លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤១

តើគម្ពីរចែងយ៉ាងណាអំពីការរួមភេទ?

តើគម្ពីរចែងយ៉ាងណាអំពីការរួមភេទ?

ធម្មតា​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​និយាយ​ចំ​ៗ​អំពី​ការ​រួម​ភេទ​ទេ។ ប៉ុន្តែ ពេល​គម្ពីរ​លើក​ឡើង​អំពី​ការ​រួម​ភេទ គម្ពីរ​ប្រាប់​យ៉ាង​ចំ​ៗ តែ​តាម​របៀប​ថ្លៃ​ថ្នូរ។ អ្វី​ដែល​គម្ពីរ​ចែង​ផ្ដល់​ប្រយោជន៍​ដល់​យើង។ ហេតុ​អ្វី? ដោយ​សារ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​យើង លោក​ជា​អ្នក​និពន្ធ​គម្ពីរ។ ដូច្នេះ លោក​ដឹង​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង។ លោក​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ​ដើម្បី​ឲ្យ​លោក​ពេញ​ចិត្ត និង​អំពី​អ្វី​ដែល​ជួយ​យើង​ឲ្យ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

១. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ការ​រួម​ភេទ?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​បុរស​និង​ស្ត្រី​ដែល​រៀប​ការ​ហើយ​សប្បាយ​រួម​ភេទ​ជា​មួយ​គ្នា។ ហេតុ​អ្វី? ដោយ​សារ​ការ​រួម​ភេទ​ជា​អំណោយ​មួយ​ពី​លោក។ ព្រះ​មិន​គ្រាន់​តែ​ឲ្យ​អំណោយ​នេះ​ដើម្បី​ឲ្យ​ប្ដី​ប្រពន្ធ​មាន​កូន​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ឲ្យ​ពួក​គេ​បង្ហាញ​អារម្មណ៍​ស្នេហា​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ដោយ​ក្ដី​រីករាយ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​សូម​ឲ្យ​កូន​សប្បាយ​រីករាយ​ជា​មួយ​នឹង​ប្រពន្ធ ដែល​កូន​បាន​រួម​រស់​តាំង​ពី​កូន​នៅ​ក្មេង​»។ (​សុភាសិត ៥:១៨, ១៩​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​គ្រិស្ត​សាសនិក​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ យ៉ាង​នេះ ពួក​គេ​នឹង​មិន​ផិត​ក្បត់​គ្នា​ឡើយ។​—សូម​អាន ហេប្រឺ ១៣:៤

២. តើ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​អ្វី?

គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ . . . នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ​»។ (​កូរិនថូស​ទី​១ ៦:​៩, ១០​) អ្នក​សរសេរ​គម្ពីរ​បាន​ប្រើ​ពាក្យ​ផូនៀ ជា​ភាសា​ក្រិច ដើម្បី​រៀប​រាប់​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ពាក្យ​នោះ​រួម​បញ្ចូល (​១​) ការ​រួម​ភេទ aជា​មួយ​មនុស្ស​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍ (​២​) ការ​រួម​ភេទ​ជា​មួយ​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា និង ​(​៣​) ការ​រួម​ភេទ​ជា​មួយ​សត្វ។ ពេល​យើង​«​ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​ នោះ​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​យើង​ក៏​ទទួល​ប្រយោជន៍​ដែរ។​—ថែស្សាឡូនិច​ទី​១ ៤:៣

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ជៀស​វាង​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​របៀប​ដែល​អ្នក​អាច​ទទួល​ប្រយោជន៍​ដោយ​រក្សា​សីលធម៌​ស្អាត​ស្អំ។

៣. ចូរ​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

បុរស​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​យ៉ូសែប បាន​ខំ​ព្យាយាម​រក្សា​សីលធម៌​ស្អាត​ស្អំ។ សូម​អាន ដើម​កំណើត ៣៩:១​-​១២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្វី​បាន​ជំរុញ​ចិត្ត​យ៉ូសែប​ឲ្យ​រត់​ចេញ​ពី​ប្រពន្ធ​ប៉ូទីផា? ​(​សូម​មើល​ខ​៩​)

  • តើ​អ្នក​គិត​ថា​យ៉ូសែប​បាន​ស​ម្រេច​ចិត្ត​ត្រឹម​ត្រូវ​ឬ​ទេ? ហេតុ​អ្វី?

នៅ​សព្វ​ថ្ងៃ​នេះ តើ​យុវវ័យ​អាច​ធ្វើ​តាម​គំរូ​យ៉ូសែប​ដោយ​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​យ៉ាង​ដូច​ម្ដេច? លេង​វីដេអូ

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទាំង​អស់​គ្នា​បដិសេធ​អំពើ​ប្រាស​ចាក​សីលធម៌។ សូម​អាន កូរិនថូស​ទី​១ ៦:១៨ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ក្នុង​ស្ថានភាព​ណា​ខ្លះ​ដែល​អាច​នាំ​ឲ្យ​បុគ្គល​ម្នាក់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ?

  • តើ​តាម​របៀប​ណា​អ្នក​អាច​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌?

៤. អ្នក​អាច​យក​ឈ្នះ​ការ​ល្បួង

តើ​អ្វី​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​យក​ឈ្នះ​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ? លេង​វីដេអូ រួច​ពិភាក្សាសំណួរ​ដូច​ត​ទៅ​៖

  • ពេល​បុរស​ក្នុង​វីដេអូ​នេះ​ដឹង​ថា​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​គាត់​អាច​នាំ​ឲ្យ​គាត់​លែង​ស្មោះ​ត្រង់​ចំពោះ​ប្រពន្ធ តើ​គាត់​បាន​ធ្វើ​អ្វី?

