លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣៥

របៀបធ្វើការសម្រេចចិត្តល្អ

របៀបធ្វើការសម្រេចចិត្តល្អ

យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​ផ្សេង​ៗ​ក្នុង​ជីវិត។ ការសម្រេច​ចិត្ត​ជា​ច្រើន​អាច​ជះ​ឥទ្ធិពល​ល្អ​ឬ​អាក្រក់​មក​លើ​យើង និង​មក​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ត្រូវ​សម្រេច​ចិត្ត​អំពី​កន្លែង​រស់​នៅ អំពី​ការ​ងារ ឬ​អំពី​ការ​រៀប​ការ​ជា​ដើម។ ពេល​យើង​សម្រេច​ចិត្ត​ល្អ យើង​អាច​មាន​ជីវិត​ដ៏​សប្បាយ និង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

១. តើ​អ្នក​អាច​ប្រើ​គម្ពីរ​ដើម្បី​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​ល្អ​យ៉ាង​ដូច​ម្ដេច?

មុន​ពេល​សម្រេច​ចិត្ត​អំពី​រឿង​ណា​មួយ សូម​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​ពិចារណា​មើល​បទ​គម្ពីរ​ដើម្បី​ដឹង​ទស្សនៈ​របស់​លោក​អំពី​រឿង​នោះ។ (​សូម​អាន សុភាសិត ២:៣​-​៦​) ក្នុង​រឿង​ខ្លះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​បង្គាប់​ច្បាស់​លាស់។ បើ​មាន​បង្គាប់​ច្បាស់​លាស់ ការសម្រេច​ចិត្ត​ធ្វើ​តាម​បង្គាប់ គឺ​ជា​ជម្រើស​ល្អ​បំផុត។

ចុះ​យ៉ាង​ណា​បើ​ក្នុង​គម្ពីរ​គ្មាន​បង្គាប់​ច្បាស់​លាស់? ព្រះ​យេហូវ៉ា​នៅ​តែ​ជួយ​ណែនាំ​អ្នក​ឲ្យ​«​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ​»។ (​អេសាយ ៤៨:១៧​) តើ​តាម​របៀប​ណា? មាន​គោល​ការណ៍​ផ្សេង​ៗ​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​ណែនាំ​អ្នក។ គោល​ការណ៍​គម្ពីរ​គឺ​ជា​សេចក្ដី​បង្រៀន​ដែល​ប្រាប់​អំពី​ទស្សនៈ​និង​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា។ ពេល​យើង​អាន​កំណត់​ហេតុ​ណា​មួយ​ក្នុង​គម្ពីរ ជា​ញឹក​ញយ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​រឿង​នោះ។ ពេល​យើង​ដឹង​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា យើង​អាច​ធ្វើ​ការសម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​លោ​ក​ពេញ​ចិត្ត។

២. មុន​សម្រេច​ចិត្ត តើ​អ្នក​គួរ​ពិចារណា​អំពី​កត្តា​អ្វី​ខ្លះ?

គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ឈ្លាស​វៃ​រមែង​គិត​ពិចារណា​ជា​មុន​សិន​»។ (​សុភាសិត ១៤:១៥​) នេះ​មាន​ន័យ​ថា មុន​យើង​សម្រេច​ចិត្ត​អំពី​រឿង​ណា​មួយ យើង​គួរ​ចំណាយ​ពេល​គិត​ពិចារណា​អំពី​រឿង​នោះ​ជា​មុន​សិន។ ពេល​អ្នក​ថ្លឹង​ថ្លែង​អំពី​ជម្រើស​នីមួយ​ៗ សូម​សួរ​ខ្លួន​អ្នក​ថា​៖ ‹តើ​គោល​ការណ៍​គម្ពីរ​អ្វី​ខ្លះ​ដែល​ទាក់​ទង​នឹង​រឿង​នេះ? តើ​ជម្រើស​មួយ​ណា​នឹង​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត? តើ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត? សំខាន់​បំផុត តើ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីករាយ​ឬ​ទេ?›។​—ការ​បំភ្លឺ​ច្បាប់ ៣២:២៩

ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ប្រាប់​យើង​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ ពេល​យើង​ស្គាល់​ច្បាប់​និង​គោល​ការណ៍​របស់​លោក​ច្បាស់ ហើយ​តាំង​ចិត្ត​ធ្វើ​តាម នោះ​យើង​កំពុង​បង្វឹក​បង្ហាត់​ខ្លួន​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​ល្អ។ សមត្ថភាព​វិនិច្ឆ័យ​គឺ​ជា​ការ​ដឹង​ក្នុង​ខ្លួន​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​រ៉ូម ២:១៤, ១៥​) ពេល​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​បាន​ត្រូវ​បង្វឹក​បង្ហាត់​ហើយ នោះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ល្អ។

