លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣៩

តើព្រះមានទស្សនៈយ៉ាងណាអំពីឈាម?

តើព្រះមានទស្សនៈយ៉ាងណាអំពីឈាម?

ឈាម​គឺ​សំខាន់​ខ្លាំង​ណាស់ បើ​គ្មាន​ឈាម​យើង​ទាំង​អស់​គ្នា​មិន​អាច​រស់​បាន​ទេ។ ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង មាន​សិទ្ធិ​ប្រាប់​យើង​ថា​គួរ​ប្រើ​ឈាម​តាម​របៀប​ណា។ តើ​លោ​ក​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ឈាម? តើ​យើង​អាច​បរិភោគ​ឈាម​ឬ​ចាក់​បញ្ចូល​ឈាម​បាន​ទេ? ស្ដី​អំពី​រឿង​នេះ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​ចិត្ត​ត្រឹម​ត្រូវ?

១. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ឈាម?

នៅ​សម័យ​គម្ពីរ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​គោរព​ប្រណិប័តន៍​លោក​ថា​៖ ​«​ជីវិត​ទាំង​ឡាយ​គឺ​នៅ​ក្នុង​ឈាម​»។ (​ច្បាប់​លេវី ១៧:១៤​) ចំពោះ​ព្រះ​យេហូវ៉ា ឈាម​គឺ​តំណាង​ជីវិត។ ជីវិត​គឺ​ពិសិដ្ឋ និង​ជា​អំណោយ​ដ៏​វិសេស​ពី​ព្រះ ដូច្នេះ​ឈាម​ក៏​ពិសិដ្ឋ​ដែរ។

២. តើ​ព្រះ​ហាម​មិន​ឲ្យ​ប្រើ​ឈាម​ក្នុង​រឿង​អ្វី​ខ្លះ?

មុន​មាន​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ព្រះ​យេហូវ៉ា​បាន​បង្គាប់​អ្នក​គោរព​ប្រណិប័តន៍​លោ​ក​មិន​ឲ្យ​បរិភោគ​ឈាម។ (​សូម​អាន ដើម​កំណើត ៩:៤ និង​ច្បាប់​លេវី ១៧:១០​) ក្រោយ​ពី​មាន​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ព្រះ​យេហូវ៉ា​បាន​ឲ្យ​បង្គាប់​នោះ​ម្ដង​ទៀត។ ហេតុ​នេះ គណៈ​អភិបាល​បាន​ផ្ដល់​ការ​ណែនាំ​ដល់​គ្រិស្ត​សាសនិក​ថា​៖ ​«​ចូរ​ជៀស​វាង​ជា​ដាច់​ខាត . . . ពី​ឈាម​»។—សូម​អាន សកម្មភាព ១៥:២៨, ២៩

តើ​ការ​ជៀស​វាង​ពី​ឈាម​មាន​ន័យ​យ៉ាង​ណា? ជា​ឧទាហរណ៍ បើ​គ្រូ​ពេទ្យ​ប្រាប់​អ្នក​ឲ្យ​ជៀស​វាង​ពី​ស្រា នោះ​អ្នក​ច្បាស់​ជា​មិន​ពិសា​ស្រា​ទេ។ ប៉ុន្តែ តើ​អ្នក​នឹង​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស្រា ឬ​ចាក់​បញ្ចូល​ស្រា​តាម​សរសៃ​របស់​អ្នក​ទេ? ច្បាស់​ជា​មិន​ធ្វើ​ដូច្នោះ​ទេ។ ស្រដៀង​គ្នា​ដែរ បង្គាប់​របស់​ព្រះ​ដែល​ឲ្យ​ជៀស​វាង​ពី​ឈាម​មាន​ន័យ​ថា យើង​មិន​គួរ​បរិភោគ​ឈាម​ឬ​បរិភោគ​សាច់​សត្វ​ដែល​មិន​ទាន់​សម្រក់​ឈាម​ទេ ហើយ​យើង​ក៏​មិន​គួរ​បរិភោគ​អាហារ​ដែល​មាន​ដាក់​ឈាម​ដែរ។

