លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មហា​សន្និបាត​ដ៏​សំខាន់​នៅ​ឆ្នាំ​១៩១៩​បាន​ផ្ដល់​ភ័ស្ដុតាង​ជាក់​ច្បាស់​ថា រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​រំដោះ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា

ប្រអប់ការពន្យល់បន្ថែម ៩​ខ

ហេតុអ្វីនៅឆ្នាំ១៩១៩?

ហេតុអ្វីនៅឆ្នាំ១៩១៩?

ហេតុ​អ្វី​យើង​និយាយ​ថា​រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​ដោះ​លែង​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នៅ​ឆ្នាំ​១៩១៩? ព្រោះ​ទំនាយ​ពី​គម្ពីរ​និង​ប្រវត្តិសាស្ត្រ​ជួយ​យើង​ឲ្យ​សន្និដ្ឋាន​ដូច្នេះ។

ទំនាយ​ពី​គម្ពីរ​និង​ប្រវត្តិសាស្ត្រ​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌​ក្នុង​ឆ្នាំ​១៩១៤។ នោះ​ជា​ទី​ចាប់​ផ្ដើម​នៃ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​របស់​សាថាន។ តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ពេល​លោក​ក្លាយ​ជា​ស្ដេច? តើ​លោក​បាន​រំដោះ​អ្នក​បម្រើ​លោក​នៅ​ផែនដី​ភ្លាម​ៗ​ឲ្យ​រួច​ពី​ការ​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ឬ? តើ​លោក​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​នៅ​ឆ្នាំ​១៩១៤​ឬ? ហើយ​តើ​លោក​បាន​ចាប់​ផ្ដើម​កិច្ច​ការ​ប្រមូល​ផល​នៅ​ពេល​នោះ​ឬ?—ម៉ាថ. ២៤:៤៥

តាម​មើល​ទៅ​មិន​មែន​ទេ។ សូម​ចាំ​ថា​សាវ័ក​ពេត្រុស​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​កត់​ទុក​ថា​«​ការ​វិនិច្ឆ័យ​ចាប់​ផ្ដើម​ពី​រាស្ត្រ​របស់​ព្រះ​»។ (​១​ពេ. ៤:១៧​) ស្រដៀង​គ្នា​ដែរ ម៉ាឡាគី​បាន​ប្រកាស​ទុក​ជា​មុន អំពី​គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​មក​កន្លែង​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​នឹង​បុត្រ​របស់​លោក ដែល​ជា​«​ទូត​នៃ​កិច្ច​ព្រម​ព្រៀង​»។ (​ម៉ាឡ. ៣:១​-​៥​) គ្រា​នោះ​ជា​គ្រា​សម្រិត​សម្រាំង​និង​ល្បង​ល​រាស្ត្រ​ព្រះ។ តើ​ប្រវត្តិសាស្ត្រ​ស្រប​នឹង​អ្វី​ដែល​ទំនាយ​ទាំង​នោះ​បាន​រៀប​រាប់​ឬ​ទេ?

