លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៩

តើសាក្សីព្រះយេហូវ៉ាជាគ្រិស្តសាសនិកពិតឬទេ?

តើសាក្សីព្រះយេហូវ៉ាជាគ្រិស្តសាសនិកពិតឬទេ?

ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ជឿ​ថា​យើង​ជា​គ្រិស្ត​សាសនិក​ពិត។ ហេតុ​អ្វី? សូម​ពិចារណា​អំពី​មូលដ្ឋាន​នៃ​ជំនឿ​របស់​យើង ឈ្មោះ​ដែល​ធ្វើ​ឲ្យ​យើង​ខុស​ពី​គេ និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

១. តើ​ជំនឿ​របស់​សាក្សី​ព្រះ​យេហូវ៉ា​មាន​មូលដ្ឋាន​លើ​អ្វី?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បណ្ដាំ​របស់​[​ព្រះ​]​ជា​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៧:១៧​) ដូច​លោក​យេស៊ូ​ដែរ ជំនឿ​របស់​សាក្សី​ព្រះ​យេហូវ៉ា​តែង​តែ​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ។ ជា​ឧទាហរណ៍ សូម​ពិចារណា​ប្រវត្តិ​របស់​សាក្សី​ព្រះ​យេហូវ៉ា ដែល​ពី​មុន​បាន​ត្រូវ​ស្គាល់​ថា​ជា​និស្សិត​គម្ពីរ។ នៅ​ចុង​សតវត្សរ៍​ទី​១៩ និស្សិត​គម្ពីរ​មួយ​ក្រុម​បាន​ពិនិត្យ​មើល​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ បន្ទាប់​មក ពួក​គេ​យក​អ្វី​ដែល​គម្ពីរ​ចែង​ធ្វើ​ជា​មូលដ្ឋាន​នៃ​ជំនឿ​របស់​ពួក​គេ ទោះ​ជា​ជំនឿ​របស់​ពួក​គេ​ខុស​គ្នា​ពី​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​សាសនា​ឯ​ទៀត​ក៏​ដោយ។ រួច​មក ពួក​គេ​ចាប់​ផ្ដើម​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ដែល​ពួក​គេ​បាន​រក​ឃើញ​ក្នុង​គម្ពីរ។ a

២. ហេតុ​អ្វី​យើង​មាន​ឈ្មោះ​ថា​សាក្សី​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​ហៅ​អ្នក​គោរព​ប្រណិប័តន៍​លោក​ថា​ជា​សាក្សី​របស់​លោក ដោយ​សារ​ពួក​គេ​ប្រាប់​សេចក្ដី​ពិត​អំពី​លោក។ (​ហេប្រឺ ១១:៤–១២:១​) ជា​ឧទាហរណ៍ នៅ​សម័យ​បុរាណ ព្រះ​បាន​ប្រាប់​រាស្ត្រ​របស់​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ​»។ (​សូម​អាន អេសាយ ៤៣:១០​) លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​«​សាក្សី​ដ៏​ស្មោះ​ត្រង់​»។ (​ការ​បើក​បង្ហាញ ១:៥​) នៅ​ឆ្នាំ​១៩៣១ យើង​បាន​ជ្រើស​រើស​យក​ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា។ យើង​មាន​មោទនភាព​ដែល​មាន​ឈ្មោះ​នេះ។

៣. តើ​សាក្សី​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​លោក​យេស៊ូ​តាម​របៀប​ណា?

លោក​យេស៊ូ​ស្រឡាញ់​ពួក​អ្នក​កាន់​តាម​លោក​ខ្លាំង​ណាស់ ប្រៀប​ដូច​ជា​ពួក​គេ​ជា​ក្រុម​គ្រួសារ​របស់​លោក។ (​សូម​អាន ម៉ាកុស ៣:៣៥​) ស្រដៀង​គ្នា​ដែរ សាក្សី​ព្រះ​យេហូវ៉ា​ជា​ក្រុម​គ្រួសារ​ធំ​មួយ​នៅ​ទូទាំង​ពិភព​លោក​ដែល​មាន​សាមគ្គីភាព។ នេះ​ជា​មូលហេតុ​ដែល​យើង​ហៅ​អ្នក​រួម​ជំនឿ​ថា​បង​ប្អូន។ (​ភីលេម៉ូន ១, ២​) ម្យ៉ាង​ទៀត យើង​ធ្វើ​តាម​បង្គាប់​ដែល​ថា​៖ ​«​ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​»។ (​ពេត្រុស​ទី១ ២:១៧​) សាក្សី​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ជា​ច្រើន ដូច​ជា​ជួយ​បង​ប្អូន​រួម​ជំនឿ​នៅ​ទូទាំង​ពិភព​លោក ពេល​ពួក​គេ​ត្រូវ​ការ​ជំនួយ​ជា​ដើម។

បង្កើន​ចំណេះ

សូម​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​អំពី​ប្រវត្តិ​របស់​សាក្សី​ព្រះ​យេហូវ៉ា ហើយ​សូម​មើល​ភ័ស្តុតាង​ថែម​ទៀត​ដែល​បញ្ជាក់​ថា​យើង​ជា​គ្រិស្ត​សាសនិក​ពិត។

ជំនឿ​របស់​គ្រិស្ត​សាសនិក​ពិត​មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​ពួក​គេ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​ខ្លួន

៤. ជំនឿ​របស់​យើង​មាន​មូលដ្ឋាន​លើ​គម្ពីរ

ព្រះ​យេហូវ៉ា​ប្រាប់​ទុក​ជា​មុន​ថា សេចក្ដី​ពិត​ក្នុង​គម្ពីរ​នឹង​ត្រូវ​បើក​បង្ហាញ។ សូម​អាន ដានីយ៉ែល ១២:៤ និង​កំណត់​សម្គាល់ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្វី​នឹង​«​មាន​ជា​បរិបូរ​»​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ កាល​ដែល​ពួក​គេ​បន្ត​ពិនិត្យ​មើល​គម្ពីរ?

សូម​ពិចារណា​អំពី​របៀប​និស្សិត​គម្ពីរ​មួយ​ក្រុម​ដែល​រួម​មាន​ឆាល រ៉ាសិល បាន​សិក្សា​បណ្ដាំ​របស់​ព្រះ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​តាម​របៀប​ណា​ឆាល រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​របស់​គាត់​សិក្សា​គម្ពីរ?

តើ​អ្នក​ដឹង​ទេ?

ម្ដង​ម្កាល យើង​បាន​កែ​សម្រួល​អ្វី​ដែល​យើង​ជឿ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​ផ្ដល់​ការ​យល់​ដឹង​អំពី​បណ្ដាំ​របស់​លោក​បន្តិច​ម្ដង​ៗ ប្រៀប​ដូច​ជា​ថ្ងៃ​កំពុង​រះ​បន្តិច​ម្ដង​ៗ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ទេសភាព​កាន់​តែ​ច្បាស់។ (​សូម​អាន សុភាសិត ៤:១៨​) គម្ពីរ​មិន​ផ្លាស់​ប្ដូរ​ទេ តែ​ពេល​យើង​យល់​គម្ពីរ​កាន់​តែ​ច្បាស់ យើង​កែ​សម្រួល​អ្វី​ដែល​យើង​ជឿ។

៥. យើង​រស់​នៅ​ស្រប​តាម​ឈ្មោះ​របស់​យើង

ហេតុ​អ្វី​យើង​មាន​ឈ្មោះ​ថា​សាក្សី​ព្រះ​យេហូវ៉ា? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា​គឺ​សម​ត្រឹម​ត្រូវ?

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​មនុស្ស​មួយ​ក្រុម​ឲ្យ​ធ្វើ​ជា​សាក្សី​របស់​លោក? ពីព្រោះ​មាន​ពាក្យ​កុហក​ជា​ច្រើន​អំពី​លោក ដូច្នេះ​ពួក​គេ​នឹង​បញ្ជាក់​ថា​លោក​ជា​ព្រះ​ពិត។ សូម​ពិចារណា​ពាក្យ​កុហក​ពីរ​យ៉ាង។

សាសនា​ខ្លះ​បង្រៀន​សមាជិក​ខ្លួន​ថា ព្រះ​ចង់​ឲ្យ​ពួក​គេ​ប្រើ​រូប​សំណាក​ផ្សេង​ៗ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក។ ក៏​ប៉ុន្តែ សូម​អាន ច្បាប់​លេវី ២៦:១ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ខ​គម្ពីរ​នេះ​ប្រាប់​ការ​ពិត​អ្វី? តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​រូប​សំណាក?

