លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ១​ក

តើការគោរពប្រណិប័តន៍ជាអ្វី?

តើការគោរពប្រណិប័តន៍ជាអ្វី?

អត្ថន័យ​នៃ​ការ​គោរព​ប្រណិប័តន៍​អាច​មាន​ន័យ​ថា​«​ការ​បង្ហាញ​ការ​គោរព​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​»។ ក្នុង​គម្ពីរ ពាក្យ​ភាសា​ដើម​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ការ​គោរព​ប្រណិប័តន៍​»​ អាច​មាន​ន័យ​ថា​បុគ្គល​ម្នាក់​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ ឬ​បង្ហាញ​ការ​ចុះ​ចូល​នឹង​ការ​បង្កើត។ (​ម៉ាថ. ២៨:៩​) ពាក្យ​ទាំង​នោះ​ក៏​អាច​ត្រូវ​រៀប​រាប់​អំពី​សកម្មភាព​ណា​មួយ​ជូន​ព្រះ​ក្នុង​ទំនៀម​ទម្លាប់​សាសនា។ (​យ៉ូន. ៤:២៣, ២៤​) ហេតុ​នេះ បរិបទ​នឹង​បញ្ជាក់​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំង​នោះ។

មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដែល​សម​នឹង​ទទួល​ភក្ដី​ភាព​ផ្ដាច់​មុខ​ពីយើង ព្រោះ​លោក​ជា​អ្នក​បង្កើត​និង​ជា​មហា​ក្សត្រ​សកល​លោក​ទាំង​មូល។ (​បប. ៤:១០, ១១​) យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ដោយ​បង្ហាញ​ការ​គោរព​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក ហើយ​លើក​កិត្តិយស​នាម​លោក។ (​ចសព. ៨៦:៩; ម៉ាថ. ៦:៩, ១០​) គោល​រឿង​សំខាន់​ពីរ​ក្នុង​សៀវភៅ​អេសេគាល គឺ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​និង​នាម​របស់​លោក។ ឃ្លា​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​»​មាន​២១៧​ដង​ក្នុង​សៀវភៅ​អេសេគាល​ប៉ុណ្ណោះ ហើយ​ឃ្លា​«​អ្នក​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»​មាន​៥៥​ដង។—អេ​គ. ២:៤; ៦:៧

ការ​គោរព​ប្រណិប័តន៍​របស់​យើង មិន​គ្រាន់​តែ​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​អស់​ពី​ចិត្ត ដែល​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ផង​ដែរ។ (​យ៉ា. ២:២៦​) ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា យើង​ស្បថ​ថា​យើង​នឹង​ស្ដាប់​បង្គាប់​លោក​ជា​មហា​ក្សត្រ​របស់​យើង​គ្រប់​កាលៈទេសៈ​ក្នុង​ជីវិត ហើយ​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​នាម​របស់​លោក។ តើ​អ្នក​ចាំ​ទេ? ពេល​លោក​យេស៊ូ​តប​ឆ្លើយ​ទៅ​នឹង​ការ​ល្បួង​ទី​៣ លោក​បាន​បញ្ជាក់​អំពី​ទំនាក់​ទំនង​រវាង​ការ​គោរព​ប្រណិប័តន៍​ទៅ​នឹង​«​កិច្ច​បម្រើ​ពិសិដ្ឋ​»។ (​ម៉ាថ. ៤:១០​) ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា យើង​ពេញ​ចិត្ត​បម្រើ​លោក​ដោយ​ចិត្ត​ខ្នះ​ខ្នែង។ * (​បច. ១០:១២​) យើង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​របស់​យើង ពេល​យើង​ចូល​រួម​ក្នុង​សកម្មភាព​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​យើង និង​ដែល​តម្រូវ​ឲ្យ​យើង​លះ​បង់​ប្រយោជន៍​ខ្លួន។ តើ​សកម្មភាព​ទាំង​នោះ​មាន​អ្វី​ខ្លះ?

កិច្ច​បម្រើ​ពិសិដ្ឋ​មាន​ជា​ច្រើន​ផ្នែក ហើយ​ផ្នែក​ទាំង​អស់​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត ពេល​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ​យ៉ាង​សកម្ម ពេល​សាង​សង់​និង​ថែ​ទាំ​សាល​ប្រជុំ។ បន្ថែម​ទៅ​ទៀត យើង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ ពេល​យើង​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ដែល​ខ្វះ​ខាត ស្ម័គ្រ​ចិត្ត​ជួយ​នៅ​មហា​សន្និបាត ឬ​បម្រើ​នៅ​បេតអែល។ (​ហេ. ១៣:១៦; យ៉ា. ១:២៧​) ពេល​យើង​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ពិត​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ចិត្ត​និង​គំនិត​យើង នោះ​យើង​នឹង​បំពេញ​«​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​លោក​ទាំង​យប់​ទាំង​ថ្ងៃ​»។ យើង​រីករាយ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង!—បប. ៧:១៥

^ វគ្គ 5 ពាក្យ​ភាសា​ហេប្រឺ​មួយ​ដែល​ទាក់​ទង​នឹង​ពាក្យ​គោរព​ប្រណិប័តន៍ ក៏​មាន​ន័យ​ថា​«​បម្រើ​»​ដែរ។ ដូច្នេះ ការ​គោរព​ប្រណិប័តន៍​ក៏​រួម​បញ្ចូល​កិច្ច​បម្រើ​ដែរ។—ដច. ៣:១២