លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២៤

តើទេវតាជាអ្នកណា ហើយមានតួនាទីអ្វី?

តើទេវតាជាអ្នកណា ហើយមានតួនាទីអ្វី?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​រៀន​អំពី​ក្រុម​គ្រួសារ​របស់​លោក​នៅ​ស្ថាន​សួគ៌។ ក្រុម​គ្រួសារ​របស់​លោក​មាន​ទេវតា។ ពួក​គេ​បាន​ត្រូវ​ហៅ​ថា​«​កូន​ព្រះ​»។ (​យ៉ូប ៣៨:៧​) តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ទេវតា? តើ​ទេវតា​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ជីវិត​មនុស្ស? តើ​ទេវតា​ទាំង​អស់​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​ឬ​ទេ?

១. តើ​ទេវតា​ជា​អ្នក​ណា?

ព្រះ​យេហូវ៉ា​បាន​បង្កើត​ទេវតា​មុន​លោក​បង្កើត​ផែនដី។ ដូច​លោក​ដែរ ទេវតា​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ដែល​មនុស្ស​មើល​មិន​ឃើញ។ (​ហេប្រឺ ១:១៤​) មាន​ទេវតា​រាប់​លាន​រូប ហើយ​ទេវតា​ម្នាក់​ៗ​មាន​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា។ (​ការ​បើក​បង្ហាញ ៥:១១​) ពួក​ទេវតា​«​ស្ដាប់​បង្គាប់​និង​ធ្វើ​តាម​ប្រសាសន៍​របស់​[​ព្រះ​យេហូវ៉ា​]​»។ (​ចម្រៀង​សរសើរ​ព្រះ ១០៣:២០​) នៅ​សម័យ​បុរាណ ជួន​កាល​ព្រះ​យេហូវ៉ា​ចាត់​ទេវតា​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​លោក ព្រម​ទាំង​ឲ្យ​ជួយ​គាំទ្រ​និង​សង្គ្រោះ​រាស្ត្រ​របស់​លោក។ នៅ​សព្វ​ថ្ងៃ ទេវតា​ជួយ​ណែនាំ​គ្រិស្ត​សាសនិក​ឲ្យ​ជួប​មនុស្ស​ដែល​ចង់​រៀន​អំពី​ព្រះ។

២. តើ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ជា​អ្នក​ណា?

ទេវតា​ខ្លះ​មិន​បាន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ទេវតា​ដែល​បាន​បះ​បោរ​ប្រឆាំង​ព្រះ​មុន​គេ ​«​ហៅ​ថា​មេ​កំណាច​និង​សាថាន វា​ជា​អ្នក​ដែល​កំពុង​បំភាន់​ពិភព​លោក​ទាំង​មូល​»។ (​ការ​បើក​បង្ហាញ ១២:៩​) សាថាន​ចង់​គ្រប់​គ្រង​លើ​អ្នក​ឯ​ទៀត ដូច្នេះវា​បាន​នាំ​មនុស្ស​ដំបូង​ឲ្យ​បះ​បោរ​ប្រឆាំង​ដែរ។ ក្រោយ​មក វា​បាន​នាំ​ទេវតា​ផ្សេង​ទៀត ឲ្យ​ចូល​រួម​ជា​មួយ​នឹង​វា។ ពួក​ទេវតា​ដែល​បាន​បះ​បោរ​ប្រឆាំង​ព្រះ​ហៅ​ថា ពួក​វិញ្ញាណ​កំណាច។ ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្ថាន​សួគ៌​ឲ្យ​មក​ផែនដី ហើយ​មិន​យូរ​ទៀត ពួក​វា​នឹង​ត្រូវ​បំផ្លាញ​ចោល។​—សូម​អាន ការ​បើក​បង្ហាញ ១២:​៩, ១២

៣. តើ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ព្យាយាម​បំភាន់​មនុស្ស​តាម​រយៈ​អ្វី?

សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បំភាន់​មនុស្ស​ជា​ច្រើន​តាម​រយៈ​អំពើ​ផ្សេង​ៗ ដែល​នាំ​ឲ្យ​ពួក​គេ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ។ ជា​ឧទាហរណ៍ មនុស្ស​ខ្លះ​បាន​ទៅ​រក​ពួក​ហោរាសាស្ត្រ គ្រូ​ទាយ និង​គ្រូ​ធ្មប់​ជា​ដើម។ ឯ​មនុស្ស​ខ្លះ​ទៀត​ខំ​ស្វែង​រក​វិធី​ព្យាបាល​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ។ ចំណែក​មនុស្ស​ខ្លះ​ទៀត​ក៏​បាន​ត្រូវ​បោក​បញ្ឆោត​ឲ្យ​ជឿ​ដែរ​ថា ពួក​គេ​អាច​និយាយ​ជា​មួយ​នឹង​មនុស្ស​ស្លាប់​បាន។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ព្រមាន​យើង​ថា​៖ ​«​កុំ​ទៅ​រក​គ្រូ​ខាប​ឬ​គ្រូ​ទាយ​ឲ្យ​សោះ​»។ (​ច្បាប់​លេវី ១៩:៣១​) លោក​ផ្ដល់​ការ​ព្រមាន​នេះ ដើម្បី​ការ​ពារ​យើង​ពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។ ពួក​វា​ជា​សត្រូវ​របស់​ព្រះ ដូច្នេះ​ពួក​វា​ចង់​ធ្វើ​បាប​យើង។

បង្កើន​ចំណេះ

សូម​រៀន​អំពី​អ្វី​ល្អ​ៗ​ដែល​ពួក​ទេវតា​ធ្វើ និង​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ ព្រម​ទាំង​អំពី​របៀប​ដែល​យើង​អាច​ការ​ពារ​ខ្លួន​ពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។

៤. ទេវតា​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា

ទេវតា​របស់​ព្រះ​មិន​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដោយ​ផ្ទាល់​ទេ។ ផ្ទុយ​ទៅ​វិញ ទេវតា​ប្រហែល​ជា​ជួយ​ណែនាំ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ឲ្យ​ជួប​មនុស្ស​ដែល​ចង់​រៀន​អំពី​លោក។ សូម​អាន ការ​បើក​បង្ហាញ ១៤:​៦, ៧ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​យើង​ត្រូវ​ការ​ជំនួយ​ពី​ទេវតា​ដើម្បី​ផ្សព្វ​ផ្សាយ?

  • ការ​ដែល​អ្នក​ដឹង​ថា​ទេវតា​អាច​ជួយ​ណែនាំ​អ្នក ឲ្យ​ជួប​មនុស្ស​ដែល​ចង់​រៀន​អំពី​គម្ពីរ តើ​នេះ​លើក​ទឹក​ចិត្ត​អ្នក​ឬ​ទេ? ហេតុ​អ្វី?

៥. ចូរ​បដិសេធ​ការ​ទាក់​ទង​ពួក​វិញ្ញាណ​អាក្រក់

សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ជា​សត្រូវ​របស់​ព្រះ​យេហូវ៉ា។ ពួក​វា​ក៏​ជា​សត្រូវ​របស់​យើង​ដែរ។ សូម​អាន លូកា ៩:៣៨​-​៤២ រួច​ពិភាក្សាសំណួរ​នេះ​៖

  • តើ​ពួក​វិញ្ញាណ​កំណាច​ធ្វើ​អ្វី​ខ្លះ​ចំពោះ​មនុស្ស?

យើង​មិន​ចង់​ឲ្យ​ពួក​វិញ្ញាណ​កំណាច​មាន​ឥទ្ធិពល​មក​លើ​ជីវិត​យើង​ទេ។ សូម​អាន ការ​បំភ្លឺ​ច្បាប់ ១៨:១០​-​១២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ពួក​វិញ្ញាណ​កំណាច​ព្យាយាម​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​យើង និង​មាន​ឥទ្ធិពល​មក​លើ​យើង តាម​វិធី​ណា​ខ្លះ? ក្នុង​តំបន់​ដែល​អ្នក​រស់​នៅ តើ​មនុស្ស​ចូល​ចិត្ត​ធ្វើ​អ្វី​ដើម្បី​ទាក់​ទង​ពួក​វិញ្ញាណ?

  • តើ​អ្នក​គិត​ថា​សម​ហេតុ​សម​ផល​ទេ ដែល​ព្រះ​យេហូវ៉ា​ហាម​មិន​ឲ្យ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់? ហេតុ​អ្វី?

លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​គិត​ថា​របស់​ស័ក្ដិ​សិទ្ធិ​ដែល​កូន​ស្រី​ផាឡេសា​ពាក់​មាន​គ្រោះ​ថ្នាក់​ឬ​ទេ? ហេតុ​អ្វី?

  • តើ​ផាឡេសា​បាន​ធ្វើ​អ្វី​ដើម្បី​រួច​ផុត​ពី​ពួក​វិញ្ញាណ​កំណាច?

គ្រិស្ត​សាសនិក​ពិត​តែង​តែ​ប្រឆាំង​នឹង​ពួក​វិញ្ញាណ​កំណាច។ សូម​អាន សកម្មភាព ១៩:១៩ និង​កូរិនថូស​ទី​១ ១០:២១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​បំផ្លាញ​អ្វី​ទាំង​អស់​ដែល​ទាក់​ទង​ជា​មួយ​នឹង​ពួក​វិញ្ញាណ​អាក្រក់?

៦. ចូរ​តស៊ូ​យក​ឈ្នះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច

សាថាន​ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​វិញ្ញាណ​កំណាច។ ចំណែក​មហា​ទេវតា​មីកែល ដែល​ជា​ឈ្មោះ​មួយ​ទៀត​របស់​លោក​យេស៊ូ លោក​ជា​អ្នក​ដឹក​នាំ​បណ្ដា​ទេវតា​ស្មោះ​ត្រង់។ តើ​មីកែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​យ៉ាង​ណា? សូម​អាន ការ​បើក​បង្ហាញ ១២:៧​-​៩ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • យោង​តាម​បទ​គម្ពីរ​នេះ តើ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា ខ្លាំង​ជាង​មីកែល​និង​ពួក​ទេវតា​របស់​លោក​ឬ​ទេ?

  • តើ​អ្នក​គិត​ថា​អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​ភ័យ​ខ្លាច​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ទេ?

អ្នក​អាច​តស៊ូ​យក​ឈ្នះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា។ សូម​អាន យ៉ាកុប ៤:៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្នក​អាច​ការ​ពារ​ខ្លួន​ពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​យ៉ាង​ដូច​ម្ដេច?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ការ​លេង​ហ្គេម​ដែល​មាន​មន្តអាគម ឬ​មើល​រឿង​ខ្មោច គ្មាន​អ្វី​ខុស​ទេ។ វា​គ្រាន់​តែ​ជា​ការ​កម្សាន្ត​អារម្មណ៍​ប៉ុណ្ណោះ​»។

  • ហេតុ​អ្វី​ទស្សនៈ​បែប​នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

សេចក្ដី​សង្ខេប

ពួក​ទេវតា​ស្មោះ​ត្រង់​ជួយ​យើង។ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ជា​សត្រូវ​របស់​ព្រះ។ ពួក​វា​បំភាន់​មនុស្ស​តាម​រយៈ​អំពើ​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​ទាក់​ទង​ពួក​វិញ្ញាណ។

រៀន​សា​ឡើង​វិញ

  • តើ​ទេវតា​របស់​ព្រះ​យេហូវ៉ា​កំពុង​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​លោក​យ៉ាង​ដូច​ម្ដេច?

  • តើ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ជា​អ្នក​ណា?

  • ហេតុ​អ្វី​អ្នក​ចង់​ជៀស​វាង​ពី​អ្វី​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​ជា​មហា​ទេវតា​មីកែល។

«​តើ​មហា​ទេវតា​មីកែល​ជា​អ្នក​ណា?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​មើល​របៀប​ដែល​ស្ត្រី​ម្នាក់​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​ឥទ្ធិពល​របស់​ពួក​វិញ្ញាណ​កំណាច។

«​នាង​បាន​រក​ឃើញ​គោល​បំណង​នៃ​ជីវិត​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៩៣​)

សូម​រៀន​អំពី​វិធី​ដែល​សាថាន​បោក​បញ្ឆោត​មនុស្ស ដោយ​ប្រើ​អំពើ​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​ពួក​គេ​ទាក់​ទង​ពួក​វិញ្ញាណ​អាក្រក់។

«​សេចក្ដី​ពិត​អំពី​វេទមន្ត​និង​អំពើ​អាប​ធ្មប់​»​ ​(​ផ្លូវ​នាំ​ទៅ​ឯ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ផ្នែក​ទី​៥​)