អ្នក​ដឹក​នាំ​សាសនា​ខ្លះ​បង្រៀន​ថា លោក​យេស៊ូ​ជា​ព្រះ។ ក៏​ប៉ុន្តែ សូម​អាន យ៉ូហាន ២០:១៧ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ខ​គម្ពីរ​នេះ​ប្រាប់​ការ​ពិត​អ្វី? តើ​លោក​យេស៊ូ​ជា​ព្រះឬ​ទេ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​ចាត់​សាក្សី​របស់​លោក​ឲ្យ​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​អំពី​លោក​និង​បុត្រ​របស់​លោក?

៦. យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

គម្ពីរ​ប្រៀប​ប្រដូច​គ្រិស្ត​សាសនិក​ទៅ​នឹង​អវយវៈ​ផ្សេង​ៗ​នៃ​រូប​កាយ។ សូម​អាន កូរិនថូស​ទី​១ ១២:២៥, ២៦ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​គ្រិស្ត​សាសនិក​ពិត​ធ្វើ​យ៉ាង​ណា ពេល​គ្រិស្ត​សាសនិក​ឯ​ទៀត​រង​ទុក្ខ?

  • តើ​អ្នក​បាន​ឃើញ​សាក្សី​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​យ៉ាង​ដូច​ម្ដេច?

ពេល​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ផ្សេង​ទៀត​រង​ទុក្ខ​លំបាក សាក្សី​ឯ​ទៀត​បាន​ចាត់​វិធាន​ការណ៍​ផ្ដល់​ជំនួយ​ភ្លាម​ៗ។ ដើម្បី​មើល​ឧទាហរណ៍​មួយ សូមលេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ការ​ផ្ដល់​ជំនួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ជា​ភ័ស្តុតាង​បញ្ជាក់​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ?

គ្រិស្ត​សាសនិក​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ដែល​កំពុង​ជួប​ការ​ពិបាក

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​គ្រាន់​តែ​ជា​សាសនា​ថ្មី​មួយ​ប៉ុណ្ណោះ​»។

  • តើ​តាំង​ពី​ពេល​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ហៅ​អ្នក​គោរព​ប្រណិប័តន៍​លោក​ថា​សាក្សី?

សេចក្ដី​សង្ខេប

សាក្សី​ព្រះ​យេហូវ៉ា​ជា​គ្រិស្ត​សាសនិក​ពិត។ យើង​ជា​ក្រុម​គ្រួសារ​ធំ​មួយ​នៅ​ទូទាំង​ពិភព​លោក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ជំនឿ​របស់​យើង​មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​យើង​ប្រាប់​សេចក្ដី​ពិត​អំពី​លោក។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​យើង​មាន​ឈ្មោះ​ថា​សាក្សី​ព្រះ​យេហូវ៉ា?

  • តើ​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​គ្នា​យ៉ាង​ដូចម្ដេច?

  • តើ​អ្នក​គិត​ថា​សាក្សី​ព្រះ​យេហូវ៉ា​ជា​គ្រិស្ត​សាសនិក​ពិត​ឬ​ទេ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​សាក្សី​ព្រះ​យេហូវ៉ា​បាន​បក​អាក្រាត​សេចក្ដី​បង្រៀន​មិន​ពិត។

រាស្ត្រ​របស់​ព្រះ​សរសើរ​តម្កើង​នាម​របស់​លោក (៧:០៨)

សូម​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​ប្រហែល​ជា​ឆ្ងល់​អំពី​សាក្សី​ព្រះ​យេហូវ៉ា។

«​សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ​អំពី​សាក្សី​ព្រះ​យេហូវ៉ា​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

ស្ទីវើន​ស្អប់​ជន​ជាតិ​ផ្សេង​ខ្លាំង​ណាស់ រហូត​ដល់​គាត់​ដើរ​វាយ​ពួក​គេ។ សូម​មើល​ថា តើ​អ្វី​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​កែ​ប្រែ​ជីវិត?

«​ខ្ញុំ​ធ្លាប់​ជា​មនុស្ស​អាក្រក់​ខ្លាំង​ណាស់​»​ ​(​brwp១៥០៧០១​)

a តាំង​ពី​ឆ្នាំ​១៨៧៩ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​បោះ​ពុម្ព​ទស្សនាវដ្ដី​ប៉ម​យាម​ជា​ទៀង​ទាត់ ដើម្បី​ពន្យល់​អ្វី​ដែល​គម្ពីរ​ចែង។