លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២៩

តើមានអ្វីកើតឡើងពេលមនុស្សស្លាប់ទៅ?

តើមានអ្វីកើតឡើងពេលមនុស្សស្លាប់ទៅ?

តើ​អ្នក​ធ្លាប់​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់​ទេ? បើ​អ្នក​ធ្លាប់​មាន នៅ​ក្នុង​ពេល​ដ៏​ឈឺ​ចាប់​នោះ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​មាន​អ្វី​កើត​ឡើង​ពេល​មនុស្ស​ស្លាប់​ទៅ? តើ​យើង​មាន​សង្ឃឹម​ថា​នឹង​ជួប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ម្ដង​ទៀត​ទេ?›។ ក្នុង​មេ​រៀន​នេះ​និង​មេ​រៀន​បន្ទាប់ សូម​ពិចារណា​ចម្លើយ​ពី​គម្ពីរ​ដែល​សម្រាល​ទុក្ខ​យើង។

១. តើ​មនុស្ស​ស្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា?

លោក​យេស៊ូ​បាន​ប្រដូច​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់​ស៊ប់។ ធម្មតា​មនុស្ស​ដែល​ដេក​លក់​ស៊ប់ មិន​ដឹង​អ្វី​ដែល​កើត​ឡើង​នៅ​ជុំ​វិញ​គាត់​ទេ។ តើ​សេចក្ដី​ស្លាប់​ស្រដៀង​នឹង​ការ​ដេក​លក់​យ៉ាង​ដូច​ម្ដេច? ពេល​មនុស្ស​ស្លាប់​ទៅ គាត់​មិន​មាន​អារម្មណ៍​ឈឺ​ចាប់​អ្វី​ទេ ហើយ​ក៏​មិន​ឯកោ​ដែរ ទោះ​ជា​គាត់​ព្រាត់​ពី​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​ជា​ទី​ស្រឡាញ់​ក៏​ដោយ។ គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ទាល់​តែ​សោះ​»។​—សូម​អាន អ្នក​ទូន្មាន ៩:៥

២. ពេល​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់ តើ​នេះ​ជួយ​យើង​យ៉ាង​ណា?

មនុស្ស​ជា​ច្រើន​ខ្លាច​ស្លាប់ ហើយ​ថែម​ទាំង​ខ្លាច​មនុស្ស​ស្លាប់​ទៀត​ផង! ប៉ុន្តែ អ្នក​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​អ្វី​ដែល​គម្ពីរ​ប្រាប់​អំពី​សេចក្ដី​ស្លាប់។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព​»។ (​យ៉ូហាន ៨:៣២​) ផ្ទុយ​ពី​អ្វី​ដែល​សាសនា​ខ្លះ​បាន​អះអាង គម្ពីរ​មិន​បាន​បង្រៀន​ថា​មនុស្ស​មាន​ព្រលឹង​អមតៈ​ដែល​បន្ត​រស់​ក្រោយ​ពី​ស្លាប់​ទេ។ ដូច្នេះ ក្រោយ​ពី​មនុស្ស​ស្លាប់​ទៅ គាត់​មិន​រង​ទុក្ខ​ឡើយ។ ម្យ៉ាង​ទៀត ដោយ​សារ​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ទាល់​តែ​សោះ នោះ​ពួក​គេ​មិន​អាច​ធ្វើ​បាប​យើង​ទេ។ ហេតុ​នេះ យើង​មិន​ចាំ​បាច់​ផ្គាប់​ចិត្ត​ឬ​គោរព​បូជា​ដល់​មនុស្ស​ស្លាប់​ឡើយ ហើយ​យើង​ក៏​មិន​ចាំ​បាច់​បួងសួង​ឲ្យ​ពួក​គេ​ដែរ។

មនុស្ស​ខ្លះ​និយាយ​ថា​ពួក​គេ​អាច​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ស្លាប់​បាន។ ប៉ុន្តែ នេះ​មិន​អាច​ទៅ​រួច​ទេ។ ដូច​ដែល​យើង​បាន​រៀន មនុស្ស​ស្លាប់​«​មិន​ដឹង​អ្វី​ទាល់​តែ​សោះ​»។ អស់​អ្នក​ដែល​គិត​ថា​ខ្លួន​កំពុង​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់ តាម​ពិត​ពួក​គេ​ប្រហែល​ជា​កំពុង​ប្រាស្រ័យ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច​ដែល​ធ្វើ​ពុត​ជា​មនុស្ស​ដែល​បាន​ស្លាប់​នោះ។ ក៏​ប៉ុន្តែ ពេល​យើង​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់ យើង​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ។ នោះ​ជួយ​ការ​ពារ​យើង​ពី​ពួក​វិញ្ញាណ​កំណាច។ ព្រះ​យេហូវ៉ា​ព្រមាន​យើង​អំពី​ការ​ខំ​ព្យាយាម​ទាក់​ទង​នឹងមនុស្ស​ស្លាប់ ដោយ​សារ​លោក​ដឹង​ថា​ការ​ទាក់​ទង​ពួក​វិញ្ញាណ​កំណាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង។​—សូម​អាន ការ​បំភ្លឺ​ច្បាប់ ១៨:១០​-​១២

