកនាំឲ្យពន្យល់អំពីវិហារដ៏រុងរឿងរបស់ព្រះ ហើយគាត់ផ្ដោតទៅលើកិច្ចការដែលលោកយេស៊ូជាសម្ដេចសង្ឃដ៏ឧត្តម បានសម្រេចចាប់ពីឆ្នាំ២៩ដល់ឆ្នាំ៣៣ គ.ស.។ រីឯវិហារដែលអេសេគាលបានឃើញក្នុងគំនិត មិនបានរៀបរាប់អំពីសម្ដេចសង្ឃទេ តែផ្ដោតទៅលើការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញចាប់ពីឆ្នាំ១៩១៩ គ.ស.។ ហេតុនេះ យើងមិនចាត់ទុកថាខ្នាតប្រវែងនិងផ្នែកផ្សេងៗនៃវិហារដែលអេសេគាលបានឃើញក្នុងគំនិត តំណាងឲ្យអ្វីណាមួយនោះទេ។ ផ្ទុយទៅវិញ យើងគួរផ្ដោតអារម្មណ៍ទៅលើមេរៀនដែលការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត បង្រៀនយើងអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិត។
មូលហេតុដែលមានការយល់ដឹងថ្មី: វិហារដែលអេសេគាលបានឃើញក្នុងគំនិតខុសគ្នាពីវិហារដ៏រុងរឿងរបស់ព្រះ។ ជាឧទាហរណ៍ វិហារដែលអេសេគាលបានឃើញក្នុងគំនិត មានការជូនសត្វជាគ្រឿងបូជាច្រើនដង តែវិហារដ៏រុងរឿងរបស់ព្រះមានការជូនគ្រឿងបូជា«មួយដងជាការស្រេច»។ (ហេ. ៩:១១, ១២) ក្នុងអំឡុងរាប់រយឆ្នាំមុនគ្រិស្តលេចមក គឺមិនមែនជាពេលដែលព្រះយេហូវ៉ាបើកបង្ហាញសេចក្ដីពិតដ៏ជ្រាលជ្រៅអំពីវិហារដ៏រុងរឿងរបស់លោកទេ។