ជួន​កាល គ្រិស្ត​សាសនិក​ដែល​ស្មោះ​ត្រង់​ក៏​ពិបាក​រក្សា​ចិត្ត​គំនិត​ស្អាត​ស្អំ​ដែរ។ តើ​តាម​របៀប​ណា​យើង​អាច​ឈប់​គិត​អំពី​អ្វី​ៗ​ដែល​ប្រាស​ចាក​សីលធម៌? សូម​អាន ភីលីព ៤:៨ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​យើង​គួរ​គិត​អំពី​អ្វី?

  • តើ​ការ​អាន​គម្ពីរ​និង​ការ​ជាប់​រវល់​ជា​និច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​យ៉ាង​ដូច​ម្ដេច?

៥. ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រយោជន៍​ដល់​យើង

ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង។ លោក​ប្រាប់​យើង​អំពី​របៀប​ដែល​យើង​អាច​រក្សា​សីលធម៌​ស្អាត​ស្អំ​និង​ប្រយោជន៍​ដែល​យើង​អាច​ទទួល​ពី​ការ​ធ្វើ​ដូច្នោះ។ សូម​អាន សុភាសិត ៧:៧​-​២៧ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​យុវជន​នោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​ស្ថានភាព​ដែល​នាំ​ឲ្យ​មាន​ការ​ល្បួង​យ៉ាង​ដូច​ម្ដេច? ​(​សូម​មើល សុភាសិត ៧:​៨, ៩​)

  • សុភាសិត ៧:២៣, ២៦ បាន​រៀប​រាប់​អំពី​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​មក​ពី​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ បើ​យើង​រក្សា​សីលធម៌​ស្អាត​ស្អំ តើ​យើង​អាច​ជៀស​ផុត​ពី​បញ្ហា​អ្វី​ខ្លះ?

  • តើ​តាម​របៀប​ណា​ការ​មាន​សីលធម៌​ស្អាត​ស្អំ​អាច​ជួយ​យើង​ឲ្យ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់?

មនុស្ស​ខ្លះ​គិត​ថា​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​រួម​ភេទ​ជា​មួយ​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា គឺ​មិន​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​លោក​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ដើម្បី​មាន​ជីវិត​បែប​នោះ យើង​ត្រូវ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ សូម​អាន កូរិនថូស​ទី​១ ៦:៩​-​១១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តាម​ខ​គម្ពីរ​ទាំង​នេះ តើ​ព្រះ​មិន​ពេញ​ចិត្ត​ចំពោះ​តែ​ការ​រួម​ភេទ​រវាង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា​ប៉ុណ្ណោះ​ឬ?

យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​ការ​កែ​ប្រែ ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត។ ហេតុ​អ្វី​ការ​ធ្វើ​ដូច្នេះ​មាន​ប្រយោជន៍? សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៩:​៨, ១១ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​គិត​ថា​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​យេហូវ៉ា​សម​ហេតុ​សម​ផល​ឬ​ទេ? ហេតុ​អ្វី?

ព្រះ​យេហូវ៉ា​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​លោក។ លោក​ក៏​អាច​ជួយ​អ្នក​ដែរ

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ឲ្យ​តែ​គេ​ស្រឡាញ់​គ្នា គេ​អាច​រួម​ភេទ​ជា​មួយ​គ្នា​បាន​»។

  • តើ​អ្នក​គិត​យ៉ាង​ណា?

សេចក្ដី​សង្ខេប

ការ​រួម​ភេទ​គឺ​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា​សម្រាប់​ឲ្យ​ប្ដី​ប្រពន្ធ​សប្បាយ​រីករាយ​ជា​មួយ​គ្នា។

រៀន​សា​ឡើង​វិញ

  • តើ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​រួម​បញ្ចូល​អ្វី​ខ្លះ?

  • តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជៀស​វាង​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ?

  • ពេល​យើង​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​យេហូវ៉ា តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​ពិចារណា​អំពី​មូលហេតុ​សំខាន់​ដែល​ព្រះ​ចង់​ឲ្យ​បុរស​និង​ស្ត្រី​រៀប​ការ​សិន មុន​នឹង​រួម​រស់​ជា​មួយ​គ្នា។

«​តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មិន​រៀប​ការ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​គម្ពីរ​មិន​គាំទ្រ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា តែ​មិន​មាន​ន័យ​ថា​គម្ពីរ​បង្រៀន​ឲ្យ​ស្អប់​មនុស្ស​បែប​នោះ​ទេ។

«​តើ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​ការ​ខុស​ទេ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​រៀន​ថា តើ​ច្បាប់​របស់​ព្រះ​ស្ដី​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​គ្រប់​បែប​យ៉ាង ការ​ពារ​យើង​យ៉ាង​ដូច​ម្ដេច?

«​តើ​ការ​រួម​ភេទ​តាម​មាត់​ជា​ការ​រួម​ភេទ​ទេ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​មើល​អ្វី​ដែល​ជំរុញ​ចិត្ត​បុរស​ម្នាក់​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ឲ្យ​កែ​ខ្លួន​ដើម្បី​ផ្គាប់​ចិត្ត​ព្រះ ក្នុង​អត្ថបទ​«​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​យ៉ាង​ថ្លៃ​ថ្នូរ​»។

«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ ​(​brwp​១១០៤០១​)

a ការ​រួម​ភេទ​ដែល​ព្រះ​មិន​ពេញ​ចិត្ត​រួម​បញ្ចូល​ទង្វើ​ផ្សេង​ៗ​ដូច​ជា ការ​រួម​ភេទ​តាម​មាត់ ការ​រួម​ភេទ​តាម​ផ្លូវ​បាត និង​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​អ្នក​ឯ​ទៀត។