បង្កើន​ចំណេះ

សូម​រៀន​ថែម​ទៀត​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​សេចក្ដី​ស្លាប់ ហើយ​ក៏​រៀន​ដែរ​អំពី​អ្វី​ដែល​ពង្រឹង​ជំនឿ​របស់​អ្នក​ថា ព្រះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​មិន​ធ្វើ​ទារុណកម្ម​អស់​អ្នក​ដែល​បាន​ស្លាប់​ទេ។

៣. រៀន​អំពី​ស្ថានភាព​ពិត​របស់​មនុស្ស​ស្លាប់

មនុស្ស​នៅ​ជុំ​វិញ​ពិភព​លោក​មាន​ជំនឿ​ខុស​ៗ​គ្នា​អំពី​ស្ថានភាព​មនុស្ស​ស្លាប់។ ប៉ុន្តែ អ្វី​ដែល​ពួក​គេ​ជឿ​មិន​មែន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទេ។

  • នៅ​តំបន់​របស់​អ្នក តើ​មនុស្ស​ទូទៅ​ជឿ​យ៉ាង​ណា​អំពី​ស្ថានភាព​មនុស្ស​ស្លាប់?

ដើម្បី​មើល​អ្វី​ដែល​គម្ពីរ​បង្រៀន សូមលេង​វីដេអូ

សូម​អាន អ្នក​ទូន្មាន ៣:២០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • យោង​តាម​ខ​គម្ពីរ​នេះ តើ​មនុស្ស​ស្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា?

  • តើ​មាន​ព្រលឹង​ឬ​អ្វី​ផ្សេង​ទៀត​បន្ត​រស់ ក្រោយ​ពី​មនុស្ស​ស្លាប់​ឬ​ទេ?

គម្ពីរ​ប្រាប់​អំពី​ការ​ស្លាប់​របស់​ឡាសា​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​យេស៊ូ។ ពេល​អ្នកអាន​យ៉ូហាន ១១:១១​-​១៤ សូម​កត់​សម្គាល់​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ការ​ស្លាប់​របស់​ឡាសា។ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​លោក​យេស៊ូ​បាន​ប្រៀប​ប្រដូច​សេចក្ដី​ស្លាប់​ទៅ​នឹង​អ្វី?

  • តើ​ការ​ប្រៀប​ប្រដូច​នេះ​ប្រាប់​យើង​យ៉ាង​ណា​អំពី​ស្ថានភាព​មនុស្ស​ស្លាប់?

  • តើ​អ្នក​គិត​ថា​អ្វី​ដែល​គម្ពីរ​ចែង​អំពី​សេចក្ដី​ស្លាប់ គឺ​សម​ហេតុ​សម​ផល​ឬ​ទេ?

៤. ការ​ពិត​អំពី​សេចក្ដី​ស្លាប់​ផ្ដល់​ប្រយោជន៍​ដល់​យើង

ពេល​យើង​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់ នោះ​ជួយ​យើង​មិន​ឲ្យ​ខ្លាច​មនុស្ស​ស្លាប់។ សូម​អាន អ្នក​ទូន្មាន ៩:១០ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​មនុស្ស​ស្លាប់​អាច​ធ្វើ​បាប​យើង​ទេ?

សេចក្ដី​ពិត​ក្នុង​គម្ពីរ​ជួយ​ការ​ពារ​យើង​ពី​ជំនឿ​មិន​ពិត​ដែល​ថា យើង​ត្រូវ​ផ្គាប់​ចិត្ត​ឬ​គោរព​បូជា​ដល់​មនុស្ស​ស្លាប់។ សូម​អាន អេសាយ ៨:១៩ និង​ការ​បើក​បង្ហាញ ៤:១១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​គោរព​បូជា​មនុស្ស​ស្លាប់​ឬ​ស្វែង​រក​ជំនួយ​ពី​ពួក​គេ?

ការ​ពិត​អំពី​សេចក្ដី​ស្លាប់​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​ទំនៀម​ទម្លាប់​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត

៥. ការ​ពិត​អំពី​សេចក្ដី​ស្លាប់​សម្រាល​ទុក្ខ​យើង

មនុស្ស​ជា​ច្រើន​ជឿ​ថា បើ​ពួក​គេ​ធ្វើ​អាក្រក់ នោះ​ពេល​ស្លាប់​ទៅ ពួក​គេ​នឹង​រង​ទុក្ខ​វេទនា។ ប៉ុន្តែ យើង​ពិត​ជា​ទទួល​ការ​សម្រាល​ទុក្ខ​មែន ពេល​ដឹង​ថា​គ្មាន​អ្នក​ណា​ម្នាក់​រង​ទុក្ខ​វេទនា​ក្រោយ​ពី​ស្លាប់ ទោះ​ជា​មនុស្ស​ដែល​ស្លាប់​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ សូម​អាន រ៉ូម ៦:៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • គម្ពីរ​ប្រាប់​ថា​ពេល​អ្នក​ណា​ម្នាក់​ស្លាប់ ព្រះ​លែង​ចាត់​ទុក​អ្នក​នោះ​ថា​មាន​កំហុស​ទៀត។ ដូច្នេះ តើ​អ្នក​គិត​ថា​មនុស្ស​ស្លាប់​កំពុង​រង​ទុក្ខ​វេទនា​ដោយ​សារ​កំហុស​ពី​មុន​របស់​ខ្លួន​ឬ​ទេ?

ពេល​យើង​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់ នោះ​យើង​កាន់​តែ​ជឿ​ជាក់​ថា លោក​គ្មាន​ថ្ងៃ​ធ្វើ​ទារុណកម្ម​មនុស្ស​ស្លាប់​ឡើយ។ សូម​អាន ការ​បំភ្លឺ​ច្បាប់ ៣២:៤ និង​យ៉ូហាន​ទី​១ ៤:៨ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ខ​គម្ពីរ​ទាំង​នេះ​បាន​លើក​ឡើង​អំពី​គុណ​សម្បត្តិ​ជា​ច្រើន​របស់​ព្រះ តើ​ព្រះ​ដែល​មាន​គុណ​សម្បត្តិ​ទាំង​នេះ​អាច​ធ្វើ​ទារុណកម្ម​មនុស្ស​ស្លាប់​ឬ​ទេ?

  • ពេល​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់ តើ​នេះ​សម្រាល​ទុក្ខ​អ្នក​ទេ? ហេតុ​អ្វី?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​ខ្លាច​ថា ពេល​ខ្ញុំ​ស្លាប់​ទៅ ខ្ញុំ​នឹង​រង​ទុក្ខ​វេទនា​»។

  • ក្នុង​ករណី​នេះ តើ​អ្នក​ចង់​ប្រាប់​ខ​គម្ពីរ​មួយ​ណា?

សេចក្ដី​សង្ខេប

ពេល​អ្នក​ណា​ម្នាក់​ស្លាប់ គាត់​លែង​ដឹង​អ្វី​ទាំង​អស់។ មនុស្ស​ស្លាប់​មិន​រង​ទុក្ខ​វេទនា ហើយ​ក៏​មិន​អាច​ធ្វើ​បាប​មនុស្ស​ដែល​នៅ​រស់​ដែរ។

រៀន​សា​ឡើង​វិញ

  • តើ​មាន​អ្វី​កើត​ឡើង​ពេល​មនុស្ស​ស្លាប់​ទៅ?

  • ពេល​យើង​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់ តើ​នោះ​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​យើង?

  • ពេល​យើង​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់ ហេតុ​អ្វី​នោះ​សម្រាល​ទុក្ខ​យើង?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​ស្វែង​យល់​ថា តើ​ព្រះ​ប្រើ​ស្ថាន​នរក​ដើម្បី​ដាក់​ទោស​មនុស្ស​អាក្រក់​ឬ​ទេ?

តើ​ពិត​ជា​មាន​ស្ថាន​នរក​ទេ? ​(​៣:០៧​)

សូម​ពិចារណា​អំពី​របៀប​ដែល​បុរស​ម្នាក់​បាន​ទទួល​ការ​សម្រាល​ទុក្ខ ពេល​គាត់​បាន​រៀន​សេចក្ដី​ពិត​អំពី​ស្ថានភាព​មនុស្ស​ស្លាប់។

«​ខ្ញុំ​បាន​កោត​ស្ងើច​ចំពោះ​ចម្លើយ​ដែល​ច្បាស់​និង​សម​ហេតុ​ផល​ពី​គម្ពីរ​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មេសា–មិថុនា ឆ្នាំ​២០១៨​)