លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣០

មនុស្សជាទីស្រឡាញ់របស់អ្នកអាចរស់ឡើងវិញ!

មនុស្សជាទីស្រឡាញ់របស់អ្នកអាចរស់ឡើងវិញ!

ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ស្លាប់ នោះ​ធ្វើ​ឲ្យ​យើង​កើត​ទុក្ខ​និង​ឈឺ​ចាប់​ខ្លាំង​ណាស់។ នេះ​ជា​មូលហេតុ​ដែល​គម្ពីរ​ហៅ​សេចក្ដី​ស្លាប់​ថា សត្រូវ។ (​កូរិនថូស​ទី​១ ១៥:២៦​) នៅ​ក្នុង​មេ​រៀន​ទី​២៧ អ្នក​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​សត្រូវ​នោះ​ចោល។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​មនុស្ស​ដែល​បាន​ស្លាប់​ហើយ? ក្នុង​មេ​រៀន​នេះ អ្នក​នឹង​រៀន​អំពី​សេចក្ដី​សន្យា​មួយ​ទៀត​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​លោក​នឹង​ប្រោស​មនុស្ស​រាប់​ពាន់​លាន​នាក់​ឲ្យ​រស់​ឡើង​វិញ! ហើយ​ឲ្យ​ពួក​គេ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ តើ​នោះ​ពិត​ជា​អាច​កើត​ឡើង​ឬ​ទេ? តើ​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ ឬ​នៅ​ផែនដី?

១. តើ​ព្រះ​យេហូវ៉ា​មាន​គោល​បំណង​អ្វី​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​ទៅ?

ព្រះ​យេហូវ៉ា​ទន្ទឹង​រង់​ចាំ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ជា​ឧទាហរណ៍ បុរស​ម្នាក់​ឈ្មោះ​យ៉ូប​ដែល​មាន​ជំនឿ​លើ​ព្រះ គាត់​បាន​ជឿ​ជាក់​ថា​ព្រះ​នឹង​មិន​ភ្លេច​គាត់​ឡើយ ពេល​គាត់​ស្លាប់​ទៅ។ គាត់​បាន​និយាយ​ទៅ​កាន់​ព្រះ​ថា​៖ ​«​លោក​នឹង​ហៅ ហើយ​ខ្ញុំ​នឹង​ឆ្លើយ​តប​[​ពី​ក្នុង​ផ្នូរ​]​»។​—សូម​អាន យ៉ូប ១៤:១៣​-​១៥

២. តើ​តាម​របៀប​ណា​យើង​ដឹង​ថា​មនុស្ស​ស្លាប់​អាច​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

ពេល​លោក​យេស៊ូ​នៅ​ផែនដី ព្រះ​បាន​ឲ្យ​ឫទ្ធានុភាព​ដល់​លោក​ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ លោក​យេស៊ូ​បាន​ប្រោស​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ និង​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ។ (​ម៉ាកុស ៥:៤១, ៤២; លូកា ៧:១២​-​១៥​) នៅ​ពេល​ក្រោយ​មក ឡាសា​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ​បាន​ស្លាប់។ ប៉ុន្តែ ទោះ​ជា​ឡាសា​បាន​ត្រូវ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​អស់​បួន​ថ្ងៃ​ក៏​ដោយ លោក​យេស៊ូ​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ។ មុន​លោក​យេស៊ូ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ លោក​បាន​អធិដ្ឋាន​ទៅ​ព្រះ រួច​ក៏​បន្លឺ​សំឡេង​ទៅ​កាន់​ផ្នូរ​ថា​៖ ​«​ឡាសា! ចូរ​ចេញ​មក!​»​ ហើយ​«​បុរស​ដែល​ស្លាប់​នោះ​បាន​ចេញ​មក​»​ គឺ​គាត់​បាន​រស់​ឡើង​វិញ! (​យ៉ូហាន ១១:៤៣, ៤៤​) សូម​គិត​ទៅ​មើល​ថា តើ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​របស់​ឡាសា​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា​ទៅ!

៣. តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់?

គម្ពីរ​សន្យា​ថា មនុស្ស​ស្លាប់​«​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​សកម្មភាព ២៤:១៥​) អស់​អ្នក​ដែល​លោក​យេស៊ូ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​អតីតកាល មិន​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​នៅ​ពេល​នោះ​ទេ។ (​យ៉ូហាន ៣:១៣​) ពួក​គេ​សប្បាយ​ចិត្ត​ដែល​រស់​ឡើង​វិញ​នៅ​ផែនដី។ ស្រដៀង​គ្នា​ដែរ មិន​យូរ​ទៀត​លោក​យេស៊ូ​នឹង​ប្រោស​មនុស្ស​រាប់​ពាន់​លាន​នាក់​ឲ្យ​រស់​ឡើង​វិញ ហើយ​ឲ្យ​ពួក​គេ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​«​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក​»​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ការ​ចង​ចាំ​របស់​ព្រះ ទោះ​ជា​អ្នក​ឯ​ទៀត​ប្រហែល​ជា​ភ្លេច​ពួក​គេ​ក៏​ដោយ។​—យ៉ូហាន ៥:២៨, ២៩

បង្កើន​ចំណេះ

សូម​រៀន​ពី​គម្ពីរ​អំពី​មូលហេតុ​ដែល​យើង​អាច​ជឿ​ជាក់​ថា លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​ថា​លោក​នឹង​ធ្វើ​ដូច្នោះ​មែន។ សូម​ពិនិត្យ​មើល​ថា តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អាច​សម្រាល​ទុក្ខ​និង​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​អ្នក​យ៉ាង​ដូច​ម្ដេច?

