លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​០៧

តើព្រះយេហូវ៉ាជាព្រះបែបណា?

តើព្រះយេហូវ៉ាជាព្រះបែបណា?

ពេល​អ្នក​គិត​អំពី​ព្រះ​យេហូវ៉ា តើ​អ្នក​ស្រមៃ​ឃើញ​ថា​លោក​ជា​ព្រះ​បែប​ណា? តើ​អ្នក​គិត​ថា​ព្រះ​ខ្ពង់​ខ្ពស់​អស្ចារ្យ​ពេក រហូត​ដល់​ធ្វើ​ឲ្យ​យើង​មិន​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​លោក​ឬ? តើ​អ្នក​គិត​ថា​លោក​ជា​ព្រះ​មាន​អំណាច​ខ្លាំង​ក្លា តែ​គ្មាន​អារម្មណ៍​ឬ? តើ​ព្រះ​យេហូវ៉ា​ពិត​ជា​ព្រះ​បែប​ណា? តាម​រយៈ​គម្ពីរ ព្រះ​យេហូវ៉ា​រៀប​រាប់​អំពី​គុណ​សម្បត្តិ​ខ្លះ​ៗ​របស់​លោក ហើយ​ក៏​ប្រាប់​ដែរ​ថា លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។

១. ហេតុ​អ្វី​យើង​មិន​អាច​មើល​ឃើញ​ព្រះ?

គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​ជា​វិញ្ញាណ​»។ (​យ៉ូហាន ៤:២៤​) ព្រះ​យេហូវ៉ា​គ្មាន​រូប​កាយ​ដូច​យើង​ទេ។ លោក​ជា​វិញ្ញាណ​ដែល​រស់​នៅ​ស្ថាន​សួគ៌ ជា​កន្លែង​ដែល​យើង​មិន​អាច​មើល​ឃើញ។

២. តើ​ព្រះ​យេហូវ៉ា​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ?

យើង​មិន​អាច​មើល​ឃើញ​ព្រះ​យេហូវ៉ា​ទេ តែ​ពេល​យើង​ស្គាល់​លោក​ច្បាស់ នោះ​យើង​ស្រឡាញ់​លោក ដោយ​សារ​លោក​ជា​បុគ្គល​ពិត​ដែល​មាន​គុណ​សម្បត្តិ​អស្ចារ្យ​ជា​ច្រើន។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ស្រឡាញ់​យុត្តិធម៌ លោក​នឹង​មិន​បោះ​បង់​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ទេ​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៧:២៨​) ម្យ៉ាង​ទៀត លោក​«​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ និង​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​»​ ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​កំពុង​រង​ទុក្ខ​វេទនា។ (​យ៉ាកុប ៥:១១​) គម្ពីរ​ចែង​ទៀត​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៅ​ជិត​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ លោក​ជួយ​អ្នក​ដែល​បាក់​ទឹក​ចិត្ត​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៤:១៨​) តើ​អ្នក​ដឹង​ទេ​ថា​ការ​ប្រព្រឹត្ត​របស់​យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ឬ​ឈឺ​ចិត្ត? ពេល​អ្នក​ណា​ម្នាក់​ជ្រើស​រើស​ធ្វើ​អ្វី​ដែល​អាក្រក់ អ្នក​នោះ​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត​និង​ពិបាក​ចិត្ត។ (​ចម្រៀង​សរសើរ​ព្រះ ៧៨:៤០, ៤១​) ប៉ុន្តែ ពេល​អ្នក​ណា​ម្នាក់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ អ្នក​នោះ​ធ្វើ​ឲ្យ​លោក​ត្រេក​អរ។​—សូម​អាន សុភាសិត ២៧:១១

៣. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា​ថា​លោក​ស្រឡាញ់​យើង?

គុណ​សម្បត្តិ​ប្រសើរ​បំផុត​របស់​ព្រះ​យេហូវ៉ា គឺ​សេចក្ដី​ស្រឡាញ់។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហាន​ទី​១ ៤:៨​) តាម​រយៈ​គម្ពីរ​និង​តាម​រយៈ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត បង្ហាញ​ថា​លោក​ស្រឡាញ់​យើង។ (​សូម​អាន សកម្មភាព ១៤:១៧​) ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​ពេល​ដែល​លោក​បាន​បង្កើត​មនុស្ស​យើង។ លោក​បាន​បង្កើត​យើង​ឲ្យ​មាន​ភ្នែក​ដែល​អាច​មើល​ឃើញ​ពណ៌​ស្អាត​ៗ មាន​ត្រចៀក​ដែល​អាច​ស្ដាប់​ភ្លេង​ពីរោះ​ៗ និង​មាន​អណ្ដាត​ដែល​អាច​ស្គាល់​រស​ជាតិ​អាហារ​ឆ្ងាញ់​ៗ។ លោក​ចង់​ឲ្យ​យើង​មាន​ជីវិត​ដ៏​សប្បាយ​រីករាយ។

បង្កើន​ចំណេះ

សូម​រៀន​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​ធ្វើ​ការ​អស្ចារ្យ​ផ្សេង​ៗ។ រួច​មក សូម​មើល​ថា តើ​ព្រះ​យេហូវ៉ា​បង្ហាញ​គុណ​សម្បត្តិ​ដ៏​ប្រសើរ​របស់​លោក​តាម​របៀប​ណា​ខ្លះ?

៤. ឫទ្ធានុភាព​បរិសុទ្ធ​ជា​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ

យើង​ប្រើ​ដៃ​ដើម្បី​ធ្វើ​ការ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដើម្បី​ធ្វើ​អ្វី​ដែល​លោក​ចង់​ធ្វើ។ គម្ពីរ​ប្រាប់​ថា​ឫទ្ធានុភាព​បរិសុទ្ធ​មិន​មែន​ជា​បុគ្គល​មួយ​រូប​ទេ តែ​ជា​កម្លាំង​ដ៏​ខ្លាំង​ក្លា​ដែល​ព្រះ​ប្រើ​ដើម្បី​សម្រេច​អ្វី​ផ្សេង​ៗ។ សូម​អាន លូកា ១១:១៣ និង​សកម្មភាព ២:១៧ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ព្រះ​នឹង​«​ចាក់​»​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ទៅ​លើ​អស់​អ្នក​ដែល​សុំ​ពី​លោក។ ដូច្នេះ តើ​អ្នក​គិត​ថា​ឫទ្ធានុភាព​បរិសុទ្ធ​ជា​បុគ្គល​មួយ​រូប ឬ​ជា​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ? ហេតុ​អ្វី​អ្នក​គិត​ដូច្នេះ?

ព្រះ​យេហូវ៉ា​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដើម្បី​សម្រេច​អ្វី​ៗ​ដ៏​អស្ចារ្យ។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៣:៦ និង​ពេត្រុស​ទី​២ ១:២០, ២១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​តាម​វិធី​ណា​ខ្លះ?

៥. ព្រះ​យេហូវ៉ា​មាន​គុណ​សម្បត្តិ​ដែល​ទាក់​ទាញ​ចិត្ត​យើង

ម៉ូសេ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​ស្មោះ​ត្រង់ ប៉ុន្តែ​គាត់​នៅ​តែ​ចង់​ស្គាល់​ព្រះ​ដែល​ជា​អ្នក​បង្កើត​ឲ្យ​បាន​ច្បាស់​ជាង។ ដូច្នេះ ម៉ូសេ​និយាយ​ទៅ​កាន់​ព្រះ​ថា​៖ ​«​សូម​លោក​មេត្តា​បង្ហាញ​ផ្លូវ​របស់​លោក​ដល់​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ស្គាល់​លោក​ច្បាស់​»។ (​ដំណើរ​ចាក​ចេញ ៣៣:១៣​) ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ទៅ​គាត់ ដោយ​ប្រាប់​អំពី​គុណ​សម្បត្តិ​ខ្លះ​ៗ​របស់​លោក។ សូម​អាន ដំណើរ​ចាក​ចេញ ៣៤:៤​-​៦ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​អំពី​គុណ​សម្បត្តិ​អ្វី​ខ្លះ​របស់​លោក?

  • តើ​គុណ​សម្បត្តិ​មួយ​ណា​របស់​ព្រះ​យេហូវ៉ា​ដែល​ទាក់​ទាញ​ចិត្ត​អ្នក​ខ្លាំង​ជាង​គេ?

៦. ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស

នៅ​សម័យ​បុរាណ ជន​ជាតិ​ហេប្រឺ​គឺ​ជា​រាស្ត្រ​របស់​ព្រះ។ ពួក​គេ​ធ្លាប់​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប។ ពេល​ដែល​ព្រះ​យេហូវ៉ា​ឃើញ​ពួក​គេ​រង​ទុក្ខ​វេទនា តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា? លេង​វីដេអូ​ជា​សំឡេង ហើយ​ផ្ទៀង​តាម ឬ​អាន​ដំណើរ​ចាក​ចេញ ៣:១​-​១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​កំណត់​ហេតុ​នេះ​ប្រាប់​អ្នក​យ៉ាង​ណា​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ពេល​លោក​ឃើញ​មនុស្ស​រង​ទុក្ខ​វេទនា? (​សូម​មើលខ​៧​និង​៨​)

  • តើ​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ជួយ​មនុស្ស​ឬ​ទេ? ហើយ​តើ​លោក​មាន​សមត្ថភាព​ជួយ​ទេ? ហេតុ​អ្វី?

៧. អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​បង្ហាញ​អំពី​គុណ​សម្បត្តិ​របស់​លោក

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណ​សម្បត្តិ​របស់​លោក តាម​រយៈ​អ្វី​ដែល​លោក​បាន​បង្កើត។ លេង​វីដេអូ បន្ទាប់​មក សូម​អាន រ៉ូម ១:២០ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្នក​ឃើញ​គុណ​សម្បត្តិ​អ្វី​ខ្លះ​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​អ្វី​ដែល​លោក​បាន​បង្កើត?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ព្រះ​មិន​មែន​ជា​បុគ្គល​ពិត​ទេ​»។

  • តើ​អ្នក​គិត​យ៉ាង​ណា?

  • ហេតុ​អ្វី​អ្នក​មាន​អារម្មណ៍​ដូច្នោះ?

សេចក្ដី​សង្ខេប

ព្រះ​យេហូវ៉ា​ជា​វិញ្ញាណ​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ តែ​លោក​មាន​គុណ​សម្បត្តិ​ដែល​ទាក់​ទាញ​ចិត្ត​យើង ជា​ពិសេស​សេចក្ដី​ស្រឡាញ់។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​យើង​មិន​អាច​មើល​ឃើញ​ព្រះ​យេហូវ៉ា?

  • តើ​ឫទ្ធានុភាព​បរិសុទ្ធ​ជា​អ្វី?

  • តើ​ព្រះ​យេហូវ៉ា​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​ថែម​ទៀត​អំពី​គុណ​សម្បត្តិ​ដ៏​សំខាន់​បួន​របស់​ព្រះ​យេហូវ៉ា។

«​តើ​ព្រះ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ?​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម លេខ​១ ឆ្នាំ​២០១៩​)

សូម​ពិចារណា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​មិន​នៅ​គ្រប់​កន្លែង​ទេ។

«​តើ​ព្រះ​នៅ​គ្រប់​កន្លែង​ឬ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​មើល​មូលហេតុ​ដែល​គម្ពីរ​ហៅ​ឫទ្ធានុភាព​បរិសុទ្ធ​ថា​ជា​ដៃ​របស់​ព្រះ។

«​តើ​វិញ្ញាណ​បរិសុទ្ធ​ជា​អ្វី?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

បុរស​ពិការ​ភ្នែក​ម្នាក់​ពិបាក​ជឿ​ថា​ព្រះ​ស្រឡាញ់​គាត់។ សូម​មើល​ថា តើ​អ្វី​បាន​ធ្វើ​ឲ្យ​គាត់​ផ្លាស់​ប្ដូរ​គំនិត?

«​ឥឡូវ​ខ្ញុំ​អាច​ជួយ​អ្នក​ឯ​ទៀត​»​ ​(​brwp១៥១០០១​)