លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ១៥​ក

ស្ដ្រីពេស្យាពីរនាក់បងប្អូន

ស្ដ្រីពេស្យាពីរនាក់បងប្អូន

ក្នុង​អេសេគាល​ជំពូក​ទី​២៣ យើង​ឃើញ​ការ​វិនិច្ឆ័យ​ចំ​ៗ​ទៅ​លើ​រាស្ត្រ​ព្រះ​ចំពោះ​ភាព​មិន​ស្មោះ​ត្រង់​របស់​ពួក​គេ។ ចំណុច​ជា​ច្រើន​ក្នុង​ជំពូក​នេះ ស្រដៀង​នឹង​ជំពូក​ទី​១៦។ ដូច​ព័ត៌មាន​ក្នុង​ជំពូក​ទី​១៦​ដែរ ជំពូក​ទី​២៣​ប្រើ​ឧទាហរណ៍​អំពី​អំពើ​ពេស្យាចារ។ យេរូសាឡិម​បាន​ត្រូវ​រៀប​រាប់​ថា​ជា​ប្អូន​ស្រី ហើយ​សាម៉ារី​ជា​បង​ស្រី។ ជំពូក​ទាំង​ពីរ​នេះ​បង្ហាញ​អំពី​របៀប​ដែល​ប្អូន​ស្រី​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​តាម​គន្លង​របស់​បង​ស្រី​ខ្លួន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ប្រព្រឹត្ត​អាក្រក់​ជាង​បង​ស្រី​នាង​ទៅ​ទៀត។ នៅ​ជំពូក​ទី​២៣ ព្រះ​យេហូវ៉ា​ដាក់​ឈ្មោះ​ឲ្យ​បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់​នោះ​ថា​អូហូឡា​និង​អូហូលីបា។ អូហូឡា​ជា​បង​ស្រី គឺ​សាម៉ារី​ជា​រាជធានី​របស់​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​១០ និង​អូហូលីបា​ជា​ប្អូន​ស្រី គឺ​យេរូសាឡិម​ជា​រាជធានី​នៃ​ស្រុក​យូដា។​ *​—អេគ. ២៣:១​-​៤

ជំពូក​ទាំង​ពីរ​នោះ​មាន​ចំណុច​ស្រដៀង​គ្នា​ថែម​ទៀត។ តាម​មើល​ទៅ​ចំណុច​ដែល​ស្រដៀង​គ្នា​បំផុត គឺ​ស្ត្រី​ពេស្យា​ទាំង​ពីរ​នោះ​ធ្លាប់​ធ្វើ​ជា​ប្រពន្ធ​របស់​ព្រះ​យេហូវ៉ា តែ​ក្រោយ​មក​ក្បត់​លោក។ បន្ថែម​ទៅ​ទៀត ក៏​មាន​សេចក្ដី​សន្យា​អំពី​សេចក្ដី​សង្ឃឹម​ដែរ។ ជំពូក​ទី​២៣ មិន​ចែង​ចំ​ៗ​អំពី​សេចក្ដី​សង្ឃឹម​នៃ​ការ​លោះ​ទេ តែ​មាន​ចំណុច​ដូច​គ្នា​នៅ​ក្នុង​ជំពូក​ទី​១៦ ពេល​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ឯ​អំពើ​អាស​អាភាស​និង​អំពើ​ពេស្យាចារ​ដែល​នាង​ផ្ដើម​ធ្វើ . . . ខ្ញុំ​នឹង​បំបាត់​ចោល​ឲ្យ​អស់​»។—អេគ. ១៦:១៦, ២០, ២១, ៣៧, ៣៨, ៤១, ៤២; ២៣:៤, ១១, ២២, ២៣, ២៧, ៣៧

តើ​ពួក​គេ​តំណាង​ឲ្យ​ពិភព​គ្រិស្ត​សាសនា​ឬ?

ពេល​មុន​សៀវភៅ​របស់​យើង​ធ្លាប់​ចែង​ថា​អូហូឡា​និង​អូហូលីបា​តំណាង​ឲ្យ​ពិភព​គ្រិស្ត​សាសនា ជា​ពិសេស​និកាយ​ពីរ គឺ​កាតូលិក​និង​ប្រូតេស្តង់។ ប៉ុន្តែ ក្រោយ​ពី​បាន​អធិដ្ឋាន ពិចារណា និង​ស្រាវ​ជ្រាវ​ថែម​ទៀត នាំ​ឲ្យ​យើង​មាន​សំណួរ​មួយ​ចំនួន។ តើ​ពិភព​គ្រិស្ត​សាសនា​ធ្លាប់​ធ្វើ​ជា​ប្រពន្ធ​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​នាង​ធ្លាប់​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​លោក​ឬ​ទេ? គឺ​មិន​ដែល​ទាល់​តែ​សោះ។ ពេល​លោក​យេស៊ូ​សម្រុះ​សម្រួល​«​កិច្ច​ព្រម​ព្រៀង​ថ្មី​»​ជា​មួយ​អ៊ីស្រាអែល​នៃ​ព្រះ មិន​ទាន់​មាន​ពិភព​គ្រិស្ត​សាសនា​ទេ ហើយ​ពិភព​គ្រិស្ត​សាសនា​ក៏​គ្មាន​ចំណែក​ក្នុង​ប្រជា​ជាតិ​ដែល​មាន​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែរ។ (​យេ. ៣១:៣១; លូក. ២២:២០​) អស់​រយៈ​ជា​យូរ​ក្រោយ​ពី​ពួក​សាវ័ក​ស្លាប់ ទើប​មាន​ពិភព​គ្រិស្ត​សាសនា​លេច​ឡើង។ នៅ​សតវត្សរ៍​ទី​៤ គ.ស. នាង​បាន​ចាប់​ផ្ដើម​ទៅ​ជា​អង្គការ​មួយ ដែល​ក្បត់​ជំនឿ​និង​ខូច​អាក្រក់ ហើយ​មាន​«​ស្រងែ​»​ដែល​ជា​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ ដូច​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់​ក្នុង​ឧទាហរណ៍​អំពី​ស្រូវ​សាលី​និង​ស្រងែ។—ម៉ាថ. ១៣:២៤​-​៣០

