លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ១​ខ

សេចក្ដី​សង្ខេប​នៃ​សៀវភៅ​អេសេគាល

សេចក្ដី​សង្ខេប​នៃ​សៀវភៅ​អេសេគាល

ជា​ទូទៅ សៀវភៅ​អេសេគាល​អាច​ត្រូវ​បែង​ចែក​ដូច​ត​ទៅ​៖

ជំពូក​១​ដល់​៣

នៅ​ឆ្នាំ​៦១៣ មុន​គ.ស. កាល​ដែល​អេសេគាល​រស់​នៅ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ជនជាតិ​យូដា​ដែល​ជាប់​ជា​ឈ្លើយ ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត ហើយ​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​ដល់​ជនជាតិ​យូដា​ដែល​រស់​នៅ​ក្បែរ​ទន្លេ​កេបា។

ជំពូក​៤​ដល់​២៤

រវាង​ឆ្នាំ​៦១៣​និង​៦០៩ មុន​គ.ស. អេសេគាល​ប្រកាស​ដំណឹង​ពី​ព្រះ​ដល់​ជនជាតិ​យូដា ហើយ​ព័ត៌មាន​ចម្បង​ក្នុង​ដំណឹង​នោះ គឺ​ការ​វិនិច្ឆ័យ​ទោស​ក្រុង​យេរូសាឡិម ព្រម​ទាំង​ការ​វិនិច្ឆ័យ​ទោស​អ្នក​ក្រុង​នោះ​ដែល​បះ​បោរ​ប្រឆាំង​និង​គោរព​បូជា​រូប​ព្រះ។

ជំពូក​២៥​ដល់​៣២

នៅ​ដើម​ឆ្នាំ​៦០៩ មុន​គ.ស. ជា​ឆ្នាំ​ចុង​ក្រោយ​ដែល​ពួក​បាប៊ីឡូន​មក​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម។ ពេល​នោះ អេសេគាល​លែង​ប្រកាស​ដំណឹង​វិនិច្ឆ័យ​ទៅ​លើ​ក្រុង​យេរូសាឡិម​ទៀត តែ​ប្រកាស​ទៅ​លើ​ប្រជាជាតិ​នានា​ដែល​ជា​សត្រូវ​នៅ​ជុំ​វិញ គឺ​អាំម៉ូន អេដំ អេហ្ស៊ីប ម៉ូអាប់ ភីលីស្ទីន ស៊ីដូន និង​ទីរ៉ុស។

ជំពូក​៣៣​ដល់​៤៨

នៅ​ដើម​ឆ្នាំ​៦០៦ មុន​គ.ស. កាល​ដែល​ក្រុង​យេរូសាឡិម​និង​វិហារ​បាក់​បែក​ខ្ទេច​ខ្ទី​នៅ​ឡើយ អេសេគាល​ដែល​រស់​នៅ​រាប់​រយ​គីឡូ​ម៉ែត្រ​ឆ្ងាយ​ពី​ទី​នោះ បាន​ប្រកាស​ដំណឹង​ដ៏​គួរ​ឲ្យ​រំភើប​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម ពោល​គឺ​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​ឡើង​វិញ។

សៀវភៅ​អេសេគាល​បាន​ត្រូវ​រៀបចំ​តាម​លំដាប់​ពេល​និង​តាម​ប្រធានបទ។ ទំនាយ​អំពី​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​និង​វិហារ​បាន​ត្រូវ​កត់​ទុក​មុន​ទំនាយ​ជា​ច្រើន​អំពី​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ នេះ​សម​ហេតុ​សម​ផល ព្រោះ​ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ​បង្ហើប​ឲ្យ​ដឹង​ថា​ការ​គោរព​ប្រណិប័តន៍​នៅ​ឯ​វិហារ​នឹង​លែង​មាន​ទៀត។

បន្ថែម​ទៅ​ទៀត ទំនាយ​អេសេគាល​ទាស់​នឹង​ប្រជាជាតិ​ដែល​ជា​សត្រូវ​នៅ​ជុំ​វិញ​(​ជំពូក​២៥​ដល់​៣២​) បាន​ត្រូវ​កត់​ទុក​នៅ​ចន្លោះ​ដំណឹង​វិនិច្ឆ័យ​ទៅ​លើ​ក្រុង​យេរូសាឡិម និង​ទំនាយ​អំពី​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ ស្ដី​អំពី​ដំណឹង​វិនិច្ឆ័យ​ទៅ​លើ​ប្រជាជាតិ​នានា បណ្ឌិត​ម្នាក់​បាន​យល់​ថា​៖ ​«​ការ​កត់​ទុក​ដំណឹង​វិនិច្ឆ័យ​ទាំង​នោះ នៅ​ចន្លោះ​ដំណឹង​វិនិច្ឆ័យ​ទៅ​លើ​រាស្ដ្រ​របស់​ព្រះ និង​ទំនាយ​អំពី​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ទៅ​លើ​ពួក​គេ គឺ​ត្រឹម​ត្រូវ​ណាស់ ព្រោះ​ការ​វិនិច្ឆ័យ​ទោស​សត្រូវ​របស់​រាស្ត្រ​ព្រះ ក៏​ជា​ផ្នែក​នៃ​ការ​សង្គ្រោះ​រាស្ត្រ​លោក​ដែរ​»។

ត្រឡប់​ទៅ​ជំពូក​ទី​១ វគ្គ​១៨