លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២៣

ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!

ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!

លោក​យេស៊ូ​បាន​បង្រៀន​ថា អ្នក​ណា​ដែល​ចង់​ទៅ​ជា​គ្រិស្ត​សាសនិក អ្នក​នោះ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក។ (​សូម​អាន ម៉ាថាយ ២៨:១៩, ២០​) ប៉ុន្តែ តើ​ការ​ជ្រមុជ​ទឹក​មាន​អត្ថន័យ​អ្វី? ហើយ​តើ​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​អាច​ទទួល​ការ​ជ្រមុជ​ទឹក?

១. តើ​ការ​ជ្រមុជ​ទឹក​មាន​អត្ថន័យ​អ្វី?

ពាក្យ​«​ជ្រមុជ​ទឹក​»​មក​ពី​ពាក្យ​ភាសា​ក្រិច ដែល​មាន​ន័យ​ថា​«​ពន្លិច​»​នៅ​ក្នុង​ទឹក។ ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក លោក​បាន​ត្រូវ​ពន្លិច​នៅ​ក្នុង​ទន្លេ​យ៉ូដាន់ រួច​មក​លោក​ក៏​«​ងើប​ពី​ទឹក​»។ (​ម៉ាកុស ១:​៩, ១០​) ដូច​លោក​យេស៊ូ​ដែរ ពេល​គ្រិស្ត​សាសនិក​ពិត​ណា​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក គឺ​រូប​កាយ​គាត់​ទាំង​មូល​បាន​ត្រូវ​ពន្លិច​នៅ​ក្នុង​ទឹក។

២. តើ​ការ​ជ្រមុជ​ទឹក​បង្ហាញ​យ៉ាង​ណា?

ពេល​អ្នក​ណា​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក គាត់​បង្ហាញ​ថា​គាត់​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ហើយ។ តើ​បុគ្គល​ម្នាក់​ប្រគល់​ខ្លួន​ជូន​ព្រះ​តាម​របៀប​ណា? មុន​ទទួល​ការ​ជ្រមុជ​ទឹក គាត់​ប្រគល់​ខ្លួន​ជូន​ព្រះ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន​ផ្ទាល់​ខ្លួន​មួយ ដោយ​ប្រាប់​ព្រះ​យេហូវ៉ា​ថា​គាត់​ចង់​បម្រើ​លោក​អស់​មួយ​ជីវិត។ គាត់​ថែម​ទាំង​សន្យា​ថា​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ហើយ​ចាត់​ទុក​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។ គាត់​សម្រេច​ចិត្ត​‹ប្រគល់​ខ្លួន​ជូន​ព្រះ រួច​ធ្វើ​តាម›​សេចក្ដី​បង្រៀន​និង​គំរូ​របស់​លោក​យេស៊ូ​ជា​និច្ច។ (​ម៉ាថាយ ១៦:២៤​) ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ជ្រមុជ​ទឹក​អាច​ជួយ​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា និង​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក។

៣. តើ​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​អាច​ទទួល​ការ​ជ្រមុជ​ទឹក?

មុន​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​មាន​ជំនឿ​លើ​លោក។ (​សូម​អាន ហេប្រឺ ១១:៦​) កាល​ដែល​អ្នក​មាន​ចំណេះ​កាន់​តែ​ច្រើន និង​មាន​ជំនឿ​កាន់​តែ​ខ្លាំង នោះ​អ្នក​នឹង​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ រួច​មក អ្នក​ច្បាស់​ជា​ចង់​ផ្សព្វ​ផ្សាយ​អំពី​លោក និង​ចង់​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ (​ធីម៉ូថេ​ទី​២ ៤:២; យ៉ូហាន​ទី​១ ៥:៣​) ពេល​បុគ្គល​ណា​ម្នាក់​មាន​របៀប​រស់​នៅ​«​សម​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ទាំង​ស្រុង​»​ នោះ​គាត់​ទំនង​ជា​ចង់​ប្រគល់​ខ្លួន​ជូន​លោក និង​ទទួល​ការ​ជ្រមុជ​ទឹក។​—កូឡុស ១:​៩, ១០ a

បង្កើន​ចំណេះ

សូម​មើល​ថា​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក និង​របៀប​ដែល​បុគ្គល​ម្នាក់​អាច​ត្រៀម​ខ្លួន​សម្រាប់​ជំហាន​ដ៏​សំខាន់​នេះ។

៤. យើង​អាច​ទាញ​មេ​រៀន​ពី​កំណត់​ហេតុ​អំពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក

សូម​អាន ម៉ាថាយ ៣:១៣​-​១៧ ដើម្បី​រៀន​ព័ត៌មាន​ល្អិត​ល្អន់​អំពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក។ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​ដែល​លោក​ជា​ទារក​ឬ​ទេ?

  • តើ​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក​យ៉ាង​ដូច​ម្ដេច? តើ​លោក​ត្រូវ​គេ​ប្រោះ​ទឹក​ឬ​ចាក់​ទឹក​លើ​ក្បាល​ឬ​ទេ?

ក្រោយ​ពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ភ្លាម លោក​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ពិសេស​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​លោក​ធ្វើ​នៅ​ផែនដី។ សូម​អាន លូកា ៣:២១​-​២៣ និង​យ៉ូហាន ៦:៣៨ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ក្រោយ​ពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ តើ​លោក​បាន​ចាត់​ទុក​កិច្ច​ការ​អ្វី​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក?