៤. លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​មាន​សមត្ថភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ

សូម​រៀន​ថែម​ទៀត​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ចំពោះ​ឡាសា​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក។ សូម​អាន យ៉ូហាន ១១:១៤, ៣៨​-​៤៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ឡាសា​ពិត​ជា​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន? (​សូម​មើល​ខ​៣៩​)

  • ក្រោយ​ពី​ឡាសា​ស្លាប់ បើ​គាត់​នៅ​ស្ថាន​សួគ៌ តើ​លោក​យេស៊ូ​ចាំ​បាច់​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី​ទេ?

លេង​វីដេអូ។

៥. មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ប្រោសឲ្យ​រស់​ឡើង​វិញ!

សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៧:២៩ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​មនុស្ស​រាប់​ពាន់​លាន​នាក់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​ពួក​គេ​នឹង​រស់​នៅ​ឯ​ណា?

លោក​យេស៊ូ​មិន​គ្រាន់​តែ​ប្រោស​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​នឹង​ប្រោស​មនុស្ស​ជា​ច្រើន​ទៀត​ឲ្យ​រស់​ឡើង​វិញ​ដែរ។ សូម​អាន សកម្មភាព ២៤:១៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​អ្នក​ចង់​ជួប​អ្នក​ណា​ខ្លះ?

សូម​គិត​អំពី​ចំណុច​នេះ: លោក​យេស៊ូ​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​យ៉ាង​ងាយ​ស្រួល ដូច​ឪពុក​ដាស់​កូន​ឲ្យ​ភ្ញាក់​ពី​គេង​ដែរ

៦. ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម​ដល់​អ្នក

កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​កូន​ស្រី​របស់​យ៉ែរ៉ូស បាន​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើន​ដែល​សោកសង្រេង។ សូម​អាន​រឿង​ពិត​នោះ​ក្នុង​លូកា ៨:៤០​-​៤២, ៤៩​-​៥៦

មុន​លោក​យេស៊ូ​ប្រោស​កូន​ស្រី​របស់​យ៉ែរ៉ូស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ប្រាប់​ឪពុក​នាង​ថា​៖ ​«​កុំ​ខ្លាច​ឡើយ គ្រាន់​តែ​មាន​ជំនឿ​ប៉ុណ្ណោះ​»។ (​សូម​មើល​ខ​៥០​) តើ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច . . .

  • ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់?

  • ពេល​ជីវិត​អ្នក​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់?

លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​តាម​របៀប​ណា​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​ឪពុក​ម្ដាយ​របស់​ហ្វឺលីស៊ីធី?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​ពិបាក​ជឿ​ណាស់​»។

  • តើ​អ្នក​គិត​យ៉ាង​ណា?

  • តើ​ខ​គម្ពីរ​មួយ​ណា​ដែល​អ្នក​ចង់​ប្រើ​ដើម្បី​បង្ហាញ​ថា​មនុស្ស​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន​នៅ​ថ្ងៃ​មុខ?

សេចក្ដី​សង្ខេប

គម្ពីរ​សន្យា​ថា​មនុស្ស​រាប់​ពាន់​លាន​នាក់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​រស់​ម្ដង​ទៀត ហើយ​លោក​បាន​ឲ្យ​ឫទ្ធានុភាព​ដល់​លោក​យេស៊ូ​ដើម្បី​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ។

រៀន​សា​ឡើង​វិញ

  • តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ?

  • ពេល​មនុស្ស​រាប់​ពាន់​លាន​នាក់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​ពួក​គេ​នឹង​រស់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី? ហេតុ​អ្វី​អ្នក​និយាយ​ដូច្នេះ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​មនុស្ស​ជា​ទី​ស្រឡាញ់​នឹង​រស់​ឡើង​វិញ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​អំពី​វិធី​ល្អ​ៗ​ដែល​អាច​ជួយ​អ្នក​ឲ្យ​រសាយ​ទុក្ខ។

«​ជំនួយ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ​»​ ​(​ទស្សនាវដ្ដី​ភ្ញាក់​រឭក! លេខ​៣ ឆ្នាំ​២០១៨​)

តើ​គោល​ការណ៍​ក្នុង​គម្ពីរ​ពិត​ជា​អាច​ជួយ​អ្នក​ដែល​កើត​ទុក្ខ​ឬ​ទេ?

ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ (៥:០៦)

ពេល​កូន​ក្មេង​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ តើ​ពួក​គេ​អាច​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច?

ថ្លៃ​លោះ (២:០៧)

តើ​អ្នក​ណា​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌? តើ​អ្នក​ណា​ខ្លះ​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

«​តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មាន​ន័យ​យ៉ាង​ណា?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)