លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៣

តើសាសនាមិនពិតធ្វើឲ្យមនុស្សយល់ខុសយ៉ាងណាអំពីព្រះ?

តើសាសនាមិនពិតធ្វើឲ្យមនុស្សយល់ខុសយ៉ាងណាអំពីព្រះ?

ប្រសិន​បើ​ព្រះ​ជា​សេចក្ដី​ស្រឡាញ់ ហេតុ​អ្វី​សាសនា​ជា​ច្រើន​ដែល​អះអាង​ថា​ជា​តំណាង​ព្រះ ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ម្ល៉េះ? និយាយ​ឲ្យ​ស្រួល​យល់ សាសនា​ទាំង​នោះ​គឺ​ជា​សាសនា​មិន​ពិត ពីព្រោះ​ពួក​គេ​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​ព្រះ។ តើ​ពួក​គេ​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​ព្រះ​យ៉ាង​ដូច​ម្ដេច? តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​នេះ? ហើយ​តើ​លោក​នឹង​ធ្វើ​អ្វី?

១. តើ​សេចក្ដី​បង្រៀន​របស់​សាសនា​មិន​ពិត​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​ព្រះ​យ៉ាង​ដូច​ម្ដេច?

សាសនា​មិន​ពិត​សម្រេច​ចិត្ត​ជឿ​និង​បង្រៀន​សេចក្ដី​ភូត​ភរ​ជា​ជាង​សេចក្ដី​ពិត។ (​រ៉ូម ១:២៥​) ជា​ឧទាហរណ៍ សាសនា​ភាគ​ច្រើន​មិន​បាន​បង្រៀន​សមាជិក​របស់​ពួក​គេ​អំពី​នាម​របស់​ព្រះ​ទេ។ ក៏​ប៉ុន្តែ គម្ពីរ​ប្រាប់​ថា​ត្រូវ​ប្រើ​នាម​របស់​ព្រះ។ (​រ៉ូម ១០:១៣, ១៤​) ពេល​មាន​រឿង​អាក្រក់​កើត​ឡើង អ្នក​ដឹក​នាំ​សាសនា​ខ្លះ​និយាយ​ថា នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ។ ប៉ុន្តែ នោះ​ជា​ពាក្យ​កុហក​សុទ្ធ​សាធ។ ព្រះ​មិន​មែន​ជា​ដើម​ហេតុ​នៃ​អំពើ​អាក្រក់​ទេ។ (​សូម​អាន យ៉ាកុប ១:១៣​) គួរ​ឲ្យ​ស្ដាយ​ណាស់ សេចក្ដី​បង្រៀន​មិន​ពិត​របស់​សាសនា​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ស្រឡាញ់​ព្រះ។

២. តើ​ការ​ប្រព្រឹត្ត​របស់​សាសនា​មិន​ពិត​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​ព្រះ​យ៉ាង​ដូច​ម្ដេច?

សាសនា​មិន​ពិត​មិន​បាន​ប្រព្រឹត្ត​ចំពោះ​មនុស្ស ដូច​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ឡើយ។ គម្ពីរ​ចែង​ថា​៖ ​«​អំពើ​ខុស​ឆ្គង​របស់​ក្រុង​នោះ​[​នេះ​សំដៅ​លើ​សាសនា​មិន​ពិត​]​បាន​គរ​ឡើង​រហូត​ដល់​ស្ថាន​សួគ៌​»។ (​ការ​បើក​បង្ហាញ ១៨:៥​) អស់​រាប់​រយ​ឆ្នាំ​មក​ហើយ សាសនា​គឺ​បាន​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ បាន​គាំទ្រ​សង្គ្រាម ហើយ​ក៏​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់​រាប់​មិន​អស់ ឬ​បាន​បង្ហាញ​ថា​យល់​ស្រប​ឲ្យ​មាន​រឿង​នោះ​កើត​ឡើង។ អ្នក​ដឹក​នាំ​សាសនា​ខ្លះ​តម្រូវ​ឲ្យ​សមាជិក​បង់​ប្រាក់​ឲ្យ​ពួក​គេ ដើម្បី​ពួក​គេ​អាច​មាន​ជីវិត​រស់​នៅ​យ៉ាង​សម្បូរ​សប្បាយ។ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​បង្ហាញ​ច្បាស់​ថា​ពួក​គេ​មិន​ស្គាល់​ព្រះ​សោះ។ ដូច្នេះ ពួក​គេ​គ្មាន​សិទ្ធិ​ធ្វើ​ជា​តំណាង​លោក​ឡើយ។​—សូម​អាន យ៉ូហាន​ទី១ ៤:៨

៣. តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សាសនា​មិន​ពិត?