ចំណុច​មួយ​ទៀត​ដែល​ខុស​គ្នា គឺ​ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​សង្ឃឹម​អំពី​ការ​លោះ​ដល់​យេរូសាឡិម​និង​សាម៉ារី​ដែល​មិន​ស្មោះ​ត្រង់។ (​អេគ. ១៦:៤១, ៤២, ៥៣​-​៥៥​) តើ​លោក​ផ្ដល់​សេចក្ដី​សង្ឃឹម​ដូច​គ្នា​ដល់​ពិភព​គ្រិស្ត​សាសនា​ដែរ​ឬ? អត់​ទេ! ដូច​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ពិភព​គ្រិស្ត​សាសនា​គ្មាន​សេចក្ដី​សង្ឃឹម​ទាល់​តែ​សោះ។

ដូច្នេះ អូហូឡា​និង​អូហូលីបា​មិន​មែន​តំណាង​ឲ្យ​ពិភព​គ្រិស្ត​សាសនា​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ស្ត្រី​ពេស្យា​ទាំង​ពីរ​ជួយ​ឲ្យ​យើង​យល់​អំពី​អ្វី​ដែល​សំខាន់​ជាង គឺ​យល់​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​នាម​បរិសុទ្ធ​របស់​លោក​អាប់​ឱន និង​បំពាន​ខ្នាត​តម្រា​របស់​លោក​ស្ដី​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត។ ស្ដី​អំពី​រឿង​នេះ ពិភព​គ្រិស្ត​សាសនា​មាន​ទោស​ធ្ងន់​ធ្ងរ​ជាង​គេ ពីព្រោះ​វិហារ​ទាំង​ឡាយ​នៅ​ក្នុង​ពិភព​គ្រិស្ត​សាសនា​អះអាង​ថា​ជា​តំណាង​ព្រះ​នៃ​គម្ពីរ។ បន្ថែម​ទៅ​ទៀត ពួក​គេ​អះអាង​ថា​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា គឺ​ជា​អ្នក​ដឹក​នាំ​ពួក​គេ។ ប៉ុន្តែ ពួក​គេ​មិន​ធ្វើ​ស្រប​តាម​ការ​អះអាង​របស់​ខ្លួន​ទេ ព្រោះ​ពួក​គេ​ចាត់​ទុក​លោក​យេស៊ូ ជា​ផ្នែក​មួយ​នៃ​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ ហើយ​ពួក​គេ​មិន​ធ្វើ​តាម​បង្គាប់​ចំ​ៗ​របស់​លោក​យេស៊ូ​ដែល​ថា​«​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​»​ទេ។ (​យ៉ូន. ១៥:១៩​) ដោយ​បន្ត​គោរព​បូជា​រូប​ព្រះ​និង​រួម​ចំណែក​ក្នុង​រឿង​នយោបាយ ពិភព​គ្រិស្ត​សាសនា​បង្ហាញ​យ៉ាង​ច្បាស់​ថា​នាង​ជា​ផ្នែក​ដ៏​សំខាន់​នៃ​«​មេ​ស្ត្រី​ពេស្យា​»។ (​បប. ១៧:១​) ហេតុ​នេះ​ហើយ នាង​ប្រាកដ​ជា​នឹង​ត្រូវ​បំផ្លាញ​ដូច​ចក្រភព​សាសនា​មិន​ពិត​ដែរ!

^ វគ្គ 3 ឈ្មោះ​ទាំង​ពីរ​នោះ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ។ អូហូឡា​មាន​ន័យ​ថា​«​ត្រសាល​[​នៃ​ការ​គោរព​ប្រណិប័តន៍​]​នាង​»​ តាម​មើល​ទៅ​សំដៅ​ទៅ​លើ​ការ​ដែល​អ៊ីស្រាអែល​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ដោយ​ខ្លួន​ឯង ជា​ជាង​ប្រើ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។ ឯ​អូហូលីបា​មាន​ន័យ​ថា​«​ត្រសាល​[​នៃ​ការ​គោរព​ប្រណិប័តន៍​]​ខ្ញុំ​នៅ​ក្នុង​នាង​»។ ក្រុង​យេរូសាឡិម​ជា​ទី​តាំង​នៃ​វិហារ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍។