លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៦

តើលោកយេស៊ូបានធ្វើអ្វីពេលនៅផែនដី?

តើលោកយេស៊ូបានធ្វើអ្វីពេលនៅផែនដី?

ពេល​ឮ​អំពី​លោក​យេស៊ូ មនុស្ស​ជា​ច្រើន​គិត​អំពី​លោក​ថា​ជា​កូន​តូច​មួយ​ទើប​នឹង​កើត ឬ​ជា​អ្នក​ប្រកាស​ទំនាយ​ដ៏​អស្ចារ្យ ឬ​ជា​បុរស​ដែល​ជិត​ស្លាប់។ ប៉ុន្តែ យើង​អាច​រៀន​ថែម​ទៀត​អំពី​លោក ដោយ​ពិនិត្យ​មើល​ជីវិត​របស់​លោក​នៅ​ផែនដី។ ក្នុង​មេ​រៀន​នេះ យើង​នឹង​ពិចារណា​អ្វី​ដ៏​សំខាន់​ៗ​ដែល​លោក​យេស៊ូ​បាន​ធ្វើ និង​របៀប​ដែល​អ្វី​ទាំង​នោះ​អាច​ជួយ​អ្នក។

១. តើ​លោក​យេស៊ូ​បាន​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​បំផុត​អ្វី?

កិច្ច​ការ​ដ៏​សំខាន់​បំផុត​របស់​លោក​យេស៊ូ​គឺ ​«​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​»។ (​សូម​អាន លូកា ៤:៤៣​) លោក​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ដោយ​ប្រាប់​មនុស្ស​ឲ្យ​ដឹង​ថា​ព្រះ​នឹង​បង្កើត​រាជាណាចក្រ ឬ​រដ្ឋាភិបាល​មួយ​ដែល​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ។ a អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ លោក​យេស៊ូ​បាន​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រាប់​មនុស្ស​អំពី​ដំណឹង​ដ៏​លើក​ទឹក​ចិត្ត​នេះ។​—ម៉ាថាយ ៩:៣៥

២. តើ​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ក្នុង​គោល​បំណង​អ្វី?

គម្ពីរ​រៀប​រាប់​ថា​៖ ‹ព្រះ​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក ដោយ​ឲ្យ​លោក​ធ្វើ​អព្ភូតហេតុ និង​ការ​អស្ចារ្យ​ផ្សេង​ៗ​ជា​ច្រើន›។ (​សកម្មភាព ២:២២​) ដោយ​សារ​លោក​យេស៊ូ​បាន​ទទួល​ឫទ្ធានុភាព​ពី​ព្រះ នោះ​លោក​អាច​គ្រប់​គ្រង​លើ​អាកាសធាតុ ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់ ធ្វើ​ឲ្យ​មនុស្ស​ឈឺ​បាន​ជា​សះ​ស្បើយ ថែម​ទាំង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ទៀត​ផង។ (​ម៉ាថាយ ៨:២៣​-​២៧; ១៤:១៥​-​២១; ម៉ាកុស ៦:៥៦; លូកា ៧:១១​-​១៧​) អព្ភូតហេតុ​របស់​លោក​យេស៊ូ​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​បាន​ចាត់​លោក​ឲ្យ​មក។ អព្ភូតហេតុ​ទាំង​នោះ​ក៏​បញ្ជាក់​ដែរ​ថា ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​យើង។

៣. តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​រស់​នៅ​របស់​លោក​យេស៊ូ?

លោក​យេស៊ូ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​គ្រប់​ពេល​វេលា។ (​សូម​អាន យ៉ូហាន ៨:២៩​) ទោះ​ជា​លោក​យេស៊ូ​ជួប​ការ​ប្រឆាំង​ក៏​ដោយ លោក​បាន​ធ្វើ​អ្វី​ទាំង​អស់​ដែល​បិតា​បាន​សុំ​លោក​ឲ្យ​ធ្វើ។ លោក​បាន​ធ្វើ​ដូច្នេះ​រហូត​ដល់​លោក​ស្លាប់។ លោក​បាន​បង្ហាញ​ថា​មនុស្ស​អាច​បម្រើ​ព្រះ​បាន ទោះ​ជា​ស្ថិត​ក្រោម​ស្ថានភាព​ពិបាក​ក៏​ដោយ។ យ៉ាង​នេះ លោក​យេស៊ូ​បាន​«​ទុក​គំរូ​ដើម្បី​ឲ្យ​[​យើង​]​ខំ​ដើរ​តាម​លំអាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់​»។​—ពេត្រុស​ទី​១ ២:២១

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​វិធី​ដែល​លោក​យេស៊ូ​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត និង​អំពី​អព្ភូតហេតុ​ដែល​លោក​បាន​ធ្វើ។

៤. លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ

លោក​យេស៊ូ​បាន​ដើរ​អស់​រាប់​រយ​គីឡូ​ម៉ែត្រ​លើ​ផ្លូវ​ដែល​មាន​ដី​ហុយ​ខ្លាំង ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ច្រើន​បំផុត តាម​ដែល​លោក​អាច​ធ្វើ​បាន។ សូម​អាន លូកា ៨:១ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ទាល់​តែ​មនុស្ស​មក​រក​លោក​យេស៊ូ ទើប​លោក​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ​ឬ?

  • តើ​លោក​យេស៊ូ​បាន​ខំ​ព្យាយាម​ខ្លាំង​យ៉ាង​ណា​ដើម្បី​ជួប​មនុស្ស?

ព្រះ​បាន​ប្រាប់​ទុក​ជា​មុន​ថា មេស្ស៊ី​នឹង​ប្រកាស​ដំណឹង​ល្អ។ សូម​អាន អេសាយ ៦១:​១, ២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ទំនាយ​នេះ​ក្លាយ​ជា​ការ​ពិត​យ៉ាង​ដូច​ម្ដេច?

  • តើ​អ្នក​គិត​ថា​មនុស្ស​នៅ​សព្វ​ថ្ងៃ​ត្រូវ​ការ​ឮ​ដំណឹង​ល្អ​នេះ​ឬ​ទេ?

៥. លោក​យេស៊ូ​បាន​បង្រៀន​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ

លោក​យេស៊ូ​មិន​គ្រាន់​តែ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បង្រៀន​មេ​រៀន​ដែល​មាន​ប្រយោជន៍​ដែរ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ពី​សុន្ទរកថា​ល្បី​ល្បាញ​របស់​លោក​នៅ​លើ​ភ្នំ។ សូម​អាន ម៉ាថាយ ៦:១៤, ៣៤ និង​៧:១២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​លោក​យេស៊ូ​បាន​ឲ្យ​យោបល់​ល្អ​អ្វី​ខ្លះ​ក្នុង​ខ​ទាំង​នេះ?

  • តើ​អ្នក​គិត​ថា​យោបល់​ទាំង​នេះ​នៅ​តែ​មាន​ប្រយោជន៍​ឬ​ទេ?

៦. លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ផ្សេង​ៗ​

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ឫទ្ធានុភាព​ដល់​លោក​យេស៊ូ ដើម្បី​ឲ្យ​លោក​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន។ ដើម្បី​មើល​ឧទាហរណ៍​មួយ សូម​អាន ម៉ាកុស ៥:២៥​-​៣៤លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​ស្ត្រី​ដែល​មាន​ជំងឺ​បាន​ជឿ​ជាក់​លើ​អ្វី?

  • តើ​អ្នក​ចូល​ចិត្ត​អ្វី​អំពី​អព្ភូតហេតុ​នេះ?

សូម​អាន យ៉ូហាន ៥:៣៦ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អព្ភូតហេតុ​របស់​លោក​យេស៊ូ​បាន​«​បញ្ជាក់​»​ឬ​បង្ហាញ​យ៉ាង​ណា​អំពី​លោក?

តើ​អ្នក​ដឹង​ទេ?

ព័ត៌មាន​ភាគ​ច្រើន​ដែល​យើង​ដឹង​អំពី​លោក​យេស៊ូ​គឺ​មក​ពី​សៀវភៅ​បួន​ក្នុង​គម្ពីរ ហៅ​ថា​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន ពោល​គឺ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន។ អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ម្នាក់​ៗ​បាន​រៀប​រាប់​ព័ត៌មាន​ផ្សេង​ៗ​អំពី​លោក​យេស៊ូ។ ពេល​យើង​អាន​សៀវភៅ​បួន​ក្បាល​នោះ យើង​អាច​ស្រមៃ​ឃើញ​រូប​ភាព​ដ៏​រស់​រវើក​អំពី​ដំណើរ​ជីវិត​របស់​លោក​យេស៊ូ។

  • ម៉ាថាយ

    បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ទី​១។ សៀវភៅ​នេះ​លើក​បញ្ជាក់​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ ជា​ពិសេស​អ្វី​ដែល​លោក​បាន​បង្រៀន​អំពី​រាជាណាចក្រ​ព្រះ។

  • ម៉ាកុស

    បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ខ្លី​ជាង​គេ។ សៀវភៅ​នេះ​រៀប​រាប់​អំពី​ព្រឹត្តិការណ៍​ជា​ច្រើន​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត។

  • លូកា

    ផ្ដោត​សំខាន់​ទៅ​លើ​សេចក្ដី​អធិដ្ឋាន និង​របៀប​ដែល​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ចំពោះ​ស្ត្រី។

  • យ៉ូហាន

    ពណ៌នា​យ៉ាង​ច្រើន​អំពី​ការ​សន្ទនា​ដែល​លោក​យេស៊ូ​មាន​ជា​មួយ​មិត្ត​ជិត​ស្និទ្ធ​របស់​លោក និង​ជា​មួយ​អ្នក​ឯ​ទៀត។ ព័ត៌មាន​ទាំង​នោះ​ជួយ​យើង​ឲ្យ​ស្គាល់​បុគ្គលិក​លក្ខណៈ​របស់​លោក​យេស៊ូ។

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​លោក​យេស៊ូ​គ្រាន់​តែ​ជា​មនុស្ស​ល្អ​ម្នាក់​ប៉ុណ្ណោះ​»។

  • តើ​អ្នក​គិត​យ៉ាង​ណា?

សេចក្ដី​សង្ខេប

លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ ធ្វើ​អព្ភូតហេតុ​ផ្សេង​ៗ និង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​គ្រប់​ពេល​វេលា។

រៀន​សា​ឡើង​វិញ

  • តើ​លោក​យេស៊ូ​បាន​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​បំផុត​អ្វី ពេល​លោក​នៅ​ផែនដី?

  • តើ​អព្ភូតហេតុ​របស់​លោក​យេស៊ូ​បញ្ជាក់​អំពី​អ្វី?

  • តើ​លោក​យេស៊ូ​បាន​បង្រៀន​មេ​រៀន​ល្អ​អ្វី​ខ្លះ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​អាច​ជឿ​ជាក់​ថា​អព្ភូតហេតុ​របស់​លោក​យេស៊ូ​ពិត​ជា​បាន​កើត​ឡើង​មែន។

«​តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​អព្ភូត​ហេតុ​របស់​លោក​យេស៊ូ?​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៤​)

សូម​អាន​អំពី​បុរស​ម្នាក់​ដែល​បាន​កែ​ប្រែ​ជីវិត ក្រោយ​ពី​គាត់​រៀន​ថា​លោក​យេស៊ូ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​មនុស្ស​ឯ​ទៀត។

«​ខ្ញុំ​រស់​ដើម្បី​ខ្លួន​ឯង​ប៉ុណ្ណោះ​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​តុលា–ធ្នូ ឆ្នាំ​២០១៤​)

a ព័ត៌មាន​ល្អិត​ល្អន់​ថែម​ទៀត​អំពី​រាជាណាចក្រ​ព្រះ នឹង​ត្រូវ​ពិគ្រោះ​ក្នុង​មេ​រៀន​ទី​៣១​ដល់​៣៣