ប្រសិន​បើ​ទង្វើ​របស់​សាសនា​មិន​ពិត​ធ្វើ​ឲ្យ​អ្នក​ខឹង តើ​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សាសនា​មិន​ពិត? លោក​ខឹង​ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​លោក ហើយ​លោក​ខឹង​ដែល​ពួក​គេ​ប្រព្រឹត្ត​មិន​ល្អ​ចំពោះ​សមាជិក​របស់​ខ្លួន។ ហេតុ​អ្វី​លោក​ខឹង? ដោយ​សារ​លោក​ស្រឡាញ់​មនុស្ស។ លោក​សន្យា​ថា​សាសនា​មិន​ពិត​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​‹គ្មាន​អ្នក​ណា​នឹង​ប្រទះ​ឃើញ​សាសនា​មិន​ពិត​ម្ដង​ទៀត​ទេ›។ (​ការ​បើក​បង្ហាញ ១៨:២១​) មិន​យូរ​ទៀត ព្រះ​នឹង​បំបាត់​ចោល​សាសនា​មិន​ពិត​ទាំង​អស់។​—ការ​បើក​បង្ហាញ ១៨:៨

បង្កើន​ចំណេះ

សូម​រៀន​ថែម​ទៀត​អំពី​អារម្មណ៍​របស់​ព្រះ​ចំពោះ​សាសនា​មិន​ពិត និង​អំពី​អ្វី​ដែល​សាសនា​មិន​ពិត​បាន​ធ្វើ។ សូម​រៀន​ដែរ​ថា ទង្វើ​របស់​សាសនា​មិន​ពិត​មិន​គួរ​ជា​មូលហេតុ​ដែល​រា​រាំង​អ្នក​មិន​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា​ទេ។

៤. តើ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​ទាំង​អស់​ឬ?

មនុស្ស​ជា​ច្រើន​ជឿ​ថា​សាសនា​ទាំង​អស់​ប្រៀប​ដូច​ជា​ផ្លូវ​ផ្សេង​ៗ ដែល​នាំ​មនុស្ស​ឲ្យ​ធ្វើ​អំពើល្អ។ ប៉ុន្តែ តើ​នេះ​ជា​ការ​ពិត​ទេ? សូម​អាន ម៉ាថាយ ៧:១៣, ១៤ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​គម្ពីរ​ប្រាប់​យ៉ាង​ណា​អំពី​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត?

លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​គម្ពីរ​ប្រាប់​ថា​មាន​សាសនា​ជា​ច្រើន​ដែល​ព្រះ​ពេញ​ចិត្ត​ឬ?

៥. សាសនា​មិន​ពិត​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​ទេ

សាសនា​បាន​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​តាម​វិធី​ជា​ច្រើន។ វិធី​ដ៏​លេច​ធ្លោ​មួយ គឺ​ពួក​គេ​ចូល​រួម​ក្នុង​សង្គ្រាម។ ដើម្បី​ដឹង សូម លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ តើ​វិហារ​ជា​ច្រើន​បាន​ធ្វើ​អ្វី?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ?

សូម​អាន យ៉ូហាន ១៣:៣៤, ៣៥ និង​១៧:១៦ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា ពេល​សាសនា​ចូល​ប្រឡូក​ក្នុង​សង្គ្រាម?

  • សាសនា​ជា​ដើម​ហេតុ​នៃ​អំពើ​អាក្រក់​ជា​ច្រើន។ តើ​អ្នក​បាន​ឃើញ​សាសនា​ផ្សេង​ៗ​ធ្វើ​អ្វី​ខ្លះ ដែល​មិន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ?

សាសនា​មិន​ពិត​មិន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​ទេ

៦. ព្រះ​ចង់​ជួយ​មនុស្ស​ឲ្យ​ចេញ​ពី​សាសនា​មិន​ពិត

សូម​អាន ការ​បើក​បង្ហាញ ១៨:៤ a រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​ដឹង​ថា​ព្រះ​ចង់​ជួយ​មនុស្ស​ម្នាក់​ៗ​ដែល​ត្រូវ​សាសនា​មិន​ពិត​បំភាន់ តើ​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

៧. សូម​បន្ត​រៀន​អំពី​ព្រះ​ពិត

តើ​អ្នក​គួរ​ឲ្យ​សេចក្ដី​បង្រៀន​និង​ការ​ប្រព្រឹត្ត​របស់​សាសនា​មិន​ពិត​មាន​ឥទ្ធិពល​លើ​ទស្សនៈ​ដែល​អ្នក​មាន​ចំពោះ​ព្រះ​ឬ​ទេ? សូម​ស្រមៃ​គិត​អំពី​កូន​ប្រុស​ម្នាក់​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ឪពុក រួច​ចាក​ចេញ​ពី​ផ្ទះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​ច្រើន។ អ្វី​ដែល​កូន​នោះ​ធ្វើ​នាំ​ឲ្យ​ឪពុក​ពិបាក​ចិត្ត​ណាស់។ តើ​សម​ហេតុ​សម​ផល​ទេ​ដែល​ទម្លាក់​កំហុស​ទៅ​លើ​ឪពុក​ចំពោះ​អំពើ​អាក្រក់​ដែល​កូន​ធ្វើ? ហេតុ​អ្វី?