បង្កើន​ចំណេះ

សូម​រៀន​អំពី​របៀប​ដែល​គោល​ការណ៍​គម្ពីរ​និង​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង ជួយ​យើង​ឲ្យ​ចេះ​ធ្វើ​ការសម្រេច​ចិត្ត។

៣. ចូរ​ឲ្យ​គម្ពីរ​ជួយ​ណែនាំ​អ្នក

ពេល​យើង​ធ្វើ​ការសម្រេច​ចិត្ត តើ​គោល​ការណ៍​គម្ពីរ​ជួយ​ណែនាំ​យើង​យ៉ាង​ដូច​ម្ដេច? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ចិត្ត​សេរី​គឺ​ជា​អ្វី?

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ឲ្យ​យើង​មាន​ចិត្ត​សេរី?

  • តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ខ្លះ​ដើម្បី​ជួយ​យើង​ឲ្យ​ចេះ​ធ្វើ​ការសម្រេច​ចិត្ត​ល្អ​បំផុត?

សូម​អាន អេភេសូរ ៥:១៥, ១៦ ដើម្បី​មើល​គោល​ការណ៍​មួយ​ពី​គម្ពីរ។ រួច​ពិគ្រោះ​អំពី​របៀប​ដែល​អ្នក​អាច​«​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»​ ដើម្បី . . .

  • អាន​គម្ពីរ​ជា​ទៀង​ទាត់។

  • ទៅ​ជា​គូ​អាពាហ៍ពិពាហ៍​ល្អ​ជាង ឪពុក​ម្ដាយ​ល្អ​ជាង ឬ​កូន​ល្អ​ជាង។

  • ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។

៤. ចូរ​បង្វឹក​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត​ល្អ

ពេល​មាន​បង្គាប់​ច្បាស់​លាស់​ក្នុង​គម្ពីរ​អំពី​រឿង​ណា​មួយ នោះ​ស្រួល​ឲ្យ​យើង​សម្រេច​ចិត្ត​ត្រឹម​ត្រូវ។ ចុះ​បើ​គ្មាន? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​ស្ត្រី​នេះ​បាន​ធ្វើ​តាម​ជំហាន​អ្វី​ខ្លះ​ដើម្បី​បង្វឹក​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​និង​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

ហេតុ​អ្វី​យើង​មិន​គួរ​សុំ​អ្នក​ឯ​ទៀត​ឲ្យ​សម្រេច​ចិត្ត​ជំនួស​យើង? សូម​អាន ហេប្រឺ ៥:១៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តាម​មើល​ទៅ​ស្រួល​ជាង​បើ​សុំ​អ្នក​ឯ​ទៀត​ឲ្យ​សម្រេច​ចិត្ត​ជំនួស​យើង។ ប៉ុន្តែ តាម​ខ​គម្ពីរ​នេះ តើ​យើង​គួរ​ចេះ​សម្គាល់​អ្វី​ដោយ​ខ្លួន​ឯង?

  • តើ​មាន​អ្វី​ខ្លះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​លត់​ដំ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក ហើយ​ចេះ​ធ្វើ​ការសម្រេច​ចិត្ត​ល្អ?

សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ប្រៀប​ដូច​ជា​ផែន​ទី​មួយ ដែល​ជួយ​យើង​ឲ្យ​សម្រេច​ចិត្ត​ថា​គួរ​ទៅ​ផ្លូវ​ណា

៥. ចូរ​គោរព​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត

មនុស្ស​ម្នាក់​ៗ​នឹង​សម្រេច​ចិត្ត​ខុស​ៗ​គ្នា។ ដូច្នេះ តើ​យើង​អាច​គោរព​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ស្ថានភាព​ពីរ​៖

ស្ថានភាព​ទី​១: បង​ស្រី​ម្នាក់​ដែល​ចូល​ចិត្ត​ផាត់​មុខ បាន​ដូរ​ទៅ​បម្រើ​នៅ​ក្រុម​ជំនុំ​មួយ​ដែល​មាន​បង​ស្រី​ជា​ច្រើន​មិន​ចូល​ចិត្ត​អ្នក​ណា​ដែល​ផាត់​មុខ​ទេ។