ពិត​ជា​ស្រប​មែន! ពី​ឆ្នាំ​១៩១៤​ដល់​ដើម​ឆ្នាំ​១៩១៩ ជា​គ្រា​ដ៏​ពិបាក​នៃ​ការ​សាក​ល្បង​និង​ការ​សម្រិត​សម្រាំង​ចំពោះ​និស្សិត​គម្ពីរ​(​នៅ​ពេល​នោះ​សាក្សី​ព្រះ​យេហូវ៉ា​ត្រូវ​គេ​ស្គាល់​ថា​ជា​និស្សិត​គម្ពីរ​)។ នៅ​ឆ្នាំ​១៩១៤ រាស្ត្រ​ជា​ច្រើន​របស់​ព្រះ​បាន​ខក​ចិត្ត ពេល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មិន​បាន​មក​ដល់​ដូច​ពួក​គេ​សង្ឃឹម។ នៅ​ឆ្នាំ​១៩១៦ ពួក​គេ​ខក​ចិត្ត​កាន់​តែ​ខ្លាំង​ពេល​បង​ឆាល រ៉ាសិល​បាន​ស្លាប់ ព្រោះ​គាត់​ជា​អ្នក​នាំ​មុខ​រាស្ត្រ​ព្រះ​យ៉ាង​សកម្ម។ អ្នក​ខ្លះ​បាន​គោរព​ស្រឡាញ់​បង​រ៉ាសិល​ខ្លាំង​ពេក រហូត​ដល់​ពួក​គេ​ប្រឆាំង​បង​ចូសេហ្វ រ៉ូធើហ្វឺត ដែល​ជា​អ្នក​នាំ​មុខ​បន្ទាប់​ពី​បង​រ៉ាសិល។ នៅ​ឆ្នាំ​១៩១៧ រាស្ត្រ​ព្រះ​បែក​ជា​ក្រុម​ផ្សេង​គ្នា ហើយ​ហៀប​នឹង​ធ្វើ​ឲ្យ​អង្គការ​របស់​ព្រះ​បាក់​បែក។ បន្ទាប់​មក នៅ​ឆ្នាំ​១៩១៨ តាម​មើល​ទៅ​ដោយ​សារ​មាន​ការ​ញុះញង់​ពី​ពួក​បព្វជិត បង​រ៉ូធើហ្វឺត​និង​បង​ប្រុស​៧​នាក់​ទៀត​បាន​ត្រូវ​គេ​កាត់​ទោស​ដោយ​អយុត្តិធម៌​ហើយ​ចាប់​ដាក់​គុក។ មន្ទីរ​ចាត់​ការ​នៅ​ប៊្រុគ្លីន​បាន​ត្រូវ​បិទ​ទ្វារ។ ដូច្នេះ យើង​ឃើញ​ច្បាស់​ថា​រាស្ត្រ​របស់​ព្រះ​មិន​ទាន់​បាន​ត្រូវ​រំដោះ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ទេ!

ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង​នៅ​ឆ្នាំ​១៩១៩? ពេល​នោះ ស្ថានភាព​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ភ្លាម​មួយ​រំពេច! នៅ​ដើម​ឆ្នាំ​នោះ បង​រ៉ូធើហ្វឺត​និង​បង​ប្រុស​៧​នាក់​នោះ​បាន​ត្រូវ​ដោះ​លែង​ពី​គុក ហើយ​ពួក​គាត់​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​របស់​ខ្លួន​ភ្លាម! ក្នុង​រយៈ​ពេល​ដ៏​ខ្លី ពួក​គាត់​បាន​រៀបចំ​មហា​សន្និបាត​ដ៏​ធំ ហើយ​បាន​ចេញ​សៀវភៅ​ថ្មី​មួយ​ឈ្មោះ​ថា​សម័យ​រុង​រឿង​(​សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ទស្សនាវដ្ដី​ភ្ញាក់​រឭក!​)។ ទស្សនាវដ្ដី​ថ្មី​នេះ​បាន​ត្រូវ​រៀបចំ​សម្រាប់​សកម្មភាព​ពិសេស​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ។ បន្ថែម​ទៅ​ទៀត ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ​មាន​អ្នក​ត្រួត​ពិនិត្យ​ម្នាក់ បាន​ត្រូវ​តែង​តាំង​ដើម្បី​ឲ្យ​រៀបចំ​និង​នាំ​មុខ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ នៅ​ឆ្នាំ​ដដែល​នោះ ឯកសារ​ប៊ូឡើទិន​(​សព្វ​ថ្ងៃ​នេះ​ហៅ​ថា​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក កំណត់​សម្រាប់​កិច្ច​ប្រជុំ​) បាន​ត្រូវ​បោះ​ពុម្ព​ដើម្បី​ជួយ​ក្នុង​ការ​រៀបចំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ។

តើ​អ្វី​បាន​កើត​ឡើង? ពិត​ណាស់ គ្រិស្ត​បាន​រំដោះ​រាស្ត្រ​របស់​លោក​ពី​ការ​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ លោក​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់ ហើយ​ចេះ​ពិចារណា។ កិច្ច​ការ​ប្រមូល​ផល​បាន​ចាប់​ផ្ដើម។ តាំង​ពី​ឆ្នាំ​១៩១៩​មក កិច្ច​ការ​នោះ​បាន​ជឿន​ទៅ​មុខ​ក្នុង​កម្រិត​ដ៏​អស្ចារ្យ។