ចុះ​យ៉ាង​ណា​ការ​ប្រើ​ឈាម​ក្នុង​វេជ្ជសាស្ត្រ? វិធី​ព្យាបាល​ខ្លះ​គឺ​ខុស​ច្បាប់​របស់​ព្រះ​តែ​ម្ដង។ វិធី​ព្យាបាល​ទាំង​នេះ​រួម​មាន​ការ​ចាក់​បញ្ចូល​ឈាម​សុទ្ធ ឬ​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម ពោល​គឺ​គោលិកា​ក្រហម គោលិកា​ស ប្លាកែត និង​ប្លាស្មា។ វិធី​ព្យាបាល​ខ្លះ​ទៀត​ប្រហែល​ជា​មិន​ខុស​ច្បាប់​របស់​ព្រះ​ចំ​ៗ​ទេ។ ជា​ឧទាហរណ៍ វិធី​ព្យាបាល​ខ្លះ​រួម​បញ្ចូល​ការ​ប្រើ​ធាតុ​ចម្រាញ់​ណា​មួយ​នៃ​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម។ ចំណែក​ឯ​វិធី​ព្យាបាល​ផ្សេង​ទៀត គឺ​រួម​បញ្ចូល​ការ​ប្រើ​ឈាម​របស់​បុគ្គល​នោះ​ផ្ទាល់។ ពេល​ពិចារណា​អំពី​វិធី​ព្យាបាល​ទាំង​នេះ យើង​ម្នាក់​ៗ​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ aកាឡាទី ៦:៥

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ការសម្រេច​ចិត្ត​ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ឈាម។

៣. ចូរ​ធ្វើ​ការសម្រេច​ចិត្ត​អំពី​វិធី​ព្យាបាល​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត

តើ​តាម​របៀប​ណា​អ្នក​អាច​ជ្រើស​រើស​វិធី​ព្យាបាល​ដែល​ស្រប​តាម​ទស្សនៈ​របស់​ព្រះ? លេង​វីដេអូ រួច​ពិភាក្សា​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​តាម​ជំហាន​ដូច​ត​ទៅ​៖

  • អធិដ្ឋាន​សុំ​ប្រាជ្ញា។—យ៉ាកុប ១:៥

  • ស្រាវ​ជ្រាវ​គោល​ការណ៍​ក្នុង​គម្ពីរ និង​របៀប​អនុវត្ត។—សុភាសិត ១៣:១៦

  • ស្វែង​យល់​អំពី​វិធី​ព្យាបាល​ក្នុង​តំបន់​របស់​អ្នក។

  • កត់​សម្គាល់​វិធី​ព្យាបាល​ដែល​អ្នក​មិន​ព្រម​ទទួល។

  • ត្រូវ​ប្រាកដ​ថា​ការសម្រេច​ចិត្ត​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។​—សកម្មភាព ២៤:១៦ b

  • ក្នុង​រឿង​ដែល​ទាក់​ទង​នឹង​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក គ្មាន​អ្នក​ណា​ម្នាក់​គួរ​ប្រាប់​អ្នក​ថា​ត្រូវ​សម្រេច​ចិត្ត​បែប​ណា​ទេ សូម្បី​តែ​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក អ្នក​ចាស់​ទុំ ឬ​អ្នក​បង្រៀន​គម្ពីរ។​—រ៉ូម ១៤:១២

  • កត់​ទុក​ការសម្រេច​ចិត្ត​របស់​អ្នក។

៤. សាក្សី​ព្រះ​យេហូវ៉ា​ស្វែង​រក​វិធី​ព្យាបាល​ល្អ

ស្ដី​អំពី​ឈាម សូម​អ្នក​ជឿ​ជាក់​ថា​អ្នក​អាច​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​បាន ហើយ​អ្នក​អាច​រក​បាន​ការ​ព្យាបាល​ល្អ​ដែល​មិន​ប្រើ​ឈាម។ លេង​វីដេអូ

សូម​អាន ទីតុស ៣:២ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ ហេតុ​អ្វី​យើង​គួរ​បង្ហាញ​ការ​គោរព​និង​ចិត្ត​ស្លូត​បូត?

មិន​ទទួល

គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ត

ក. ប្លាស្មា

ធាតុ​ចម្រាញ់​ចេញ​ពី​ប្លាស្មា

ខ. គោលិកា​ស

ធាតុ​ចម្រាញ់​ចេញ​ពី​គោលិកា​ស

គ. ប្លាកែត

ធាតុ​ចម្រាញ់​ចេញ​ពី​ប្លាកែត

ឃ. គោលិកា​ក្រហម

ធាតុ​ចម្រាញ់​ចេញ​ពី​គោលិកា​ក្រហម

 ៥. ធាតុ​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម

ឈាម​មាន​សមាសធាតុ​សំខាន់​ៗ​បួន​គឺ គោលិកា​ក្រហម គោលិកា​ស ប្លាកែត និង​ប្លាស្មា។ សមាសធាតុ​ទាំង​នេះ​មាន​ធាតុ​តូច​ៗ​ជា​ច្រើន ហៅ​ថា​ធាតុ​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម។ c ធាតុ​ចម្រាញ់​ខ្លះ​មាន​ក្នុង​ឱសថ​ដែល​ជួយ​ព្យាបាល​ជំងឺ ឬ​ជួយ​ឲ្យ​ឈាម​កក។