សូម​អាន រ៉ូម ១៥:១ និង​កូរិនថូស​ទី​១ ១០:២៣, ២៤ រួច​ពិភាក្សា​សំណួរ​ទាំង​នេះ​៖

  • យោង​តាម​ខ​គម្ពីរ​ទាំង​នេះ តើ​បង​ស្រី​នោះ​ប្រហែល​ជា​នឹង​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា? ពេល​អ្នក​នៅ​ជា​មួយ​នឹង​បង​ប្អូន​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខុស​ពី​អ្នក តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

ស្ថានភាព​ទី​២: បង​ប្រុស​ម្នាក់​ដឹង​ថា គម្ពីរ​មិន​ផ្ដន្ទា​ទោស​ការ​ពិសា​ស្រា​ទេ តែ​គាត់​សម្រេច​ចិត្ត​មិន​ពិសា​ស្រា​ទាល់​តែ​សោះ។ ថ្ងៃ​មួយ បង​ប្អូន​បាន​អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​បរិភោគ​អាហារ​ល្ងាច​ជា​មួយ​គ្នា ហើយ​គាត់​បាន​ឃើញ​បង​ប្អូន​ខ្លះ​ពិសា​ស្រា។

សូម​អាន អ្នក​ទូន្មាន ៧:១៦ និង​រ៉ូម ១៤:​១, ១០ រួច​ពិភាក្សា​សំណួរ​ទាំង​នេះ​៖

  • យោង​តាម​ខ​គម្ពីរ​ទាំង​នេះ តើ​បង​ប្រុស​នោះ​ប្រហែល​ជា​នឹង​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា? ពេល​អ្នក​ឃើញ​បង​ប្អូន​ធ្វើ​អ្វី​ដែល​ខុស​ពី​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

 តើ​មាន​ជំហាន​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​សម្រេច​ចិត្ត​ល្អ?

១. សុំ​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​ឲ្យ​ចេះ​សម្រេច​ចិត្ត។​—យ៉ាកុប ១:៥

២. ស្រាវ​ជ្រាវ​ក្នុង​គម្ពីរ​និង​ក្នុង​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដើម្បី​ស្វែង​រក​គោល​ការណ៍​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​រឿង​នោះ។ អ្នក​ក៏​អាច​ពិភាក្សា​ជា​មួយ​នឹង​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​ដែរ។

៣. ពិចារណា​អំពី​លទ្ធផល​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​របស់​អ្នក​ថា​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក និង​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត។

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​អ្នក​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​អ្នក​ចង់​ធ្វើ។ មិន​ចាំ​បាច់​ខ្វល់​ពី​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​ទេ​»។

  • ហេតុ​អ្វី​យើង​គួរ​គិត​អំពី​អារម្មណ៍​របស់​ព្រះ​និង​អារម្មណ៍​របស់​អ្នក​ឯ​ទៀត?

សេចក្ដី​សង្ខេប

យើង​អាច​សម្រេច​ចិត្ត​ល្អ​អំពី​រឿង​ណា​មួយ ក្រោយ​ពី​យើង​បាន​ស្វែង​យល់​ទស្សនៈ​និង​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​អំពី​រឿង​នោះ និង​ក្រោយ​ពី​យើង​បាន​ពិចារណា​ថា តើ​ការ​ប្រព្រឹត្ត​របស់​យើង​នឹង​ជះ​ឥទ្ធិពល​ល្អ​ឬ​អាក្រក់​ទៅ​លើ​អ្នក​ឯ​ទៀត?

រៀន​សា​ឡើង​វិញ

  • តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ការសម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

  • តើ​អ្នក​អាច​បង្វឹក​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​តាម​របៀប​ណា?

  • តើ​អ្នក​អាច​គោរព​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ការសម្រេច​ចិត្ត​ដែល​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ?

«​ចូរ​ធ្វើ​ការសម្រេច​ចិត្ត​ដែល​លើក​កិត្តិយស​ព្រះ​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១​)

សូម​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​យោបល់​យើង។

ព្រះ​យេហូវ៉ា​ជួយ​ណែនាំ​រាស្ត្រ​របស់​លោក (៩:៥០)

សូម​មើល​ថា តើ​កត្តា​អ្វី​ខ្លះ​បាន​ជួយ​បុរស​ម្នាក់​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ពិបាក​មួយ?

ព្រះ​យេហូវ៉ា​ធានា​ថា​អ្វី​ទាំង​អស់​សុទ្ធ​តែ​ល្អ (៥:៤៦)

សូម​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ទោះ​ជា​លោ​ក​មិន​បាន​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់​អំពី​រឿង​ខ្លះ​ក៏​ដោយ។

«​តើ​អ្នក​តែង​តែ​ត្រូវ​ការ​ច្បាប់​ពី​ព្រះ​គម្ពីរ​ឬ?​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០០៤​)