៥. ការ​ជ្រមុជ​ទឹក​គឺ​ជា​គោល​ដៅ​ដែល​អ្នក​អាច​ធ្វើ​បាន

លើក​ដំបូង​ដែល​អ្នក​ឮ​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ជ្រមុជ​ទឹក អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ភ័យ​ព្រួយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​អាច​រីក​ចម្រើន​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ស្រួល​អំពី​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​នេះ។ ដើម្បី​មើល​គំរូ​របស់​អ្នក​ខ្លះ​ដែល​បាន​ធ្វើ​ដូច្នោះ សូមលេង​វីដេអូ

សូម​អាន យ៉ូហាន ១៧:៣ និង​យ៉ាកុប ១:៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្វី​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក?

  1. ក. យើង​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ដោយ​អធិដ្ឋាន​ប្រាប់​លោក​ថា​យើង​ចង់​បម្រើ​លោក​អស់​មួយ​ជីវិត

  2. ខ. ពេល​យើង​ទទួល​ការ​ជ្រមុជ​ទឹក យើង​បង្ហាញ​អស់​អ្នក​ដែល​មើល​ថា យើង​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ហើយ

៦. ពេល​ទទួល​ការ​ជ្រមុជ​ទឹក យើង​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា

ពេល​យើង​ទទួល​ការ​ជ្រមុជ​ទឹក យើង​ទៅ​ជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សាមគ្គីភាព​នៅ​ទូទាំង​ពិភព​លោក។ ទោះ​ជា​យើង​មក​ពី​កន្លែង​ណា​ឬ​មាន​មជ្ឈដ្ឋាន​បែប​ណា​ក៏​ដោយ យើង​មាន​ជំនឿ​និង​ខ្នាត​តម្រា​សីលធម៌​ដូច​គ្នា​ក្នុង​ការ​រស់​នៅ។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ២៥:១៤ និង​ពេត្រុស​ទី​១ ២:១៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​បុគ្គល​ណា​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក តើ​នេះ​ជួយ​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​បែប​ណា​ជា​មួយ​ព្រះ និង​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​គោរព​ប្រណិប័តន៍​លោក?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ទេ​»។

  • បើ​អ្នក​មាន​អារម្មណ៍​ដូច្នោះ តើ​អ្នក​គិត​ថា​ការ​ជ្រមុជ​ទឹក​នៅ​តែ​ជា​គោល​ដៅ​ដ៏​ល្អ​ប្រសើរ​ឬ​ទេ?

សេចក្ដី​សង្ខេប

លោក​យេស៊ូ​បង្រៀន​ថា អ្នក​ណា​ដែល​ចង់​ទៅ​ជា​គ្រិស្ត​សាសនិក អ្នក​នោះ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក។ ដើម្បី​សម្រេច​គោល​ដៅ​នេះ បុគ្គល​ម្នាក់​ត្រូវ​មាន​ជំនឿ​រឹង​មាំ​លើ​ព្រះ​យេហូវ៉ា រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក និង​ប្រគល់​ខ្លួន​ជូន​លោក។

រៀន​សា​ឡើង​វិញ

  • តើ​ការ​ជ្រមុជ​ទឹក​មាន​អត្ថន័យ​អ្វី? ហើយ​ហេតុ​អ្វី​នេះ​ជា​ការ​សំខាន់?

  • តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ជ្រមុជ​ទឹក ទាក់​ទង​គ្នា​យ៉ាង​ណា?

  • តើ​មាន​ជំហាន​អ្វី​ខ្លះ​ដែល​នាំ​ទៅ​ដល់​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ជ្រមុជ​ទឹក?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​អំពី​អត្ថន័យ​នៃ​ការ​ជ្រមុជ​ទឹក និង​អ្វី​ដែល​មិន​មែន​ជា​ការ​ជ្រមុជ​ទឹក។

«​តើ​ការ​ជ្រមុជ​ទឹក​ជា​អ្វី?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​មើល​វិធី​ផ្សេង​ៗ​ដែល​បុគ្គល​ម្នាក់​អាច​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

«​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មីនា ឆ្នាំ​២០២០​)

សូម​អាន​អំពី​អ្វី​ដែល​ជំរុញ​ចិត្ត​បុរស​ម្នាក់​ឲ្យ​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក។

«​ពួក​គាត់​ចង់​ឲ្យ​ខ្ញុំ​ស្វែង​យល់​សេចក្ដី​ពិត​ដោយ​ខ្លួន​ឯង​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មេសា–មិថុនា ឆ្នាំ​២០១៣​)

សូម​ពិចារណា​មូលហេតុ​ដែល​ការ​ជ្រមុជ​ទឹក​គឺ​ជា​គោល​ដៅ​ដ៏​ល្អ​ប្រសើរ និង​របៀប​ដែល​អ្នក​អាច​រីក​ចម្រើន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។

«​តើ​ខ្ញុំ​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?​»​ ​(​សំណួរ​ទាំង​ឡាយ​ដែល​យុវជន​សួរ និង​ចម្លើយ​ដែល​មាន​ប្រសិទ្ធភាព ក្បាល​ទី​២ ជំពូក​ទី​៣៧​)

a ទោះ​ជា​បុគ្គល​ម្នាក់​ធ្លាប់​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​សាសនា​ផ្សេង​ក៏​ដោយ គាត់​នៅ​តែ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​ម្ដង​ទៀត។ ហេតុ​អ្វី? ដោយ​សារ​សាសនា​ពី​មុន​មិន​បាន​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​ទេ (​សូម​មើល​សកម្មភាព ១៩:១​-​៥ និង​មេ​រៀន​ទី​១៣​)។