ស្ដី​អំពី​ធាតុ​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​ផ្ទាល់​ខ្លួន ដោយ​ផ្អែក​លើ​សមត្ថភាព​វិនិច្ឆ័យ​ដែល​បាន​ត្រូវ​បង្ហាត់​បង្រៀន​ពី​គម្ពីរ។ បង​ប្អូន​ខ្លះ​ប្រហែល​ជា​មិន​ព្រម​ទទួល​យក​វិធី​ព្យាបាល​ដែល​មាន​ធាតុ​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម​ទេ។ រីឯ​សមត្ថភាព​វិនិច្ឆ័យ​របស់​បង​ប្អូន​ឯ​ទៀត ប្រហែល​ជា​អនុញ្ញាត​ឲ្យ​ពួក​គាត់​ទទួល​យក​ធាតុ​ចម្រាញ់​ទាំង​នោះ។

ពេល​អ្នក​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត សូម​ពិចារណា​សំណួរ​នេះ:

  • តើ​ខ្ញុំ​អាច​ពន្យល់​គ្រូ​ពេទ្យ​យ៉ាង​ណា អំពី​មូលហេតុ​ដែល​ខ្ញុំ​ទទួល​ឬ​មិន​ទទួល​យក​ធាតុ​ណា​មួយ​ដែល​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម?

មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា​៖ ​«​តើ​ការ​ចាក់​បញ្ចូល​ឈាម ខុស​ដែរ​ឬ?​»។

  • តើ​អ្នក​គិត​យ៉ាង​ណា?

សេចក្ដី​សង្ខេប

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ម្នាក់​ៗ​ចាត់​ទុក​ឈាម​ថា​ពិសិដ្ឋ។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចាត់​ទុក​ឈាម​ថា​ពិសិដ្ឋ?

  • តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា បង្គាប់​របស់​ព្រះ​ដែល​ឲ្យ​ជៀស​វាង​ពី​ឈាម​គឺ​ទាក់​ទង​នឹង​ការ​មិន​ចាក់​បញ្ចូល​ឈាម?

  • ទាក់​ទង​នឹង​វិធី​ព្យាបាល​ដែល​ប្រើ​ឈាម តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​ចិត្ត​ត្រឹម​ត្រូវ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

តើ​អ្នក​គួរ​ពិចារណា​កត្តា​អ្វី​ខ្លះ មុន​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​វិធី​ព្យាបាល​ដែល​ប្រើ​ឈាម​របស់​អ្នក​ផ្ទាល់?

«​សំណួរ​ពី​អ្នក​អាន​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៤​)

មុន​អ្នក​សម្រេច​ចិត្ត​ទទួល​យក​ធាតុ​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម តើ​អ្នក​គួរ​គិត​ពិចារណា​អ្វី​ខ្លះ?

«​សំណួរ​ពី​អ្នក​អាន​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៤​)

តើ​អ្វី​បាន​ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​ម្នាក់​ជឿ​ជាក់​ថា​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​អំពី​ឈាម​គឺ​សម​ហេតុ​សម​ផល?

«​ខ្ញុំ​យល់​ស្រប​ទស្សនៈ​របស់​ព្រះ​អំពី​ឈាម​»​ ​(​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០០៣​)

សូម​មើល​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​នៅ​ផ្នែក​គណៈ​កម្មាធិការ​សម្ព័ន្ធ​ការ​ពេទ្យ​ជួយ​បង​ប្អូន​រួម​ជំនឿ។

ព្រះ​យេហូវ៉ា​គាំទ្រ​អ្នក​ដែល​ឈឺ (១០:២៣)

a សូម​មើល​មេ​រៀន​ទី​៣៥ ​«​របៀប​ធ្វើ​ការសម្រេច​ចិត្ត​ល្អ​»។

b សូម​មើល​ ចំណុច​លេខ​៥ ​«​ធាតុ​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម​»​ និង​កំណត់នៅចុងសៀវភៅលេខ៣ ​«​វិធី​ព្យាបាល​ដែល​ទាក់​ទង​នឹង​ឈាម​»។

c គ្រូពេទ្យ​ខ្លះ​ចាត់​ទុក​សមាសធាតុ​សំខាន់​ៗ​ទាំង​បួន​នៃ​ឈាម​ថាជា​ធាតុ​ចម្រាញ់។ ហេតុ​នេះ អ្នក​ប្រហែល​ជា​ត្រូវ​ពន្យល់​គ្រូ​ពេទ្យ​អំពី​ការសម្រេច​ចិត្ត​របស់​អ្នក​ថា អ្នក​មិន​ទទួល​យក​ការ​ចាក់​បញ្ចូល​ឈាម​សុទ្ធ ឬ​គោលិកា​ក្រហម គោលិកា​ស ប្លាកែត និង​ប្លាស្មា​ទេ។