  • តើ​សម​ហេតុ​សម​ផល​ឬ​ទេ ដែល​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ឈប់​រៀន​អំពី​លោក ដោយ​សារ​តែ​ការ​ប្រព្រឹត្ត​របស់​សាសនា​មិន​ពិត?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ចង់​ដឹង​អំពី​ព្រះ​ទេ ព្រោះ​សាសនា​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន​ណាស់​»។

  • តើ​អ្នក​មាន​អារម្មណ៍​ដូច្នេះ​ទេ?

  • ហេតុ​អ្វី​យើង​មិន​គួរ​ឲ្យ​ការ​ប្រព្រឹត្ត​របស់​សាសនា​មិន​ពិត មាន​ឥទ្ធិពល​មក​លើ​ទស្សនៈ​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា?

សេចក្ដី​សង្ខេប

សាសនា​មិន​ពិត​បាន​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​ព្រះ​តាម​រយៈ​សេចក្ដី​បង្រៀន​និង​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ពួក​គេ។ ព្រះ​នឹង​បំផ្លាញ​ចោល​សាសនា​មិន​ពិត។

រៀន​សា​ឡើង​វិញ

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សេចក្ដី​បង្រៀន​និង​ការ​ប្រព្រឹត្ត​អាក្រក់​របស់​សាសនា​មិន​ពិត?

  • តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សាសនា​មិន​ពិត?

  • តើ​ព្រះ​នឹង​ធ្វើ​អ្វី​ចំពោះ​សាសនា​មិន​ពិត?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​អំពី​មូលហេតុ​ពីរ​យ៉ាង​ដែល​សាសនា​ភាគ​ច្រើន​ធ្វើ​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ត។

«​តើ​សាសនា​ទាំង​អស់​គឺ​ដូច​គ្នា ហើយ​នាំ​ឲ្យ​ស្គាល់​ព្រះ​ឬ​ទេ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​នឹង​អ្នក​ឯ​ទៀត?

«​តើ​ការ​ចូល​ជា​សមាជិក​ក្នុង​អង្គការ​សាសនា​ណា​មួយ​គឺ​ជា​ការ​សំខាន់​ឬ​ទេ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

បូជាចារ្យ​ម្នាក់​បាន​ទើស​ចិត្ត​នឹង​សាសនា​របស់​គាត់។ ប៉ុន្តែ នេះ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ឈប់​ស្វែង​រក​សេចក្ដី​ពិត​អំពី​ព្រះ​ទេ។

«​មូលហេតុ​ដែល​បូជាចារ្យ​ម្នាក់​បាន​ចាក​ចេញ​ពី​វិហារ​របស់​គាត់​»​ ​(​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ខែ​កុម្ភៈ ឆ្នាំ​២០១៥​)

អស់​រាប់​រយ​ឆ្នាំ​មក​ហើយ សាសនា​បាន​និយាយ​កុហក​ច្រើន​អំពី​ព្រះ។ នេះ​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា​លោក​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​ទេ ព្រម​ទាំង​ជឿ​ថា​លោក​ជា​ព្រះ​ដ៏​ឃោរ​ឃៅ​ទៀត​ផង។ សូម​រៀន​អំពី​ពាក្យ​កុហក​បី​យ៉ាង និង​មូលហេតុ​ដែល​ពាក្យ​ទាំង​នោះ​មិន​មែន​ជា​ការ​ពិត។

«​ពាក្យ​កុហក​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ស្រឡាញ់​ព្រះ​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣​)

a សៀវភៅ​ការ​បើក​បង្ហាញ​ពណ៌នា​សាសនា​មិន​ពិត​ថា​ជា​ស្ត្រី​ដែល​មាន​ឈ្មោះ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ ដើម្បី​ស្វែង​យល់​អំពី​មូលហេតុ​ដែល​ពណ៌នា​ដូច្នេះ សូម​មើលកំណត់​នៅ​ចុង​សៀវភៅ លេខ​១